លីអាហូណា
ការប្រែចិត្ត​មិនមែន​ត្រឹមតែ​ជាការយក​ឈ្នះ​លើ​អំពើបាប​ប៉ុណ្ណោះ​ទេ
លីអាហូណា ខែមករា ឆ្នាំ២០២


« ការប្រែចិត្ត​មិនមែន​ត្រឹមតែ​ជា​ការយក​ឈ្នះ​លើ​អំពើបាប​ប៉ុណ្ណោះ​ទេ » លីហូណា ខែមករា ឆ្នាំ២០២៦ ។

មកពី យុវមជ្ឈិមវ័យ ប្រចាំ​សប្តាហ៍

ការប្រែចិត្ត​មិនមែន​ត្រឹមតែ​ជាការយក​ឈ្នះ​លើ​អំពើបាប​ប៉ុណ្ណោះ​ទេ

ការងាក​ទៅរក​ព្រះគ្រីស្ទ—ការផ្លាស់ប្តូរ​ឥរិយាបថ​របស់យើង និង​ការបង្វែរ​ទស្សនៈ​របស់យើង​ឲ្យ​ស្រប​ទៅនឹង​ទស្សនៈ​របស់​ទ្រង់—វា​គឺជា​ទម្រង់​នៃ​ការប្រែចិត្ត​ផងដែរ ។

រូបភាព​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​កំពុង​សម្លឹងមើល​ទៅ​ពន្លឺ

រចនារូបភាព​ដោយ ណេត វ៉ាឌ

ខ្ញុំ​បាន​ខកខាន​មិន​បាន​ចូលរួម​ពិធីមង្គលការ​​មិត្តល្អ​បំផុត​របស់ខ្ញុំ ខណៈពេល​ដែល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​បេសកកម្ម​ ។

ខ្ញុំ​មិន​អាច​ឈប់​គិត​អំពី​គាត់​ពេញ​មួយថ្ងៃ ។ យើង​បាន​រាប់អាន​គ្នា​ជា​មិត្ត​រួម​បន្ទប់​នៅឯ​មហាវិទ្យាល័យ ហើយ​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ចាត់​ទុក​គាត់​ដូចជា​ប្អូនស្រី​របស់​ខ្ញុំ ។ ខ្ញុំ​ដឹងថា ព្រះវរបិតាសួគ៌​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ជួប​នាង ។

ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​មិន​អាច​នៅ​ទីនោះ​ដើម្បី​ប្រារព្ធពិធី​ដ៏សំខាន់​មួយ​ក្នុង​ជីវិត​របស់នាង​បាន ។ ហើយ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ។

ការសាកល្បង​ដែល​មិន​នឹក​ស្មានដល់

មុនពេល​បេសកកម្ម​របស់ខ្ញុំ ជីវិត​ខ្ញុំ​មិន​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​វា​ល្អ ។ ខ្ញុំ​ចូលចិត្ត​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ហើយ​ទើបតែ​បាន​បង្កើត​មិត្តភាព​ដ៏ល្អបំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់ ។

ខ្ញុំ​ដឹងថា​ការបម្រើ​បេសកកម្ម​នឹង​មិនមាន​ភាព​ងាយ​ស្រួល​ទេ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ខ្ញុំ​មាន​ការរំពឹងទុក​ថា ការបម្រើ​បេសកកម្ម​នឹង​ក្លាយជា​រយៈពេល ១៨ ខែ​ដ៏ល្អបំផុត​នៅក្នុង​ជីវិត​របស់ខ្ញុំ—ហើយ​នឹង​មាន​ការលំបាក​តិចតួច​បំផុត ។

