លីអាហូណា
ភាពស្មោះត្រង់ និង​ពួក​ព្យាការី—អតីតកាល និង បច្ចុប្បន្នកាល
លីអាហូណា ខែមករា ឆ្នាំ២០២


« ភាពស្មោះត្រង់ និង ពួក​ព្យាការី—អតីតកាល និង បច្ចុប្បន្នកាល » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។

ភាពស្មោះត្រង់ និង​ពួក​ព្យាការី—អតីតកាល និង បច្ចុប្បន្នកាល

គោលការណ៍​សំខាន់ៗ​ចំនួន​ប្រាំ​អាច​ជួយ​យើង ឲ្យ​ចៀសវាង​ពី​អន្ទាក់​ក្នុង​ការក្លាយជា​អ្នកប្រឆាំងនឹង​ពួក​ព្យាការី និង​ពួក​សាវក ។

រូបភាព​របស់​បុរស​ម្នាក់​កំពុង​កាន់​ជណ្តើរ

នៅពេល​ខ្ញុំ​អាយុ​១៧​ឆ្នាំ រស់នៅ​ទីក្រុង​ហ្វីឡាឌេលហ្វៀ ភាគខាងលិច រដ្ឋ​ផែនសិលវេញ៉ា សហរដ្ឋ​អាមេរិក ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​គ្រួសារ​របស់ខ្ញុំ​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ ។ បំណងប្រាថ្នា​របស់​យុវជន យ៉ូសែប គឺ​ដើម្បី​ទាក់ទង​ជាមួយ​នឹង​ព្រះ និង​ដឹង​ពី​ឆន្ទៈ​របស់​ទ្រង់ ដែល​បាន​ចាក់​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​នឹង​បំណង​ប្រាថ្នា​របស់ខ្ញុំ​ផ្ទាល់ ។

ពេល​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​យើង​អំពី​ព្យាការី និង​ពួក​សាវក​ដែល​នៅ​រស់ ខ្ញុំ​បាន​សួរថា « តើ​សព្វថ្ងៃ​នេះ​នៅ​មាន​ពួក​សាវក​ទៀតឬ ? តើ​ពួកគាត់​នៅ​ឯណា ? » ពួកគេ​បាន​បង្ហាញ​យើង​នូវ​រូបភាព​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ១៨៩៥–១៩៨៥ ) ពួក​ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​ក្នុង​ឆ្នាំ១៩៨០ ។ ការណ៍​នេះ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​ដែល​កំពុង​ដុះ​ពន្លក​ឡើង​ថា ព្រះ​គឺ​នៅ​ដដែល​កាលពី​ម្សិលមិញ ថ្ងៃនេះ និង​ជា​រៀង​រហូត នៅតែ​ត្រូវការ​ព្យាការី និង​ពួក​សាវ័ក​ដើម្បី​ដឹកនាំ​បុត្រាបុត្រី​របស់​ទ្រង់​ក្នុង​សម័យទំនើប​នេះ ។

យូរៗ​ទៅ ទាំង​ឪពុកម្តាយ​របស់ខ្ញុំ និង​កូនៗ​ទាំង​១០នាក់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ចូលទៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ចាប់តាំង​ពី​បាន​ស្គាល់​ព្យាការី និង​ពួក​សាវក​ដែល​នៅរស់​នោះមក ទីបន្ទាល់​របស់ខ្ញុំ​អំពី​ការហៅ និង​កូនសោ​ដ៏ពិសិដ្ឋ​របស់​ពួកលោក​មាន​កាន់តែ​ខ្លាំងឡើង ។

បញ្ហា​ប្រឈម​ដែល​ព្យាការី និង​ពួក​សាវក​មាន

ជាធម្មតា សាតាំង​តែងតែ​ស្វែងរក​វិធី​ដើម្បី​កាត់បន្ថយ​ទំនុកចិត្ត​ទៅលើ​ព្យាការី និង​ពួក​សាវក ។ យ៉ាងណាមិញ ក្នុង​ប្រវត្តិសាស្រ្ត​ទាំងមូល​ ពួកលោក​តែងតែជា​ពួក​សាក្សី​ពិសេស​អំពី​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:២៣ ) ។

