ការ ប្រកាសអំពីក្រុមគ្រួសារ និង ប្អូន
ការប្រកាសអំពីក្រុមគ្រួសារមានអាយុកាល៣០ឆ្នាំហើយ គិតត្រឹមខែនេះ ។ ស្វែងយល់អំពីរបៀបដែលការប្រកាសនេះប្រទានពរដល់ក្រុមគ្រួសាររបស់ប្អូននៅសព្វថ្ងៃនេះ ។
រចនារូបភាពដោយ អ៊ីរ៉ាថេ ឡូប៉េស ដឺ ម៉ូណេន
រយៈពេល៣០ឆ្នាំគត់ ក្នុងខែកញ្ញា ឆ្នាំ១៩៩៥ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចេញនូវ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដោយប្រកាសថា « គ្រួសារជាផ្នែកដ៏សំខាន់មួយ នៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត សម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ។
ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ ដែលកាលនោះជាសាវក ។ លោកបានមានប្រសាសន៍ « ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការប្រកាសស្ដីពីក្រុមគ្រួសារគឺជាសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតអស់កល្ប ។ … បង្រៀនវា រស់នៅតាមវា ហើយអ្នកនឹងមានពរ » ។
ការប្រកាសអំពីក្រុមគ្រួសារបានផ្ដល់ពរដល់ក្រុមគ្រួសារនៅជុំវិញពិភពលោកអស់រយៈពេល៣០ឆ្នាំ—ហើយវានឹងបន្ដផ្ដល់ពរបែបនេះតទៅទៀត ។
គន្លឹះសម្រាប់ក្រុមគ្រួសារដែលរឹងមាំ និងរីករាយ
នៅក្នុងការប្រកាសអំពីក្រុមគ្រួសារ ព្យាការី និងសាវកថ្លែងទីបន្ទាល់ថា « សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាននៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។
ការបង្រៀនទាំងនេះរួមមាន « សេចក្ដីជំនឿ ការអធិស្ឋាន ការប្រែចិត្ដ ការអភ័យទោស ការគោរពគ្នា សេចក្ដីស្រឡាញ់ សេចក្ដីមេត្ដាករុណា ការងារ និងកម្មវិធីកម្សាន្ដល្អៗនានា » ។
ការប្រើប្រាស់ការបង្រៀនទាំងនេះអាចផ្ដល់ពរដល់គ្រួសាររបស់ប្អូននៅក្នុងរបៀបដ៏អស្ចារ្យជាច្រើន ។ ឧទាហរណ៍ ប្អូនអាច ៖
-
លើកទឹកចិត្ដឲ្យមានការអធិស្ឋានជាគ្រួសារ ។ ការអធិស្ឋាន ពិតជាជួយក្រុមគ្រួសារឲ្យកាន់តែមានភាពរឹងមាំ ។ ប្រសិនបើការអធិស្ឋានមិនមែនជាទម្លាប់នៅក្នុងគ្រួសាររបស់ប្អូនទេ សូមលើកទឹកចិត្ដពួកគេឲ្យសាកល្បងវា ។ ការអធិស្ឋានរួមគ្នាអាចនាំមកនូវសេចក្ដីសុខសាន្ដ សេចក្ដីស្រឡាញ់ និងភាពសុខដុមរមនា ។
-
