« មិនវង្វេងបាត់ទេចំពោះព្រះអង្គសង្គ្រោះ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
មិនវង្វេងបាត់ទេចំពោះព្រះអង្គសង្គ្រោះ
ខ្ញុំមានអំណរគុណសម្រាប់ពរជ័យនៃការលួងលោម ដែលខ្ញុំទទួលបានមកពីការចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។
រូបភាពដោយ អេលែន ហ្គានស៍ ដោយមានការអនុញ្ញាតឲ្យបង្ហាញរូបគំនូររបស់ ដេល ផាសុន The Lost Lamb [ កូនចៀមដែលបាត់ ]
សមាជិកគ្រួសារម្នាក់ និងស្វាមីរបស់នាងកាលពីថ្មីៗនេះបានសម្រេចចិត្តចាកចេញពីសាសនាចក្រ រួមជាមួយកូនតូចៗរបស់ពួកគេផងដែរ ។ ដំណឹងនេះពិតជាធ្វើឲ្យគ្រួសារយើងខូចចិត្តណាស់ ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមក យើងបានព្យាយាមស្វែងរកភាពប្រក្រតីរបស់យើងជាថ្មី ។
ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសរបស់ពួកគេដែលពោរពេញទៅដោយការឈឺចាប់ ទឹកភ្នែក និងការអធិស្ឋានដោយអស់ពីចិត្តទៅកាន់ព្រះវរបិតាសួគ៌របស់យើង ។ ចម្លើយមួយដែលទទួលបានភ្លាមៗចំពោះការអធិស្ឋានរបស់ខ្ញុំ គឺថាខ្ញុំត្រូវតែទៅថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធជារៀងរាល់សប្តាហ៍ ។ ក្នងនាមជាសិស្ស និងជាប្រពន្ធ និងម្តាយមួយរូបដែលធ្វើការផង ខ្ញុំបានរកឃើញថាចម្លើយនោះគួរឲ្យភ័យខ្លាចណាស់ ប៉ុន្តែខ្ញុំបានប្តេជ្ញាចិត្តគោរពតាមតាមការបំផុសគំនិតខាងវិញ្ញាណដែលអាចធ្វើទៅបាន ។
ល្ងាចមួយបន្ទាប់ពីវេនធ្វើការដ៏លំបាកនៅកន្លែងធ្វើការ ខ្ញុំទទួលបានអារម្មណ៍យ៉ាងខ្លាំងមួយថា ខ្ញុំត្រូវទៅព្រះវិហារបរិសុទ្ធនៅយប់នោះ ។ ខ្ញុំបានសុំឲ្យកូនប្រុសរបស់ខ្ញុំទៅជាមួយខ្ញុំដើម្បីធ្វើកិច្ចការនៃពិធីលាងជម្រះ ។
នៅពេលដែលយើងបានទៅដល់ព្រះវិហារបរិសុទ្ធ យើងបានបំបែកគ្នាដើម្បីទៅធ្វើពិធីការរៀងៗខ្លួន ។ ពេលខ្ញុំធ្វើកិច្ចការជំនួសសម្រាប់បងប្អូនស្រីជាច្រើន និងស្តាប់ពរជ័យដែលបានសន្យាដល់ពួកគេ ខ្ញុំបានរំជួលចិត្តយ៉ាងខ្លាំង ។ ក្នុងចិត្តរបស់ខ្ញុំមិនអាចឈប់គិតពីសមាជិកគ្រួសារដែលវង្វេងរបស់យើងបានទេ ។
បន្ទាប់ពីខ្ញុំបានធ្វើពិធីការចប់ ខ្ញុំបានស្លៀកពាក់ ដើរឆ្ពោះទៅកាន់បន្ទប់រង់ចាំ ហើយអង្គុយចុះ ។ មិនយូរប៉ុន្មាន ខ្ញុំបែរជាមានអារម្មណ៍ថា ខ្ញុំត្រូវប្តូរកៅអីអង្គុយដើម្បីខ្ញុំអាចមើលឃើញកូនប្រុសរបស់ខ្ញុំ នៅពេលគាត់ចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់បុរសមក ។
ខ្ញុំបានផ្លាស់ទី ប៉ុន្តែមានអារម្មណ៍មិនស្ងប់សោះនៅគ្រប់កន្លែងដែលខ្ញុំអង្គុយ—រហូតដល់ទីបំផុតខ្ញុំបានអង្គុយនៅលើសាឡុងមួយដែលបែរមុខទៅរកជញ្ជាំងនៅក្បែរច្រកចូលព្រះវិហារបរិសុទ្ធ ។ រំពេចនោះ ខ្ញុំចាប់យកព្រះគម្ពីរមកអាន ព្យាយាមលួងលោមចិត្តដែលព្រួយបារម្ភរបស់ខ្ញុំ នៅពេលដែលខ្ញុំសម្លឹងមើលទៅជញ្ជាំង ។
នៅទីនោះ ខ្ញុំបានមើលឃើញរូបគំនូរនៃព្រះអង្គសង្រ្គោះដែលមានទំហំប៉ុននឹងមនុស្សពិត កំពុងកាន់កូនចៀមតូចមួយក្បាលនៅក្នុងព្រះហស្តរបស់ទ្រង់ ។ ព្រះវិញ្ញាណបានរំឭកខ្ញុំភ្លាមៗថា ខណៈពេលដែលសមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្ញុំហាក់ដូចជាវង្វេងបាត់ចំពោះខ្ញុំ តែពួកគេមិនបានវង្វេងបាត់ទេចំពោះព្រះអង្គសង្រ្គោះរបស់យើង ។
« ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀមមួយរយ តែបាត់មួយ តើមិនទុកចៀមកៅសិបប្រាំបួនឲ្យនៅទីរហោស្ថានដើម្បីនឹងទៅតាមរកចៀមមួយដែលបាត់ ទាល់តែឃើញទេឬអី ?
កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ » ( លូកា ១៥:៤–៥ ) ។
យើងនៅបន្តស្រឡាញ់ និងអធិស្ឋានសម្រាប់អស់អ្នកទាំងនោះដែលបានវង្វេង ។ ប៉ុន្តែនៅពេលដែលភាពសោកសៅបានគ្របដណ្តប់លើខ្ញុំ ខ្ញុំចងចាំពីបទពិសោធន៍នេះ ដោយសង្ឃឹមថាថ្ងៃណាមួយ អស់អ្នកដែលវវង្វេងបាត់នឹងរកឃើញផ្លូវរបស់ពួកគេត្រឡប់មកវិញ ដោយមានជំនួយពីព្រះអង្គសង្គ្រោះដ៏ជាទីស្រឡាញ់ ។