« អ្នកទទួលនិស្ស័យនៃព្រះ » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។
អ្នកទទួលនិស្ស័យនៃព្រះ
( ពេត្រុស ទី២ ១:៤ )
ចំណេះដឹងអំពីផែនការនៃសេចក្តីសង្គ្រោះ ផ្តល់នូវទស្សនៈដ៏មានតម្លៃ ពង្រឹងសេចក្តីអំណររបស់យើង និងពង្រឹងយើងឲ្យយកឈ្នះលើឧបសគ្គ និងទុក្ខលំបាកទាំងឡាយរបស់យើង ។
Christ Calls Two Disciples [ ព្រះគ្រីស្ទហៅសិស្សពីរនាក់ ] ដោយ ហ្គារី អ៊ី ស្ម៊ីធ
សាវកពេត្រុសរំឭកយើងថា សម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ « ព្រះចេស្តានៃព្រះបានផ្តល់ឲ្យយើងរាល់គ្នា មានគ្រប់ របស់ទាំងអស់ ខាងឯជីវិត និងសេចក្តីគោរពប្រតិបត្តិដល់ព្រះ ដោយយើងបានស្គាល់ព្រះអង្គដែលទ្រង់ហៅយើងរាល់គ្នាមក ដោយសារសិរីល្អ និងសគុណរបស់ទ្រង់ ៖
« ដែលដោយសារសេចក្តីទាំងនោះ ទ្រង់បានប្រទានសេចក្តីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ » ( ពេត្រុស ទី២ ១:៣–៤ បានបន្ថែមការគូសបញ្ជាក់ ) ។
ផែនការរបស់ព្រះវរបិតាសួគ៌ពិពណ៌នាអំពីសេចក្តីពិត និងការសន្យាដ៏អស្ចារ្យ និងដ៏មានតម្លៃដែលកំណត់អត្តសញ្ញាណ និងគោលបំណងដ៏អស់កល្បជានិច្ចរបស់យើង ។
ដូចដែលបានពន្យល់នៅក្នុង ៖ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ៖
« មនុស្សទាំងអស់—ទាំងប្រុសទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ មនុស្សម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់មាតាបិតាសួគ៌ ដូច្នេះហើយ មនុស្សម្នាក់ៗមាននិស្ស័យ និងវាសនាដ៏មានទេវភាព ។ …
« នៅជីវិតមុនផែនដី បុត្រានិងបុត្រីខាងវិញ្ញាណទាំងឡាយបានស្គាល់ ហើយបានថ្វាយបង្គំព្រះជាព្រះវរបិតាដ៍នៅអស់កល្បជានិច្ចរបស់ពួកគេ ហើយបានទទួលផែនការរបស់ទ្រង់ ដែលនាំឲ្យកូនចៅទាំងឡាយ អាចទទួលរូបកាយ ហើយនឹងទទួលបទពិសោធន៍នៅលើផែនដី ដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ ហើយនៅទីបញ្ចប់នឹងដឹងពីគោលបំណងដ៍ទេវភាពរបស់ពួកគេ ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក » ។
ព្រះវរបិតាសួគ៌សន្យាដល់បុត្រាបុត្រីរបស់ទ្រង់ថា ប្រសិនបើពួកគេធ្វើតាមគោលការណ៍នៃផែនការរបស់ទ្រង់ និងគំរូរបស់ព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ គោរពតាមព្រះបញ្ញត្តិ និងស៊ូទ្រាំក្នុងសេចក្តីជំនឿរហូតដល់ទីបញ្ចប់ នោះពួកគេ « នឹងមានជីវិតអស់កល្បជានិច្ច ដែលជាអំណោយដ៏អស្ចារ្យបំផុតក្នុងចំណោមអំណោយទាំងអស់របស់ព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៧ ) ។