ប៉ុន្តែ​បាន​រយៈពេល​ប្រាំមួយ​ខែ មង្គលការ​របស់​មិត្ត​ខ្ញុំ​បាន​ក្លាយជា​រឿង​ថ្មីបំផុត​មួយ​នៅក្នុង​បញ្ជី​នៃ​រឿង​លំបាកៗ​ដែល​ខ្ញុំ​មិន​បាន​រំពឹងទុក​នោះ ។ ការផ្លាស់​ទៅ​រស់​នៅ​បរទេស និង​រៀនភាសា​ថ្មី​បាន​ធ្វើឲ្យ​ខ្ញុំ​ឯកោ និង​ថប់បារម្ភ ។ បទពិសោធន៍​នៃ​ការបដិសេធ​ពី​មនុស្ស​ដទៃ​ក្នុង​ការទទួល​យក​ដំណឹងល្អ ​បាន​ក្លាយ​ជាផ្នែក​មួយ​នៃ​ជីវិត​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការហត់នឿយ​ខាង​ផ្លូវចិត្ត ។ និយាយ​ដោយ​ស្មោះត្រង់​ទៅ ខ្ញុំ​គ្រាន់តែ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ ។

ខ្ញុំ​អស់កម្លាំង និង​ខកចិត្ត ហើយ​ខ្ញុំ​មិនមាន​អារម្មណ៍ថា ព្រះ​បាន​ផ្តល់ឲ្យ​ខ្ញុំ​នូវ​ក្តីសង្ឃឹម និង​សុភមង្គល​ដែល​ខ្ញុំ​ត្រូវការ​យ៉ាងខ្លាំង​នោះទេ ។ បន្ទាប់ពី​បាន​អនុវត្ត​គ្រប់​វិធី​ទាំងអស់​ដែល​ខ្ញុំ​បាន​មាន ដើម្បី​ជួយ​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​មក ខ្ញុំ​បាន​ងាក​ទៅរក​ការសន្យា​មកពី​ពរជ័យអយ្យកោ ដែល​បាន​ប្រាប់​ខ្ញុំ​ថា ៖ ​ខ្ញុំ​អាច​នឹង​មាន​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​តាមរយៈ​បទគម្ពីរ ។

ទស្សនវិស័យ​ថ្មី

ពេល​ខ្ញុំ​ស្វែងរក​បទគម្ពីរ ខ្ញុំ​បាន​រកឃើញ​ថា​ខ្លួនឯង​មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ទៅនឹង​ដំណើររឿង​របស់​នាងអេវ៉ា ។ នាង​ត្រូវបាន​បណ្តេញ​ចេញពី​ស្ថាន​បរមសុខ និង​ចូលទៅ​ក្នុង​ទីរហោស្ថាន​ដ៏​ងងឹត ដែល​ដូចជា​អ្វី​ដែល​ខ្ញុំ​មាន​អារម្មណ៍ ។ ស្រដៀងគ្នា​ទៅនឹង​បទពិសោធន៍​របស់ខ្ញុំ ​ការផ្លាស់ប្តូរ​របស់​នាងអេវ៉ា បាន​កើតឡើង​ដោយសារតែ​ជម្រើស​ជាក់លាក់​មួយ​ដែល​នាង​បាន​ជ្រើសយក ។ ខ្ញុំ​ឆ្ងល់ថា​តើ​នាង​ធ្លាប់​ស្តាយក្រោយ​ចំពោះ​ជម្រើស​របស់នាង​ដែរឬទេ ដូចជា​ខ្ញុំ​ចាប់ផ្តើម​ស្តាយក្រោយ​ចំពោះ​ជម្រើស​របស់ខ្ញុំ​ក្នុង​ការបម្រើ ។

ប៉ុន្តែ​នាងអេវ៉ា​មាន​ទស្សនវិស័យ​ឈ្លាសវៃ​ជាងខ្ញុំ ។ ទោះបីជា​នាង​បាន​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​ក៏ដោយ ក៏​​នាង​ដឹងថា​នាង​មាន​ព្រះអង្គសង្រ្គោះ ដែល​នាង « បាន​រីករាយ ដោយ​ពោលថា ៖ ៖ បើ​សិន​ជា​ពុំ​មែន​ដោយ​សារ​ការ​រំលង​របស់​យើង​ទេ នោះ​យើង​ក៏​នឹង​មិន​មាន​ពូជ​សោះ ហើយ​នឹង​មិន​ដឹង​ខុសត្រូវ និង​សេចក្ដី​អំណរ​អំពី​សេចក្ដី​ប្រោស​លោះ​របស់​យើង » ( ម៉ូសេ ៥:១១ ) ។