នៅក្នុង​សម័យ​របស់យើង មារសត្រូវ​ព្យាយាម​​រារាំង​អ្វីដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ហៅថា « រឿង​ដ៏សំខាន់​បំផុត​ដែល​កើតឡើង​នៅលើ​ផែនដី​សព្វថ្ងៃនេះ » ការប្រមូលផ្តុំ​អ៊ីស្រាអែល ដែល​ត្រូវតែ​ធ្វើឡើង​ពីមុន​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្យាការី និង​ពួក​សាវក​កាន់​កូនសោ​នៃ​ការប្រមូលផ្តុំ​នេះ ។ ដូច្នេះ ពួកលោក​តែងតែ​ប្រឈមមុខ​នឹង​ការប្រឆាំង​ជានិច្ច ។

មិនថា​ពីបុរាណ ឬ​នៅក្នុង​ថ្ងៃចុងក្រោយ​នេះ​ទេ សាតាំង​ថែម​ទាំង​បាន​រកឃើញ​វិធី​ដើម្បី​បោកបញ្ឆោត​បុត្រាបុត្រី​​នៃ​សេចក្តីសញ្ញា​មួយចំនួន​របស់​ព្រះ​ផ្ទាល់​ផងដែរ ដើម្បី​ច្បាំង​នឹង​ពួកសាវក​នៃ​កូនចៀម តាំង​ពី​អតីតកាល និង បច្ចុប្បន្ន ( សូមមើល នីហ្វៃ​ទី ១ ១១:៣៤–៣៦ ) ។

នេះ​គឺជា​គោលការណ៍​ចំនួន​ប្រាំ ដែល​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការធ្លាក់​ចូល​ទៅក្នុង​អន្ទាក់​នេះ​បាន ។

រូបភាព​របស់​បុរស​ម្នាក់​កំពុង​ឡើង​ជណ្តើរ​

សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ

គោលការណ៍​ទីមួយ​នៅក្នុង​ចំណោម​គោលការណ៍​ទាំងនេះ​ក៏​ជា​គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​ផងដែរ ៖ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

សេច​ក្ដីជំនឿ​គឺជា​ទិសដៅ ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន ប្រធាន​ស្តីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ បាន​បង្រៀនថា សេចក្តី​ជំនឿ​តែងតែ​ចង្អុល​បង្ហាញ​ឆ្ពោះទៅ​អនាគត ។

នៅពេល​សេចក្តី​ជំនឿ​របស់​យើងលើ​ព្រះគ្រីស្ទ និង​ការជឿ​ទុកចិត្ត​លើ​ព្រះ​កើនឡើង នោះ​យើង « មើល​ទៅ​មុខ​ដោយ ភ្នែក​នៃ​សេចក្ដី​ជំនឿ ហើយ​មើល » ការសន្យា​របស់​ពួកគេ​បាន​បំពេញ ( សូមមើល អាលម៉ា ៥:១៥ សូមមើល​ផងដែរ ម៉ូសាយ ១៨:២១; អាលម៉ា ៣២:៤០ ) ។ នៅក្នុង​ការប្រារព្ធ​ពិធី « រួមគ្នា​តែមួយ » ដែល​រំឭក​ខួប​លើកទី​៤០​នៃ​វិវរណៈ ស្តីពី​បព្វជិត​ក្នុង​ឆ្នាំ​១៩៧៨ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ « សម្លឹង​មើល​ឆ្ពោះ​ទៅមុខ​នៅក្នុង​សាមគី្គភាព​នៃ​សេចក្តី​ជំនឿ និង​ការជឿ​ទុកចិត្ត​លើ​ការសន្យា​របស់​ព្រះអម្ចាស់ [ សូមមើល នីហ្វៃ​ទី ២ ២៦:៣៣ ] » ។

ការផ្តោត​ឆ្ពោះ​ទៅមុខ​នេះ​ជំរុញ​ឲ្យ​យើង​ឆ្ពោះទៅរក​ការបំពេញ​ការសន្យា​របស់​ប្រធាន ណិលសុន ក្នុង​អំឡុង​ព្រឹត្តិការណ៍​ដូចគ្នា​នេះ « សេចក្តី​សុខសាន្ត និង​ភាពសុខដុមរមនា​ដ៏ល្អ​ឥតខ្ចោះ » និង​ថ្ងៃ​​ដែល​ប្រធាន ហែនរី ប៊ី អាវរិង ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀនថា « ព្រះអម្ចាស់​ព្រះយេស៊ូវ​នឹង​យាង​ត្រឡប់​មក​រស់នៅ​ជាមួយ​អស់អ្នក​ដែល​បាន​ក្លាយជា​ប្រជារាស្រ្ត​របស់ទ្រង់ ហើយ​នឹង​ឃើញថា​ពួកគេ​រួបរួមគ្នា ចិត្ត​តែមួយ បង្រួបបង្រួម​ជាមួយ​នឹង​ទ្រង់ និង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់យើង » ។

ផ្ទុយទៅវិញ សាតាំង​ព្យាយាម​ធ្វើ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​ជាប់គាំង​នៅក្នុង​ការផ្តោត​តែ​ទៅ​ក្រោយ ដោយ​នៅ​ជាប់​ជាមួយ​តែ​នឹង​កាលៈទេសៈ សេចក្តី​ថ្លែងការណ៍ ឬ​ការបង្រៀន​ពី​អតីតកាល—សូម្បីតែ​អស់អ្នក​ដែល​បាន​បញ្ជាក់​ដោយ​ព្យាការី និង​ពួក​សាវក​សម័យ​ទំនើប​ក្តី ។ ពេល « ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា … ទាំង​យប់​ទាំង​ថ្ងៃ » ( វិវរណៈ ១២:១០ ) វា​បាន​ជំរុញ​ឲ្យ​មាន​ការរិះគន់​ជានិច្ច​ដល់​ព្យាការី និងពួក​សាវក​របស់ព្រះ និង​ការបង្រៀន​របស់​ពួកលោក​ផងដែរ ។ ការណ៍​ដ៏​ឆ្លាតវៃ​នេះ​នាំ​ឲ្យ​ខូច​សេចក្តី​ជំនឿ​ នៅក្នុង​គោលបំណង​ធ្វើ​ឲ្យ ព្រះយេស៊ូវគ្រីស្ទ—អាប់ឱន​កិត្តិនាម ។

សេចក្តី​ថ្លែងការណ៍​នៃ​ការបង្រួបបង្រួម សន្តិភាព និង​ភាពសុខដុមរមនា​មកពី​ពួក​សាវក​សម័យ​ទំនើប គឺ​ច្បាស់ណាស់​ថា ខណៈពេល​ដែល​សាតាំង​ឆ្លាតវៃ​ក្នុង​ការញុះញង់​ឲ្យ​មាន​ជម្លោះ និង​ការបែកបាក់ នេះ​គឺជា​ពេលវេលា​សម្រាប់​បុត្រាបុត្រី​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ទាំងអស់ ( សូមមើល នីហ្វៃ​ទី ១ ១១:៣៤–៣៦ ) ឲ្យ​បង្រួបបង្រួម និង​ធ្វើ​សកម្មភាព​លើ​ការពិត​ដ៏អស់កល្ប​ជានិច្ច ដែល​ព្រះ​បាន​បង្ហាញ​តាមរយៈ​ព្យាការី និង​ពួក​សាវក​របស់ទ្រង់ ។ តាមរយៈ​ការធ្វើ​ដូច្នេះ យើង​អាច​ក្លាយជា​មនុស្ស​ដែល​មាន​ការបង្រួបបង្រួម ភាព​សប្បាយ​រីករាយ មាន​ឥទ្ធិពល មាន​សេចក្តីសញ្ញា ពោរពេញ​ដោយ​សេចក្តី​ជំនឿ​ដោយ​មិន​ប្រកាន់​ពូជសាសន៍ ភេទ ជនជាតិ ឬ​ការមិន​ចុះ​សម្រុងគ្នា​ណា​ផ្សេងទៀត​ឡើយ ។

ការបង្រៀន​របស់​ព្យាការី និង​ពួក​សាវក​បំផុស​ឲ្យ​មាន​គំនិត​នៃ​ការ​សាមគ្គីភាព និង​សេចក្តី​ជំនឿ​ដ៏​ពិតប្រាកដ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​ជំរុញ​យើង​ឲ្យ​ទៅមុខ​ជានិច្ច ។

កុំ​ឲ្យ​ថ្កោលទោស កុំ​ឲ្យ​និន្ទា​តែចូរ​ធ្វើ​សកម្មភាព​ក្នុង​សេចក្តី​ជំនឿ​វិញ

ដោយ​មើល​ឃើញ​ពី​ជំនាន់​របស់យើង នោះ​មរ៉ូណៃ​បាន​បង្រៀន​ពីរបៀប​ដែល​យើង​អាច​ត្រូវបាន​ការពារ​ពី​ការរិះគន់​ដល់​ព្យាការី និង​ពួក​សាវក ៖ គោលការណ៍​នៃ​ការ​មិន​ថ្កោលទោស ឬ​វិនិច្ឆ័យ ។

មរ៉ូណៃ​បាន​មាន​ប្រសាសន៍ថា « ចូរ​កុំ​ថ្កោលទោស​ខ្ញុំ ពីព្រោះ​មកពី​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​ខ្ញុំ ឬ​ក៏​ឪពុក​ខ្ញុំ ពីព្រោះ​មកពី​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​លោក ឬ​ក៏​ពួក​អ្នក​ដែល​បាន​សរសេរ​មុន​ឪពុក​ខ្ញុំ​ឡើយ ប៉ុន្តែ ចូរ​ថ្លែង​អំណរគុណ​ដល់​ព្រះ​វិញ ដែល​ទ្រង់​បាន​សម្ដែង​ឲ្យ​អ្នក​ឃើញ​នូវ​ការឆ្គាំឆ្គង​របស់​ពួកយើង ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច រៀន​ឲ្យ​មាន​ប្រាជ្ញា ជាង​យើង​ទៅ​ទៀត » ( មរមន ៩:៣១ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ឬអាច​និយាយ​ម៉្យាង​ទៀតថា យើង​ផ្តោតលើ និង​រៀន​ពី​ការបង្រៀន​របស់​ព្យាការី និង​ពួក​សាវក និង​សាក្សី​អំពី​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ចៀសវាង​ការស្វែងរក​ភាពមិន​ល្អឥតខ្ចោះ​របស់​ពួកលោក ។ នៅ​ក្នុងប្រវត្តិសាស្រ្ត​ទាំងមូល ព្រះ​បាន​លាតត្រដាង​នូវ​ភាពមិន​ល្អឥតខ្ចោះ​មួយ​ចំនួន​ទាំងនេះ​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង និង​ដើម្បី​ជួយ​យើង​រៀន​ឲ្យ​មាន​ប្រាជ្ញា​ថែម​ទៀត ។ ខ្ញុំ​សូម​អរគុណ​ដល់​ទ្រង់​សម្រាប់​ការធ្វើ​ដូច្នេះ ។

យើង​នៅ​តែ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន ។ នៅក្នុង​សន្និសីទ​ទូទៅ​ខែមេសា ឆ្នាំ២០១៩ ប្រធាន អាវរីង បាន​ដកស្រង់​ការបង្រៀន​នេះ​របស់​ប្រធាន ចច ឃ្យូ ឃែណុន ( ឆ្នាំ១៨២៧–១៩០១ ) ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ ថា « ព្រះ​បាន​ជ្រើស​អ្នកបម្រើ​របស់ទ្រង់ ។ ទ្រង់​អះអាង​ថា វា​គឺជា​សិទ្ធិ​របស់​ទ្រង់​ដើម្បី​ថ្កោល​ទោស​ពួកគេ ប្រសិន​បើ​ពួកគេ​ត្រូវការ​ការថ្កោល​ទោស​នោះ ។ ទ្រង់​ពុំ​បាន​ផ្ដល់​សិទ្ធិ​នោះ​ដល់​យើង​ម្នាក់ៗ​ដើម្បី​រិះគន់ ហើយ​ថ្កោល​ទោស​ពួកគេ​នោះ​ឡើយ ។ មិន​ថា​គាត់​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ប៉ុនណា មាន​បព្វជិតភាព​ខ្ពស់​ដល់​កម្រិត​ណា​នោះទេ គឺគ្មាន​នរណា​ម្នាក់​អាច​និយាយ​អាក្រក់​ពី​បុគ្គល​ដែល​ព្រះ​បាន​ចាក់​ប្រេងតាំង ហើយ​រិះគន់​អ្នក​មាន​សិទ្ធិ​អំណាច​របស់​ព្រះ​នៅ​លើ​ផែនដី ដោយ​ពុំ​បាន​ធ្វើ​ឲ្យ​ព្រះ​អាក់​អន់​ព្រះទ័យ​បាន​ឡើយ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដក​ខ្លួន​ចេញពី​បុគ្គល​នោះ ហើយ​គាត់​នឹង​ចូល​ទៅ​ក្នុង​ភាព​ងងឹត ។ ហេតុដូច្នេះ​ហើយ តើ​បងប្អូន​មើល​ឃើញ​ទេ​ថា រឿង​នេះ​សំខាន់​ប៉ុនណា ដែល​យើង​គួរ​តែ​មាន​ការប្រុង​ប្រយ័ត្ន​នោះ ? »

បងប្អូន និង​ខ្ញុំ​មាន​ពរជ័យ និង​មាន​កាតព្វកិច្ច​របស់​ព្រះអម្ចាស់​ទាក់ទង​ទៅនឹង​ការបង្រៀន​របស់​ព្យាការី និង​សកម្មភាព​ទាំងឡាយ រួមទាំង​អ្វី​ដែល​យើង​អាច​រកឃើញ​ថា​ពិបាក​យល់ ឬ​ទទួល​យក ៖

« អ្នក​ត្រូវ​ស្ដាប់​តាម​គ្រប់​អស់​ទាំង​ពាក្យ​សម្ដី និង​បញ្ញត្តិ​ទាំង​ឡាយ​របស់​លោក ដែល​លោក​នឹង​ឲ្យ​ដល់​អ្នក នៅ​ពេល​លោក​បាន​ទទួល​ពាក្យ​ទាំង​នោះ ដោយ​ដើរ​ក្នុង​បរិសុទ្ធភាព​ទាំង​អស់​នៅ​ចំពោះ​យើង

« ដ្បិត​ពាក្យសម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មកពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់យ៉ាង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៥ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ជាថ្មី​ម្តងទៀត យើង​មិន​ថ្កោលទោស ឬ​វិនិច្ឆ័យ​ឡើយ ( សូមមើល ម៉ាថាយ ៧:១–២ ) ។ នៅពេល​ដែល​ខ្ញុំ​បាន​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ការដឹងគុណ​ចំពោះ​ពរជ័យ​នៃ​ព្យាការី និង​ពួក​សាវក នោះ​ខ្ញុំ​បាន​ទទួល​ពរជ័យ​យ៉ាង​សម្បូរបែប ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១:៦ ) ។

ចៀសវាង​ការល្បួង​ឲ្យ​លើសពី​សិទ្ធិអំណាច​របស់​យើង

គោលការណ៍​សំខាន់​មួយទៀត គឺ​ដើម្បី​ចៀសវាង​ការធ្វើ​លើសពី​សិទ្ធិអំណាច​របស់យើង ឬ​ការធ្វើ​លើសពី​តួនាទី​ដែល​យើង​មិន​មាន ។ ផ្នត់គំនិត​ទាំងនេះ​បោកបញ្ឆោត​យើង​ឲ្យ​គិត​ខ្ពស់ពេក​អំពី​គំនិត​ផ្ទាល់ខ្លួន​របស់យើង ដែល​ជា​ទូទៅ​កើតឡើង​​នៅពេល​ដែល​យើង​គិត​ទាបពេក​អំពី​ការបង្រៀន​របស់​ព្យាការី និង​ពួក​សាវក ។ ការថ្កោលទោស​លើ​ព្យាការី និង​ពួក​សាវក រួមទាំង​ពួក​គាត់​ទាំងនោះ​ក្នុង​អតីតកាល ដែល​ច្បាស់ណាស់​ធ្វើ​លើសពី​សិទ្ធិ​អំណាច​របស់យើង ដោយសារ​ព្រះអម្ចាស់​រក្សា​សមត្ថភាព​នេះ​សម្រាប់​អង្គទ្រង់​ផ្ទាល់ ។ ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាង​ពេញលេញ​ថា ព្រះអង្គសង្រ្គោះ​ដែល​ជ្រាបដឹង​គ្រប់​ការណ៍​ទាំងអស់ ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់ និង​មេត្តាករុណា​របស់យើង​បាន​ថ្លែង ឬ​នឹង​ថ្លែង ហើយ​អន្ទះសា​ចង់​អភ័យទោស​ចំពោះ​កំហុស​ឆ្គង ឬ​ភាពមិន​ល្អឥតខ្ចោះ​ណាមួយ​ពី​អតីតកាល​ដែល​យើង​មាន​ ដោយ​សង្ឃឹម​ថា ទ្រង់​នឹង​ធ្វើ​ការណ៍​ទាំងនេះដល់​យើង​នាពេលបច្ចុប្បន្ន​ផងដែរ ។

ឧទាហរណ៍​មួយទៀត​នៃ​ការធ្វើ​លើសពី​សិទ្ធិអំណាច​របស់យើង គឺ​ការ​សន្មត់​ទៅលើ​ព្យាការី និង​ពួក​សាវក​អំពី​សកម្មភាព​​ដែល​សាសនាចក្រ​គួរតែ​ធ្វើ ឬ​របៀប​ដែល​វា​គួរតែ​ត្រូវបាន​គ្រប់គ្រង ។ នោះគឺ​ជា​តួនាទី​របស់​ព្រះអម្ចាស់ មិនមែន​ជាតួនាទី​របស់យើង​នោះទេ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨:២–៧ ) ។ ទោះបីជា​យើង​មាន​ចេតនាល្អ​យ៉ាងណា​ក៏ដោយ ការថ្កោលទោស និង​សន្មត់​ទៅលើ​ព្យាការី និង​ពួក​សាវក​ដោយ​ផ្ទាល់​ដែល​កើត​ចេញពី​អំនួត នឹង​នាំឲ្យ​មាន​ការបោកប្រាស់ និង​ការបរាជ័យ​ក្នុង​ការធ្វើ​តាម​សិទ្ធិអំណាច​នៃ​ការព្យាករ ។

ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង

ចាប់ពី​ឆ្នាំ១៨២០ រហូត​មកដល់​ពេលនេះ ព្រះអម្ចាស់​បាន​បន្ត​បង្រៀន​​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​របស់ទ្រង់​នៅក្នុង​ដំណើរការ​ប្រកប​ដោយ​វិវរណៈ​ក្នុង​ការ​ដែល​ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ។

ប្រធាន ណិលសុន បាន​បង្រៀន​ថា ៖

« កាល​យើង​ជួប​ជុំ​គ្នា​ជា​ក្រុម​ប្រឹក្សា​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ នោះ​បន្ទប់​ប្រជុំ​របស់​យើង​ក្លាយ​ទៅ​ជា​បន្ទប់​នៃ​វិវរណៈ ។ ព្រះវិញ្ញាណ​គឺ​គង់​នៅ​ទីនោះ ។ … ទោះ​ជា​យើង​អាច​មាន​ទស្សនៈ​ផ្ដួចផ្ដើម​ខុសៗ​គ្នា​ក្ដី ក៏​យើង​នៅតែមាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ជានិច្ច ។ ការរួបរួម​របស់​យើង​ជួយ​យើង​ឲ្យ​ដឹង​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។

« នៅ​ក្នុង​ការ​ប្រជុំ​របស់​យើង មតិ​ភាគ​ច្រើន​មិន​ដែល​ឈ្នះ​ទេ ! យើង​ស្ដាប់​គ្នា​ទៅវិញ​ទៅមក​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ពិភាក្សា​គ្នា​រហូត​ដល់​យើង​មាន​ការរួបរួម » ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​សង្កេត​ថា « គោលបំណង​គឺ​មិនមែន​គ្រាន់តែ​ជា​ការឯកភាពគ្នា​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វិវរណៈ​មកពី​ព្រះ ។ វា​គឺជា​ដំណើរការ​មួយ​ដែល​ពាក់ព័ន្ធ​ទាំង​ហេតុផល និង​សេចក្តី​ជំនឿ​សម្រាប់​ការទទួល​បាន​ចិត្ត និង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ » ។

គោលការណ៍​សុវត្ថិភាព​ដែល​ត្រូវ​បាន​ស្ដារ​ឡើង​វិញ និង​បាន​សម្រួល​យ៉ាងល្អ​នេះ បង្កើន​នូវ​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន​របស់​យើង​ក្នុង​ការគ្រប់គ្រង​សាសនាចក្រ​ស្របទៅតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ជានិច្ច ។

សូម​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​សុភាព​រាបសា ។

ជាការពិត​ណាស់ ព្រះយេស៊ូវគ្រីស្ទ​គង់នៅ​ជា​ព្រះសិរសា​នៃ​សាសនាចក្រ​របស់ទ្រង់ ហើយ​ទ្រង់​ដឹកនាំ​ព្យាការី​របស់ទ្រង់ ។ អ្វី​ដែល​យើង​អាច​នឹង​យល់​ឃើញ​ថា​ជា​ភាពមិន​ល្អឥតខ្ចោះ​នៅ​ក្នុង​ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​របស់​ពួកលោក អាច​ឆ្លុះ​បញ្ចាំង​ពី​ភាពមិន​ល្អឥតខ្ចោះ​នៅ​ក្នុង​ការយល់​ឃើញ ឬ​ការយល់​ដឹង​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។ សូមចងចាំ​ថា មាគ៌ា​របស់​ព្រះអម្ចាស់​គឺ​ខ្ពស់ជាង​ផ្លូវ​របស់​យើង ហើយ​គំនិត​របស់​ទ្រង់​គឺ​ខ្ពស់ជាង​គំនិត​របស់យើង ( សូមមើល អេសាយ ៥៥:៨–៩ ) អនុញ្ញាត​ឲ្យ​យើង​ចៀសវាង​ពី​ការវិនិច្ឆ័យ​លើ​ព្យាការី រួមទាំង​អស់អ្នកពី​អតីតកាល​ផងដែរ ។ ឥរិយាបថ​សុភាព​រាបសា​នេះ​អនុញ្ញាត​ឲ្យ​យើង​យកចិត្ត​ទុកដាក់​ចំពោះ​ពាក្យសម្តី​របស់​ព្យាការី​ដែល​នៅរស់ « ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១:៥ សូមមើល​ផងដែរ ១:២៨ ) ។

ឥរិយាបថ​សុភាព​រាបសា​នេះ​ក៏​ជួយ​យើង​ឲ្យ​ទទួល​បាន​វិវរណៈ សេចក្តី​សង្ឃឹម និង​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​កាន់តែ​ច្រើន​ឡើង​នៅក្នុង​ពិភពលោក​ដ៏​កាន់តែ​លំបាក​មួយ​នេះ ។ យ៉ាកុប​បាន​បង្រៀន​ថា « យើង​ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី ហើយ​យើង​មាន​វិវរណៈ​ទាំង​ឡាយ និង​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ ហើយ​ដោយ​មាន​ទី​បន្ទាល់​អស់​ទាំង​នេះ ទើប​យើង​មាន​សេចក្ដី​សង្ឃឹម ហើយ​សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ » ( យ៉ាកុប ៤:៦ ) ។ ប្រសិនបើ​យើង​មាន​ភាពសុភាព​រាបសា នោះ​បទពិសោធន៍​ដ៏ពិសិដ្ឋ​ទាំងនេះ​អាច​ដកចេញ​ពី​យើង​នូវ​បំណងប្រាថ្នា​ណាមួយ​ក្នុង​ការស្វែងរក​កំហុស​ពី​ព្យាការី និង​ពួក​សាវក រួមទាំង​អស់អ្នក​មកពី​អតីតកាល​ផងដែរ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១២៤; ១៣៦:២៣ ) ។ ការ​បន្ទាបខ្លួន​ជួយ​យើង « ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី » សម្រាប់​សេចក្តីពិត​ដែល​បង្កើន​សេចក្តី​អំណរ និង​ភាពសុខសាន្ត​របស់យើង និង​មិន​ស្វែងរក​ភាពមិន​ល្អឥតខ្ចោះ​នោះទ្បើយ ។

នៅក្នុង​ស្មារតី​នោះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​ក្តីស្រឡាញ់​យ៉ាង​ពិតប្រាកដ​របស់​ខ្ញុំ​ថា ព្យាការី​ចាប់តាំង​ពី យ៉ូសែប ស្មីធ តរហូតមក គឺជា​ព្យា​ការី​របស់​ព្រះ​នៅក្នុង​ខ្សែជួរ​ស្នង​ដែល​មិន​ចេះដាច់​ក្នុង​ការស្នងតំណែង និង​រួមទាំង​ប្រធាន រ័សុល អិម ណិលសុន​ផងដែរ ។ វា​ជា​ពរជ័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​ខ្ញុំ​ក្នុង​ការ « ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី » ហើយ​ចូលទៅ​កាន់តែ​ជិត​ព្រះ​តាមរយៈ​ការបង្រៀន​របស់​ពួកលោក ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា អស់អ្នក​ដែល​ត្រូវបាន​ហៅឲ្យ​ធ្វើជា​សាវក​ដ៏បរិសុទ្ធ នៅក្រោម​ការដឹកនាំ​របស់​ព្យាការី​ទាំងនេះ គឺជាជាសាក្សី​ពិសេស​នៃ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ទូទាំង​ពិភពលោក ។ វា​ជា​អភ័យឯកសិទ្ធិ​មួយ​ដើម្បី​សម្លឹង​មើល និង​ដើរឆ្ពោះ​ទៅមុខ​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការបង្រៀន​របស់​សាក្សី​ទាំងនេះ ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  2. សូមមើល ជែហ្វ្រី អ័រ ហូឡិន « Remember Lot’s Wife » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅថ្ងៃទី​១៣ ខែមករា ឆ្នាំ២០០៩ ) នៅលើ​គេហទំព័រ​speeches.byu.edu ។