បង្ហាញសេចក្តីស្រឡាញ់តាមរយៈពាក្យសម្ដី និងសកម្មភាព ។ សូមប្រាប់គ្រួសាររបស់ប្អូនឲ្យបានញឹកញាប់ថា ប្អូនស្រឡាញ់ពួកគេប៉ុនណា—ទោះបីប្អូនគិតថាពួកគេបានដឹងហើយក៏ដោយ ។ ប្រើប្រាស់ពាក្យពេចន៍ល្អៗ និងលើកទឹកចិត្ដ ការណ៍នេះនឹងយាងអញ្ជើញព្រះវិញ្ញាណឲ្យចូលមកក្នុងផ្ទះរបស់ប្អូន ។
ការបម្រើដល់គ្រួសាររបស់ប្អូនគឺជាវិធីដ៏ល្អមួយទៀតដើម្បីបង្ហាញសេចក្តីស្រឡាញ់ ។ ពិចារណាធ្វើកិច្ចការល្អៗសម្រាប់បងប្អូនរបស់ប្អូនដោយសម្ងាត់ ឬជួយការងារផ្ទះដោយមិនស្ម័គ្រចិត្ដ ។
-
ចំណាយពេលជាមួយគ្នា និងមានភាពសប្បាយរីករាយ ។ ការប្រកាសអំពីក្រុមគ្រួសារលើកឡើងពី « កម្មវិធីកម្សាន្ដល្អៗនានា » ថាជារបៀបមួយដើម្បីជួយក្រុមគ្រួសារឲ្យរឹងមាំ និងរីករាយ ។ ប្អូនអាចជិះកង់តាមសួន រៀបចំនិងញ៉ាំអាហារជុំគ្នា ឡើងភ្នំ ឬលេងកីឡា ឬល្បែង board games ជាមួយគ្នា ។ បញ្ជីនេះ អាចមានច្រើនទៀត ប៉ុន្ដែការចំណាយពេលជាមួយគ្នានឹងរំឭកប្អូនថាគ្រួសារគឺសំខាន់បំផុត ។
-
បម្រើជាមួយគ្នា ។ គ្រួសាររបស់ប្អូនអាចកាន់តែមានភាពជិតស្និទ្ធិតាមរយៈការបម្រើជាមួយគ្នា ។ នេះអាចជាការណ៍មួយដ៏សាមញ្ញដូចជា ការរៀបចំអាហារដ៏ឆ្ងាញ់សម្រាប់នរណាម្នាក់ដែលខ្វះខាត ឬការចូកព្រិលចេញពីផ្លូវបើកបររបស់អ្នកជិតខាង ។
ព្រះអង្គសង្គ្រោះអាចជួយដោះស្រាយការយល់ច្រឡំ និងបញ្ហានៅក្នុងក្រុមគ្រួសារតាមរយៈការប្រែចិត្ដ ការអភ័យទោស និងសេចក្ដីជំនឿ ។ នៅពេលដែលយើងធ្វើតាម និងពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ នោះសេចក្តីស្រឡាញ់ និងការគោរពដែលយើងមាននៅក្នុងគ្រួសាររបស់យើងនឹងកើនឡើង ។
មានវិធីជាច្រើនទៀតដើម្បីធ្វើឲ្យក្រុមគ្រួសាររឹងមាំ និងរីករាយ ហើយនាំគ្រួសារឲ្យមានភាពជិតស្និទ្ធនឹងគ្នា ។
តើមានអ្វីខ្លះទៀតដែលប្អូនអាចធ្វើបាន ?
សេចក្ដីពិតសម្រាប់ពេលនេះ និងជានិច្ចតទៅ
គ្មានគ្រួសារណាដែលល្អឥតខ្ចោះទេ ។ គ្រួសារខ្លះប្រឈមមុខនឹងបញ្ហាធំៗ ។ ប្អូនអាចនឹងក្រឡេកមើលស្ថានភាពគ្រួសាររបស់ប្អូន ហើយឆ្ងល់ថាតើការប្រកាសអំពីក្រុមគ្រួសារអាចផ្ដល់ពរដល់គ្រួសារបស់ប្អូនដោយរបៀបណា ។ ប៉ុន្ដែវាមានពោរពេញទៅដោយសេចក្ដីពិតដ៏អស់កល្បជានិច្ចដែល នឹងផ្ដល់ពរដល់គ្រួសាររបស់ប្អូន—មិនថាយ៉ាងណាក៏ដោយ ។