« ការចែកចាយពន្លឺព្រះអាទិត្យ » ប្រិយមិត្ត ខែឧសភា ឆ្នាំ២០២៥ ទំព័រ ៣០–៣១ ។
ពួកអ្នកត្រួសត្រាយផ្លូវនៅគ្រប់ដែនដី
ការចែកចាយពន្លឺព្រះអាទិត្យ
អេនជែលបាននិយាយថា « វាជាបទចម្រៀងពីព្រះវិហាររបស់ខ្ញុំ » ។
ដំណើររឿងពិតមកពីប្រទេសអាហ្សង់ទីន
អេនជែលបានឡើងលើរទេះនៅក្បែរប៉ា ។ ខណៈដែលសេះរបស់ពួកគេបរទៅមុខ ដបទឹកដោះគោនៅខាងក្រោយទង្គិចគ្នាលឺសូរក្រឹកៗតិចៗ ។ ព្រះអាទិត្យបានបញ្ចេញពន្លឺ ហើយវាបានរំព្ញកគាត់ពីបទចម្រៀងដែលគាត់ចូលចិត្ត ។
អេនជែលបានច្រៀង « ព្រះយេស៊ូវចង់ឲ្យខ្ញុំធ្វើជាពន្លឺ » ។
ប៉ុន្មានខែមុន អេនជែលបានទទួលបុណ្យជ្រមុជទឹក ។ ម៉ាក់និងប្អូនប្រុសតូចរបស់គាត់ អូស្ការ ក៏បានធ្វើពិធីបុណ្យជ្រមុជទឹកផងដែរ ។ ប៉ាមិនបានចូលរួមសាសនាចក្រទេ ប៉ុន្តែគាត់សប្បាយចិត្តសម្រាប់ពួកគេ ។ អេនជែលនៅតែចងចាំពីអារម្មណ៍ដែលគាត់បានទទួលនៅពេលងើបចេញពីទឹក ។ វាមានអារម្មណ៍ដូចជាពន្លឺព្រះអាទិត្យដ៏កក់ក្តៅចាំងមកលើគាត់ ប៉ុន្តែកក់ក្តៅនៅក្នុងចិត្ត ។
អេនជែលបន្តច្រៀងឲ្យខ្លួនឯង នៅពេលដែលប៉ាឈប់រទេះនៅខាងក្រៅផ្ទះរបស់ សេននូរ៉ា ភើរ៉េស្ស ។ អេនជែលលោតចុះ ហើយយកដបទឹកដោះគោពីខាងក្រោយ ។ សេននូរ៉ា ភើរ៉េស្ស គឺជាអតិថិជនម្នាក់របស់គ្រួសារគាត់ ។
គាត់បាននិយាយថា « អីវ៉ាន់មកដល់ហើយ ! »
សេននូរ៉ា ភើរ៉េស្ស កំពុងធ្វើការនៅក្នុងសួនច្បាររបស់នាង ។ នាងបាននិយាយថា « អរគុណ » ហើយយកដបទឹកដោះគោនោះ ។ នាងបានប្រគល់ប្រាក់កាក់មួយចំនួនឲ្យគាត់ ។ « តើឯងកំពុងច្រៀងចម្រៀងបទអី ? »
អេញជេល មានអារម្មណ៍អៀនខ្មាសយ៉ាងខ្លាំង ។ គាត់មិនដឹងថានាងបានឮគាត់ច្រៀងទេ !
