2025
កំប៉ុង​អាថ៌កំបាំង
ខែឧសភា ឆ្នាំ២០២៥


« កំប៉ុង​អាថ៌កំបាំង » ​ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ១៨–២០ ។

កំប៉ុង អាថ៌កំបាំង

ប៉ា​បាន​សួរថា « តើ​យើង​ធ្លាប់​ដាក់ស្លាក​មនុស្ស​បែប​នេះ​ទេ ? » ។​

ដំណើររឿង​ពិត​មកពី ស.រ.អា.

ក្មេង​ប្រុស និង​ក្មេង​ស្រី​សម្លឹង​មើល​កំប៉ុង​ដ៏ធំ​មួយ

« ម៉ាក់​តើ​នេះ​ជាអ្វី ? » សេឌី បាន​ទាញ​កំប៉ុង​ដ៏​ធំ​មួយ​ចេញ​ពី​ខាងក្រោយ​ទូ​ដាក់ចាន ។ « វា​មិន​មាន​ស្លាក​បិត​លើ​វា​ទេ » ។

ម៉ាក់​បាន​និយាយ​ថា « ម៉ាក់​ភ្លេច​អំពី​រឿង​នោះ » ។ « ស្លាក​ទំនិញ​មួយចំនួន​បាន​របូត​ចេញ​ពី​ទំនិញ​កំប៉ុង ដូច្នេះ​ហាង​ទំនិញ​បាន​លក់​វា​ក្នុង​តម្លៃ​ថោក ។ ម៉ាក់​បាន​ទិញ​មួយ​កំប៉ុង ។ ម៉ាក់​បានគិត​ថា វាប្រហែល​ជា​សណ្តែក​បារាំង​កំប៉ុង​ហើយ » ។

សេឌី​បាន​ធ្វើ​មុខ​ខ្ពើម ។ នាង មិនចូលចិត្ត សណ្តែក​បារាំង​កំប៉ុង​ទេ ។

ម៉ាក់​បាន​កាន់​កំប៉ុង​ឡើង​ហើយ​ផ្កាប់​វា​មើល ។ « វា​នឹង​ខូច​ក្នុង​ពេល​ឆាប់ៗ​នេះ ។ យើង​គួរ​តែ​បរិភោគ​វា​នៅ​ថ្ងៃ​នេះ ។ » គាត់​បាន​ដាក់​កំប៉ុង​នៅ​លើតុ ។

« នោះ​ជា​អ្វី​ទៅ ? » ចេសុន ដែល​ជា​បងប្រុស​របស់​សេឌី បានសួរ ។

« មាន​នរណា​ទៅ​ដឹង ? » ។ សេឌី​បាន​និយាយថា « ម៉ាក់​គិតថា​វាជា​សណ្តែក​បារាំង » ។

ចេសុន​បាន​ក្រឡុក​កំប៉ុង ។ « ស្តាប់​ទៅ​សម្លេង​ដូចជា​មិន​មែន​សណ្តែក​បារាំង​ទេ ។ បង​ទាយ​ថា​សណ្តែក​សៀង » ។

រឿង​នោះ​វា​បាន​ធ្វើ​ឲ្យ​សេឌី​មាន​គំនិត​មួយ ។ នាង​បាន​ចាប់​យក​ស្កុត​និង​ហ្វឺត ហើយ​សរសេរ​លើ​ក្រដាស​ថា « សណ្តែក​បារាំង » ហើយ​បិត​ក្រដាស​មួយទៀត​ដាក់ថា « សណ្តែក​សៀង » ។ នាង​បាន​បិត​វា​នៅ​លើ​កំប៉ុង ។

រួចមក​នាង​បាន​គិត​មួយ​ភ្លែត ហើយ​បាន​សរសេរ « ទឹកជ្រលក់​ប៉េងប៉ោះ » នៅលើ​បាត​កំប៉ុង​ម្ខាង​ទៀត ។

នៅ​ពេល​នោះ​ចំពេល​ប៉ា​ចូល​មក​ក្នុង​ផ្ទះ​បាយ​ល្មម ។ « តើ​កំពុង​មាន​រឿង​អី ? »

ម៉ាក់​បាន​និយាយ « យើង​កំពុង​លេង​ហ្គេម​មួយ » ។ « ដោយ​ទាយ​ថា មានអ្វី​នៅក្នុង​កំប៉ុង​នេះ » ។

