« សុវត្ថិភាពនៅក្នុងដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។
ស្រ្តីនៃសេចក្តីសញ្ញា
សុវត្ថិភាពនៅក្នុង ដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
ផ្លូវដើម្បីត្រឡប់ទៅកាន់ព្រះវិញត្រូវបានគូសសម្គាល់យ៉ាងច្បាស់ ប្រសិនបើយើងមានសេចក្តីជំនឿ និងទីទុកចិត្តលើព្រះអង្គសង្រ្គោះរបស់យើង ។
ដោយសារការធ្លាក់ពីធម្មជាតិ និងស្ថានភាពនៃជីវិតរមែងស្លាប់របស់យើង នោះយើងទាំងអស់គ្នាងាយនឹងវង្វេងចេញពីព្រះដែលយើងបានស្គាល់ និងស្រឡាញ់នៅក្នុងជីវិតមុនជីវិតរមែងស្លាប់របស់យើង ។ វាគឺជាធម្មជាតិនៃជីវិតរមែងស្លាប់ ។ ដូច្នេះហើយ ទ្រង់បានប្រទានដល់យើងនូវរបៀបដើម្បីការពារយើងឲ្យនៅជាប់នឹងទ្រង់ប្រកបដោយសុវត្ថិភាព ដើម្បីផ្សារដួងចិត្តរបស់យើងនៅនឹងទ្រង់ ហើយជួយយើងផ្លាស់ទីដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាននៅលើចម្ការមីននៃជីវិតរមែងស្លាប់នេះ ។
ក្នុងអំឡុងពេលសង្គ្រាមលោកដ៏ធំ កងកម្លាំងប្រដាប់អាវុធបានកប់គ្រាប់មីន ឬសារធាតុផ្ទុះនៅក្នុងដី ។ មានចម្ការមីនដ៏ធំដែលកប់គ្រាប់មីនជាច្រើន ហើយទាហានម្នាក់អាចនឹងដើរដោយមិនដឹងខ្លួនលើចម្ការមីនទាំងនោះ ហើយវាបានផ្ទុះឡើង ។
បន្ទាប់ពីសង្គ្រាម នៅមានគ្រាប់មីនមិនទាន់ផ្ទុះរាប់ពាន់គ្រាប់ ហើយមនុស្សជាច្រើនរួមទាំងកុមារបានបាត់បង់ជីវិត ឬដាច់អវយវៈនៅពេលដែលពួកគេចូលទៅក្នុងចម្ការមីនដោយមិនដឹងខ្លួន ។ អង្គការនានាបានខិតខំកំណត់ទីតាំង និងដាក់ស្លាកសម្គាល់គ្រាប់មីននៅក្នុងចម្ការគ្រាប់មីនទាំងនោះ បានជួយសង្គ្រោះជីវិតមនុស្សជាច្រើន ។
ជីវិតរមែងស្លាប់គឺដូចជាចម្ការគ្រាប់មីនដូច្នោះដែរ ។ មារសត្រូវមានជំនាញក្នុងការក្លែងបន្លំគ្រោះថ្នាក់ឲ្យមើលទៅដូចជាគ្មានគ្រោះថ្នាក់ និងទាក់ទាញ ដូចជាចម្ការដ៏ស្រស់ស្អាតមួយអ៊ីចឹង ។ វាមានបទពិសោធន៍រាប់ពាន់ឆ្នាំមកហើយក្នុងការធ្វើរឿងនេះ ។ វាជាអ្នកជំនាញក្នុងការធ្វើឲ្យផ្លូវមើលទៅគួរឲ្យចង់ដើរ ដែលនាំទៅរកលទ្ធផលដ៏គ្រោះថ្នាក់ និងការឈឺចាប់ ។
បាននាំទៅផ្ទះដោយសុវត្ថិភាព
ព្រះវរបិតាសួគ៌របស់យើងជ្រាបដឹងពីរបៀបដើម្បីការពារយើងឲ្យមានសុវត្ថិភាព ហើយបានគូសស្លាកសម្គាល់ផ្លូវដើម្បីដឹកនាំយើងត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ។ ជាការពិតណាស់ មានគ្រោះថ្នាក់ និងការលំបាកជាច្រើន ដែលជាផ្នែកនៃបទពិសោធន៍ក្នុងជីវិតរមែងស្លាប់របស់យើង ។ ប៉ុន្តែយើងអាចចៀសវាងពីជម្រើសដែលអាចនាំមកនូវបន្ទុក និងការឈឺចាប់ដែលមិនចាំបាច់ ។
