លីអាហូណា
កាល​​អំពើ​បាប​បង្ក​នូវ​ភាពវឹកវរ នោះ​ព្រះគ្រីស្ទ​នាំមក​នូវ​ភាពសុខសាន្ត​វិញ
លីអាហូណា ខែមករា ឆ្នាំ២០២


« កាល​អំពើ​បាប​បង្ក​នូវ​ភាពវឹកវរ នោះ​ព្រះគ្រីស្ទ​នាំមក​នូវ​ភាពសុខសាន្ត » លីអាហូណា ខែមករា ឆ្នាំ២០២៦ ។

មកពី យុវមជ្ឈិមវ័យ ប្រចាំ​សប្តាហ៍

កាល​​អំពើ​បាប​បង្ក​នូវភាពវឹកវរ នោះ ព្រះគ្រីស្ទ នាំមក​នូវ​ភាពសុខសាន្ត

សូម្បីតែ​នៅ​ក្នុង​ភាពវឹកវរ​នៃ​ជីវិត ព្រះគ្រីស្ទ​អាច​នាំមក​នូវ​ពន្លឺ របៀប​រៀបរយ និង​ភាពសុខសាន្ត​ដល់​ព្រលឹង​របស់​បងប្អូន​បាន ។

រូបភាព​បុរស​ម្នាក់​កំពុង​មើល​កាំរស្មី​ព្រះអាទិត្យ​ចាំងឆ្លុះ​ដុំពពក

រចនា​រូបភាព​ដោយ ខេត ប៊ីច

តើ​ជីវិត​ធ្លាប់​មាន​អារម្មណ៍​ថា​វឹកវរ … បន្តិចឬ​ទេ ?

ការមាន​អារម្មណ៍​វឹកវរ​គឺជា​អ្វីមួយ​ដែល​យើង​ទាំងអស់គ្នា​ជួប​ប្រទះ​នៅពេល​ណាមួយ ។ ភាពស្មុគស្មាញ​របស់​ពិភពលោក​នេះ​ធ្វើឲ្យ​វា​ងាយស្រួល​ក្នុង​ការភ្លេច​ថា យើង​គឺជា​វិញ្ញាណ​ដែល​មាន​បទពិសោធន៍​នៃ​ជីវិត​រមែងស្លាប់—ជាអ្វី​ដែល​យើង​មិន​ធ្លាប់​ធ្វើ​ពីមុន​មក ។

អំណោយទាន​អព្ភូតហេតុ​ពីរ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យដល់​យើង គឺ​រូបកាយ និង​សិទ្ធិ​ជ្រើសរើស ។ អំណោយទាន​ទាំងនោះ​អនុញ្ញាត​ឲ្យ​យើង​មាន​អារម្មណ៍ បំណង​ប្រាថ្នា និង​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួនឯង ។ ដោយ​តាម​ធម្មជាតិ រឿងខ្លះ​អាច​មាន​អារម្មណ៍​ថា​រញ៉េរញ៉ៃ ឬ​មិន​ប្រាកដប្រជា ដោយសារ​តែ​ជម្រើស​របស់​មនុស្ស​ខាងសាច់ឈាម​អាច​ងាយ​នឹង​ធ្វើ ។

យើង​ទាំងអស់​គ្នា​ធ្វើ​កំហុស ។ ប៉ុន្តែ​នៅពេល​យើង​ពុះពារ​ជាមួយនឹង​អំពើបាប ឬ​ទម្លាប់​ដែល​យើង​ហាក់បី​ដូចជា​មិន​អាច​យក​ឈ្នះ​បាន ទោះបី​ជា​យើង​ព្យាយាម​ដើម្បី​ផ្លាស់ប្តូរ​យ៉ាងណា វា​ងាយស្រួល​ក្នុង​ការមាន​អារម្មណ៍​ច្របូកច្របល់​ណាស់ ។ ​ផ្នែក​ម្ខាង​នៃវិញ្ញាណ​របស់យើង​ទាញ​ឆ្ពោះ​ទៅកាន់​ស្ថានសួគ៌ ហើយ​ផ្នែក​ម្ខាង​ទៀត​នៃជីវិត​រមែងស្លាប់​ទាញ​យើង​ឆ្ពោះ​ទៅកាន់​លោកិយ នោះ​ក្នុង​ចិត្តអាច​មាន​អារម្មណ៍​ថា​ដូចជា​ទាញទៅ​ទាញមក​ឥតឈប់ឈរ ។