ពពុះ​គំនិត​មាន​កំប៉ុង​បី​ដែល​មាន​បិតស្លាក​ខុសៗ​គ្នា

ប៉ា​បាន​ចាប់លើក​កំប៉ុង​ឡើង​ក្រឡុក​ខ្លាំងៗ ហើយ​ហិតវា ។ ប៉ា​ប្រកាសថា « ផ្សិត ! » ។

គ្រប់គ្នា​បានរអ៊ូ ។ « មិន​មែន​ផ្សិត​ទេ ! » ។ សេឌី​បាន​និយាយថា វា​យ៉ាប់​ជាង​សណ្តែក​បារាំង សណ្តែក​សៀង និង ទឹកជ្រលក់​ប៉េងប៉ោះ​ទៅទៀត ។ « ប្រហែលជា​យើង​គួរតែ​បោះចោល​អាហារ​កំប៉ុង​នេះ​ទៅ » ។

ម៉ាក់​បានសួរថា « តើ​កូន​ពិតជា​មិនចង់​ដឹង​ថា​តើ​មានអ្វី​នៅខាង​ក្នុង​នោះ​ទេ​ឬ ? » ។

ប៉ា​បានចាប់យក​ឧបករណ៍​គាស់​កំប៉ុង​មក ។ « ចាស កូន​ចង់ដឹង ! »

នៅពេល​ប៉ាគាស់​កំប៉ុង សេឌី​បានបិទ​ភ្នែក​របស់​នាង ។ ប៉ុន្តែ​នៅពេល​ប៉ាទាញ​គម្រប​បើក នាង​មាន​ការភ្ញាក់​ផ្អើល ។ កំប៉ុង​នេះ​ពោរពេញ​ទៅ​ដោយ​ផ្លែ​ឈើ​ឆ្ងាញ់ៗ​ណាស់ ។

នាង​បាន​និយាយថា « ឆ្ងាញ់​ណាស់ ! » នៅ​ពេល​ដែលនាង​សម្លឹង​មើល​ផ្លែស៊េរី ទំពាំង​បាយជូរ ឈឺរី និង​ផ្លែ​ប៉ែស ដែល​កាត់ដុំៗ ។

កំប៉ុង​ដួល និង​ក្មេង​ស្រី​កាន់​ចាន​របស់​នាង​ទាំង​ញញឹម

ចេសុន​បាន​លើក​ចាន និង​ស្លាបព្រា​មក ។ « តោះញ៉ាំ ! »

សេឌី​បាន​ដួស​ផ្លែឈើ​មួយ​ចំនួន​ពី​កំប៉ុង​ដាក់​ទៅក្នុង​ចាន​របស់​នាង ។ នាង​បាន​និយាយថា « ខ្ញុំ​ស្ទើរ​មិនជឿ​ថា យើង​ទាយ​ខុស​ទាំងអស់​គ្នា » ។ « ខ្ញុំ​គិតយ៉ាងប្រាកដថា​មាន​អ្វី​មួយ​ដែល​គួរ​ឲ្យ​ខ្ពើម​នៅក្នុង​កំប៉ុង » ។

ម៉ាក់​បានសួរថា « តើ​កូន​ធ្លាប់​ដាក់ស្លាក​មនុស្ស​បែប​នេះ​ឬទេ ? »

« តើ​ម៉ាក់​ចង់​មាន​ន័យថា​យ៉ាងម៉េច ? » សេឌី​បានសួរ ។

ប៉ា​បានដាក់​ចាន​របស់​គាត់​នៅ​លើ​តុ ។ « យើង​កាត់​សេចក្តី​មនុស្ស​លើអ្វី​ដែល​នៅ​ខាងក្នុង ខណៈ​ដែល​យើង​អាច​មើល​ឃើញ​តែ​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ » ។

សេឌី​បាន​គិត​អំពី​រឿង​នោះ ។ « នៅពេល​សាម៉ារ៉ា​ទើប​ចូលរៀន​ថ្មីៗ កូន​គិតថា​នាង​មិន​រួសរាយ​រាក់ទាក់​ទេ ។ ប៉ុន្តែ​ក្រោយមក​ទើប​កូន​បានដឹងថា នាង​គឺ​គ្រាន់តែ​មិន​សូវ​ចេះ​និយាយ​ភាសា​របស់​យើង​បាន​ល្អ​ប៉ុណ្ណោះ ។ ឥឡូវនេះ​យើង​លេង​ជាមួយ​គ្នា​គ្រប់​ពេលវេលា ! »