កិច្ចការរបស់ព្រះត្រូវបានផ្តោតលើការរីកចម្រើន និងការលើកតម្កើងដល់បុត្រាបុត្រីរបស់ទ្រង់ ។ គ្រប់ទិដ្ឋភាពទាំងអស់នៃផែនការរបស់ទ្រង់ ត្រូវបានរចនាឡើងដើម្បីប្រទានពរដល់បុត្រា និងបុត្រីរបស់ទ្រង់ ពីព្រោះ « តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រ [ របស់ទ្រង់ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ) ។
ផែនការដ៏មហិមារបស់ព្រះវរបិតា
នៅក្នុងក្រុមប្រឹក្សាមុនជីវិតលើផែនដី ព្រះវរបិតាសួគ៌បានបង្ហាញដល់បុត្រាបុត្រីវិញ្ញាណរបស់ទ្រង់ នូវផែនការរបស់ទ្រង់សម្រាប់ការរីកចម្រើនដ៏អស់កល្បជានិច្ច និងសុភមង្គលរបស់ពួកគេ ។
« យើងនឹងធ្វើផែនដី ដើម្បីឲ្យពួកគេទាំងនេះអាចរស់នៅលើ
« យើងនឹងសាកល្បងពួកគេមើល បើសិនជាពួកគេនឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេនឹងបញ្ជាដល់ពួកគេ ។
« ហើយអស់អ្នកណាដែលរក្សាសណ្ឋានទីមួយរបស់ខ្លួន នោះនឹងត្រូវបានបន្ថែមឡើង ហើយអស់អ្នកណាដែលមិនរក្សាសណ្ឋានទីមួយរបស់ខ្លួនទេ នោះនឹងពុំបានសិរីល្អនៅក្នុងនគរជាមួយគ្នានឹងអស់អ្នកណា ដែលរក្សាសណ្ឋានទីមួយរបស់គេនោះឡើយ ហើយអស់អ្នកណាដែលរក្សាសណ្ឋានទីពីររបស់ខ្លួន នោះនឹងបានសិរីល្អបន្ថែមទៅលើក្បាលគេជារៀងដរាបរហូតតទៅ ។
« ហើយព្រះវរបិតាមានបន្ទូលថា « តើយើងនឹងចាត់អ្នកណា ? ហើយម្នាក់ដូចជាកូនមនុស្សបានឆ្លើយថា ៖ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ ។ ហើយម្នាក់ទៀតបានឆ្លើយហើយនិយាយថា ៖ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ ។ ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា ៖ យើងនឹងចាត់អ្នកទីមួយ។
« ហើយអ្នកទីពីរក៏ខឹង ហើយពុំបានរក្សាសណ្ឋានទីមួយរបស់ខ្លួនឡើយ ហើយនៅថ្ងៃនោះ មានមនុស្សជាច្រើនបានដើរតាមគាត់ » ( អ័ប្រាហាំ ៣:២៤–២៨ ) ។
សូមកត់ចំណាំថា មានតែផែនការមួយប៉ុណ្ណោះត្រូវបានបង្ហាញនៅក្នុងក្រុមប្រឹក្សាជីវិតមុនផែនដីនេះ—ផែនការរបស់ព្រះវរបិតា ។ ព្រះវរបិតាសួគ៌របស់យើងមិនបានដាក់សំណួរថា « តើយើងត្រូវធ្វើអ្វី ? » ទ្រង់មិនបានស្វែងរកការដាក់បញ្ចូល ការស្នើសុំអនុសាសន៍ ឬការស្នើសុំឡើយ ។ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញចំណុចជាមូលដ្ឋានគ្រឹះនៃផែនការរបស់ទ្រង់ និងបានសួរថា « តើយើងនឹងចាត់អ្នកណា ? » ខ្លឹមសារសំខាន់នៃសំណួររបស់ទ្រង់បានផ្តោតទៅលើអ្នកដែលគួរតែត្រូវបានបញ្ជូនទៅ ដើម្បីប្រតិបត្តិតាមលក្ខខណ្ឌនៃផែនការរបស់ទ្រង់ ។