អេនជែលបាននិយាយថា « វាជាបទចម្រៀងពីព្រះវិហាររបស់ខ្ញុំ » ។ « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។
សេននូរ៉ា ភើរ៉េស្ស បានញញឹម ។ « ហេតុអ្វីក្មួយមិនប្រាប់មីងខ្លះៗអំពីសាសនាចក្ររបស់ក្មួយ ? »
ភ្លាមនោះ អេនជែលមិនប្រាកដថាត្រូវនិយាយអ្វីទេ ។ បន្ទាប់មក គាត់បាននិយាយថា « យើងជឿថាព្រះវិហារនេះ គឺជាព្រះវិហារតែមួយដែលព្រះយេស៊ូវគ្រីស្ទបានបង្កើតឡើង នៅពេលដែលទ្រង់មានព្រះជន្មនៅលើផែនដី គឺមានវត្ថមាននៅទីនេះម្តងទៀត » ។
សេននូរ៉ា ភើរ៉េស្ស បាននិយាយថា « វាគួរឲ្យចាប់អារម្មណ៍ណាស់ » ។ « មីងមិនដែលឮពីសេចក្តីជំនឿរបស់ព្រះវិហារនោះទេ » ។
អេនជែលបាននិយាយថា « មីងអាចមកពេលណាក៏បាន » ។ « សូមឲ្យមានថ្ងៃដ៏ល្អ ! » ក្រោយមកគាត់បានរត់ត្រឡប់ទៅរកប៉ា ដើម្បីជួយដឹកជញ្ជូនទឹកដោះគោដែលនៅសល់ ។
អេនជែលបានក្រោកឡើងពីព្រឹកព្រលឹមថ្ងៃអាទិត្យ ។ គាត់អាចឮសម្លេងម៉ាក់ក្នុងផ្ទះបាយចម្អិនអាហារពេលព្រឹក ។
អេនជែលបាននិយាយថា « អូស្ការ ! វាដល់ពេលដែលរៀបចំខ្លួនទៅព្រះវិហារហើយ ! » ។
អេនជែល និងអូស្ការ បានស្លៀកសម្លៀកបំពាក់ព្រះវិហាររបស់ពួកគេ ហើយត្រៀមខ្លួនចាកចេញ។ អគារព្រះវិហារមានចម្ងាយជាង ៣គីឡូម៉ែត្រ ។ វាមានចម្ងាយឆ្ងាយគួរសម ដូច្នេះពួកគេត្រូវចាកចេញពីព្រឹកព្រលឹម ។
ប៉ាបាននិយាយនៅពេលពួកគេចាកចេញថា « សូមមានពេលវេលាដ៏រីករាយកូន » ។
នៅពេលដែលពួកគេដើរ អេនជែលបានគ្រហឹមបទចម្រៀងដែលគាត់ចូលចិត្តម្តងទៀត ។ គាត់បានគ្រហឹមច្រៀងពេលដែលពួកគេដើរកាត់ផ្ទះដែលគាត់បានដឹកជញ្ជូនទឹកដោះគោនោះ ។ គាត់បានគ្រហឹមច្រៀងពេលដែលពួកគេបានដើរកាត់កន្លែងលក់ផ្លែឈើនៅផ្សារ ។ ហើយគាត់បានគ្រហឹមច្រៀងពេលដែលពួកគេបត់តាមផ្លូវឆ្ពោះទៅរកអគារព្រះវិហារ ។
នៅពេលដែលពួកគេឈានជើងចូលទៅក្នុងអគារ អេនជែលបានមានការភ្ញាក់ផ្អើល ។ សេននូរ៉ា ភើរ៉េស្ស បាននៅទីនោះ ! គាត់បាននាំគ្រួសាររបស់គាត់ទាំងអស់មកជាមួយ ។
អេនជែលបាននិយាយថា « មីងមកព្រះវិហារ !»
សេននូរ៉ា ភើរ៉េស្ស បានងក់ក្បាល ។ គាត់បាននិយាយថា « ខ្ញុំត្រូវបានបំផុសគំនិតដោយបទចម្រៀងរបស់ក្មួយ » ។ « មីងបានទូរសព្ទទៅម្តាយរបស់ក្មួយសុំអាសយដ្ឋាន ។ មីងចង់មករៀនអំពីព្រះវិហារនេះសម្រាប់ខ្លួនមីង » ។
អេនជែលញញឹម ។ គាត់បានចែកចាយដំណឹងល្អដោយគ្រាន់តែច្រៀងចម្រៀងមួយបទ ។ គាត់សង្ឃឹមថា សេននូរ៉ា ភើរ៉េស្ស អាចមានអារម្មណ៍កក់ក្តៅនៅក្នុងបេះដូងរបស់គាត់នៅថ្ងៃនេះផងដែរ ។
រចនារូបភាពដោយ ជូមីគី តេជីដូ