លីអាហូណា
ការស្វែងរក​ព្រះគ្រីស្ទ និង​សេចក្ដីសញ្ញា ៖ គន្លឹះ​ទាំងឡាយ​របស់​នីហ្វៃ​ក្នុង​ការអាន​ព្រះគម្ពីរ​សញ្ញាចាស់
លីអាហូណា ខែមករា ឆ្នាំ២០២


ការស្វែងរក​ព្រះគ្រីស្ទ និង​សេចក្ដីសញ្ញា ៖ គន្លឹះ​ទាំងឡាយ​របស់​នីហ្វៃ​ក្នុង​ការអាន​ព្រះគម្ពីរ​សញ្ញាចាស់

នីហ្វៃ​បាន​ចែកចាយ​ការយល់ដឹង​មួយចំនួន​ដែល​អាច​ជួយ​បងប្អូន​ក្នុង​ការសិក្សា​របស់​បងប្អូន ។

រូបភាព​អំពី​ព្រះយេស៊ូវគ្រីស្ទ

Christ’s Image [ រូបភាព​របស់​ព្រះគ្រីស្ទ ] ដោយ ហែនរិច ហូហ្វម៉ាន់ ផ្ដល់សិទ្ធិ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​មក​ពី​ក្រុមហ៊ុន C. Harrison Conroy Co., Inc ។

ខ្ញុំ​ចូលចិត្ត​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់ ប៉ុន្មាន​ឆ្នាំ​មកនេះ ខ្ញុំ​បាន​រកឃើញ​គន្លឹះ​ពីរ​ក្នុង​ការរកមើល​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដើម្បី​នាំមក​នូវ​ភាពសុខសាន្ត និង​បង្កើន​ការយល់ដឹង ៖ ព្រះគ្រីស្ទ និង​សេចក្ដីសញ្ញា​ទាំងឡាយ ។

នេះ​គឺជា​វិធី​មួយចំនួន​ដែល​យើង​អាច​រកឃើញ​ព្រះគ្រីស្ទ និង​សេចក្តីសញ្ញា​ទាំងឡាយ​នៅក្នុង​ការសិក្សា​របស់យើង​អំពី​ព្រះគម្ពីរ​សញ្ញាចាស់​នៅ​ឆ្នាំនេះ ។

ការស្វែងរក​ព្រះគ្រីស្ទ

នីហ្វៃ​បាន​អាន​បទគម្ពីរ​ចេញពី​ផ្ទាំង​លង្ហិន បាន​ថ្លែងថា « មើល​ចុះ ព្រលឹង​ខ្ញុំ​ត្រេកអរ​ក្នុង​ការ​បញ្ជាក់​ដល់​ប្រជាជន​ខ្ញុំ​នូវ​ការ​ពិត​អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ហើយ​ដោយ​គោលបំណង​នេះ ទើប​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ត្រូវ​បាន​ប្រទាន​មក ហើយ​អស់​ទាំង​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស ចាប់​តាំង​ពី​កំណើត​លោកិយ​មក គឺជា​គំរូ​អំពី​ព្រះ​អង្គ » ( នីហ្វៃទី២ ១១:៤ ) ។

យើង​អាច​រកឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​តាម​វិធី​ជាច្រើន ។

រូបភាព​ពស់​លង្ហិន និង​ព្រះអង្គសង្រ្គោះ​នៅលើ​ឈើឆ្កាង

Moses and the Brass Serpent [ ម៉ូសេ និង​ពស់​លង្ហិន ] ដោយ យូឌីត អេ មេហរ៍ Christ on the Cross [ ព្រះគ្រីស្ទ​នៅលើ​ឈើឆ្កាង ] ដោយ ខាល ហេនរីក ប្លក់

ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់

ដោយសារ​យើង​ដឹង​តាមរយៈ​វិវរណៈ​សម័យទំនើប​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ( សូមមើល គោលលិទ្ធ និង​សេចក្តីសញ្ញា ១១០:៣–៤ ) នោះ​យើង​អាច​មើល​ឃើញ​ព្រះចេស្ដា​របស់​ទ្រង់​នៅក្នុង​ការបង្កបង្កើត និង​ជា​អង្គ​ដែល​បង្កើត​ច្បាប់​នៅលើ​ភ្នំ​ស៊ីណាយ ដែល​កំពុង​បង្រៀន​សាសន៍​អ៊ីស្រាអែល​ពីរបៀប​ដើម្បី​ក្លាយ​ដូចជា​ព្រះ ។ យើង​រៀន​ពី​ព្រះគុណ​របស់​ទ្រង់ នៅក្នុង​ការប្រោសលោះ​ចេញពី​ទាសភាព​នៅក្នុង​ស្រុក​អេស៊ីព្ទ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ក្នុង​ការថែររក្សាប្រជារាស្រ្ត​របស់​ទ្រង់​នៅក្នុង​ទីរហោស្ថាន ហើយ​នាំ​ពួកគេ​ទៅកាន់​ទឹកដីសន្យា ហើយ​ការបន្ត​ព្រួយបារម្ភ​របស់​ទ្រង់​តាមរយៈ​ការបញ្ជូន​ព្យាការី និង​ផ្តល់​នូវ​ការអភ័យទោស​ដល់​អ៊ីស្រាអែល នៅពេល​ពួកគេ​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ ។

និមិត្តរូប​ជាច្រើន​នៃ​ព្រះយេស៊ូវគ្រីស្ទ

មាននិមិត្តរូប​ជាច្រើន ( ឬ​តំណាង​ជាច្រើន )​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​ភាគច្រើន​ព្យាករ​អំពី​អនាគត​របស់​ទ្រង់​ដែល​នឹង​មកដល់ ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី និង​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ដំណើររឿង​របស់​អ័ប្រាហាំ និង​អ៊ីសាក​ប្រាប់ទុក​ជាមុន​អំពី​ព្រះ​ជា​ព្រវរបិតា​ដែល​បាន​លះបង់​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ យ៉ូសែប​បាន​ជួយ​សង្គ្រោះ​បងប្អូន​របស់​គាត់​ពីភាពស្រេកឃ្លាន​ខាង​រាងកាយ ដូចគ្នា​នឹង​ព្រះយេស៊ូវគ្រីស្ទ​ជួយ​សង្គ្រោះ​យើង​ពី​ភាព​ស្រេកឃ្លាន​ខាងវិញ្ញាណ​ផងដែរ ។ ម៉ូសេ​បាន​រំដោះ​ប្រជាជន​របស់​គាត់​ពី​ទាសករ​ដូច​ដែល​ព្រះយេស៊ូវ​បាន​រំដោះ​យើង​ចេញពី​អំពើបាប​ដែរ ។ ព្រះអម្ចាស់​បាន​បង្រៀន​កូនចៅ​នៃ​អ៊ីស្រាអែល​អំពី​អំណាច​នៃ​សេចក្តី​ជំនឿ​នៅក្នុង​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់​នៅក្នុង​ដំណើររឿង​របស់​ពស់​លង្ហិន​នៅក្នុង​ទីរហោស្ថាន ។ អេលីយ៉ា និង អេលីសា បាន​យក​គំរូ​តាម​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​បាន​ព្យាបាល​អ្នកឈឺ ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​ឡើងវិញ ។

រូបភាព​របស់​អ័ប្រាហាំ និង​អ៊ីសាក

Abraham and Isaac [ អ័ប្រាហាំ និង​អ៊ីសាក ] ដោយ ហារ៉ូល ខឹបភីង © Look and Learn/Bridgeman Images

ការយល់​ដឹង​អំពី​ព្រះអង្គសង្គ្រោះ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី

ព្រះយេស៊ូវគ្រីស្ទ​គឺជា​និមិត្ត​រូប​នៅក្នុង​ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ និង​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ ដំណើររឿង​នៃ​ពិធី​បុណ្យ​រំលង និង​ការលះបង់​នៅក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ចង្អុល​បង្ហាញ​ទៅ​កាន់​ព្រះគ្រីស្ទ ។ ដោយ​ការប្រាប់​ទុកជាមុន​​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវ ពួក​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ដែល​បាន​ព្យាបាល​អ្នកឈឺ និង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។ តាមរយៈ​ព្យាការី​យេរេមា ព្រះអម្ចាស់​បាន​សន្យា​នឹង​យើង​នូវ « សេចក្តីសញ្ញា​ថ្មី » មួយ ( យេរេមា ៣១:៣១ សូមមើល​ផងដែរ ខទី ៣២ ) ។

នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ព្រះយេស៊ូវ​យាង​មក​ជា​ការបំពេញ​តាម​ក្រិត្យវិន័យ និង​​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ ទ្រង់​បាន​នាំមក​នូវ​សេចក្តីសញ្ញា​នៅក្នុង​ទេសនកថា​របស់​ទ្រង់​នៅលើ​ភ្នំ និង​បាន​បង្កើត​និមិត្តសញ្ញា​នៃ​សេចក្តីសញ្ញា​ក្នុង​អំឡុងពេល​ពិធី​បុណ្យ​រំលង​អាហារ​ចុងក្រោយ ។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់ និង​បម្រើគ្នា​ទៅវិញ​ទៅមក​ដូច​ពេល​ដែល​ទ្រង់​បាន​ព្យាបាល​អ្នកឈឺ និង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។ ទ្រង់​បាន​ប្រោសលោះ​យើង​ពី​អំពើបាប និង​សេចក្តី​ស្លាប់​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ហើយ​ទ្រង់​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់​នៅលើ​ផែនដី ។ នៅពេល​យើង​ស្គាល់​ព្រះយេស៊ូវ​ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ នោះ​យើង​អាច​យល់​ពី​ទ្រង់​កាន់តែ​ច្បាស់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។

ការស្វែងរក​សេចក្ដីសញ្ញា​ទាំងឡាយ

នីហ្វៃ​ក៏បាន​បង្រៀន​យើង​ឲ្យ​រកមើល​សេចក្តីសញ្ញា​នៅក្នុង​បទគម្ពីរ​ផងដែរ ៖ « ហើយ​ព្រលឹង​ខ្ញុំ​ក៏​ត្រេកអរ​ចំពោះ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​យើង​ដែរ » ( នីហ្វៃ​ទី២ ១១:៥ ) ។

ប្រធាន រ័សុល អិម ណិលសុន ក៏បាន​សង្កត់​ធ្ងន់​ផងដែរ​អំពី​សារៈសំខាន់​នៃ​សេចក្ដីសញ្ញា​ទាំងឡាយ ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ការសរសើរ​ដ៏​ធំ​បំផុត​ដែល​អាច​ទទួល​បាន​នៅក្នុង​ជីវិត​នេះ គឺ​ការ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា ។ រង្វាន់​សម្រាប់​អ្នក​រក្សា​សេចក្តីសញ្ញា​នឹង​ត្រូវបាន​គេ​ទទួល​ស្គាល់​ទាំង​នៅក្នុង​ជីវិត​នេះ និង​នៅ​ជីវិត​ក្រោយ » ។

ឱ ជា​ការសន្យា​ដ៏​អស្ចារ្យ​ណាស់ ! សូម្បីតែ​បន្ទាប់ពី​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ការចុះ​សេចក្តីសញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ប្រហែលជា​មិន​ដឹង​ថា ការសន្យា​ទាំងនេះ​អាច​មាន​ឥទិ្ធពល​លើ​ជីវិត​ប្រចាំថ្ងៃ​របស់យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ប៉ុនណា​នោះទេ ។ ប៉ុន្តែ ព្រះគម្ពីរ​សញ្ញាចាស់​រំឭក​យើង​អំពី​អ្វី​ដែល​វា​ពិត​ជា​មាន​ន័យ​ដើម្បី​ធ្វើ​ជា « មនុស្ស​នៃ​សេចក្តីសញ្ញា » និង​ពីរបៀប​ដែល​យើង​អាច​យល់​កាន់តែ​ច្បាស់​ពី​ពរជ័យ និង​ការទទួលខុសត្រូវ​ដែល​មកជាមួយ​សេចក្តីសញ្ញា​នោះ ។

