« កុំជិះកង់តាមឆ្កែនោះ ! » ទស្សនាវដ្តី ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ៨–៩ ។
កុំជិះ តាមឆ្កែនោះ !
តើអារម្មណ៍នេះមកពីព្រះវិញ្ញាណបរិសុទ្ធឬ ?
ដំណើររឿងពិតមកពី ស.រ.អា.
ឡូរ៉េន បានស្រែក « តោះទៅ ! » ពេលនាងជិះឆ្លងផ្លូវ ។
ម៉ារ៍ស៊ី បានពាក់មួកសុវត្ថិភាពរបស់នាង ។ « ខ្ញុំមកហើយ ! »
ម៉ារ៍ស៊ីបានជិះកង់របស់នាងចុះតាមចិញ្ចើមផ្លូវឆ្ពោះទៅរកមិត្តភក្តិរបស់នាង ។ នាងចូលចិត្តលេងហ្គេមគ្រប់ប្រភេទជាមួយឡូរ៉េន និងខាសស៊ីឌី ។ ប៉ុន្តែភាគច្រើន នាងចូលចិត្តជិះកង់របស់នាងលេងជាមួយពួកគេ ។
នៅពេលដែលក្មេងស្រីទាំងនោះជិះកង់ចុះតាមចិញ្ចើមផ្លូវ ឆ្កែរបស់អ្នកជិតខាងឈ្មោះ រ៉ុកកែត បានចាប់ផ្តើមរត់តាមពួកគេ ។
ខាសស៊ីឌីបាននិយាយថា « អូ ! អត់ទេ » ។ « យើងត្រូវយកវាត្រឡប់ទៅផ្ទះវិញ ! »
ប៉ុន្តែឆ្កែនោះមិនចង់ត្រឡប់ទៅផ្ទះទេ ។ ពួកគេបានស្រែកហៅឲ្យវាឈប់ ប៉ុន្តែរ៉ុកកែតនៅតែបន្តរត់ ។ មិនថាពួកគេបានធ្វើអ្វីទេ វាបានរត់ជុំវិញ ហើយបក់កន្ទុយរបស់វា ។ វាដូចជាសប្បាយរីករាយណាស់ ។
ខណៈដែលក្មេងស្រីផ្សេងទៀតបានតាមរ៉ុកកែត ម៉ារ៍ស៊ីបានចាប់ផ្តើមដឹងថា ផ្ទះទាំងនោះមើលទៅមិនសូវស្គាល់ ។ នាងបានទៅកាន់តែឆ្ងាយទៅៗពីផ្លូវទៅផ្ទះរបស់នាង ។ ម៉ារ៍ស៊ីមិនស្គាល់នរណាម្នាក់ដែលរស់នៅក្នុងផ្ទះទាំងនេះទេ !
តើយើងកំពុងទៅណា ? ម៉ារ៍ស៊ីបានគិត ។ តើខ្ញុំអាចនឹងរកផ្លូវត្រឡប់ទៅវិញបានទេ ?
ម៉ារ៍ស៊ីព្យាយាមមិនខ្វល់ពីរឿងនោះ ហើយបន្តជិះកង់ ។ ប៉ុន្តែអារម្មណ៍នោះបានត្រឡប់មកវិញម្តងទៀត ។ មានអ្វីមួយបានប្រាប់នាងថានាងគួរតែត្រឡប់ទៅផ្ទះវិញ ។
ម៉ារ៍ស៊ីបានឈប់កង់របស់នាងនៅលើចិញ្ចើមផ្លូវ ។ នាងបាននិយាយឮៗ « ប្រហែលជាយើងគួរតែត្រឡប់ទៅវិញឥឡូវនេះ ! »
ខាសស៊ីឌីបាននិយាយថា « យើងត្រូវនាំរ៉ុកកែតទៅផ្ទះវិញ ! » ។ ខាសស៊ីឌី និងឡូរ៉េនបានបន្តជិះកង់តាមឆ្កែនោះ ។
ម៉ារ៍ស៊ីនៅតែមានអារម្មណ៍ចម្លែក ។ ហេតុអ្វីបានជានាងមានអារម្មណ៍ព្រួយបារម្ភខ្លាំងម៉្លេះ ? តើមិត្តភក្តិរបស់នាងមានអារម្មណ៍បែបនោះទេ ?
ម៉ារ៍ស៊ីបានគិតថា ប្រហែលអារម្មណ៍បែបនេះគឺសម្រាប់តែខ្ញុំម្នាក់ទេ ។ តើអារម្មណ៍នេះមកពីព្រះវិញ្ញាណបរិសុទ្ធឬ ? នាងបានទទួលបុណ្យជ្រមុជទឹក និងបានទទួលពិធីបញ្ជាក់កាលពីប៉ុន្មានខែមុន ហើយម៉ាក់ និងប៉ាបានបង្រៀននាងអំពីការស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគាត់និយាយថា ទ្រង់នឹងមានបន្ទូលមកកាន់យើងតាមរយៈអារម្មណ៍នៅក្នុងដួងចិត្ត ឬគំនិតរបស់នាង ។ នាងដឹងថា ទ្រង់នឹងណែនាំនាងប្រសិនបើនាងស្តាប់តាម ។
នាងមានអារម្មណ៍បែបនោះម្តងទៀត ។ លើកនេះអារម្មណ៍នោះខ្លាំងជាងមុនទៅទៀត ។ កុំជិះតាមឆ្កែនោះ !
ម៉ារ៍ស៊ីបានស្រែកប្រាប់មិត្តរបស់នាងថា « ខ្ញុំនឹងត្រឡប់ទៅវិញហើយ » ។
ឡូរ៉េនបាននិយាយថា « យល់ព្រម » ។
ម៉ារ៍ស៊ីត្រឡប់ក្រោយ ហើយជិះកង់ត្រឡប់មកវិញតាមផ្លូវដែលនាងបានជិះមក ។ នៅពេលនាងទៅដល់ផ្ទះ នាងបានទុកកង់របស់នាងនៅលើស្មៅ ហើយចូលទៅក្នុង ។ ម្តាយនាងកំពុងរវល់នៅក្នុងផ្ទះបាយ ។
ម៉ារ៍ស៊ីបាននិយាយថា « ជម្រាបសួរម៉ាក់ » ។ « កូនត្រឡប់មកផ្ទះវិញហើយ ។ កូនមានអារម្មណ៍ព្រួយបារម្ភនៅក្នុងចិត្ត »
ម៉ាក់បានឈប់ ។ « តើមានអ្វីកើតឡើងកូន ? »
ម៉ារ៍ស៊ីបាននិយាយថា « កូនមានអារម្មណ៍ថាបានទទួលការដាស់តឿន ខណៈពេលដែលកូនកំពុងជិះកង់ជាមួយមិត្តភក្តិរបស់កូន ។ ដូច្នេះកូនបានត្រឡប់មកផ្ទះវិញ » ។ « កូនគិតថាអារម្មណ៍នោះមកពីព្រះវិញ្ញាណបរិសុទ្ធ » ។
ម៉ាក់បានឱបនាងយ៉ាងណែន ។ « ម៉ាក់រីករាយណាស់ដែលកូនបានស្តាប់តាមអារម្មណ៍នោះ » ។
ម៉ារ៍ស៊ីមានអារម្មណ៍ល្អនៅក្នុងចិត្ត ។ « កូនក៏ដូចគ្នាដែរ » ។
រចនារូបភាពដោយ ស៊ីមីនី ប្លកឃើរ