នាង​មិនបាន​ស្តាយក្រោយ​ចំពោះ​ជម្រើស​របស់​នាង​ទេ ។ នាង​បាន​មាន​អំណរគុណ​ចំពោះ​ជម្រើស​នោះ ! ទោះបីជា​នាង និង​លោក​អ័ដាម​ត្រូវបាន​បណ្តេញ​ចេញពី​ស្ថាន​បរមសុខ​ក្តី ក៏​សេចក្តី​អំណរ​ដែល​ត្រូវបាន​ប្រោសលោះ គឺ​ផ្អែមល្ហែម​ជាង​ការឈឺចាប់​នៃ​ការបាត់បង់​របស់​នាង​ទៅទៀត ។ តាម​ពិត វា​ហាក់ដូច​ជា​ការប្រោសលោះ​បាននាំ​ឲ្យ​នាង កាន់តែ​មាន​អំណរ ជាង​ប្រសិន​បើ​នាង​មិន​ត្រូវ​បាន​ប្រោសលោះ​ទាល់តែសោះ ។

តើ​វា​អាច​កើត​ឡើង​បែប​ណា​ទៅ ?

ភាពផ្អែមល្ហែម​នៃ​ការប្រែចិត្ត

យើង​អាច​នឹង​គិត​ថា ការប្រែចិត្ត​គឺ​សម្រាប់​តែ​ការដក​ចេញ​នូវ​អំពើ​បាប និង​អាកប្បកិរិយា​អាក្រក់​ចេញពី​ជីវិត​របស់​យើង​ប៉ុណ្ណោះ ។ ដំណើរការ​នៃ​ការដកចេញ​នោះ​អាច​លំបាក និង​ពេលខ្លះ​ឈឺចាប់ ដែល​ធ្វើឲ្យ​វា​ងាយស្រួល​ក្នុង​ការភ្ជាប់​អត្ថន័យ​អវិជ្ជមាន​ទៅនឹង​ពាក្យ​នោះ ។

ប៉ុន្តែ ការប្រែចិត្ត​មិន​គ្រាន់តែ​ក្លាយជា​មនុស្ស​ធ្វើ​បាប​តិច​ប៉ុណ្ណោះ​ទេ ។ វា​ក៏​ជា​ការ​ប្រែ​ក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ​ផងដែរ ។

ការងាក​ទៅរក​ទ្រង់—ការផ្លាស់ប្តូរ​ឥរិយាបថ​របស់យើង និង​បង្វែរ​ទស្សនៈ​របស់​យើង​ឲ្យ​ស្រប​ជាមួយនឹង​ទស្សនៈ​របស់​ទ្រង់—គឺជា​ទម្រង់​មួយ​នៃ​ការប្រែចិត្ត​ផងដែរ ។

ខ្ញុំ​បាន​ដឹងថា​នៅក្នុង​កំហឹង និង​ភាពឯកោ​របស់ខ្ញុំ ទស្សនវិស័យ​របស់ខ្ញុំ​បាន​ក្លាយ​ទៅជា​តូចចង្អៀត ។ ខ្ញុំ​បាន​ផ្ដោត​ខ្លាំង​ទៅលើ​អ្វី​ដែល​ខ្ញុំ​បាន​បាត់បង់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល ៖ គឺ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​មួយ​ជាមួយនឹង​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ដឹងថា ខ្ញុំ​ត្រូវតែ​ប្រែចិត្ត​ពី​ឥរិយាបថ​ដ៏​មិនល្អ​នេះ​ដែល​ខ្ញុំ​មាន ។ វា​ត្រូវការ​ពេលវេលា ប៉ុន្តែ​នៅពេល​ដែល​ខ្ញុំ​បាន​ទូល​អង្វរសុំ​ជំនួយ​ពី​ព្រះប្រោសលោះ​របស់ខ្ញុំ ខ្ញុំ​ត្រូវបាន​ធានាថា « នៅ​ក្នុង​ជីវិត​នេះ ខ្ញុំ​នឹង​មាន​សេចក្ដី​អំណរ » ( ម៉ូសេ ៥:១០ ) ។

