« ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។
ពួកបរិសុទ្ធនៅគ្រប់ដែនដី
ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ
នាងបានចាកចេញពីផ្ទះរបស់នាង ធ្វើដំណើរឆ្លងកាត់មហាសមុទ្រ ដើម្បីផ្សព្វផ្សាយដំណឹងល្អដែលបានស្តារឡើងវិញ ហើយបានស្លាប់នៅអាយុ២៦ឆ្នាំ នាងស្មោះត្រង់ចំពោះសេចក្តីសញ្ញារបស់នាង ។
អិមម៉ា ភឺសែល ( ជួរទីមួយ ) និងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតនៅក្នុងបេសកកម្មសាម័រ ខែតុលា ឆ្នាំ១៩០២
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩០១ អិមម៉ា ភឺសែល អាយុ១៧ឆ្នាំ ទទួលបានកាហៅឲ្យទៅបម្រើបេសកកម្មទៅកាន់ប្រទេសសាម័រ ។ នាងបានសរសេរនៅក្នុងសំបុត្រមួយផ្ញើទៅប្រធាន ឡូរែនសូ ស្នូ « ខ្ញុំសូមធានាចំពោះប្រធានថា ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសម្ថភាពបន្ថែមទៀតនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ » ។ នាងបានសន្យាបន្ថែមទៀតថា « ខ្ញុំនឹងរីករាយនៅក្នុងការការពារគោលការណ៍នៃដំណឹងល្អជានិច្ច នៅគ្រប់ពេល និងគ្រប់ទីកន្លែងដែលមានឱកាស » ។
ខណៈដែលនាងបានរៀបចំដើម្បីបម្រើ អិមម៉ាមិនដឹងថាមានអ្វីនឹងកើតឡើងនោះទេ ។ នាងគឺជាមនុស្សពិសេសនៅក្នុងចំណោមមិត្តអ្នកផ្សព្វផ្សាយសាសនាសរបស់នាង ។ សាសនាចក្រទើបតែចាប់ផ្តើមហៅស្ត្រីនៅលីវឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងកាលពីបីឆ្នាំមុន ។ ហើយរហូតមកដល់ពេលនេះ នាងគឺជាអ្នកផ្សព្វផ្សាយសាសនាក្មេងជាងគេដែលត្រូវបានហៅ ។
នាងក៏នឹងក្លាយជាស្ត្រីសាម័រដំបូងគេដែលបម្រើបេសកកម្មពេញម៉ោងផងដែរ ។ ទោះបីជានាងរស់នៅក្នុងទីក្រុង សលត៍ លេក តែនាងបានកើតនៅ ម៉ាឡេឡា ដែលជាភូមិមួយនៅចុងភាគខាងកើតនៃកោះយូបូលូ នៃប្រទេសសាម័រ ។ នៅពេលអាយុ១២ឆ្នាំ នាងបានចាកចេញពីផ្ទះ និងគ្រួសាររបស់នាង ដើម្បីទៅរៀននៅរដ្ឋយូថាហ៍ ដែលមានចម្ងាយ ៥០០០ ម៉ាយល៍ ( ៨០៧៤ គីឡូម៉ែត្រ ) ។
គំនិតក្នុងការវិលត្រឡប់ទៅប្រទេសសាម័រវិញបន្ទាប់ពីប្រាំឆ្នាំមានទាំងការរំភើប និងការភ័យខ្លាចផងសម្រាប់អិមម៉ា ។ ដើម្បីរៀបចំខ្លួនឯងខាងវិញ្ញាណ នាងបានទទួលអំណោយទានពិសិដ្ឋរបស់នាងនៅក្នុងព្រះវិហារបរិសុទ្ធសលត៍ លេក ។ ដូចពួកអ្នកផ្សព្វផ្សាយសាសនាសព្វថ្ងៃនេះផងដែរ នាងបានធ្វើសេចក្តីសញ្ញដ៏ពិសិដ្ឋជាមួយនឹងព្រះ ហើយបានទទួលការសន្យាថា នឹងទទួលបានពរជ័យតាមរយៈភាពស្មោះត្រង់របស់នាង ។
