លីអាហូណា
ការស្វែងរកគោលបំណង និងអត្ថន័យនៅក្នុងជីវិតរបស់យើង
លីអាហូណា ខែមករា ឆ្នាំ២០២


សារលិខិត​ថ្នាក់ដឹកនាំ​បព្វជិតភាព​ប្រចាំ​តំបន់​អាស៊ី

ការស្វែងរកគោលបំណង និងអត្ថន័យនៅក្នុងជីវិតរបស់យើង

នៅក្នុង​ជីវិត​មុន​ផែនដី​ក្នុង​នាម​ជា​បុត្រាបុត្រី​ខាងវិញ្ញាណ យើង​បាន​ធ្វើ​ការសម្រេច​ចិត្ត​នៅក្នុង​ក្រុមប្រឹក្សា​ស្ថានសួគ៌​ដើម្បី​ធ្វើ​តាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ គឺ​ព្រះយេស៊ូវគ្រីស្ទ ដែល​ដង្វាយធួន​របស់​ទ្រង់​នឹង​ផ្តល់​ការរស់ឡើងវិញ​សម្រាប់​មនុស្ស​ទាំងអស់ ។ យើង​ជំពាក់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង​ជា​រៀងរហូត ។ បុត្រាបុត្រី​ខាងវិញ្ញាណ​ជាច្រើន​បាន​គាំទ្រ​ដល់​សាតាំង និង​ផែនការ​របស់​វា ហើយ​ពួកគេ​ត្រូវ​បានបណ្តេញ​ចេញ​ពី​ទី​វត្តមាន​របស់​ព្រះ ។ នៅ​សម័យ​របស់​យើង សាតាំង​នៅតែ​បន្ត​ដឹកនាំ​ពួក​អ្នកដើរ​តាម​របស់​វា​ឲ្យ​ធ្វើ​អំពើបាប ។

បញ្ញត្តិ​យ៉ាង​សំខាន់​ទីមួយ​ដែល​បានប្រទាន​ដល់​លោក​អ័ដាម និង​នាង​អេវ៉ា​គឺ​ដើម្បី​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើផែនដី ។ ( លោកុប្បត្តិ ១:២៨ អ័ប្រាហាំ ៤:២៨ ) ការទទួល​បាន​រូបកាយ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះ ហើយ​អាច​ឲ្យ​យើង​រីកចម្រើន និង​រកឃើញ​អត្ថន័យ​នៅក្នុង​ជីវិត​របស់​យើង ។ ការចិញ្ចឹម​ក្រុម​គ្រួសារ​អាច​ជា​រឿង​ដ៏​លំបាក​នៅពេល​ខ្លះ ប៉ុន្តែ​វា​គឺជា​ប្រភព​នៃ​ការរៀនសូត្រ និង​ការបំពេញ​ដ៏​ទេវភាព ។

ព្រះវរបិតាសួគ៌​ចង់​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់​មាន​អំណរ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ផ្ដល់​នូវ​របៀប​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​សុភមង្គល ។ នៅក្នុង​ម៉ូសេ ៥:១១ នាង​អេវ៉ា​បាន​ប្រកាស​ដោយ​រីករាយ​ថា « បើ​សិន​ជា​ពុំ​មែន​ដោយ​សារ​ការ​រំលង​របស់​យើង​ទេ នោះ​យើង​ក៏​នឹង​មិន​មាន​ពូជ​សោះ ហើយ​នឹង​មិន​ដឹង​ខុសត្រូវ និង​សេចក្ដី​អំណរ​អំពី​សេចក្ដី​ប្រោស​លោះ​របស់​យើង និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដែល​គោរព​តាម​ដែរ » ។ នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ សុភមង្គល​ច្រើន​តែ​ត្រូវ​បាន​យល់​ច្រឡំ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បើក​នូវ​ទស្សនៈ​ដ៏​ច្បាស់លាស់ ។

