លីអាហូណា
ការអធិស្ឋាន​នៅក្នុង​ចិត្ត​របស់​ខ្ញុំ
លីអាហូណា ខែមករា ឆ្នាំ២០២


« ការអធិស្ឋាន​នៅក្នុង​ចិត្ត​របស់​ខ្ញុំ » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការអធិស្ឋាន​នៅក្នុង​ចិត្ត​របស់​ខ្ញុំ

ដំបូន្មាន​ប្រចាំថ្ងៃ​របស់​ម្តាយ​ខ្ញុំ​អំពី​ការអធិស្ឋាន បាន​ធ្វើឲ្យ​មាន​ភាពផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នៅក្នុង​ជីវិត​របស់ខ្ញុំ ។

រូបភាព​របស់​ស្ត្រីម្នាក់​កំពុង​ថើប​កូនប្រុស​របស់​គាត់

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

នៅពេល​ខ្ញុំ​ចូលរៀន​នៅ​សាលា​បឋមសិក្សា ម្តាយ​របស់ខ្ញុំ​តែងតែ​ប្រគល់​អាហារ​ថ្ងៃត្រង់​ឲ្យ​ខ្ញុំ ថើប​ថ្ងាស​របស់​ខ្ញុំ ហើយ​និយាយ​ថា « ធ្វើ​អោយ​អស់ពី​សមត្ថភាព​ថ្ងៃនេះ ហើយ​កុំ​ភ្លេច​រក្សា​ការអធិស្ឋាន​នៅក្នុង​ចិត្ត​របស់​កូន » ។ គាត់​បាន​និយាយ​ដូចគ្នា​នេះ​ជារៀង​រាល់ព្រឹក​រហូត ខ្ញុំ​រៀន​ដល់​ថ្នាក់​វិទ្យាល័យ ។

ជាការពិត​ណាស់ « រក្សា​ការអធិស្ឋាន​នៅក្នុង​ចិត្ត​របស់​អ្នក » គឺជា​រឿង​ចុងក្រោយ​គេ​ដែល​គាត់​បាន​និយាយ​មកកាន់​ខ្ញុំ នៅពេល​ដែល​ខ្ញុំ​កំពុង​ឡើង​យន្តហោះ​ចាកចេញ​ទៅ​បេសកកម្ម​ពីរឆ្នាំ​របស់ខ្ញុំ​ទៅកាន់​រដ្ឋ​ផ្លរីដា ។ ខ្ញុំ​ស៊ាំនឹង​ឮ​ពាក្យ​នោះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​បាន​គិត​ច្រើន​ពី​ពាក្យ​ទាំង​នោះ​ទេ​នៅពេល​ធំ​ឡើង ។ ខ្ញុំ​គិតថា វា​គ្រាន់តែ​ជាអ្វី​ដែល​ជំនាន់​របស់​គាត់​តែងតែ​និយាយ ដូចជា​ឃ្លា​ដែល​គេ​និយាយ​ថា « សូម​មាន​ថ្ងៃ​ដ៏ល្អ » ពេល​គេ​លាគ្នា​ជាដើម ។

ក្នុង​នាមជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ខ្ញុំ​បាន​រៀន​និយាយ​ភាសា​អេស្ប៉ាញ​ខ្លះៗ ពេល​កំពុង​បម្រើ​នៅ​ទីក្រុង​ម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋ​អាមេរិក ។ ខ្ញុំ​បាន​ស្គាល់​មិត្តភក្តិ​ថ្មី​របស់យើង​ជាច្រើន​មកពី​ប្រទេស​គុយបា និង​ព័រតូរីកូ គឺ​ដូច​ម្តាយ​របស់​ខ្ញុំ​ដែរ ។ គ្រួសារ​នីមួយៗ​ដែល​យើង​បាន​ទៅ​លេង បាន​ជូន​ដំណើរ​យើង​ជាមួយនឹង​ការជូនពរ​គួរឲ្យ​ស្រឡាញ់​ស្រដៀងគ្នា ៖ « Vaya con Dios » ( សូម​ព្រះ​គង់​ជាមួយ ) ។

នៅពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​យល់​ពីអ្វី​ដែល​ម្តាយ​របស់​ខ្ញុំ​ចង់​មាន​ន័យ​នោះ​ ខ្ញុំ​បាន​ចាប់ផ្តើម​ស្វែងរក​វីធិ​ផ្សេងៗ​ដើម្បី​រក្សា​ការ​អធិស្ឋាន​យ៉ាង​ពិត​ប្រាកដ​ក្នុង​ចិត្ត​របស់​ខ្ញុំ ។ នៅពេល​ខ្ញុំ​បាន​ធ្វើ​ដូច្នេះ ​នោះ​ការដឹង​គុណ​របស់​ខ្ញុំ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បាន​កើន​ឡើង ។ ខ្ញុំ​បាន​ដក​ពិសោធនូវ​ការស៊ូទ្រាំ​បន្ថែម​ទៀត​ក្នុង​គ្រា​នៃ​ការសាកល្បង និង​ការលំបាក ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សេចក្តី​ស្រឡាញ់​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ឪពុកម្តាយ​របស់​ខ្ញុំ និង​ការកោតសរសើរ​ចំពោះ​ការលះបង់​ដែល​ពួកគាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ។

ថ្ងៃមួយ ខ្ញុំ​បាន​អាន​អំពី​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​សាសន៍​នីហ្វៃ​បន្ទាប់ពី​ការរស់​ឡើងវិញ​របស់​ទ្រង់ ។ នៅ​ថ្ងៃទី​ពីរ​នៃ​ការយាងមក​របស់​ទ្រង់ « នោះ​ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​អធិស្ឋាន។ » ។ នៅពេល​ពួកគេ​បាន​អធិស្ឋាន ព្រះអង្គ​សង្គ្រោះ​ក៏​បាន​អធិស្ឋាន​ផងដែរ ដោយ​មាន​បន្ទូល​ពាក្យ​ដ៏ « មហិមា ហើយ​អស្ចារ្យ​ណាស់ » ។ នៅពេល​ដែល​ទ្រង់​​បញ្ចប់ នោះ​ទ្រង់​បាន​បញ្ជា​ហ្វូង​មនុស្ស « ថា​ពួក​គេ​មិន​ត្រូវ​ឈប់​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​របស់​គេ​ឡើយ » ( នីហ្វៃទី ៣ ១៩:១៧, ៣៤; ២០:១ ) ។

វិធី​មួយ​ដើម្បី​ធ្វើ​ដូច្នោះ គឺ​ឲ្យ​គិត​អំពី​ការអធិស្ឋាន​ប្រៀប​ដូចជា​ស៊ុម​រូបភាព​មួយ​ដែល​នៅជុំវិញ​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង ។ ក្របខ័ណ្ឌ​នៃ​ការអធិស្ឋាន​នោះ រួម​ជាមួយនឹង​សេចក្តី​ស្រឡាញ់ និង​ការដឹង​គុណ ជួយ​យើង​ផ្តោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​រក្សា​សេចក្តីសញ្ញា​របស់​យើង ។

ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ការប្រឹក្សា​ប្រចាំថ្ងៃ​របស់​ម្តាយ​ខ្ញុំ ឲ្យ « មិន​ត្រូវ​ឈប់​អធិស្ឋាន » នៅក្នុង​ចិត្ត​របស់​ខ្ញុំ​ឡើយ ។ វា​បាន​ធ្វើ​ឲ្យ​មាន​ភាពផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។