ដូច្នោះហើយដូចដំណើររឿងរបស់នាងបានបង្ហាញ នាងបានធ្វើកិច្ចការអស់ពីសមត្ថភាពរបស់នាង ដើម្បីរក្សាសេចក្តីសញ្ញាទាំងនោះនៅពេលដែលនាងបម្រើព្រះអម្ចាស់ ។
មកពី យូបូលូ ទៅកាន់ រដ្ឋយូថាហ៍—ហើយត្រឡប់មកវិញ
អិមម៉ាកើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៨៨៣ ជាកូនទីប្រាំពីររបស់ វីឡាមូ និងម៉ាតាហ្វា ភឺសែល ។ គ្រួសាររបស់នាងគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជនជាតិអឺរ៉ុបកាត់អាស៊ី ( កាត់អឺរ៉ុប កាត់ប៉ូលីណេសៀន ) ជាច្រើនគ្រួសារនៅក្នុង និងជុំវិញ ម៉ាឡេឡា ។ ម្តាយរបស់នាងមកពីកោះ សាវៃអ៊ី ដែលនៅភាគខាងជើង និងភាគខាងលិចនៃ យូប៉ូលូ ។ ឪពុករបស់នាងគឺជាកូនប្រុសរបស់ជនជាតិអង់គ្លេស ដែលបានមកប្រទេសសាម័រនៅប្រហែលឆ្នាំ១៨៣៤ រៀបការជាមួយស្ត្រីជនជាតិសាម័រ ហើយបានតាំងទីលំនៅនៅឯ ម៉ាឡេឡា ។
អិមម៉ា ប្រហែលជារៀនអំពីដំណឹងល្អដែលបានស្តារឡើងវិញដំបូងគេខណៈពេលកំពុងរស់នៅជាមួយចន និង ណាណាវី រ៉ូសិនគ្វីស ដែលជាគូស្វាមីភរិយាពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានស្រឡាញ់នាងដូចជាកូនស្រីចិញ្ចឹម ។ នាងបានទទួលពិធីបុណ្យជ្រមុជទឹកនៅអាយុ១២ឆ្នាំ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៨៩៥ ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលបានចូលរួមពិធីនេះបានធ្វើទីបន្ទាល់អំពីអារម្មណ៍ពីព្រះវិញ្ញាណដ៏មានឥទ្ធិពលនៅក្នុងពិធីបុណ្យជ្រមុជទឹកនេះ ។
ប៉ុន្មានខែក្រោយមក ចន ដ័បបុលយូ ប៊េក ប្រធានបេសកកម្មប្រទេសសាម័រ បានទទួលការអនុម័តមកពីគណៈប្រធានទីមួយ ដើម្បីបញ្ជូន អិមម៉ា និងកុមារជនជាតិសាម័រផ្សេងទៀតទៅរដ្ឋ យូថាហ៍ ដើម្បីសិក្សា ។ នាងបានចាកចេញពី អាប៉ៃ កំពង់ផែធំរបស់ យូប៊ូលូ ជាមួយប្រធាន ប៊េក និងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៨៩៦ ។ ទោះបីជាឪពុកម្តាយបង្កើតរបស់នាងយល់ព្រមឲ្យនាងចាកចេញទៅក៏ដោយ ក៏ពួកលោកបានស្រក់ទឹកភ្នែកនៅពេលពួកគេនិយាយលាគ្នា ។
អិមម៉ា ចំណាយពេលអស់ជិតបីសប្តាហ៍ដើម្បីធ្វើដំណើរដោយនាវាចំហាយទឹក និងផ្លូវរថភ្លើងទៅកាន់ទីក្រុង សលត៍ លេក ។ ទីក្រុងនេះធំជាងភូមិរបស់នាងនៅលើកោះយូបូលូ ហើយនាងមានអារម្មណ៍ភ្ញាក់ផ្អើលដោយសារផ្លូវដ៏មមាញឹក និងសំឡេងដែលមិនធ្លាប់ស្គាល់ ។ នៅគ្រានោះ រដ្ឋយូថាហ៍មានអ្នករស់នៅជាជនជាតិប៉ូលីណេសៀនតិចតួចណាស់ ។ រាល់ថ្ងៃភាគច្រើន នាងមិនឃើញមាននរណាម្នាក់ដែលមើលទៅដូចនាងនោះទេ ។
