« ខ្ញុំភ័យខ្លាចក្នុងការនិយាយជាមួយប៊ីស្សពរបស់ខ្ញុំ—តើគាត់នឹងមានប្រតិកម្មយ៉ាងដូម្តេច ? » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។
មកពី យុវមជ្ឈិមវ័យ ប្រចាំសប្តាហ៍
ខ្ញុំភ័យខ្លាចក្នុងការនិយាយជាមួយប៊ីស្សពរបស់ខ្ញុំ—តើគាត់នឹងមានប្រតិកម្មយ៉ាងដូម្តេច ?
ខ្ញុំបានធ្វើការជ្រើសរើសមិនល្អជាច្រើន ។ ប៉ុន្តែនៅពេលដែលខ្ញុំនិយាយជាមួយប៊ីស្សពរបស់ខ្ញុំ អ្វីដែលខ្ញុំទទួលបានគឺជាការលួងលោមចិត្ត ។
នៅពេលដែលខ្ញុំកំពុងរស់នៅម្នាក់ឯងជាលើកដំបូង ខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានសេរីភាពថ្មី ។
ខ្ញុំបានផ្លាស់ទៅប្រទេសហ្វីលីពីន ដើម្បីចាប់ផ្តើមសិក្សានៅឯសាលារៀនថ្មី ហើយការហោះហើរទៅលេងអ្នកផ្ទះគឺថ្លៃណាស់ ដូច្នេះហើយខ្ញុំបានទៅលេងតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំដើម្បីបន្តទិដ្ឋាការរបស់ខ្ញុំ ។ ដោយគ្មានឥទ្ធិពលនៃសេចក្ដីជំនឿរបស់គ្រួសារខ្ញុំនៅក្បែរ នោះខ្ញុំបានរសាត់ចេញពីដំណឹងល្អបន្តិចម្ដងៗ ។
ខ្ញុំបានចាប់ផ្តើមជក់បារី ផឹកស្រា និងធ្វើអ្វីៗផ្សេងទៀត ជារឿងដែលខ្ញុំបានរៀនថា វាជាការប្រឆាំងនឹងបទបញ្ញត្តិរបស់ព្រះ ។
ការចងចាំថាខ្ញុំជានរណា
ដំបូង ខ្ញុំមិនបានខ្វល់ទេ ។ ខ្ញុំបានមើលឃើញច្បាប់របស់សាសនាចក្រគឺជាការរឹតបន្តឹង ។ ខ្ញុំនៅតែទៅព្រះវិហារ ប៉ុន្តែក្នុងក្រអៅបេះដូងរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាមិនស័ក្តិសមទេ ហើយខ្ញុំបានឈប់ទទួលពិធីសាក្រាម៉ង់អស់រយៈពេលជាច្រើនខែ ។
បន្ទាប់មក កូវីដ-១៩ បានវាយប្រហារ ហើយធ្វើឲ្យការខិតខំប្រឹងប្រែងរបស់ខ្ញុំទាំងអស់រាំងស្ទះ ។ នៅពេលដំណាលៗគ្នានោះដែរ ខ្ញុំបានដឹងពីអ្វីមួយដែលគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ៖ ខ្ញុំជាកូនចិញ្ចឹម ។ ឪពុកម្តាយរបស់ខ្ញុំមិនដែលប្រាប់ខ្ញុំទេ ហើយខ្ញុំបានជួបវិបត្តិអត្តសញ្ញាណបន្តិចបន្តួច ។
ខ្ញុំមានអារម្មណ៍ឃា្លតឆ្ងាយពីអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្លាប់ជឿ ។ ខ្ញុំដឹងថាខ្ញុំត្រូវស្វែងយល់ម្ដងទៀតថា ខ្ញុំពិតជានរណាឲ្យប្រាកដ ។ នៅពេលដែលខ្ញុំបានត្រឡប់ទៅផ្ទះវិញ ខ្ញុំបានប្រាប់ឪពុកម្តាយរបស់ខ្ញុំនូវអ្វីៗគ្រប់យ៉ាង រួមទាំងជម្រើសដែលខ្ញុំបានធ្វើផងដែរ ។ ជំនួសឲ្យការស្ដីបន្ទោសខ្ញុំ ពួកគាត់បានឆ្លើយតបដោយក្តីស្រឡាញ់ ។ ពួកគាត់បានរំឭកខ្ញុំថា ខ្ញុំពិតជានរណា ៖ ជាកូនប្រុសរបស់ពួកគាត់ និងជាបុត្រាជាទីស្រឡាញ់របស់ព្រះ ។