សេចក្តីសញ្ញា​ដ៏​សំខាន់​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​គឺ​សេចក្តីសញ្ញា​អ័ប្រាហាំ ។ យើង​អាច​ស្វែងរក​សេចក្តីពិត​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​សេចក្ដីសញ្ញា​នេះ ដែល​ដឹកនាំ​យើង​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ដែល​នៅក្នុង​ទ្រង់​យើង​រកឃើញ​សេចក្ដី​សង្គ្រោះ ។

ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​ព្រះគម្ពីរ​សញ្ញាចាស់​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​រក្សា​សេចក្តីសញ្ញា​របស់​យើង ។

ការយល់​ដឹង​ពី​តួនាទី​របស់​យើង​នៅក្នុង​សេចក្តីសញ្ញា​អ័ប្រាហាំ

សេចក្តីសញ្ញា​អ័ប្រាហាំ គឺជា​បណ្តុំ​នៃ​ការសន្យា និង​ពរជ័យ​ដែល​បាន​ផ្តល់​ឲ្យ​អ័ប្រាហាំ ដែល​នៅ​បន្ត​រហូត​មកដល់​សព្វថ្ងៃនេះ​នៅក្នុង « សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​អស់​កាល​ជានិច្ច » ដែល​បាន​ស្តារ​ឡើងវិញ​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលិទ្ធ និង​សេចក្តីសញ្ញា ១៣២:៣០–៣១ ) ។ ប្រធាន ណិលសុន បាន​បង្រៀន​ថា ៖

« ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​នៅក្នុង​ថ្ងៃចុងក្រោយ​នេះ ដើម្បី​រំឭក​សេចក្ដីសញ្ញា​អ័ប្រាហាំ​នោះ ។ ចំពោះ​ព្យាការី យ៉ូសែប ស្មីធ លោកគ្រូ​បាន​ប្រកាស​ថា ៖

« ‹ លោក​អ័ប្រាហាំ​បាន​ទទួល​សេចក្ដី​សន្យា​អំពី​ពូជ​របស់​លោក និង​អំពី​ផល​នៃ​ពោះ​របស់​លោក—គឺ​អ្នក​រាល់​គ្នា​ចេញ​ពី​ពោះ អ្នក​នោះ​ហើយ … ថា យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ។ …

« ‹ សេចក្ដី​សន្យា​នេះ​ក៏​ជា​សេចក្ដី​សន្យា​ដល់​អ្នក​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​ជា​ពូជ​ពី​លោក​អ័ប្រាហាំ › [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:៣០–៣១ ] » ។

តាមរយៈ​សេចក្តីសញ្ញា​នេះ ព្រះអម្ចាស់​បាន​បង្កើត​គ្រួសារ​ដ៏សុចរិត​មួយ ដែល​លោក​អាច​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ និង​នាំ​បុត្រាបុត្រី​របស់​លោក​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ។ សាវក​ប៉ុល​បាន​បង្រៀន​យើង​ថា ប្រសិនបើ​យើង​មករក​ព្រះគ្រីស្ទ នោះ​យើង​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​លោកអ័ប្រាហាំ ៖ « បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរតក​តាម​សេចក្តី​សន្យា​ផង » ( កាឡាទី ៣:២៩ សូមមើល​ផងដែរ ខទី ២៧ ) ។ តាមរយៈ​សេចក្តីសញ្ញា​អ័ប្រាហាំ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ក្លាយជា​វង្ស​អ៊ីស្រាអែល និង​ជា​អ្នកគ្រង​មរតក​នៃ​ពរជ័យ​នៃ​សេចក្តីសញ្ញា​អ័ប្រាហាំ ។