នៅក្នុងរដ្ឋយូថាហ៍ អិមម៉ា រស់នៅក្នុងទីក្រុងសលត៍ លេក វួដទីដប់បី ទទួលបានការអប់រំល្អនៅសាលារៀនដែលគ្រប់គ្រងដោយសាសនាចក្រ និងរក្សាទំនាក់ទំនងជាមួយពួកអ្នកផ្សព្វផ្សាយសាសនាដែលបានវិលត្រឡប់មកពីបេសកកម្មនៅសាម័រ ។ ដំបូងឡើយ ប៊ីស្សពរបស់នាងបានស្គាល់សក្តានុពលរបស់នាង ហើយបានណែនាំនាងឲ្យរៀបចំខ្លួនដើម្បីបម្រើបេសកកម្មទៅកាន់ស្រុកកំណើតរបស់នាង ។
អិមម៉ា បានស្តាប់តាមពាក្យរបស់គាត់ ហើយនៅពេលដែលការហៅមកដល់នៅដើមឆ្នាំ១៩០១ នាងបានត្រៀមខ្លួនរួចជាស្រេចហើយ ។
ការបម្រើនៅ ម៉ាឡេឡា
អិមម៉ា បានត្រឡប់ទៅ យូបូលូ នៅ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩០១ ដោយ ក្តីរីករាយដែលបានឃើញឪពុករបស់នាងកំពុងរង់ចាំនាងនៅឯកំពង់ផែ ។ ក្នុងអំឡុងពេលនាងមិននៅជាច្រើនឆ្នាំ អិមម៉ាមិនអាចនិយាយភាសាសាម័រដូចពីមុនទេ ។ ប៉ុន្តែនៅពេលដែលនាងត្រូវបានអញ្ជើញឲ្យពោលពាក្យអធិស្ឋានបិទនៅក្នុងការប្រជុំមួយ នោះព្រះវិញ្ញាណបានបំផុសគំនិតនាង ហើយនាងបានពោលពាក្យអធិស្ឋាននោះនៅក្នុងភាសាដើមកំណើតរបស់នាង ។
អិមម៉ា ត្រូវបានចាត់តាំងឲ្យបម្រើនៅ ម៉ាឡេឡា ដែលជាប្រទេសកំណើតរបស់នាង ជាកន្លែងដែលសាសនាចក្របានបង្កើតសាលារៀនមួយតាំងពីឆ្នាំ១៨៩៦ ។ នាងទទួលខុសត្រូវក្នុងការបង្រៀនសិស្សស្រីៗ ។ នាងក៏បានដឹកនាំអង្គភាពយុវនារីម៉្ញូឆលសាខាម៉ាឡេឡាផងដែរ ។ នៅថ្ងៃអាទិត្យ និងពេញមួយសប្តាហ៍ នាងនឹងផ្សព្វផ្សាយសាសនា និងបង្រៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ។
ដំបូងឡើយ គ្រួសាររបស់អិមម៉ាមួយចំនួនដែលនៅលើកោះនោះបានប្រឆាំងនឹងកិច្ចការរបស់នាង ហើយបានជំរុញឲ្យនាងចាកចេញពីសាសនាចក្រ ។ បើយោងតាមប្រធានបេសកកម្ម វីល្លាម ជី សៀ ទោះជាយ៉ាងណាក៏ដោយ « នាងបានការពារសកម្មភាពនៃការបម្រើបេសកកម្មរបស់នាង » និងបានប្តេជ្ញាចិត្តរក្សាសេចក្តីសញ្ញារបស់នាង ទោះបីជាមានការប្រឆាំងយ៉ាងណាក៏ដោយ ។
នាងក៏មានសមត្ថភាពដូចជាពួកអ្នកផ្សព្វផ្សាយសាសនាដទៃទៀតផងដែរ ។ មានពេលមួយ អ៊ែលឌើរពីរនាក់បានលេចសើចជាមួយនាង ដោយប្តូរទឹកដូងធម្មជាតិរបស់នាងជាមួយនឹងទឹកធម្មតានៅពេលអាហារពេលព្រឹក ។ រឿងកំប្លែងនេះធ្វើឲ្យ អិមម៉ា « ខកចិត្ត » ប៉ុន្តែនាងបានសងទៅអែលឌើរនោះដោយយកសាច់ដូងរោយអំបិលជំនួសស្ករទៅឲ្យវិញ ។
