« ការបម្រើដូចជាព្រះគ្រីស្ទបានបន្ទន់ដួងចិត្តឲ្យបើកទ្វារនៅតំបន់ខោស៊ីកា » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។
ការបម្រើដូចជាព្រះគ្រីស្ទ បានបន្ទន់ដួងចិត្តឲ្យបើកទ្វារនៅ តំបន់ខោស៊ីកា
ពួកអ្នកផ្សព្វផ្សាយសាសនានៅលើកោះមេឌីទែរ៉ាណេនេះ បានផ្តល់ជំនួយដើម្បីជួយអ្នកស្រុកតាមគ្រប់មធ្យោបាយដែលពួកគេអាចធ្វើបាន ក្នុងគោលបំណងដើម្បីអញ្ជើញមនុស្សឲ្យមករកព្រះគ្រីស្ទ ។
អភិបាលក្រុង បាស្ទៀ ដឹងច្បាស់ថា ពួកអ្នកផ្សព្វផ្សាយសាសនាដែលឈរនៅពីមុខគាត់គឺជាជនបរទេស ។ គាត់បានឆ្ងល់ថាហេតុអ្វីបានជាយុវជនទាំងនេះមកពីប្រទេសផ្សេងពីគ្នា ហើយផ្តល់ជំនួយដើម្បីជួយប្រជាជនរបស់គាត់នៅលើកោះខោស៊ីកា ?
បន្ទាប់ពីសញ្ជឹងមួយភ្លែត គាត់បានទទួលយកការផ្តល់ជំនួយរបស់ពួកគេ និងសាកល្បងពួកគេឲ្យមកតាំងពីពេលព្រឹកព្រលឹមនៅថ្ងៃបន្ទាប់ដើម្បីលាបថ្នាំសណ្ឋាគារតូចមួយរបស់គាត់ ។
ដោយការប្តេជ្ញាចិត្តទៅនឹងការសន្យារបស់ពួកគេ នោះយុវជនទាំងនេះបានមកដល់នៅម៉ោង ៧:០០ ព្រឹក ដោយអន្ទះសា និងត្រៀមខ្លួនរួចជាស្រេចដើម្បីកែលម្អសណ្ឋាគាររបស់អភិបាលក្រុងនៅលើកោះដ៏ស្រស់ស្អាតនេះ ដែលនៅក្បែរឆ្នេរសមុទ្រនៃប្រទេសបារាំងក្នុងសមុទ្រមេឌីទែរ៉ាណេ ។
នៅពេលដែលអភិបាលក្រុងបានមកដល់សណ្ឋាគារយឺតនៅថ្ងៃនោះ ដើម្បីស្វែងរកពួកអ្នកផ្សព្វផ្សាយសាសនាដែលនៅតែបន្តធ្វើការនៅលើឆ្នេរសមុទ្រនៅក្រោមពន្លឺព្រះអាទិត្យ « គាត់បានមានការភ្ញាក់ផ្អើលនៅពេលឃើញយើងនៅទីនោះ » ជាសម្តីរបស់ ជេក ឡូវរី ដែលជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ក្នុងចំណោមអ្នកផ្សព្វផ្សាយសាសនាទាំងឡាយដែលបម្រើនៅពេលនោះ ។
លោកអភិបាលបានភ្ញាក់ផ្អើលចំពោះឆន្ទៈរបស់ពួកគេក្នុងការធ្វើការយ៉ាងលំបាក ដើម្បីជួយមនុស្សដែលពួកគេមិនស្គាល់ ការណ៍នេះធ្វើឲ្យលោកអភិបាលក្រុងមានចិត្តទន់ ហើយបងប្រុស ឡូវរី បានមានប្រសាសន៍ថា « គាត់បានសុំឲ្យយើងអង្គុយចុះ ហើយប្រាប់គាត់ពីអ្វីដែលយើងត្រូវការ » ។
ពួកអ្នកផ្សព្វផ្សាយសាសនាបានចែកចាយដំណឹងល្អ និងប្រាប់អំពីគោលបំណងដែលពួកគេមកទីនេះគឺដើម្បីផ្តល់ពរដល់ប្រជាជននៅលើកោះខោស៊ីកា ។ ពួកគេបានរៀបរាប់ពីការលំបាករបស់ពួកគេក្នុងការស្វែងរកផ្ទះល្វែង ដោយសារតែអ្នកស្រុកមានការប្រុងប្រយត្ន័ចំពោះមនុស្សចំណូលថ្មី ។ ប៉ុន្មានខែមុននេះ ពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់ត្រូវបានដកចេញពីលើកោះដោយសារមូលហេតុសុវត្ថិភាព ។ ប៉ុន្តែឥឡូវនេះ ពួកអែលឌើរទាំងនេះបានបើកតំបន់នេះឡើងវិញសម្រាប់កិច្ចការផ្សព្វផ្សាយសាសនា ។