ជំនួយក្នុងការផ្លាស់ប្តូរ
ខ្ញុំចង់ផ្លាស់ប្តូរខ្លាំងណាស់ ។ ឪពុកម្តាយរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យនិយាយជាមួយប៊ីស្សពរបស់ខ្ញុំ ចាប់ផ្តើមនូវដំណើរនៃការប្រែចិត្ត ហើយពឹងផ្អែកលើព្រះចេស្តាប្រោសលោះរបស់ព្រះអង្គសង្រ្គោះ ។
ប៉ុន្តែខ្ញុំមានការភ័យខ្លាច ។ ខ្ញុំបារម្ភថា ខ្ញុំនឹងត្រូវបានដាក់ទោស ឬកាត់សេចក្ដីចំពោះជម្រើសរបស់ខ្ញុំ ។ ជាធម្មតា ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតមកលើរូបនោះខ្ញុំទេ ប៉ុន្តែប៊ីស្សពរបស់ខ្ញុំគឺជាបុរសដ៏អស្ចារ្យម្នាក់ ហើយខ្ញុំមិនចង់ធ្វើឲ្យគាត់ខកចិត្តតាមរយៈការប្រាប់គាត់ពីអ្វីដែលខ្ញុំបានធ្វើនោះទេ ។
ប៉ុន្តែដូចអែលឌើរ ស្កត់ ឌី វីតធីង នៃពួកចិតសិបនាក់ បានបង្រៀន ថា « សូមកុំពួនពីអស់អ្នកដែលស្រឡាញ់ និងគាំទ្របងប្អូន ផ្ទុយទៅវិញ សូមរត់ទៅរកពួកគាត់ ។ ប៊ីស្សព ប្រធានសាខា និងថ្នាក់ដឹកនាំដ៏ល្អ អាចជួយបងប្អូនទទួលបានព្រះចេស្ដានៃការព្យាបាលនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។
ប៊ីស្សព « កាន់កូនសោទាំងឡាយនៃបព្វជិតភាព ដើម្បីតំណាងឲ្យព្រះអម្ចាស់នៅក្នុងការជួយសមាជិកសាសនាចក្រឲ្យប្រែចិត្ត » ។ ជំនួសឲ្យការប្រឈមមុខនឹងការវិនិច្ឆ័យដ៏ធ្ងន់ធ្ងរនៅពេលដែលខ្ញុំនិយាយជាមួយគាត់ អ្វីដែលខ្ញុំមានអារម្មណ៍នៅក្នុងការិយាល័យរបស់ប៊ីស្សពរបស់ខ្ញុំគឺជាការលួងលោមចិត្ត ។ ខ្ញុំបានដឹងថា ព្រះអម្ចាស់ទុកចិត្តគាត់ឲ្យជួយខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំអាចទុកចិត្តលើគាត់បានផងដែរ ។
ប៊ីស្សពរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យរៀនអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ តាមរយៈការស្ថាបនាទម្លាប់ខាងវិញ្ញាណ ។ ខ្ញុំបានជួបជាមួយប៊ីស្សពរបស់ខ្ញុំជាទៀងទាត់ ហើយគាត់បានទូរសព្ទមកខ្ញុំជារៀងរាល់សប្តាហ៍ដើម្បីសួរសុខទុក្ខ ។ ខ្ញុំមានអារម្មណ៍នៃក្តីស្រឡាញ់រាល់ពេលដែលខ្ញុំនិយាយជាមួយគាត់ ។
អំណោយទាននៃការប្រែចិត្ត
នៅទីបំផុត ដោយមានជំនួយពីប៊ីស្សពរបស់ខ្ញុំ នោះខ្ញុំបានដើរចេញពីទម្លាប់អាក្រក់ទាំងឡាយនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំនៅតែមានការភ័យខ្លាចក្នុងការទទួលទានពិធីសាក្រាម៉ង់ម្តងទៀត ។ តើខ្ញុំនៅតែមានភាពស័ក្តិសម—សូម្បីតែបន្ទាប់ពីកិច្ចការទាំងអស់ដែលខ្ញុំបានធ្វើមែនទេ ?