យើង​អាច​រៀន​អំពី​តួនាទី​របស់​យើង​នៅក្នុង​សេចក្តីសញ្ញា​នេះ​បាន តាមរយៈ​ការ​ដកពិសោធន៍​ក្នុង​ជីវិត​របស់​អ្នកទាំងឡាយ​ណានៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ តាមរយៈ​ការសិក្សា​ពី​ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​នៅក្នុង​បទបញ្ញត្តិ​ទាំងឡាយ និង​តាមរយៈ​ការស្តាប់​តាម​ព្យាការី​ពីបុរាណ ដែល​បាន​អង្វរ​ដល់​កូនចៅ​អ៊ីស្រាអែល​ឲ្យ​ប្រែចិត្ត ហើយ​គោរព​តាម​សេចក្តីសញ្ញា​ទាំងឡាយ​របស់​ពួកគេ ។

ការស្វែងរក​ពរជ័យ​ដែល​បាន​សន្យា​តាមរយៈ​សេចក្ដីសញ្ញា​របស់​យើង

ពេល​យើង​អាន​ព្រះគម្ពីរ​សញ្ញាចាស់ យើង​អាច​រកមើល​ការចង្អុល​បង្ហាញ​អំពី​ព្រះអម្ចាស់​ដែលទ្រង់​រក្សា​ការសន្យា​ដែល​បាន​ធ្វើ​នៅក្នុង​សេចក្ដីសញ្ញា​អ័ប្រាហាំ​បាន ។ ពរជ័យ​ដ៏ឧត្តុងឧត្តម​បំផុត​ទាំងបី​គឺ​ផែនដី ជា​និមិត្តរូប​នៃ​មរតក​នៅក្នុង​នគរ​របស់​ព្រះវរបិតាសួគ៌ ។ កូនចៅជា​សេចក្តីសន្យា​នៃ​ការរីកចម្រើន​​ដ៏អស់កល្ប ហើយជា​ពរជ័យ​នៃ​ដំណឹងល្អ និង​បព្វជិតភាព « ដែល​ជា​ព្រះពរ​ទាំងឡាយ​ខាង​សេចក្ដី​សង្គ្រោះ គឺ​ខាង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( អ័ប្រាហាំ ២:១១ ) ។

អ័ប្រាហាំ​ទទួល​បាន​ការសន្យា​ថា តាមរយៈ​គ្រាប់​ពូជ​របស់​លោក « គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ឯង » ( លោកុប្បត្តិ ១២:៣ ) ។ នេះ​មាន​ន័យថា ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​ចូលមក​ក្នុង​ពិភពលោក​តាមរយៈ​ពូជពង្ស​របស់​អ័ប្រាហាំ ហើយ​ប្រទានពរ​ដល់​ប្រជាជាតិ​ទាំងអស់​នៅលើ​ផែនដី​តាមរយៈ​ដង្វាយធួន និង​ការរស់​ឡើងវិញ​របស់ទ្រង់ ( សូមមើល កាឡាទី ៣:១៦ ) ។

រូបភាព​ព្រះអង្គ​សង្គ្រោះ​កំពុង​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

ព័ត៌មាន​លម្អិត​មកពី Gethsemane ( សួនច្បារ​គែតសេម៉ានី ) ដោយ ជេ ឃើក រីឆាដ មិន​អាច​ចម្លង​បានទេ

តើ​អ្នក​មើល​ឃើញ​ពរជ័យ​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក​នាពេល​សព្វថ្ងៃ​នេះ ​ដោយ​សារតែ​សេចក្តីសញ្ញា​អ័ប្រាហាំ ?