មិន​ថា​យើង​ខិតខំ​ពុះពារ​ជាមួយ​បញ្ហា​រឿង​ដូចជា ការនិយាយ​ដើម​គេ កំហឹង ការវិនិច្ឆ័យ​គេ​មិន​ត្រឹមត្រូវ ការលេង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើនពេក ការមើល​រូប​អាសអាភាស ឬ​អ្វីៗ​ផ្សេងទៀត​នោះទេ មារសត្រូវ​នឹង​ធ្វើឲ្យ​មាន​ភាពអាម៉ាស់ ភាពអស់​សង្ឃឹម​កើនឡើង​យ៉ាងឆាប់ ហើយ​ទីបំផុត​​ឈាន​ទៅរក​ភាពវឹកវរ​ខាងវិញ្ញាណ ។

សំណាងល្អ​សម្រាប់​យើង ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​ដឹង​ពីរបៀប​ដោះស្រាយ​ភាពវឹកវរ ។

ការស្វែងរក​ពន្លឺ​របស់​ទ្រង់​គឺជា​ជំហាន​ដំបូងគេ

ក្នុង​អំឡុងពេល​ការបង្កបង្កើត—ការចាប់ផ្តើម​នៃ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ស្គាល់—ពិភពលោក​ត្រូវបាន​ពិពណ៌នា​ថា​ស្ថិត​នៅក្នុង​ស្ថានភាព​វឹកវរ មិនមាន​ការរៀបចំ ៖ « ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក » ( លោកុប្បត្តិ ១:២ ) ។ ភាព​វឹកវរ និង​ភាពងងឹត​ដ៏​អស់សង្ឃឹម​នេះ​រំឭក​ពីរបៀប​ដែល​មារសត្រូវ​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍បែបនោះ​នៅពេល​យើង​មាន​បាប ឬ​ធ្វើ​ការជ្រើសរើស​ដែល​ប្រឆាំងនឹង​តម្លៃ​របស់​យើង ។ មារសត្រូវ​ចូលចិត្ត​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ជាប់ជំពាក់ ហើយ​ជាញឹកញាប់​លើកទឹកចិត្ត​យើង​ឲ្យ​លាក់ខ្លួន ។

ប៉ុន្តែ​ដូច​ស៊ីស្ទើរ ថាម៉ារ៉ា ដបុលយូ រូនៀ ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ក្រុម​យុវនារី​ទូទៅ បាន​បង្រៀន « ព្រះ​យេស៊ូវគ្រីស្ទ​ប្រទាន​ពន្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​នៅក្នុង​ភាពងងឹត ។ ដូច្នេះ នៅ​ថ្ងៃ​ទាំងនោះ នៅពេល​បងប្អូន​ទទួល​អារម្មណ៍​ពី​សំឡេង​នោះ​ប្រាប់​បងប្អូន​ឲ្យ​ពួន ថា​បងប្អូន គួរតែ ពួន​នៅក្នុង​បន្ទប់​ងងឹត​នៅ​តែ​ម្នាក់​ឯង នោះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មាន​សេចក្តី​ក្លាហាន ហើយ​ជឿ​លើ​ព្រះគ្រីស្ទ ! ដើរ​ទៅ ហើយ​បើក​ភ្លើង—ជា​ពន្លឺ​ដ៏​ឥតខ្ចោះ​នៃ​សេចក្តី​សង្ឃឹម » ។

