« ដំណើរទស្សនកិច្ចសិក្សាដ៏ផ្សងព្រេង » ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ៤០–៤១ ។
ដំណើរទស្សនកិច្ចសិក្សាដ៏ផ្សងព្រេង
រ៉ាល់បាននិយាយថា « តោះ ! លួចគេចពីក្រុម » ។
ដំណើររឿងពិតមកពីប្រទេសហ្គាណា ។
ណៃអាមេតដូ បានរត់សំដៅទៅឡានក្រុងជាមួយប្អូនប្រុសរបស់គាត់ឈ្មោះ ក្វាមី ។ ពួកគេបានឡើងតាមជណ្តើរហើយបានអង្គុយនៅជិតបង្អួចមួយ ។ ណៃអាមេតដូ សម្លឹងមើលទៅខាងក្រៅដើម្បីមើលព្រះអាទិត្យបញ្ចេញពន្លឺនៅលើដើមឈើពណ៌បៃតង ។ សាលារបស់ពួកគេកំពុងទៅដំណើរទស្សនកិច្ចសិក្សា ទៅកាន់តំបន់អរិរក្សព្រៃធម្មជាតិ ។ ថ្ងៃនេះនឹងក្លាយជាដំណើរផ្សងព្រេង !
« អេ ! ណៃអាមេតដូ ! »
មិត្តរបស់ណៃអាមេតដូគឺ រ៉ាល់ និងសៀរ៉ា អង្គុយនៅលើកៅអីទល់មុខគាត់ ។
រ៉ាល់ទាញដៃអាវរបស់ណៃអាមេតដូ ហើយខ្សឹប ។ « នៅពេលយើងទៅដល់ឧទ្យាន តោះ ! យើងដើររុកព្រៃ ! »
« យល់ព្រម ! » សៀរ៉ា « យើងអាចដើរផ្សងព្រេងដោយខ្លួនឯង » ។
រ៉ាល់ងក់ក្បាលដោយរំភើបចិត្ដ ។ « យើងអាចលួចចេញមុនពេលសកម្មភាពដំបូងចាប់ផ្តើម » ។
ណៃអាមេតដូបានស្រមៃឃើញអ្វីគ្រប់យ៉ាងដែលពួកគេអាចមើលឃើញនៅក្នុងព្រៃ ។ មានដើមឈើខ្ពស់ៗ សត្វស្អាតៗ និងប្រហែលជាឃើញទឹកជ្រោះ !
គាត់បាននិយាយទាំងញញឹម « ស្តាប់ទៅសប្បាយណាស់ ! តោះទៅយើង » ។
នៅពេលដែលឡានក្រុងឈប់នៅតំបន់អភិរក្សព្រៃធម្មជាតិ ណៃអាមេតដូ និងក្វាមី បានចុះពីឡានក្រុងជាមួយគ្នា ។ អ្នកគ្រូរបស់ពួកគេបានប្រាប់ឲ្យសិស្សគ្រប់គ្នានៅជាមួយក្រុម ហើយកុំដើរទៅណាខ្លាចវង្វេង ។
រ៉ាល់បានដើរទៅរកណៃអាមេតដូ ។ « តើចាំផែនការយើងទេ ?» រ៉ាល់បានខ្សឹប ។
ណៃអាមេតដូបានងក់ក្បាល ។ ប៉ុន្តែក្រោយមក គាត់បានឈប់ហើយគិត ។ ការដើររុកព្រៃស្តាប់ទៅគួរឲ្យរំភើប ប៉ុន្តែណៃអាមេតដូក៏ដឹងថាវាអាចមានគ្រោះថ្នាក់ផងដែរ ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើពួកគេវង្វេង ឬរងរបួសនោះ ?