នោះហើយជាមូលហេតុដែលព្រះវរបិតារបស់យើងបានផ្តល់ឲ្យយើងនូវបទបញ្ញាតិ អំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ព្យាការីដើម្បីដឹកនាំយើង និងទំនាក់ទំនងនៃសេចក្តីសញ្ញាដ៏មានព្រះចេស្តាជាមួយនឹងទ្រង់ និងព្រះអង្គសង្គ្រោះរបស់យើង តាមរយៈពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ។ មានតែនៅក្នុងសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនេះទេ ដែលយើងអាចរកឃើញស្លាកសញ្ញាសម្គាល់ និងការការពារដ៏មានព្រះចេស្តាទាំងអស់ ដែលអាចដឹកនាំយើងទៅផ្ទះដោយសុវត្ថិភាព ។
មានពរជ័យដ៏អស្ចារ្យជាច្រើនក្នុងការមានព្យាការីសម័យទំនើប ។ ប្រធាន ហ្យូ ប៊ី ប្រោន ( ឆ្នាំ១៨៨៣–១៩៧៥ ) ដែលជាអតីតទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ បានប្រាប់ពីការពិភាក្សាមួយដែលលោកមានជាមួយសមាជិកសភាអង់គ្លេសដែលពីមុនធ្លាប់ធ្វើជាចៅក្រម ។ បុរសម្នាក់នេះបាននិយាយថា គាត់គិតថាព្រះមិនបានមានបន្ទូលជាមួយមនុស្សនៅលើផែនដីតាំងពីសតវត្សរ៍ទីមួយមកម្ល៉េះ ហើយប្រធាន ប្រោន បានឆ្លើយតបដោយការពន្យល់ទៅកាន់គាត់អំពីយ៉ូសែប ស្ម៊ីធ និងការស្ដារឡើងវិញ ។
ប្រធាន ប្រោន បានរំឭកឡើងវិញ ថា« លោកចៅក្រមបានអង្គុយស្តាប់ដោយយកចិត្តទុកដាក់ » ។ « គាត់បានសួរសំណួរចំៗ និងសំណួរត្រិះរិះមួយចំនួន ហើយនៅចុងបញ្ចប់នៃបទសម្ភាសន៍ នោះគាត់បានមានប្រសាសន៍ថា ‹ លោក ប្រោន ខ្ញុំឆ្ងល់ថា តើសមាជិករបស់លោកមានអំណរគុណចំពោះការនាំមកនូវសារលិខិតរបស់លោកដែរឬទេ ? តើលោក ? … ប្រសិនបើអ្វីដែលលោកបានប្រាប់ខ្ញុំគឺជាការពិត នោះវាគឺជាសារលិខិតដ៏អស្ចារ្យបំផុតដែលបានបញ្ជូនមកផែនដីចាប់តាំងពីពេលដែលទេវតាបានប្រកាសពីកំណើតរបស់ព្រះគ្រីស្ទ › » ។
ព្រះហៅព្យាការីទាំងឡាយ ពីព្រោះទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ ។ តាមរយៈអ្នកបម្រើ និងព្យាការីទាំងឡាយរបស់ទ្រង់ នោះទ្រង់បានបើកសម្តែងពីផែនការនៃសេចក្តីសង្គ្រោះ និងផែនការនៃសុភមង្គលរបស់ទ្រង់ដើម្បីដឹកនាំបុត្រាបុត្រីរបស់ទ្រង់ ។ ព្រះអម្ចាស់បានបើកសម្តែងដល់ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈនូវរឿងទាំងឡាយដែលអ្នកដទៃមើលមិនឃើញ ។ ពួកលោកគឺជាអ្នកចាំយាមនៅលើប៉ម ( សូមមើល អេសេគាល ៣៣:១–៧ ) ដែលអាចមើលឃើញពីចម្ងាយ និងបន្លឺសំឡេងព្រមានដល់អស់អ្នកទាំងឡាយណាដែលនឹងស្តាប់ ជាញឹកញាប់ជាច្រើនឆ្នាំពីមុន ។ ពួកលោកមានគុណប្រយោជន៍មួយដែលយើងមិនមាន ពីព្រោះពួកលោកអាចទាក់ទងជាមួយនឹងព្រះក្នុងនាមជាអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ទ្រង់ ។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងទាំងអស់គ្នាទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅអំពីព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈបច្ចុប្បន្នរបស់យើង ។
ទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ
វាកាន់តែពិបាកក្នុងការយល់ច្បាស់ពីអ្វីដែលជាការពិតនៅក្នុងពិភពលោករបស់យើងសព្វថ្ងៃនេះ ។ មានសំឡេងជាច្រើនដែលមកពីគ្រប់ទិសទីដូចជា—Instagram, TikTok, Facebook, X, podcasts ព័ត៌មានខ្សែកាប ជាដើម ។ ហើយឥឡូវនេះជាមួយនឹង បញ្ញាសិប្បនិម្មិត ឬ AI វាកាន់តែពិបាកក្នុងការស្វែងយល់ថា អ្វីដែលពិត និងអ្វីដែលមិនពិត—ឬសូម្បីតែអ្វីជាការពិត ! វីដេអូក្លែងក្លាយបោកប្រាស់អាចធ្វើឲ្យវាមើលទៅហាក់ដូចជានរណាម្នាក់បាននិយាយ ឬធ្វើអ្វីដែលពួកគេមិនបានធ្វើ ។ វានឹងពិបាកខ្លាំងណាស់ក្នុងការបែងចែកការពិតចេញពីការមិនពិតនៅប៉ុន្មានឆ្នាំខាងមុខ ។
ក្នុងអំឡុងសន្និសីទដំបូងរបស់លោកក្នុងនាមជាប្រធានសាសនាចក្រនៅក្នុង ខែមេសា ឆ្នាំ២០១៨ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖
ខ្ញុំមានភាពសុទិដ្ឋិនិយមចំពោះអនាគត… ។ ប៉ុន្តែមិនមែនខ្ញុំក៏មិនដឹងអ្វីអំពីអនាគតដែរ ។ យើងរស់នៅក្នុងពិភពលោកមួយដែលស្មុគស្មាញ និងកាន់តែចម្រូងចម្រាស ។ លទ្ធភាពដ៏ខ្ជាប់ខ្ជួននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងវដ្ដសារព័ត៌មាន ២៤ ម៉ោង ធ្វើឲ្យយើងថប់បារម្ភជាមួយនឹងសារលិខិតឥតឈប់ឈរ ។ បើយើងសង្ឃឹមចង់ស្វែងរកអ្វីមួយចេញពីទស្សនជាច្រើន និងទស្សនវិជ្ជារបស់មនុស្សដែលវាយប្រហារដល់សេចក្ដីពិត នោះយើងត្រូវតែរៀនទទួលវិវរណៈ ។
« ព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសលោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ នឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតរបស់ទ្រង់មួយចំនួន នៅចន្លោះពេលនេះរហូតដល់ពេលទ្រង់យាងមកម្ដងទៀត ។ យើងនឹងឃើញការបង្ហាញដ៏អស្ចារ្យថា ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ធ្វើជាអធិបតីលើសាសនាចក្រនេះដោយភាពរុងរឿង និងសិរីល្អ ។ ប៉ុន្តែនៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាការណែនាំ ការដឹកនាំ និងការលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ ។
« … ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។ … សូមជ្រើសធ្វើកិច្ចការខាងវិញ្ញាណដែលបានតម្រូវឲ្យធ្វើ ដើម្បីរីករាយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយស្ដាប់ឮព្រះសូរសៀងនៃព្រះវិញ្ញាណឲ្យបានញឹកញាប់ ហើយកាន់តែច្បាស់ ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ក្នុង អេម៉ុស ៣:៧ យើងអានថា « ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកទ្រង់សម្តែង ឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង » ។ ពេលដែលសំឡេងនៃពិភពលោកកាន់តែឮខ្លាំងឡើងៗ ហើយគួរឲ្យជឿជាក់ នោះយើងម្នាក់ៗត្រូវការដើម្បីអាចឮសំឡេងស្ងប់ស្ងាត់នៃព្រះវិញ្ញាណឲ្យកាន់តែញឹកញាប់ និងច្បាស់ ដើម្បីយើងស្តាប់ឮ និងធ្វើតាមការដឹកនាំរបស់ព្រះអម្ចាស់តាមរយៈពួកព្យាការីដែលនៅរស់ ។
ព្រះស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ទ្រង់
ទាំងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរមរមន យើងអានថា ព្រះនៅតែដដែលទោះពីថ្ងៃម្សិលថ្ងៃនេះ និងរហូតតទៅ ( សូមមើល ហេព្រើរ ១៣:៨; មរមន ៩:៩ ) ។ ព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់នៅក្នុងសម័យរបស់យើង ច្រើនដូចជាទ្រង់បានស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់នៅក្នុងសម័យពីបុរាណផងដែរ ហើយដោយសារតែទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ នោះអ្វីដែលទ្រង់ធ្វើសម័យនេះក៏ដូចជាអ្វីដែលទ្រង់បានធ្វើកាលពីសម័យមុនផងដែរ ។ ទ្រង់គូសស្លាកសញ្ញានៅលើចម្ការគ្រាប់មីននៃជីវិតរមែងស្លាប់ដោយព្រះបញ្ញត្តិទាំងឡាយដើម្បីការពារយើងឲ្យនៅលើផ្លូវដ៏មានសុវត្ថិភាព ព្យាការីទាំងឡាយបន្លឺសំឡេងព្រមាន នៅពេលពួកលោកមើលឃើញគ្រោះថ្នាក់នៅខាងមុខ និងសេចក្ដីសញ្ញាបព្វជិតភាពដែលភ្ជាប់យើងឲ្យកាន់តែមានសុវត្ថិភាពជាមួយនឹងព្រះ ។
ពេលដែលយើងដាក់សេចក្តីជំនឿរបស់យើងនៅលើព្រះអង្គសង្គ្រោះ និងទុកចិត្តលើទ្រង់ នោះទ្រង់នឹងដឹកនាំយើងទៅផ្ទះវិញប្រកបដោយសុវត្ថិភាពតាមរយៈការខ្សឹបនៃព្រះវិញ្ញាណបរិសុទ្ធ តាមរយៈបទគម្ពីរពីបុរាណ និងសម័យទំនើប តាមរយៈសំឡេងរបស់ព្យាការីទាំងឡាយ អ្នកមើលឆុត និង អ្នកទទួលវិវរណៈសម័យទំនើប និងតាមរយៈទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយនឹងទ្រង់ និងព្រះវរបិតាសួគ៌របស់យើងដែលអាចធ្វើទៅបានតាមរយៈពិធីបរិសុទ្ធ និងសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
គ្មានកន្លែងណាផ្សេងទៀតដែលសម្បូរទៅដោយការណែនាំ និងការដឹកនាំ សុវត្ថិភាព និងការការពារ និងការធូរស្បើយ ការលួងលោម និងក្តីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ ជាងនៅទីនេះនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់នោះឡើយ ។