កាតព្វកិច្ច​ដើម្បី​ប្រមូលផ្តុំ​អ៊ីស្រាអែល

រួម​ជាមួយ​នឹង​ពរជ័យ​ទាំងឡាយ ការក្លាយ​ជា​ផ្នែក​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ រួម​បញ្ចូល​នូវ​ការ​ទទួល​ខុស​ត្រូវ​ជាក់លាក់​មួយ​ចំនួន ។ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ យើង​រៀន​អំពី​របៀប​ដើម្បី​រស់នៅ​តាម​សេចក្តីសញ្ញា​របស់​យើង ។ ក្នុង​នាមជា​គ្រួសារ​របស់​អ័ប្រាហាំ សមាជិក​នៃ​សាសនាចក្រ​ត្រូវបាន​ហៅ​ឲ្យ​ប្រមូលផ្តុំ​អ៊ីស្រាអែល ។ នៅពេល​ដែល​យើង​ចូលរួម​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ក្នង​ការងារបម្រើ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ការហៅ​ក្នុង​សាសនាចក្រ និង​ការបង្រៀន និង​ការចិញ្ចឹម​បីបាច់​គ្រួសារ​របស់​យើង នោះ​យើង​កំពុង​ប្រមូលផ្តុំ​អ៊ីស្រាអែល​តាមរយៈ​ការនាំ​អ្នកដទៃ​ទៅ​កាន់តែ​ជិត​ព្រះគ្រីស្ទ ។

ប្រធាន ណិលសុន បាន​បង្រៀន « រាល់​ពេល ដែល​បងប្អូន​ធ្វើ អ្វី​មួយ ដើម្បី​ជួយ នរណា​ម្នាក់—ទាំង​សងខាង​នៃ​វាំងនន—​ឲ្យ​បោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ព្រះវិហារ​បរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​បងប្អូន​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ » ។

ការរៀន​ស្រឡាញ់​ព្រះគម្ពីរ​សញ្ញាចាស់

នៅក្នុង​ឆ្នាំនេះ នៅពេល​បងប្អូន​អាន​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​ការសិក្សា ចូរ​មក​តាម​ខ្ញុំ របស់​យើង បងប្អូន​អាច​រៀន​ស្រឡាញ់​ការបង្រៀន​របស់​វា ដោយ​ធ្វើតាម​គំរូ​របស់​នីហ្វៃ​នៅក្នុង​ការស្វែងរក​ប្រធានបទ​ទាំងពីរ​នេះ ៖ ព្រះគ្រីស្ទ និង​សេចក្តីសញ្ញា ។ នៅក្នុង​ការធ្វើ​ដូច្នេះ បងប្អូន​អាច​យល់​កាន់តែ​ច្បាស់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដង្វាយធួន និង​ដំណឹងល្អ​របស់ទ្រង់ ។ បងប្អូន​ក៏អាច​រៀន​បន្ថែម​ទៀត​អំពី « សេចក្ដីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច » និង​តួនាទី​របស់​បងប្អូន​នៅក្នុង​សេចក្ដីសញ្ញា​នោះ​ក្នុង​នាមជា​សិស្ស​របស់​ព្រះគ្រីស្ទ និង​ជា​សមាជិក​នៃ​វង្ស​អ៊ីស្រាអែល ។

ដំណើររឿង និង​ការបង្រៀន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ អាច​ជួយ​ឲ្យ​ទំនាក់ទំនង​របស់​យើង​​ជាមួយនឹង​ព្រះអង្គសង្គ្រោះ ការយល់​ដឹង និង​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​សេចក្តីសញ្ញា​របស់​យើង​ផ្ទាល់ខ្លួន​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Covenants » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ​៨៨ ។

  2. រ័សុល អិម ណិលសុន « Covenants » ទំព័រ ៨៧ ។

  3. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១៨ ) នៅលើ​គេហទំព័រ HopeofIsrael.ChurchofJesusChrist.org សង្កត់​ធ្ងន់​លើ​អត្ថបទ​ដើម ។