រំពេចនោះ គាត់មានអារម្មណ៍ថាមានសំឡេងមួយនិយាយមកកាន់គាត់ ។ ចូរនៅជាមួយក្វាមី ។
សំឡេងនោះតូចរហៀង ។ ណៃអាមេតដូដឹងថាអារម្មណ៍នោះមកពីព្រះវិញ្ញាណបរិសុទ្ធ ។
គាត់បារម្ភថា មិត្តរបស់គាត់នឹងខឹងគាត់ដែលមិនបានដើររុកព្រៃជាមួយពួកគេ ។ ប៉ុន្តែប្រហែលជាព្រះវិញ្ញាណបរិសុទ្ធនឹងការពារគាត់ ។
ណៃអាមេតដូងាកទៅរករ៉ាល់ ។ គាត់បាននិយាយថា « សុំទោស ខ្ញុំពិតជាត្រូវនៅជាមួយប្អូនប្រុសរបស់ខ្ញុំ » ។ « គាត់ជាការទទួលខុសត្រូវរបស់ខ្ញុំ » ។
រ៉ាល់ធ្វើមុខក្រញ៉ូវ ។
« ប៉ុន្តែឯងបាននិយាយថានឹងមក ! »
ណៃអាមេតដូបាននិយាយ « អ្នកគ្រូបាននិយាយថា យើងគួរតែនៅកន្លែងនេះ » ។ រ៉ាល់ដកដង្ហើមធំហើយដើរចេញ ។
ណៃអាមេតដូ និងក្វាមី បានទៅជាមួយសិស្សដែលនៅសល់ ហើយបានធ្វើតាមអ្នកគ្រូរបស់ពួកគេ ។ ដំបូងពួកគេបានទៅជិះខ្សែរ៉ត ។ ខ្យល់បក់បោកប៉ះមុខរបស់ពួកគេ ខណៈពេលដែលពួកគេបានហោះលើដើមឈើពណ៌បៃតងខ្ចី ។ វាដូចជាការហោះហើរអ៊ីចឹង !
បន្ទាប់មក មគ្គទ្ទេសក៍នៅកន្លែងអនុរក្សបានបង្រៀនពួកគេអំពីសត្វមួយចំនួនដែលរស់នៅទីនោះ ។ ណៃអាមេតដូ និងក្វាមី អន្ទះសាចង់មើលពួកវាណាស់ ។ ពួកគេបានរៀនអំពី សត្វសេះបង្កង់ ស្វា ពស់ រមាំង និងសត្វស្លាបជាច្រើន ! បន្ទាប់ពីបានឃើញសត្វគ្រប់ពូជទាំងអស់ ពួកគេបានទៅឡើងភ្នំ និងជិះសេះ ។ ក្រោយមកពួកគេបានលេងល្បែងកម្សាន្ត ។
ណៃអាមេតដូសប្បាយចិត្តណាស់ដែលគាត់សម្រេចចិត្តនៅជាមួយក្វាមីវិញ ។ ប្រសិនបើគាត់មិនបាននៅទេ គាត់នឹងខកខានរឿងសប្បាយរីករាយជាច្រើន !
នៅពេលដល់ពេលត្រឡប់មកឡានក្រុងវិញ ណៃអាមេតដូបានឃើញរ៉ាល់ និងសៀរ៉ា ។ ពួកគេបានរត់ទៅរកគាត់ ។
រ៉ាល់បានខ្សឹបថា « យើងស្ទើរតែត្រូវស្វាកាចចាប់បាន » ។ គាត់មើលទៅដូចជាភ័យខ្លាចបន្តិច ។ « យើងអាចនឹងរងរបួស » ។
សៀរ៉ាបានងក់ក្បាល ។ « វាជាការល្អដែលឯងមិនបានមក » ។
ណៃអាមេតដូបាននិយាយថា « ហ៊ឺ ! ខ្ញុំរីករាយដែលពួកឯងមិនកើតអី ! »
គាត់បានគិតថា ព្រះវិញ្ញាណបរិសុទ្ធពិតជាបានការពារខ្ញុំ ។ គាត់បានកាន់ដៃក្វាមី នៅពេលដែលពួកគេឡើងឡានក្រុងជាមួយគ្នា ។
គាត់មានអំណរគុណដែលព្រះវិញ្ញាណបរិសុទ្ធបានថែរក្សាពួកគេឲ្យមានសុវត្ថិភាព និងជួយពួកគេឲ្យមានដំណើរផ្សងព្រេងដ៏រីករាយ ។
រចនារូបភាព ដោយ ខេម ខេនដេល