ប៉ុន្តែប៊ីស្សពរបស់ខ្ញុំបានធានាអះអាងដល់ខ្ញុំ ។ គាត់បានរំឭកខ្ញុំថា ខ្ញុំមិនចាំបាច់ល្អឥតខ្ចោះទេ—គ្រាន់តែមានឆន្ទៈទៅបានហើយ ។ ខ្ញុំកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ហើយព្រះអង្គសង្គ្រោះបានជ្រាបដឹងរឿងទាំងអស់នោះ ហើយទ្រង់នឹងបន្តអភ័យទោសដល់ខ្ញុំ នៅពេលខ្ញុំពឹងផ្អែកលើអំណោយទាននៃការប្រែចិត្តរបស់ទ្រង់ ។
ស៊ីស្ទើរ ថាម៉ារ៉ា ដបុលយូ រូនៀ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានក្រុមយុវនារីទូទៅ ដែលកាលពីថ្មីៗនេះបានបង្រៀនថា « ការមកកាន់ព្រះគ្រីស្ទគឺជាការនិយាយថា ‹ តើអ្នកជួយខ្ញុំបានទេ ? › ប្រកបដោយក្តីសង្ឃឹម ជាការធានាដែលបានបើកបង្ហាញថា ព្រះហស្ដរបស់ទ្រង់កំពុងលាតមកកាន់បងប្អូនជានិច្ច » ។
បន្ទាប់ពីបទពិសោធន៍នេះមក ខ្ញុំបានចាប់ផ្តើមបន្តសេចក្តីសញ្ញារបស់ខ្ញុំតាមរយៈការទទួលទានសាក្រាម៉ង់ដោយមានទំនុកចិត្ត ។ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សថ្មី ដោយមានអារម្មណ៍ថ្មីថាខ្ញុំពិតជានរណា និងអ្វីដែលខ្ញុំអាចធ្វើបានដោយមានជំនួយពីព្រះអម្ចាស់ ។ ខ្ញុំថែមទាំងបានបម្រើបេសកកម្មផងដែរ ព្រោះបន្ទាប់ពីបានទទួលសាក្សីពីអំណោយនៃការប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំនោះ ខ្ញុំចង់ជួយអ្នកដទៃស្វែងរកសេចក្តីសង្ឃឹមដែលទ្រង់ផ្តល់ឲ្យខ្ញុំជារៀងរាល់ថ្ងៃផងដែរ ។
ព្រះបញ្ញត្តិមិនមែនជាការរឹតបន្តឹងនោះទេ—ព្រះបញ្ញត្តិទាំងនោះមានដោយសារព្រះទ្រង់សព្វព្រះទ័យឲ្យយើងទទួលបានជោគជ័យ រីកចម្រើន និងគេចផុតពីអន្ទាក់នៃអំពើបាប ។ ចំណុចសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាសេចក្តីស្រឡាញ់ដែលទ្រង់ និងព្រះវរបិតាសួគ៌មានសម្រាប់យើង ។ ដោយសារខ្ញុំទទួលបានបទពិសោធន៍នៃសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះនោះហើយ ទើបខ្ញុំកំពុងតែខិតខំធ្វើខ្លួនឲ្យកាន់តែដូចទ្រង់ទាំងទ្វេ ។
អំណោយនៃការប្រែចិត្តរបស់ទ្រង់ទាំងទ្វេ ធ្វើឲ្យជីវិតរបស់ខ្ញុំពោរពេញដោយអំណរ ។