ខណៈ​ដែល​បច្ចេកវិទ្យា​បាន​រីកចម្រើន​ហួស​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ស្រមៃ​ដល់ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ច្របូកច្របល់​ចំពោះ​ការកែលម្អ​ទាំងនេះ ។ បុគ្គល​ខ្លះ​ប្រើ​បច្ចេកវិទ្យា​ហួសហេតុ ហើយ​មិន​ខ្វល់ខ្វាយ​នឹង​រឿង​ដែល​សំខាន់ ដូចជា គ្រួសារ និង​ជីវភាព​ខាងវិញ្ញាណ​ជាដើម ។ ពាក្យ​សុភមង្គល​ត្រូវ​បាន​ប្រើ​ជា​ញឹកញាប់ ប៉ុន្តែ​វា​ហាក់​ដូច​ជា​បាត់បង់​អត្ថន័យ​របស់​វា ។ ខណៈ​មនុស្ស​ជាច្រើន​ជឿ​ថា​ទ្រព្យសម្បត្តិ​នាំ​មក​នូវ​សុភមង្គល យើង​ដឹង​ថា​អំណរ​ពិត​កើត​ចេញពី​សេចក្តីស្រឡាញ់ និង​ការរស់នៅ​ដោយ​សុចរិត ។ 

នៅពេល​កំពុងសិក្សា​ទិន្នន័យ​សេដ្ឋកិច្ច​មួយ​ចំនួន ខ្ញុំ​បាន​អាន​ថា ជាញឹកញាប់​មនុស្ស​ដកពិសោធ​នូវ​សុភមង្គល​កាន់តែ ច្រើន នៅពេល​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​ជា​ក្រុម ។ ពួកគេ​និយាយ​ជាមួយ​គ្នា ជួយ​គ្នា​ទៅវិញ​ទៅមក និង​រីករាយ​នឹង​ភាព​ជា​ដៃគូ ។ ខ្ញុំ​បាន​ដឹង​ថា​ការរីករាយ និង​សេចក្តីសុខសាន្ត​ខាង​ផ្លូវ​ចិត្ត​អាស្រ័យ​ទៅ​លើ​ការផ្តោត​ចិត្ត​ដោយ​សុចរិត​របស់​បុគ្គល​រូប​នោះ និង​បំណង​ចង់​រាប់អាន​អ្នក​ដទៃ ។ សម្រាប់​ខ្ញុំ វា​គឺ​ជា « ការប្រឹងប្រែង​ក្នុង​គ្រួសារ » ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចូលរួម ។

ការអភិវឌ្ឍ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​យើង ហើយ​នាំ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះ ។ នៅពេល​ខ្លះ​បុគ្គល​ម្នាក់ៗ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ការកសាង​ទ្រព្យសម្បត្តិ​នៅលើ​ផែនដី ។ នៅក្នុង​ជីវិត​របស់​យើង យើង​គួរតែ​ផ្តល់​អាទិភាព​ដល់​ការកសាង​ទ្រព្យសម្បត្តិ​ខាងវិញ្ញាណ​សម្រាប់​ជីវិត​នេះ និង​ជីវិត​បន្ទាប់​របស់​យើង ។ ការទទួល​យក​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​យើង ហើយ​នាំ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះ ។ ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​ថា យើង​មិន​គួរ​ប្រមូល​ទ្រព្យសម្បត្ដិ​នៅលើ​ផែនដី​ឡើយ ប៉ុន្តែ​គួរ​ប្រមូល​ទ្រព្យសម្បត្ដិ​នៅ​ស្ថានសួគ៌​វិញ ។ ( ម៉ាថាយ ៦:១៩-២១ )