ក្មេង​ស្រី​ពីរ​នាក់​កំពុង​លេង​បាល់​ជាមួយ​គ្នា

ម៉ាក់បាន​និយាយថា « នោះជា​ឧទាហរណ៍​ដ៏​ល្អ » ។

ចេសុន​បាននិយាយ​ដោយ​ថ្មមៗ​ថា « ពេលខ្លះ​កូន​មាន​អារម្មណ៍​ថា​ត្រូវបាន​គេ​ដាក់ស្លាក​ឲ្យ » ។ « ក្មេងៗ​នៅ​សាលារៀន​និយាយ​ថា កូន​ទទួល​បាន​ពិន្ទុ​ល្អ​ដោយសារ​តែ​គ្រូ​ចូលចិត្ត​កូន ។ ប៉ុន្តែ​ការពិត​គឺ​កូន​ខិតខំ​រៀនសូត្រ និង​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន​ទាំងអស់ » ។

ប៉ា​បាន​និយាយាថា « ការដាក់ស្លាក​អាច​ធ្វើ​ឲ្យ​ឈឺចាប់ មិន​អញ្ចឹង​មែនទេ ? » ។

ចេសុន​បាន​ងក់ក្បាល ។

សេឌី​បាន​បង្ហើយ​ផ្លែឈើ​មួយ​ម៉ាត់​ចុងក្រោយ​របស់​នាង ។ « ប៉ុន្តែ​តើ​ការដាក់​ស្លាក​ទាំងអស់​សុទ្ធតែ​អាក្រក់​ឬ ? នៅហាង​ទំនិញ យើង​ត្រូវដឹង​ពី​អ្វី​ដែល​យើង​កំពុង​ទិញ​ឲ្យ​បាន​ច្បាស់ » ។

ប៉ា​បាននិយាយ​ថា « ត្រឹមត្រូវ​ហើយ​កូន » ។ « ដូច្នេះ​នៅពេល​ណា​ដែល​ការដាក់​ស្លាក វា​ជា​រឿង​ល្អ ? »

ចេសុន​បានលើក​ស្លាបព្រា​របស់​គាត់​ឡើង ។ « នៅពេល​ដែល​ស្លាក​នោះជា​ការពិត ! »

ម៉ាក់​បានសួរថា « ហើយ​នរណា​ដែល​ដឹង​ពី​ធាតុ​ពិត​នៅ​ខាង​ក្នុង​មនុស្ស​ម្នាក់ៗ ? » ។

សេឌី និង​ជេសុន​បាន​និយាយ​ព្រមគ្នាថា « ព្រះវរបិតា​សួគ៌ » ។

សេឌី​បាន​និយាយថា សេឌី​បាន​និយាយថា « ខ្ញុំ​ជា​កូន​របស់​ព្រះ នោះ​គឺ​ជាស្លាក​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ » ។

ចេសុន​បាន​និយាយថា « ខ្ញុំ​ក៏​អញ្ចឹង​ដែរ » ។

ប៉ា​បាន​និយាយថា ៖ « ហើយ​ប៉ា​ក៏​អញ្ចឹង​ដែរ ! » ។

« គឺយើង​រាល់គ្នា » ម៉ាក់​បាន​ញញឹម ។ « ដូច្នេះយើង​មិនគួរ​ដាក់​ស្លាក​មនុស្ស​ដោយ​ផ្អែកលើ​អ្វី​ដែល​យើង​ឃើញ​នៅ​ខាងក្រៅ ឬ​ជឿ​ស្លាក​ក្លែងក្លាយ​ដែល​បាន​ផ្តល់​ឲ្យ​យើង​នោះទេ។ ព្រោះ​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​ទ្រង់​ជ្រាប តើ​ខាងក្នុង​យើង​ពិត​ជា​នរណា » ។

សេឌី​បាន​សរសេរ​នៅលើ​ស្កុតថ្មីមួយសន្លឹកទៀត ហើយ​បិទ​វា​នៅលើ​អាវយឺត​របស់​នាង ។ នាង​បាន​និយាយថា « កូន​របស់​ព្រះ » ។ សេឌី​បានញញឹម ។ នាង​ចូលចិត្ត​ស្លាក​នោះ​ជាងគេ​បំផុត ។

ដំណើររឿង​ជា PDF

រូបភាពដោយ រ័យស៊ីន ហាហេស៊ី