ផលវិបាកនៃការបះបោររបស់មារសត្រូវក៏ត្រូវបានពិពណ៌នានៅក្នុងបទគម្ពីរផងដែរ ។
« ហេតុដូច្នោះហើយ មកពីសាតាំងបានបះបោរទាស់នឹងយើង ហើយបានខំរកបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ដែលយើង … បានប្រទានដល់មនុស្ស ហើយក៏មកពីវាបានចង់ឲ្យយើងប្រទានដល់វានូវព្រះចេស្ដារបស់យើងផ្ទាល់ … នោះយើងបានបណ្ដាលឲ្យវាត្រូវបណ្ដេញចុះ
« ហើយវាក្លាយទៅជាសាតាំង … មែនហើយ គឺជាអារក្សជាបិតានៃអស់ទាំងការកុហកដើម្បីបញ្ឆោត ហើយដើម្បីធ្វើឲ្យមនុស្សខ្វាក់ ហើយដើម្បីដឹកពួកគេយកទៅជាឈ្លើយតាមចិត្តរបស់វា គឺមនុស្សជាច្រើនណាដែលមិនព្រមស្តាប់តាមសំឡេងរបស់យើងនោះហើយ » ( ម៉ូសេ ៤:៤ បានបន្ថែមការគូសបញ្ជាក់ ) ។
លូស៊ីហ្វើរ មិនបានបង្ហាញផែនការមួយដែលត្រូវបានបោះឆ្នោតបដិសេធដោយអ្នកចូលរួមភាគច្រើនក្នុងក្រុមប្រឹក្សាជីវិតមុនផែនដី ។ វាមិនមែនជាបុគ្គលដែលត្រូវអាណិតអាសូរ ជាអ្នកដែលបានចាញ់ការបោះឆ្នោតនោះទេ ។ វាបានបះបោរ ! អំនួត ភាពក្រអឺតក្រទម និងអាត្មានិយម បានជំរុញការបះបោររបស់វាឲ្យប្រឆាំងនឹងផែនការរបស់ព្រះវរបិតា ។
ផែនការរបស់ព្រះវរបិតា និងដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ
ផែនការនេះពិពណ៌នាអំពីកិច្ចការរបស់ព្រះវរបិតា និងព្រះរាជបុត្រាដែលធ្វើឲ្យមានពរជ័យនៃជីវិតដ៏អស់កល្បដល់មនុស្សទាំងអស់ ។
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបង្កើតជាមាគា៍ដែលយើងអាចទទួលបានពរជ័យដែលបានសន្យានៅក្នុងផែនការរបស់ព្រះ សូម្បីតែគោលលទ្ធិ គោលការណ៍ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដែលបុរស និងស្ត្រីត្រូវតែជឿ និងអនុវត្តតាម ។ « ហើយប្រាកដដូចជាព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះជន្មរស់នៅ គឺគ្មាននាមណាទៀតនៅក្រោមមេឃនេះ ក្រៅពីព្រះយេស៊ូវគ្រីស្ទ … ដែលមនុស្សអាចបានសង្គ្រោះនោះឡើយ » ( នីហ្វៃទី ២ ២៥:២០ ) ។ ពិតណាស់ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺជា « ផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាម [ ទ្រង់ ] នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ( យ៉ូហាន ១៤:៦ ) ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖
« ផែនការតម្រូវឲ្យមានការបង្កបង្កើត ហើយថាជំនួសមកវិញវាត្រូវការទាំងការធ្លាក់ និងដង្វាយធួន ។ ទាំងនេះគឺជាធាតុជាមូលដ្ឋានបីនៃផែនការ ។ ការបង្កើតពិភពស្ថានសួគ៌មួយបានកើតចេញមកពីព្រះ ។ ជីវិតរមែងស្លាប់ និងការស្លាប់បានចូលមកក្នុងពិភពលោកតាមរយៈការធ្លាក់របស់លោកអ័ដាម [ សូមមើល នីហ្វៃទី ២ ២:២៥; ម៉ូសេ ៦:៤៨ ] ។ ភាពអមតៈ និងលទ្ធភាពនៃជីវិតអស់កល្បជានិច្ចត្រូវបានផ្ដល់ឲ្យតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ [ សូមមើល នីហ្វៃទី ២ ២:២១–២៨ ] ។ …
« … យើងមកផែនដីក្នុងរយៈពេលខ្លី ស៊ូទ្រាំនឹងការសាក និងការសាកល្បងរបស់យើង ហើយរៀបចំដើម្បីឆ្ពោះទៅមុខ និងទៅរកការយាងត្រឡប់មកវិញដ៏រុងរឿង [ សូមមើល ទំនុកដំកើង ១១៦:១៥; អាលម៉ា ៤២:៨ ] ។ គំនិត និងទង្វើរបស់យើង ខណៈពេល [ នៅក្នុងជីវិតរមែងស្លាប់ ] នឹងកាន់តែមានគោលបំណងច្រើនឡើង ប្រសិនបើយើងយល់ពីផែនការរបស់ព្រះ ហើយមានអំណរគុណ និងស្តាប់តាមព្រះបញ្ញត្តិរបស់ទ្រង់ » [ សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:២០–២១ ]» ។
ចំណងជើងនៃផែនការនៅក្នុងព្រះគម្ពីរមរមន
យើងរៀនសេចក្តីពិតសំខាន់ៗតាមរយៈការកំណត់អត្តសញ្ញាណ និងសិក្សាចំណងជើងផ្សេងៗគ្នាជាច្រើនសម្រាប់ផែនការរបស់ព្រះវរបិតានៅក្នុងព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ សូមពិចារណាគំរូចំណងជើងដែលបានជ្រើសរើសដូចខាងក្រោម ៖
« ផែនការនៃការប្រោសប្រណីរបស់ព្រះបង្កបង្កើតដ៏ធំ » ( នីហ្វៃ ទី ២ ៩:៦ ) ។
« ផែនការនៃព្រះរបស់យើង » ( នីហ្វៃទី ២ ៩:១៣ ) ។
« ផែនការនៃសេចក្តីសង្គ្រោះ » ( យ៉ារ៉ុម ១:២; អាលម៉ា ២៤:១៤ ) ។
« ផែនការនៃសេចក្តីប្រោសលោះ » ( អាលម៉ា ១២:២៥, ២៦, ៣០, ៣២, ៣៣; ៤២:១១, ១៣ ) ។
« ផែនការនៃការស្តារឡើងវិញ » ( អាលម៉ា ៤១:២ ) ។
« ផែនការនៃសុភមង្គល » ( អាលម៉ា ៤២:១៦ ) ។
« ផែនការនៃសេចក្ដីមេត្តាករុណាដ៏មហិមា » ( អាលម៉ា ៤២:៣១ ) ។
ចំណងជើងនីមួយៗទាំងនេះជួយឲ្យយើងយល់កាន់តែច្បាស់អំពីការសន្យាដ៏មានតម្លៃនៃផែនការរបស់ព្រះវរបិតា និងពង្រឹងទស្សនៈរបស់យើងអំពីគោលបំណង និងអត្ថន័យនៃជីវិតរមែងស្លាប់របស់យើង ។
គួរឲ្យកត់សម្គាល់ ចំណងជើងដែលប្រើញឹកញាប់បំផុតសម្រាប់ផែនការរបស់ព្រះនៅក្នុងព្រះគម្ពីរមរមន គឺផ្តោតទៅលើការប្រោសលោះដែលអាចធ្វើទៅបានតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