នៅក្នុង​ជីវិត​របស់​ខ្ញុំ សុភមង្គល​មិន​គ្រាន់តែ​ជា​ជីវិត​នៅលើ​ផែនដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ទាក់ទង​នឹង​ការ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ និង​ការផ្សារភ្ជាប់​ជាមួយនឹង​អ្វី​ដែល​ធំ​ជាង​នេះ ។ ខ្ញុំ​ជឿ​ថា សុភមង្គល​គឺ​មាន​ន័យ​ថា​នឹង​នាំ​យើង​ទៅ​កាន់​គោលដៅ​ដ៏​ខ្ពស់​មួយ​ក្នុង​ការធ្វើ​តាម​ឱវាទ​របស់​ព្រះអម្ចាស់ ។ តាមរយៈ​ប្រសាសន៍​របស់​ព្យាការី​របស់​យើង និង​ព្រះអម្ចាស់ យើង​រៀន​ដើម្បី​យល់​ពី​ផែនការ​នៃ​សុភមង្គល ហើយ​ជា​លទ្ធផល ទទួល​បាន​អំណរ​កាន់តែ​ខ្លាំង​ឡើង ។ នៅពេល​ដែល​ជីវិត​របស់​យើង​ផ្តោតលើ​ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ នោះ​អំណរ​របស់​យើង​កើន​ឡើង ។ សូម​ពិចារណា​ពី​ជីវិត​ដែល​បងប្អូន​ប្រហែលជា​បាន​ជះ​ឥទ្ធិពល​ដោយសារ​ទង្វើ និង​របៀប​រស់នៅ​របស់​បងប្អូន ។ យើង​ត្រូវតែ​ជំរុញ​ទឹកចិត្ត និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យល់​អំពី​គោលបំណង​របស់​ព្រះ និង​សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ យើង​គឺជា​មធ្យោបាយ​ដែល​តាមរយៈ​ផែនការ​នៃ​អំណរ​របស់​ព្រះ​អាច​ផ្សព្វផ្សាយ​ដល់​គ្រួសារ មិត្តភក្តិ និង​អ្នក​ជិតខាង​របស់​យើង ។

នៅពេល​គ្រួសារ​របស់​យើង​បាន​ទៅ​ព្រះវិហារបរិសុទ្ធ បាងកក ប្រទេសថៃ ជាមួយ​គ្នា​នៅ​ឆ្នាំ​នេះ ខ្ញុំ​បានទទួល​ការយល់ដឹង​កាន់តែ​ច្បាស់​ថា ការស្វែងរក​គោលបំណង និង​សេចក្តីសុខសាន្ត​នៅក្នុង​ជីវិត​របស់​យើង មាន​អ្វី​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ នៅក្នុង​ព្រះវិហារបរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​ថា​សេចក្តីស្រឡាញ់ និង​អំណរ​ពិតប្រាកដ​នឹង​ដឹកនាំ​គ្រួសារ​យើង​ឲ្យ​ស្វែងរក​គោលបំណង​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ ការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​គឺជា​ពេលវេលា​ដ៏​គួរ​ឲ្យ​ចងចាំ​បំផុត និង​មាន​ព្រះ​វិញ្ញាណ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ។ នៅពេល​យើង​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ នោះ​យើង​អាច​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « គ្មាន​អ្វី​នឹង​ជួយ​បងប្អូន ច្រើនជាង ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​តាម​ដែល​កាលៈទេសៈ​របស់​បងប្អូន​អនុញ្ញាត​ឲ្យ​ដើម្បី​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច នោះទេ » ។ ( « រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ១២២ ) ដើម្បី​សម្រេច​បាន​នូវ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ និង​ដើម្បី​រក្សា​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ​របស់​យើង យើង​ត្រូវ​ប្រើ​ពេលវេលា និង​សមត្ថភាព​របស់​យើង​ដើម្បី​កសាង​នគរ​ព្រះ ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​ចូល​ទៅក្នុង​នគរ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។

ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះប្រោសលោះ និង​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​នេះ និង​ជា​​ព្រះរាជបុត្រា​បង្កើតតែមួយ​របស់​ព្រះ ។ យើង​ទទួល​បាន​ការសង្គ្រោះ​តាមរយៈ​ទ្រង់ ។ ■