« ព្រះអម្ចាស់នឹងដឹកនាំខ្ញុំ » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ព្រះអម្ចាស់នឹងដឹកនាំខ្ញុំ
តាមរយៈសេចក្តីជំនឿ ការគោរពប្រតិបត្តិ ការអត់ធ្មត់ និងការអធិស្ឋាន ខ្ញុំបានរៀនថា ខ្ញុំមិនត្រូវភ័យខ្លាចចំពោះអនាគតទេ ។
រចនារូបភាពដោយ អេលែន ហ្គានស៍
ខ្ញុំធំឡើងជាមួយការច្រៀង និងហ៊ុំព័ទ្ធទៅដោយតន្ត្រី ។ ក្តីសុបិនរបស់ខ្ញុំកាលពីកុមារគឺ ចង់ក្លាយជាតារាចម្រៀងអាជីពម្នាក់ ។ ខ្ញុំថែមទាំងបានឈ្នះការប្រកួតច្រៀងជាច្រើនផងដែរ ។ ប៉ុន្តែនៅពេលខ្លះក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ទទេនៅពេលដែលខ្ញុំគិតអំពីគោលបំណងដែលព្រះមានសម្រាប់ខ្ញុំលើសពីការទទួលស្គាល់ និងការសរសើរពីអ្នកដទៃទៅទៀត ។
ការមានដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងនៅក្នុងជីវិតរបស់ខ្ញុំ បានជួយខ្ញុំឲ្យមានសេចក្តីជំនឿក្នុងពេលវេលានៃភាពមិនច្បាស់លាស់ ។ វាក៏បានជួយខ្ញុំឲ្យយល់ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំប្រើទេពកោសល្យដែលទ្រង់បានផ្តល់ឲ្យដល់ខ្ញុំ ដើម្បីខិតកាន់តែជិតទៅរកទ្រង់ និងសរសើរតម្កើងដល់ទ្រង់ ។
ទោះបីជាខ្ញុំបោះបង់ក្តីសុបិនរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែបន្តការច្រៀង និងការសិក្សាតន្ត្រី ។
នៅអាយុ២៥ឆ្នាំ ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម ហើយក៏បានសិក្សាតាមរយៈ BYU-Pathway Worldwide និង សាកលវិទ្យាល័យព្រិកហាំ យ៉ង់ អាយដាហូ ដែលបានជួយខ្ញុំបង្កើនសមត្ថភាពរបស់ខ្ញុំក្នុងការនិយាយភាសាអង់គ្លេស ។
បន្ទាប់មកមានអព្ភូតហេតុអស្ចារ្យបានកើតឡើង ។
ខ្ញុំបានទទួលការអញ្ជើញឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកតន្រ្តី ដែលជាផ្នែកមួយនៃកម្មវិធីអ្នកចូលរួមសកលរបស់ក្រុមចម្រៀងរោងឧបោសថ ។ ខ្ញុំមិនបានដឹងទេ ប៉ុន្តែអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានធ្វើអស់រយៈពេលជាច្រើនឆ្នាំបានជួយរៀបចំខ្ញុំសម្រាប់ពេលនេះ ។ ការអញ្ជើញនេះគឺជាចម្លើយចំពោះការអធិស្ឋាន និងបំណងប្រាថ្នារបស់ខ្ញុំ ។ ព្រះវរបិតាសួគ៌ជ្រាបដឹងពីទីបញ្ចប់តាំងពីដើមមក ហើយអនុញ្ញាតឲ្យខ្ញុំច្រៀងជាមួយ ក្រុមចម្រៀងរោងឧបោសថ នៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធក្នុងអំឡុងពេលសន្និសីទទូទៅនៅខែតុលា ឆ្នាំ២០២៤ ។
តាមរយៈបទពិសោធន៍នេះ ខ្ញុំអាចធ្វើទីបន្ទាល់អំពីអំណាចនៃការដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ការអត់ធ្មត់ និងការទុកចិត្តថា ព្រះមានគោលបំណង ទោះបីជាយើងប្រហែលជាមិនយល់ពីគោលបំណងនោះក្ដី ។ ដូចដែលបានសន្យាដល់យើង « ផ្លូវនៅពេលនេះប្រហែលជាមិនច្បាស់ជានិច្ចនោះទេ ប៉ុន្តែយើងអាចធ្វើតាមព្រះអង្គសង្គ្រោះដោយសេចក្ដីជំនឿថា ដំណើររបស់យើងនឹងបញ្ចប់ដោយស្រស់ស្អាត និងដោយជ័យជម្នះ ដោយសារទ្រង់នឹងដឹកនាំយើងដោយសុវត្ថិភាពទៅដល់កន្លែងដែលយើងត្រូវទៅ » ។
សម្រាប់អស់អ្នកដែលកំពុងស្វែងរកផ្លូវរបស់ពួកគេនៅខាងមុខ សូមដឹងថាព្រះអម្ចាស់មានអ្វីមួយដែលបានរៀបចំសម្រាប់បងប្អូនធំជាងអ្វីដែលបងប្អូនអាចស្រមៃដល់ទៅទៀត ។ ប្រសិនបើយើងធ្វើតាមទ្រង់ នោះយើងនឹងទទួលនូវអ្វីដែលទ្រង់បានរៀបចំសម្រាប់យើង ។ ផ្លូវនេះប្រហែលជាមិនច្បាស់លាស់ទេ ហើយជីវិតអាចនឹងលំបាក ប៉ុន្តែព្រះអម្ចាស់នៅតែធ្វើអព្ភូហេតុសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
ខ្ញុំបានរៀនថា តាមរយៈសេចក្តីជំនឿ ការគោរពប្រតិបត្តិ ការអត់ធ្មត់ និងការអធិស្ឋាន ព្រះអម្ចាស់នឹងដឹកនាំខ្ញុំ ។