អាល់ម៉ាបានប្រកាសថា « ប្រសិនបើគ្មានផែនការនៃសេចក្ដីប្រោសលោះ ដែលបានរៀបចំឡើងចាប់តាំងពីកំណើតលោកិយមកទេ នោះដំណើររស់ឡើងវិញនៃមនុស្សស្លាប់ក៏គ្មានដែរ ប៉ុន្តែមានផែនការនៃសេចក្ដីប្រោសលោះមួយបានរៀបចំឡើង ដែលនឹងបណ្ដាលឲ្យមានដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ដែលបាននិយាយមកនោះ » ( អាលម៉ា ១២:២៥ ) ។
អាលម៉ាក៏បានព្រមានដាស់តឿនផងដែរថា « ចាប់ផ្ដើមជឿដល់ព្រះរាជបុត្រានៃព្រះចុះ ថាទ្រង់នឹងយាងមកប្រោសលោះរាស្ត្រទ្រង់ ហើយថាទ្រង់នឹងរងទុក្ខ ហើយសុគត ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយរបស់ពួកគេ ហើយថាទ្រង់នឹងមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដែលនឹងនាំមកនូវដំណើររស់ឡើងវិញ ថាមនុស្សទាំងអស់នឹងឈរនៅចំពោះទ្រង់ ដើម្បីទទួលការជំនុំជម្រះ នៅថ្ងៃចុងក្រោយបង្អស់ ហើយជាថ្ងៃជំនុំជម្រះ ស្របតាមកិច្ចការទាំងឡាយរបស់គេ » ( អាលម៉ា៣៣:២២ ) ។
ផ្លូវត្រូវបានរៀបចំឡើង
ព្រលឹងរបស់យើងគួរតែរីករាយជាមួយនឹងការដឹងគុណនៅពេលដែលយើងពិចារណាពីផែនការនៃសេចក្តីសង្រ្គោះ សេចក្តីប្រោសលោះ ការស្តារឡើងវិញ សេចក្ដីមេត្តាករុណាដ៏មហិមា និងនៃសុភមង្គលដ៏អស្ចារ្យរបស់ព្រះ ។ ចំណេះដឹងអំពីផែនការរបស់ទ្រង់ផ្តល់នូវទស្សនៈដ៏មានតម្លៃ ពង្រឹងសេចក្តីអំណររបស់យើង និងពង្រឹងយើងឲ្យយកឈ្នះលើឧបសគ្គ និងទុក្ខលំបាកទាំងឡាយរបស់យើង ។
ព្រះវរបិតាសួគ៌ប្រាថ្នាចង់ឲ្យយើងត្រឡប់ទៅផ្ទះទៅរកទ្រង់វិញ ។ ទ្រង់អញ្ជើញ និងសន្យាពរជ័យជាច្រើន ប៉ុន្តែទ្រង់នឹងមិនបង្ខិតបង្ខំ ឬបង្ខាំងការអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌ដែលទ្រង់បានប្រទានដល់យើងឡើយ ។ យើងត្រូវតែធ្វើសកម្មភាព និងជ្រើសរើសវិលត្រឡប់ទៅរកទ្រង់វិញ ដោយធ្វើតាមគំរូរបស់ព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ។
His Hand Is Stretched Out Still [ ព្រះហស្តរបស់ទ្រង់នៅតែលូកមកទៀត ] ដោយ អេលីហ្សាប៊ែត ថេយើរ
«ផ្លូវ ត្រូវបានរៀបចំឡើង ហើយបើសិនជាយើងក្រឡេកមើល នោះយើងអាចរស់នៅរហូតតទៅ » ( អាលម៉ា ៣៧:៤៦ បានបន្ថែមការគូសបញ្ជាក់ ) ។
ខ្ញុំធ្វើជាសាក្សីដោយរីករាយថា ព្រះវរបិតាសួគ៌គឺជាអ្នកនិពន្ធនៃផែនការដ៏ទេវភាពនេះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ ហើយក្នុងនាមជាសាវកថ្ងៃចុងក្រោយរបស់ព្រះអម្ចាស់ម្នាក់ ខ្ញុំសូមធ្វើជាសាក្សីថា ទ្រង់ពិតជា ផ្លូវ ជាសេចក្តីពិត និងជាជីវិត » ( យ៉ូហាន ១៤:៦ បានបន្ថែមការគូសបញ្ជាក់ ) ។