នៅក្រោម​ការដឹកនាំ​របស់​ព្រះ ក្នុង​អំឡុងពេល​ការបង្ក​បង្កើត រឿង​ដំបូងគេ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដើម្បី​បំបាត់​ភាពងងឹត​នៃ​ភាពវឹកវរ គឺ​នាំមក​នូវ​ពន្លឺ ( សូមមើល លោកុប្បត្តិ ១:៣; ម៉ូសេ ២:២–៥ ) ។ ចេញពី​ទីនោះ​ ទ្រង់​បាន​យាង​បន្ត​រៀបចំ​គ្រប់​ផ្នែក​ដែល​វឹកវរ​ចាប់តាំងពី​ស្ថានសួគ៌​ដ៏​ធំ​រហូតដល់​សំណាប​តូចៗ​បំផុត ។

ប្រសិនបើ​ទ្រង់​អាច​នាំមក​នូវ​សណ្តាប់ធ្នាប់​ដល់​សកលលោក​នេះ សូម​ស្រមៃមើល តើ​អ្វី​ដែល​អាច​កើតឡើង​នៅពេល​ដែល​បងប្អូន​បែរ​ទៅរកព្រះរាជបុត្រា​របស់​ទ្រង់​សម្រាប់​ព្រះចេស្តា​នៃ​ការព្យាបាល និង​ការប្រោសលោះ​ជារៀង​រាល់ថ្ងៃ​នោះ ។ នៅពេល​បងប្អូន​មាន​អារម្មណ៍​ថា​មាន​បន្ទុក​ដោយសារ​បញ្ហា​របស់​បងប្អូន និង​ភាពងងឹត​នៃ​ពិភពលោក​នេះ ការឈោង​ទៅរក​ពន្លឺ​របស់​ព្រះគ្រីស្ទ គឺជា​ជំហាន​ដំបូងគេ​ឆ្ពោះ​ទៅរក​ភាពសុខសាន្ត និង​អង្គការ​ដ៏ទេវភាព ។

បន្ទាប់មក សូម​ចងចាំ​ថា​បងប្អូន​គឺ​ជា​នរណា

ក្រោយពី​ស្ថានសួគ៌ និង​ផែនដី​ត្រូវ​បាន​រៀបចំ និង​ធ្វើឲ្យ​មាន​សោភ័ណភាព​ហើយ នោះ​ព្រះវរបិតាសួគ៌​បាន​រៀបចំ​ផ្លូវ​សម្រាប់​បុត្រាបុត្រី​ខាងវិញ្ញាណ​របស់​ទ្រង់​ឲ្យ​មក​កាន់​ផែនដី និង​ទទួល​បាន​​រូបកាយ ។ ប៉ុន្តែ​ក្នុង​អំឡុងពេល​របស់​យើង​នៅលើ​ផែនដី​នេះ មារសត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​យើង​ភ្លេចថា​យើង​គឺជា​នរណា ។

យើង​អាច​មើល​ឃើញ​ការខិតខំ​របស់​វា​ក្នុង​ការបំបែរ​យើង​ចេញពី​អត្តសញ្ញាណ​ដ៏ទេវភាព​របស់​យើង នៅពេល​ដែល​ព្រះ​មាន​បន្ទូល​ទៅ​កាន់​ព្យាការី​ម៉ូសេ ហើយ​ចែកចាយ​ចំណេះដឹង​នេះ​ជាមួយ​លោក ។ នៅក្នុង ម៉ូសេ ១ ព្រះ​មាន​បន្ទូល​ទៅកាន់​​ម៉ូសេ​ដោយ​ហៅឈ្មោះ ហើយ​ហៅ​លោក​ម្តងហើយ​ម្តងទៀត​ថាជា​បុត្រា​របស់​ទ្រង់ ។

ប៉ុន្តែ​ភ្លាមៗ នៅពេល​ដែល​ព្រះ​យាង​ចាកចេញ​ទៅ នោះ​សាតាំង​បង្ហាញ​ខ្លួន ហើយ​ហៅ​ម៉ូសេ​ថាជា « កូន​មនុស្ស » ( ម៉ូសេ ១:១២ ) ល្បួង​លោក​ឲ្យ​ភ្លេចថា​លោក​ជានរណា​ឲ្យ​ពិតប្រាកដ ។