លោកអភិបាលក្រុងបានស្តាប់ពួកអែលឌើរ ។ បងប្រុស ឡូវរី បានមានប្រសាសន៍ថា « នៅពេលព្រឹកថ្ងៃបន្ទាប់ គាត់បានរក្សាទុកផ្ទះល្វែងដែលមានទីតាំងល្អសម្រាប់យើង និងបានសរសេរសំបុត្រមួយ ។
បងប្រុស ឡូវរី មានប្រសាសន៍ថា នៅល្ងាចនោះ បន្ទាប់ពីបានចូលទៅក្នុងកន្លែងស្នាក់នៅថ្មីរបស់ពួកគេ « អ្នកតំណាងពីរនាក់ដែលស្លៀកពាក់យ៉ាងស្អាតមកពីការិយាល័យរបស់អភិបាលក្រុង បានចូលមកស្វាគមន៍ពួកយើង ហើយធានាដល់យើងថា យើងត្រូវបានស្វាគមន៍ និងមានសុវត្ថិភាពនៅក្នុងទីក្រុងនេះ » ។
មិនយូរប៉ុន្មាន លោកអភិបាលក្រុង និងភរិយារបស់លោកបានចាប់ផ្តើមចូលរួមការប្រជុំនៅថ្ងៃអាទិត្យជាមួយសាខាមួយ ជាកន្លែងដែលពួកគេចូលចិត្តច្រៀងទំនុកតម្កើង ។ មិនយូរប៉ុន្មាន ភរិយារបស់លោកអភិបាលក្រុងបានទទួលពិធីបុណ្យជ្រមុជទឹក ។
ដីដ៏មានជីវជាតិ
ការចាប់ផ្តើមពីភាពសាមញ្ញៗទាំងនេះនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ សាសនាចក្របានចាក់ឫសនៅលើកោះដ៏ល្បីល្បាញនេះ ដែលជាស្រុកកំណើតរបស់ ណាប៉ូឡេអុង បូណាផាត ។ ភ្លាមៗនោះ កិច្ចការអ្នកផ្សព្វផ្សាយសាសនាបានរីកចម្រើន ។ បីខែក្រោយមក មនុស្សជាង៤០នាក់បានចូលរួមការថ្វាយបង្គំនៅថ្ងៃអាទិត្យ នៅក្នុងកន្លែងប្រជុំដ៏អស្ចារ្យមួយដែលរៀបចំឡើងដោយលោកអភិបាលក្រុង ។
ប្រសាសន៍របស់ រីឆាត ដ័បុលយូ ថាឆើរ កាលនោះជាប្រធានបេសកកម្មនៃបេសកកម្ម ម៉ាសេ ប្រទេសបារាំង ដែលឥឡូវនេះជាបេសកកម្ម លីយ៉ុង ប្រទេសបារាំង « ដោយក្រឡេកមើលទៅក្រោយវិញ នោះយើងអាចមើលឃើញថា មានព្រះហស្ថរបស់ព្រះអម្ចាស់យ៉ាងច្បាស់នៅក្នុងពេលនោះ និងមធ្យោបាយនានានៃការស្ថាបនាសាសនាចក្រនៅលើកោះខោស៊ីកានេះ » ។
ប៉ុន្តែការដាក់ជើងនៅលើកោះនេះមិនមែនជាការងាយស្រួលនោះទេ ។ កិច្ចខិតខំប្រឹងប្រែងពីមុននេះ ដើម្បីដាក់ពួកអ្នកផ្សព្វផ្សាយសាសនានៅទីនោះបានជួបប្រទះឧបសគ្គ និងការគំរាមកំហែងដ៏គ្រោះថ្នាក់ផងដែរ ។ បងប្រុស ថាឆើរ បានមានប្រសាសន៍ថា « អារម្មណ៍ប្រឆាំងនឹងបារាំងបានកើនកម្តៅដោយជនជាតិដើម ខោស៊ីកា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ » ។
ជនជាតិដើមខោស៊ីកា បានបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ ចំពោះមនុស្សចំណូលថ្មីតាមរយៈការផលិតគ្រាប់បែកធ្វើតាមផ្ទះ ដើម្បីបំផ្លាញអាជីវកម្ម និងទ្រព្យសម្បត្តិរបស់ជនបរទេស ។ បន្ទាប់មក អែលឌើរ ដារីន ឌូសណឹប បានមានប្រសាសន៍ថា « វាមិនមែនជារឿងចម្លែកទេ » ដែលឮសំឡេងផ្ទុះជាច្រើនជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងនោះ ។ យើងមិនមែនជាជនជាតិបារាំង ប៉ុន្តែយើងក៏មិនមែនជាជនជាតិខោស៊ីកាដែរ » ។
ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបានគេព្រមានអំពីគ្រោះថ្នាក់ ហើយនៅពេលដែលគ្រាប់បែកផ្ទុះនៅក្នុងភូមិរបស់ពួកគេ នោះពួកអ្នកផ្សព្វផ្សាយសាសនាទាំងបួននាក់ដែលនៅលើកោះត្រូវបានដកបញ្ជូនទៅកន្លែងមួយផ្សេងទៀតនៃបេសកកម្មនៅលើដីគោករបស់ប្រទេសបារាំង ។
បងប្រុស ថាឆើរ បានមានប្រសាសន៍ថា « ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងលែងនៅលើកោះនោះទៀតហើយ ការបរាជ័យនេះគឺជាឱកាសមួយដើម្បីរៀនសូត្រ និងរីកចម្រើន » ។
ការបម្រើដូចព្រះគ្រីស្ទគឺជាចម្លើយ
ដើម្បីយល់កាន់តែច្បាស់អំពីគោលបំណងរបស់ស្ថានសួគ៌ ពួកអ្នកផ្សព្វផ្សាយសាសនាបានប្តេជ្ញាចិត្តសិក្សាអំពីជីវិត និងការបម្រើរបស់ព្រះអង្គសង្គ្រោះ ដើម្បីរៀនអំពីមាគ៌ារបស់ទ្រង់ឲ្យកាន់តែប្រសើរឡើង ។ ពួកគេបានសិក្សាពីសកម្មភាពនៃការបម្រើ និងសេចក្តីមេត្តារបស់ទ្រង់ ដែលរួមបញ្ចូលទាំងការចិញ្ចឹម និងការព្យាបាល និងការស្រឡាញ់ ។ ពួកគេបានសន្និដ្ឋានថា ការបម្រើមានសារៈសំខាន់ណាស់ក្នុងការទទួលបានទំនុកចិត្តរបស់ប្រជាជន និងធ្វើការបម្រើតាមរបៀបរបស់ព្រះអម្ចាស់ ។
ជាមួយនឹងការយកចិត្តទុកដាក់ដើម្បីបម្រើជាថ្មី ពួកអ្នកផ្សព្វផ្សាយសាសនាបីនាក់ត្រូវបានបញ្ជូនទៅបើកតំបន់ឡើងវិញនៅលើកោះខោស៊ីកា នៅក្នុងខែមីនា ឆ្នាំ១៩៩២ ។ លើកនេះ ពួកគេត្រូវបានបញ្ជូនទៅកាន់ទីក្រុងធំទីពីររបស់កោះបាស្ទៀ ។ នៅទីនោះ ពួកគេបានជួបមនុស្សតាមធម្មតា ជំនួសឲ្យការគោះទ្វារ ដែលពេលខ្លះបានបង្កឲ្យមានការភ័យខ្លាចដល់អ្នកស្រុក ។
បងប្រុស ថាឆើរ បានមានបន្តថា « ការអធិស្ឋានរបស់យើងបានទទួលចម្លើយ ។ យើងបានដឹងថា ការបម្រើអាចបង្ហាញពីភាពស្មោះត្រង់របស់យើងចំពោះសហគមន៍ និងបានបន្ទន់ដួងចិត្តរបស់មនុស្សដែលប្រឆាំងនឹងមនុស្សចំណូលថ្មីបាន » ។
ពួកអ្នកផ្សព្វផ្សាយសាសនាថ្មីបានណែនាំខ្លួនឯងទៅដល់អ្នកស្រុកតាមរយៈការផ្តល់ជំនួយដើម្បីជួយតាមវិធីណាមួយដែលពួកគេអាចធ្វើទៅបាន ។ ពួកគេបានជម្រះស្មៅក្នុងសួនច្បារ ជួសជុលរថយន្ត ហើយបានលាបថ្នាំសណ្ឋាគាររបស់លោកអភិបាលក្រុងជាដើម ។ ពួកគេជាញឹកញាប់បានបង្កើតមិត្តភក្តិ ហើយកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានគេកោតសរសើរ ។ បងប្រុស ថាឆើរ បានមានប្រសាសន៍ថា ពួកគេតែងត្រូវបានអ្នកភូមិសុំឲ្យចូលទៅអង្គុយលេងញុំា« limonata » ( ទឹកក្រូចឆ្មា ) ហើយ « ប្រាប់ពួកគាត់អំពីសាសនាចក្ររបស់ពួកគេ » ។ មិនយូរប៉ុន្មាន « សំណាងរបស់យើងបានផ្លាស់ប្តូរយ៉ាងខ្លាំង » ។
សាសនាគន់ការីដំបូងដែលនាំទៅរកពិធីបុណ្យជ្រមុជទឹកគឺគ្រួសាររបស់ ឡូតា ក្រោយមកបន្តទៅសាសនាគន់ការីផ្សេងទៀតផងដែរ ។ នៅពេលដែលពួកអ្នកផ្សព្វផ្សាយសាសនាចូលទៅក្នុងផ្ទះរបស់សាសនាគន់ការីរូបនោះ អ្នកម្តាយនៅក្នុងគ្រួសារដែលបានអធិស្ឋានដើម្បីដឹងការពិត « បានលុតជង្គង់ ហើយយំដោយដឹងគុណចំពោះព្រះអម្ចាស់ ដែលបានឆ្លើយតបការអធិស្ឋានរបស់គាត់ » ។
ការបង្រួបបង្រួមការបែងចែក
ការបម្រើរបស់ពួកគេកាលពីជំនាន់មុននៅបាស្ទៀ គឺពួកអ្នកផ្សព្វផ្សាយសាសនាបានធ្វើការស្ម័គ្រចិត្តនៅឯមន្ទីរពេទ្យកាតូលិកធំមួយ ប៉ុន្តែព្រះសង្ឃកាតូលិកដែលទទួលបន្ទុកនៅមន្ទីរពេទ្យនេះបានបដិសេធការបម្រើរបស់ពួកគេ នៅពេលដែលគាត់បានដឹងអំពីសាសនារបស់ពួកគេ ។ គាត់បានស្ទាក់ស្ទើរក្នុងការឲ្យមានជំនឿលើគ្រិស្តសាសនាផ្សេងៗគ្នាមកពាក់ព័ន្ធនៅក្នុងមន្ទីរពេទ្យនេះ ។
ពីរបីខែក្រោយមកនៅក្នុងខែឧសភា ឆ្នាំ១៩៩២ ផ្នែកដ៏ធំមួយនៃពហុកីឡដ្ឋានបាល់ទាត់បានដួលរលំក្នុងអំឡុងពេលកំពុងប្រកួតជើងឯក ដោយបានសម្លាប់មនុស្សអស់១៩នាក់ និងអ្នករងរបួសធ្ងន់រាប់ពាន់នាក់ទៅកាន់មន្ទីរពេទ្យ ។
នៅពេលដែលពហុកីឡដ្ឋានបាល់ទាត់មួយកន្លែងបានដួលរលំនៅតំបន់ខោស៊ីកា ដែលបានសម្លាប់មនុស្សអស់១៩នាក់ និងមានអ្នករងរបួសរាប់ពាន់នាក់ នោះពួកអ្នកផ្សព្វផ្សាយសាសនាបានចំណាយពេលជាច្រើនម៉ោងក្នុងការជួយថែទាំអ្នកជម្ងឺសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យក្នុងមូលដ្ឋាន ។
រូបថតដោយ ក្រេហ្គ ភីធើរសុន
អ្នករងរបួសនៅពាសពេញក្នុងមន្ទីរពេទ្យ ។ អ្នកគាំទ្របាល់ទាត់ដែលរងរបួសបាននៅពេញបន្ទប់ និងតម្រង់ជួរនៅតាមសាលទាំងឡាយផងដែរ ។ ខ្លះត្រូវបានបញ្ចូនតាមយន្តហោះទៅកាន់ប្រទេសបារាំងដើម្បីព្យាបាល ។ សង្ឃកាតូលិកអស់សង្ឃឹមក្នុងការរកអ្នកស្ម័គ្រចិត្តដែលមានសមត្ថភាព ក៏បាននឹកចងចាំពីកាតមួយដែលពួកអ្នកផ្សព្វផ្សាយសាសនាបានទុកឲ្យ ហើយបានទូរសព្ទហៅពួកគេឲ្យជួយ ។
អស់រយៈពេល៣៦ម៉ោង ពួកអ្នកផ្សព្វផ្សាយសាសនាបានធ្វើកិច្ចការមួយទៅកិច្ចការមួយទៀត ក្នុងការជួយថែទាំអ្នកជម្ងឺសង្គ្រោះបន្ទាន់ជាច្រើនប្រភេទ ដូចជាការព្យួរសារ៉ូម ការរុំរបួសកុំឲ្យឈាមហូរ សម្អាតបន្ទប់ និងផ្លាស់ទីអ្នករងរបួសជាដើម ។ ពួកគេបានផ្តល់ពរជ័យបព្វជិតភាពដល់សមាជិកសាខាដែលបានរងរបួសនៅក្នុងការរលំនោះផងដែរ ។
នៅពេលដែលសង្ឃកាតូលិកសង្កេតឃើញកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកអ្នកផ្សព្វផ្សាយសាសនា លោកបានហៅពួកគេទាំងអស់គ្នាមកជុំគ្នា ហើយដឹកនាំពួកគេចូលទៅក្នុងមន្ទីរពេទ្យទាំងមូល ប្រាប់អ្នកជំងឺថា ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះគឺជាមនុស្សរបស់ព្រះ និងអនុញ្ញាតឲ្យពួកគេផ្តល់ការប្រសិទ្ធពរដល់អ្នកដែលបានរងរបួស ។
បងប្រុស ថាឆើរ រំឭកថា ៖ « យើងទទួលបានការគោរព និងការកោតសរសើរពីមន្ត្រីជាន់ខ្ពស់នៃទីក្រុង និងអាជ្ញាធរសាសនាដ៏សំខាន់មួយតាមរយៈការបម្រើរបស់យើង » ។ លោកបានមានប្រសាសន៍ថា ការណ៍នោះបានបន្ទន់ចិត្ត និងជួយលុបបំបាត់ការប្រឆាំងនៅក្នុងសហគមន៍ ។ « ការណ៍នេះមានសារៈសំខាន់ចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយរបស់យើង » ។
ជេសិន សូលីយើ ប្រធានបេសកកម្ម លីយ៉ុង ប្រទេសបារាំង នៅក្នុងឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ « ថ្ងៃនេះ អព្ភូតហេតុនៃការរីកចម្រើននៅតែបន្តនៅតំបន់ខោស៊ីកា ទោះបីជាមានការរំខានផ្សេងៗក៏ដោយ ។ នៅក្នុងឆ្នាំ២០២៤ សមាជិក១៤នាក់នៃសាខាបាស្ទៀ បានធ្វើដំណើរទៅកាន់ព្រះវិហារបរិសុទ្ធ ប្រទេសបារាំង ដើម្បីធ្វើពិធីបរិសុទ្ធជាច្រើនថ្ងៃ ជាក្រុមធំបំផុតដែលធ្វើដំណើរពីកោះមេឌីទែរ៉ាណេដាច់ស្រយាលនេះទៅកាន់ព្រះវិហារបរិសុទ្ធមួយ ។ ដោយមានជំនួយពីគូស្វាមីភរិយារៀមច្បង និងអែលឌើរ និងស៊ីស្ទើរបម្រើពេញម៉ោងដ៏ស្វាហាប់ចំនួនប្រាំនាក់ នោះព្រះអម្ចាស់នៅតែបន្តប្រទានពរដល់កោះឋានសួគ៌នេះជាមួយនឹងអ្នកផ្លាស់ប្រែចិត្តជឿថ្មីៗជាច្រើន » ។