« កំណត់ចំណាំសន្និសីទ » ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ៤–៥ ។
កំណត់ចំណាំសន្និសីទ
ជំនួយមកពីស្ថានសួគ៌
ប្រធាន អូក បានមានប្រសាសន៍អំពីអ្វីដែលព្រះវរបិតាសួគ៌ប្រទានឲ្យយើងដើម្បីជួយយើងជ្រើសរើសផ្លូវត្រូវ ។ ជំនួយដ៏ខ្លាំងបំផុតរបស់យើងគឺជាព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ដោយសារតែទ្រង់ នោះយើងអាចទទួលបានការអភ័យទោស និងអាចរស់ម្តងទៀតក្រោយពីស្លាប់ ។ ព្រះវរបិតាសួគ៌ក៏ប្រទានឲ្យយើងនូវបទបញ្ញតិ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយ ហើយនិងព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយ និងដឹកនាំយើងផងដែរ ។
ចូរគូរពីរបៀបមួយដែលព្រះវរបិតាសួគ៌ជួយដល់ប្អូន !
ខិតទៅជិតព្រះអង្គសង្គ្រោះ
ប្រធាន អាវរិង បានមានប្រសាសន៍ថា នៅពេលលោកនៅក្មេង ការប្រជុំសាក្រាម៉ង់ត្រូវបានប្រារព្ធឡើងនៅពេលល្ងាច ។ នៅយប់ងងឹតនិងត្រជាក់មួយ លោកបានទទួលអារម្មណ៍នៃពន្លឺ និងភាពកក់ក្តៅនៅក្នុងសាលាជំនុំខណៈពេលដែលលោកទទួលទានសាក្រាម៉ង់ ។ នៅពេលដែលពួកគេច្រៀងពាក្យ « ឱ! ព្រះអង្គគង់នឹងខ្ញុំយប់នេះ » លោកបានទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងភាពជិតស្និទ្ធរបស់ព្រះអង្គសង្គ្រោះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ចូរគូរពីរបៀបមួយដែលប្អូនអាចកាន់តែខិតជិតទៅនឹងព្រះយេស៊ូវគ្រីស្ទ ។
ជឿ ជាសមាជិក ប្រែក្លាយដូចជា
ស៊ីស្ទើរ រ៉ាយ បានចែកចាយពីរបៀបដែលយើងអាចក្លាយជាអ្នកដើរតាមរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ។ យើងអាច ជឿ លើទ្រង់តាមរយៈការរៀនសូត្រអំពីទ្រង់ និងការទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ យើងអាច ជាសមាជិក របស់ព្រះយេស៊ូគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់តាមរយៈការចុះ និងការរក្សាសេចក្តីសញ្ញាទាំងឡាយ ។ ហើយយើងអាច ប្រែក្លាយ ដូចជាទ្រង់តាមរយៈការធ្វើតាមគំរូរបស់ទ្រង់ ។
អំណោយទានដ៏ពិសេសមួយ
អែលឌើរ ខៀរ៉ុន បានមានប្រសាសន៍អំពីប្រពៃណីនៃការផ្តល់អំណោយនៅទូទាំងពិភពលោក ។ យើងផ្តល់អំណោយដែលយើងឲ្យ និងទទួល ។ សូម្បីតែសត្វភេនឃ្វីនក៏ចេះឲ្យដុំក្រួសថ្លាៗឲ្យគ្នាទៅវិញទៅមកជាអំណោយដែរ ! អំណោយដ៏សំខាន់មួយមកពីព្រះវរបិតាសួគ៌គឺជាការដឹងថាយើងគឺពិតជាបុត្រីជាទីស្រឡាញ់របស់ទ្រង់ និងជាបុត្រាដ៏មានតម្លៃរបស់ទ្រង់ ។ នៅពេលយើងពិតជាទទួលបានអំណោយនេះ នោះយើ់ងអាចដឹងថាយើងជានរណា ហើយថាទ្រង់ស្រលាញ់យើងយ៉ាងខ្លាំងប៉ុនណា ។
មេឃដែលមានផ្កាយ
អែលឌើរ តៃ និងគ្រួសាររបស់លោកធ្លាប់បោះជំរុំនៅពេលដែលផ្ទៃមេឃមានពោរពេញដោយផ្កាយ ។ កូនៗរបស់លោកបានសួរថា ហេតុអ្វីបានជាពួកគេមិនអាចមើលឃើញផ្កាយនៅឯផ្ទះ ។ លោកបានពន្យល់ថាការបំពុលធ្វើឲ្យវាពិបាកក្នុងការមើលឃើញផ្កាយណាស់ ។ ការរំខាន និងការល្បួងទាំងឡាយអាចជាដុំពពកបាំងចក្ខុវិស័យខាងវិញ្ញាណរបស់យើង ។ ប៉ុន្តែជាមួយនឹងសេចក្តីជំនឿ នោះយើងអាចដឹងថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតែងតែគង់នៅទីនោះជានិច្ច ។
He Lives [ ទ្រង់មានព្រះជន្មរស់នៅ ] គំនូរដោយ ស៊ីម៉ូន ឌូវី រចនារូបភាពដោយ ចស ថាលបូត