« ម៉ារី និងខារ៉ូលីន រក្សាទុកព្រះគម្ពីរ » ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ២៦–២៨ ។
ដំណើររឿងព្រះគម្ពីរ
ម៉ារី និងខារ៉ូលីន រក្សាទុកព្រះគម្ពីរ
គ្រានោះ ម៉ារី រ៉ូលីន មានអាយុ ១២ឆ្នាំ នៅពេលដែលនាងបានរៀនអំពីព្រះគម្ពីរមរមនជាលើកដំបូង ។ នាងបានខ្ចីគម្ពីរមួយក្បាល ហើយមិនគេងស្ទើរតែទល់ភ្លឺដើម្បីអានគម្ពីរនោះ ។
ម៉ារីក៏រំភើបផងដែរសម្រាប់សៀវភៅថ្មីមួយក្បាលដែលមានឈ្មោះថា ព្រះគម្ពីរនៃព្រះបញ្ញត្តិ ។ ព្រះគម្ពីរនេះមាននូវការបង្រៀនជាច្រើនដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់ យ៉ូសែប ស្ម៊ីធ ។
ប៉ុន្តែមនុស្សមួយចំនួនមិនចូលចិត្តសាសនាចក្រទេ ។ ថ្ងៃមួយ ពួកបុរសមួយក្រុមបានសម្រុកចូលអគារដែលទុកព្រះគម្ពីរនៃព្រះបញ្ញត្តិ ដែលកំពុងតែបោះពុម្ព ។ ពួកគេបានបោះម៉ាស៊ីនបោះពុម្ពចេញតាមបង្អួចចោល និងគ្រវែងក្រដាសទាំងនោះចោលតាមផ្លូវ ។
ម៉ារី និងប្អូនស្រីរបស់នាង ខារ៉ូលីន បានពួនលួចមើល ។ ម៉ារីចង់រក្សាទុកសន្លឹកទាំងនោះមុនពេលពួកវាត្រូវបានបំផ្លាញចោល ។ ខារ៉ូលីនភ័យខ្លាច ប៉ុន្តែពួកគេបានដឹងថាសន្លឹកទាំងនេះមានព្រះបន្ទូលរបស់ព្រះនៅលើនោះ ។
បងប្អូនស្រីទាំងពីរនាក់បានរត់ទៅតាមផ្លូវ ហើយប្រមូលសន្លឹកទាំងនោះច្រើនតាមដែលពួកគេអាចយកបាន ។ ពួកមនុស្សអាក្រក់មួយចំនួនបានឃើញពួកគេ ហើយស្រែកឲ្យពួកគេឈប់ ។ ម៉ារី និងខារ៉ូលីន បានកាន់សន្លឹកទាំងនោះជាប់ ហើយរត់ចូលទៅក្នុងចម្ការពោតនៅក្បែរនោះ ។
បុរសពីរនាក់បានដេញតាមពួកគេ ។ ម៉ារី និងខារ៉ូលីន បានដួលទៅលើដី ហើយលាក់សន្លឹកទាំងនោះនៅក្រោមខ្លួនរបស់ពួកគេ ។ ពួកគេបានផ្ទៀងស្តាប់ដោយស្ងប់ស្ងាត់ពេលដែលបុរសម្នាក់បានស្វែងរកពួកគេ ។
មិនយូរប៉ុន្មាន បុរសទាំងនោះបានឈប់រកពួកគេ ។ ម៉ារី និងខារ៉ូលីន មានសុវត្ថិភាព ! ហើយពួកគេបានរក្សាទុកសន្លឹកទាំងនោះ ! សព្វថ្ងៃនេះ ការបង្រៀនទាំងនោះមាននៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ។