« ចូរដើរតាមដានព្រះបាទាទ្រង់ » ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ១៧ ។
សំណេរដោយក្មួយៗ
ចូរដើរតាមដានព្រះបាទាទ្រង់
នៅវេលាថ្ងៃមួយ គ្រួសាររបស់ខ្ញុំបានទៅជិះក្តារទឹកកកជាមួយលោកយាយ និងលោកតារបស់ខ្ញុំ ។ យើងបានដើរកាត់វាលធំល្វឹងល្វើយ ដែលត្រូវបានគ្របដណ្តប់ដោយព្រិលទើបនឹងធ្លាក់ជាច្រើនហ្វីត ។ វាពិតជាពិបាកដើរណាស់ ! ប្អូនស្រីរបស់ខ្ញុំមានការលំបាកក្នុងការដើរកាត់ព្រិលយ៉ាងខ្លាំង ដូច្នេះលោកតារបស់ខ្ញុំបាននិយាយថា « គ្រាន់តែដើរតាមជើងរបស់តាបានហើយ » ។
ប្អូនស្រីរបស់ខ្ញុំ និងខ្ញុំបានចាប់ផ្តើមបោះជំហានតាមដានជើងរបស់គាត់ ។ បន្តិចក្រោយមកខ្ញុំក៏ចង់សាកល្បងដើរដោយខ្លួនឯងម្តង ។ នៅពេលដែលខ្ញុំបានដើរដោយខ្លួនឯងនៅក្នុងព្រិល វាពិបាកជាងឆ្ងាយណាស់ !
ការដើរតាមដានជើងរបស់លោកតា គឺងាយស្រួលជាងឆ្ងាយណាស់ ព្រោះគាត់បានរ៉ាប់រងផ្នែកដែលពិបាកក្នុងការដើរកាត់ព្រិលរួចហើយ ។ ខ្ញុំមានទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទបានរ៉ាប់រងផ្នែកដ៏លំបាកបំផុតរួចទៅហើយ ។ ប្រសិនបើអ្នកដើរតាមដានព្រះបាទារបស់ព្រះយេស៊ូវ ជីវិតរបស់អ្នកនឹងកាន់តែមានភាពងាយស្រួលផងដែរ ។
រូបភាពដោយ អាប៊ី រ៉ាមឡឺរ៍