ដោយទុករឿងលេងសើចមួយឡែក ពួកអ្នកផ្សព្វផ្សាយសាសនាមានការគោរពយ៉ាងខ្លាំងចំពោះ « ស៊ីស្ទើរ ភឺសែល » ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់បានសង្កេតឃើញថា នាង « ពោរពេញទៅដោយស្មារតីនៃការបំពេញតួនាទី និងកាតព្វកិច្ចជាអ្នកផ្សព្វផ្សាយសាសនារបស់នាង » ។ អែលឌើរម្នាក់ទៀតបានសរសេរដោយមានអំណរគុណរចំពោះសេចក្តីសប្បុរសរបស់នាង ។ នៅពេលដែល អិមម៉ា បានទុកចេកមួយចំនួននៅតាមបណ្តោយផ្លូវ ដើម្បីឲ្យគាត់ និងដៃគូរបស់គាត់មានអ្វីញ៉ាំនៅពេលធ្វើដំណើរ ។
កំណត់ត្រាបង្ហាញថា នាងបានផ្សព្វផ្សាយអំពីសិទ្ធិអំណាចបព្វជិតភាព ព្រះគម្ពីរមរមន និងប្រធានបទដំណឹងល្អផ្សេងទៀត ។ បន្ទាប់ពីបានស្តាប់ អិមម៉ា ផ្សព្វផ្សាយអំពីជីវិត និងបេសកកម្មរបស់ យ៉ូសែប ស្មីធ អ្នកផ្សព្វផ្សាយសាសនាម្នាក់បានសរសេរថា « ខ្ញុំរីករាយនឹងសុន្ទរកថារបស់នាងខ្លាំងណាស់ ហើយសោកស្តាយនៅពេលដែលនាងឈប់និយាយ » ។
គួរឲ្យសោកស្តាយណាស់ អិមម៉ា បានឆ្លងជំងឺហើមដៃហើមជើងនៅពេលជិតចប់បេសកកម្មរបស់នាង ហើយបានទទួលការដោះលែងមុនពេលកំណត់ ។ នៅពេលដែលស្ត្រី និងក្មេងស្រីៗនៅសាលារៀនបានដឹងថានាងនឹងត្រឡប់ទៅរដ្ឋយូថាហ៍វិញ ពួកគេបានយំ ។ សាខាម៉ាឡេឡាបានរៀបចំការប្រជុំលាគ្នាមួយសម្រាប់នាង ដោយផ្តល់ឱកាសចុងក្រោយឲ្យនាងដើម្បីផ្សព្វផ្សាយ ។ នៅក្នុងរបាយការណ៍ប្រជុំបញ្ជាក់ថា នាង « បាននិយាយដោយម៉ឺងម៉ាត់ » « និងបានដាស់តឿនមនុស្សទាំងអស់ឲ្យស្មោះត្រង់ទៅនឹងដំណឹងល្អ » ។
កេរដំណែលនៃការលះបង់
អិមម៉ា ខ្លួននាងផ្ទាល់នៅតែជាបន្តពិតចំពោះដំណឹងល្អ—និងសេចក្តីសញ្ញារបស់នាង—ពេញមួយជីវិតរបស់នាង ។ នៅក្នុងរដ្ឋយូថាហ៍ នាងបានបន្តការសិក្សារបស់នាង បានចូលរួមក្នុងសហគមន៍ប៉ូលីណេសៀននៅក្នុងរដ្ឋនេះ និងប្រឹក្សាយោបល់លើទំនុកតម្កើងនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដំបូងគេនៅក្នុងប្រទេសសាម័រ ។ នៅពេលមួយ នាងក៏បានជួបជាមួយពួកបរិសុទ្ធសាសន៍ហាវៃម្នាក់ឈ្មោះ ហេនរី កាហាលេម៉ាណូ ផងដែរ ។ ពួកគាត់បានរៀបការនៅព្រះវិហារបរិសុទ្ធសលត៍ លេក នៅ ថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩០៧ ។
បីឆ្នាំក្រោយមក អិមម៉ា បានទទួលមរណភាពនៅអាយុ២៦ឆ្នាំ ហើយត្រូវបានបញ្ចុះនៅឯ អ៊ីសាប៉ា ដែលជាកន្លែងតាំងទីលំនៅរបស់ពួកបរិសុទ្ធប៉ូលីណេសៀនមានចម្ងាយ ៦០ ម៉ាយល៍ ( ៩៧ គីឡូម៉ែត្រ ) ភាគខាងលិចនៃទីក្រុង សតលេកល៍ ។ ទោះបីជាជីវិតរបស់នាងមានរយៈពេលខ្លីក៏ដោយ ការលះបង់របស់នាងចំពោះដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នៅតែជាគំរូដ៏មានឥទ្ធិពលសម្រាប់ពួកបរិសុទ្ធនៅជុំវិញពិភពលោកផងដែរ ជាពិសេសសម្រាប់យុវនារីដែលឆ្លើយតបទៅនឹងការហៅឲ្យបម្រើសព្វថ្ងៃនេះ ។