  3. ដាល្លិន អេក អូក « President Oaks Remarks at Worldwide Priesthood Celebration » ( សុន្ទរកថា​ដែល​បាន​ធ្វើឡើង​នៅឯ​ការប្រារព្ធ​កម្មវិធី « Be One » នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០១៨ ) នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។

  4. រ័សុល អិម ណិលសុន « President Nelson Remarks at Worldwide Priesthood Celebration » ( សុន្ទរកថា​ដែល​បាន​ធ្វើឡើង​នៅឯ​ការប្រារព្ធ​កម្មវិធី « Be One » នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០១៨ ) នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។

  5. ហែនរី ប៊ី អាវរិង « Our Hearts Knit as One » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៦៨ ។

  6. ឧទាហរណ៍ ការកែតម្រូវ​របស់​ព្រះអម្ចាស់​ចំពោះ​ព្យាការី យ៉ូសែប ស្មីធ ទាក់ទង​ទៅនឹង​ការបាត់បង់ ១១៦ ទំព័រ​នៃ​ព្រះគម្ពីរ​មរមន ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ; ១០ ); ការកែ​តម្រូវ​របស់​ព្រះអម្ចាស់​ចំពោះ​លីហៃ​ចំពោះ​ការត្អូញត្អែរ​ប្រឆាំងនឹង​ទ្រង់ ( សូមមើល នីហ្វៃ​ទី ១ ១៦:១៧–២៥ ); ព្រះអម្ចាស់​ផ្ចាញ់ផ្ចាល​បងប្រុស​របស់​យ៉ារេឌ ចំពោះ​ការធ្វេស​ប្រហែស​ក្នុង​ការហៅ​ព្រះ​នៅក្នុង​ការអធិស្ឋាន ( សូមមើល អេធើរ ២:១៤–១៥ ) ។

  7. Gospel Truth: Discourses and Writings of President George Q. Cannon កែសម្រួល​ដោយ ជើរេល អិល ណូគ្វីស ( ឆ្នាំ១៩៧៤ ), ១:២៧៨; សូម​មើល​ផងដែរ ហែនរី ប៊ី អាវរិង « The Power of Sustaining Faith » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៥៩ ។

  8. ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « បងប្អូនប្រុស យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ប្រែចិត្ត » ( « We Can Do Better and Be Better » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៦៩ ) ។ លោក​បាន​បង្រៀន​បន្ថែម​ទៀតថា ៖ « ការប្រែចិត្ត​គឺ​តម្រូវ​ឲ្យ​មាន​ពី​មនុស្ស​ដែល​មាន​ទំនួល​ខុសត្រូវ​គ្រប់រូប ដែល​ចង់​បាន​សិរីល្អ​ដ៏អស់កល្ប ។ គ្មាន​ករណី​លើកលែង​នោះ​ឡើយ » ( « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៩៨ ) ។ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ថា « ការប្រែចិត្ត​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះ » ។ លោក​ក៏បាន​មាន​ប្រសាសន៍​ទៀត​ថា « យើង​ត្រូវតែ​ប្រែចិត្ត​ពី​រាល់​អំពើបាប​របស់​យើង—គឺ​រាល់​សកម្មភាព ឬ​ភាព​ខ្ជិល​ច្រអូស​របស់យើង​ដែល​ផ្ទុយ​នឹង​បទបញ្ញត្តិ​របស់​ព្រះ ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​លើកលែង​ទេ » ( « Cleansed by Repentance » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៩២ ) ។ សូមមើល​ផងដែរ​កំណត់​ចំណាំ ៦ នៅក្នុង​អត្ថបទ​នេះ ។

  9. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៥ ។

  10. ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ៨៨ ។

  11. កត់​ចំណាំ​ពីរបៀប​ដែល​ព្យាការី និង​ទស្សនវិស័យ​របស់​ពួកលោក​ត្រូវបាន​ចែង​នៅក្នុង​បទគម្ពីរ​នេះ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣០:៤ ។