ខ្ញុំ​នៅ​តែ​សោកស្ដាយ​ដែល​ខ្ញុំ​មិន​បាន​ទៅ​ពិធី​មង្គលការ​របស់​មិត្ត​ខ្ញុំ ប៉ុន្តែ​យូរៗ​ទៅ​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ខ្លាំងណាស់​ចំពោះ​មិត្តភក្តិ​របស់ខ្ញុំ ហើយ​ខ្ញុំ​បាន​រកឃើញ​អំណរ​យ៉ាងខ្លាំង​នៅក្នុង​ទីបន្ទាល់​របស់ខ្ញុំ​ថា ព្រះវរបិតាសួគ៌​ពិត​ជា​ទតឃើញ និង​ស្រឡាញ់​បុត្រាបុត្រី​របស់ទ្រង់​គ្រប់ៗគ្នា ។ ខ្ញុំ​ទទួល​បាន​ច្រើន​ជាង​ការណ៍​ដែល​ខ្ញុំ​ខកខាន​ទៅទៀត ។

ស៊ីស្ទើ គ្រីស្ទីន អិម យី ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀនថា « ការប្រែចិត្ត​អនុញ្ញាត​ឲ្យ​យើង​ទទួល​អារម្មណ៍​នូវ​សេចក្តីស្រឡាញ់​របស់​ព្រះ ហើយ​ស្គាល់ និង​ស្រឡាញ់​ទ្រង់​តាម​របៀប​ដែល​យើង​មិន​អាច​ដឹង​តាម​របៀប​ផ្សេង​ទៀត​បាន » ។

ដោយសារការប្រែចិត្ត ឥឡូវនេះ​ខ្ញុំ​ដឹងថា នៅពេល​ដែល​ខ្ញុំ​ខិត​ចូល​ទៅជិត​ព្រះគ្រីស្ទ នោះ​« ទ្រង់​នឹង​ធ្វើឲ្យ​ទី​ស្ងាត់​ឈឹង​[ របស់​ខ្ញុំ ] បាន​ដូចជា​សួនច្បារ​អេដែន និង​ឲ្យ​វាលព្រៃ​[ របស់ខ្ញុំ ] ត្រឡប់​ដូច​ជា​សួន​របស់​ព្រះយេហូវ៉ា​ដែរ នឹង​មាន​សេចក្តី​អំណរ និង​សេចក្តី​រីករាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះគុណ និង​សំឡេង​ពីរោះ​ផង » ( អេសាយ ៥១:៣ ) ។

នៅពេល​ខ្ញុំ​ត្រឡប់​ទៅផ្ទះ​ពី​បេសកកម្ម​របស់ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​ត្រឡប់​ទៅ​ទី​បរមសុខ​ទេ ។ ជីវិត​ក្រោយ​បេសកកម្ម​គឺ​ជា​ទី​ស្ងាត់​ឈឹង​ថ្មី​មួយ​សម្រាប់​ខ្ញុំ​ដើម្បី​ថែទាំ ។ វា​មិន​ងាយស្រួល​ទេ ហើយ​ពេលខ្លះ​ខ្ញុំ​នៅតែ​នឹក​ជីវិត​របស់ខ្ញុំ​មុនពេល​បេសកកម្ម​ ។

ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ដោយសារ​ព្រះគ្រីស្ទ នោះ​អំណរ​របស់​ខ្ញុំ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់តែ​ជ្រាលជ្រៅ​នៅក្នុង​ការដឹង​អំពី​ការប្រោសលោះ​របស់​ខ្ញុំ ។