សាតាំង​ចង់​ឲ្យ​យើង​ភ្លេច​ថា តើ​ខ្លួនយើង​ជា​នរណា ។ វា​បង្កើត​ការសង្ស័យ​ទៅលើ​សមត្ថភាព​របស់យើង​ក្នុង​ការផ្លាស់ប្តូរ ។ វា​ចង់​ឲ្យ​យើង​ជឿថា យើង​ជា​មនុស្ស​ធម្មតា ដែល​មិន​អាច​ផ្លាស់ប្តូរ​បាន ហើយ​នឹង​នៅ​ដូច្នោះ​ជានិច្ច ។

ប៉ុន្តែ​អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ រំឮក​យើងថា « បងប្អូន​អាច​មក​រក​ព្រះគ្រីស្ទ​ដោយ​ទំនុកចិត្ត​លើ​សេចក្តី​សប្បុរស​របស់​ទ្រង់ ហើយ​ទទួល​អំណោយ​ទាំងអស់​នៃ​អំណរ សេចក្តី​សុខសាន្ត ក្តីសង្ឃឹម ពន្លឺ សេចក្តីពិត វិវរណៈ ចំណេះដឹង និង​ប្រាជ្ញា ។ … បងប្អូន​ជា​បុត្រី​ជា​ទីស្រឡាញ់​របស់​ព្រះ បងប្អូន​គឺជា​បុត្រា​ជាទី​ស្រឡាញ់​របស់​ព្រះ ហើយ​ទ្រង់​បាន​ប្រទាន​អំណោយ​ដល់​បងប្អូន​នូវ​ព្រះរាជបុត្រា​ដ៏​វិសុទ្ធ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ដើម្បី​ប្រោសលោះ​បងប្អូន រាប់​ជា​សុចរិត និង​ញែក​បងប្អូន​ជា​បរិសុទ្ធ ។

សាតាំង​ពុំដែល​មាន​សេចក្តី​ប្រោសលោះ​នោះទេ ។ ហើយ​នៅពេល​យើង​ពឹងផ្អែក​ទៅលើ​អត្តសញ្ញាណ​ខាងវិញ្ញាណ​របស់យើង នោះ​យើង​អាច​និយាយ​បាន ដូច​ដែល​ម៉ូសេ​បាន​និយាយថា ៖

« តើ​អ្នក​ជា​នរណា ? ដ្បិត​មើល​ចុះ ខ្ញុំ​ជា​បុត្រា [ ឬ បុត្រី ]​ នៃ​ព្រះ​នៅ​ក្នុង​រូប​ដូច​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ។ …

« នែ៎​សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ចូរ​កុំ​បញ្ឆោត​ខ្ញុំ​អី ព្រោះ​ព្រះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អ្នក​មាន​រូប​ដូច​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង » ( ម៉ូសេ ១:១៣, ១៦ )

ប្រសិនបើ​ជីវិត​មាន​ភាពវឹកវរ ចូរ​ផ្អាក​បន្តិច ។ ចូរ​ចងចាំ​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន ។ ចូរ​ឲ្យ​សេចក្ដី​ពិត​នោះ​ដែលថា បងប្អូន​គឺជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ ទាញ​បងប្អូន​ទៅកាន់​ស្ថានសួគ៌ ។ ចូរ​បែរ​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទ្រង់​អាច​ជួយ​បងប្អូន​ស្តារ​សណ្តាប់ធ្នាប់​ដល់​ព្រលឹង​របស់​បងប្អូន​វិញ ។

ជាចុងក្រោយ ចូរ​អនុញ្ញាត​ឲ្យ​ព្រះគ្រីស្ទ​បង្វែរ​ភាពវឹកវរ​ឲ្យ​ទៅជា​ភាពសុខសាន្ត

នៅពេល​លោក​អ័ដាម និង​នាង​អេវ៉ា បាន​ចាកចេញ​ពី​សួនច្បារ​អេដែន​ហើយ នោះ​ភាពសាមញ្ញ​ដែល​ពួកលោក​តែងតែ​ស្គាល់​នៅទីនោះ​ត្រូវបាន​ជំនួស​ដោយ​ពិភព​មួយ​ដ៏ឯកោ និង​គួរឲ្យ​ភ័យខ្លាច ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​បាន​សន្យាថា ពួកលោក​អាច​មាន​ភាពសុខសាន្ត ដោយសាតែ​ទ្រង់​បាន​រៀបចំ​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដើម្បី​ប្រោសលោះ​ពួកលោក​ពី​អំពើបាប និង​ទុក្ខព្រួយ​ទាំងឡាយ​របស់​ពួកលោក ( សូមមើល ម៉ូសេ ៥:៧–១០ ) ។

នៅពេល​បងប្អូន​មាន​អារម្មណ៍​ធុញថប់​ដោយសារ​ជីវិត​រមែងស្លាប់ សូម​ចងចាំ​ពី​សេចក្តីពិត​នេះ ៖ ព្រះវរបិតាសួគ៌​បាន​ជ្រាប​ដឹងថា​យើង​នឹង​ប្រឈមមុខ​នឹង​ការល្បួង ធ្វើ​ខុស និង​មាន​បាប​នៅក្នុង​ការធ្វើ​ដំណើរ​ត្រឡប់​ទៅផ្ទះ​ទៅរក​ទ្រង់​វិញ—នោះ​គឺជា​ផ្នែក​ទាំងអស់​នៃ​ផែនការ​នេះ ។

តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ព្រះវរបិតាសួគ៌​តែងតែ​អាច​ជួយ​យើង​ច្រានចោល​អំណាច​នៃ​ភាពងងឹត​នៅក្នុង​ជីវិត ហើយ​ជំនួស​ដោយ​ពន្លឺ​វិញ​បាន ។ មិន​ថា​យើង​មាន​ភាពវឹកវរ​ប៉ុន្មាន​ដង​នោះទេ ដោយសារតែ​ព្រះអង្គសង្រ្គោះ​របស់​យើង នោះ​យើង​អាចប្តូរ​ភាពវឹកវរ​ទៅជា​ភាពសុខសាន្ត​នៅក្នុង​ព្រលឹង​របស់យើង​បាន​នៅពេល​ដែល​យើង​ប្រែចិត្ត ។

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ទីបន្ទាល់ ៖

[ ព្រះយេស៊ូវគ្រីស្ទ ]​នឹង​ពង្រឹង​បងប្អូន ។ ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន​នូវ​ភាពសុខសាន្ត សូម្បី​តែ​នៅ​កណ្តាល​ភាពវឹកវរ​ក្តី ។

« ព្រះយេស៊ូវគ្រីស្ទ​បាន​លើ កដាក់​លើ​អង្គទ្រង់​នូវ​អំពើ​បាប របស់​បងប្អូន ការឈឺចាប់ របស់​បងប្អូនការឈឺចិត្ត របស់​បងប្អូន និង​ជំងឺ របស់​បងប្អូន ។ បងប្អូន​មិន​ចាំបាច់​ទ្រាំទ្រ​តែ​ម្នាក់​ឯង​ឡើយ ! ទ្រង់​នឹង​អត់ទោស​ដល់​បងប្អូន នៅពេល​ដែល​បងប្អូន​ប្រែចិត្ត ។ ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន​នូវ​អ្វី​ដែល​បងប្អូន​ត្រូវការ ។ ទ្រង់​នឹង​ព្យាបាល​ព្រលឹង​ដែល​រងរបួស​របស់​បងប្អូន ។

រាល់​បញ្ហា​ដែល​បងប្អូន​អាច​ជួប នៅពេល​បងប្អូន​បែរ​ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទូលសុំ​ជំនួយ នោះ​ទ្រង់​ទាំងទ្វេ​តែងតែ​អាច​ស្ដារ​ឡើងវិញ​នូវ​អ្វី​ដែល​កំពុងរង្គោះរង្គើ ធ្វើឲ្យ​បងប្អូន​រួចពី​ភាពវឹកវរ​នៃ​អំពើ​បាប និង​ការល្បួង ហើយ​ធ្វើឲ្យ​ជីវិត​របស់​បងប្អូន​មាន​ភាពស្រស់ស្អាត​ជានិច្ច​បាន ។

ទ្រង់​ទាំងទ្វេ​បាន​ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត ។