2025
នាង​មិនបាន​ដឹង​ថា​ខ្ញុំ​ត្រូវការ​ជំនួយ​នោះទេ
ដើម្បី​កម្លាំង​នៃ​យុវជន ខែកញ្ញា ឆ្នាំ២០២៥


នាង​មិនបាន​ដឹងថា ខ្ញុំ​ត្រូវការ​ជំនួយ​នោះទេ

នៅពេល​ដែល​ខ្ញុំ​កំពុង​ជួប​ទុក្ខលំបាក មិត្ដភក្ដិ​ម្នាក់​នៅក្នុង​ថ្នាក់សិក្ខាសាលា​បានធ្វើ​តាម​ការបំផុស​គំនិត ។

យុវនារី

រូបថត​ដោយ មេឡានី មីហ្សា

ខ្ញុំ​កំពុង​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​មួយចំនួន ។ ថ្ងៃមួយ​ខ្ញុំ​មាន​អារម្មណ៍​មិនស្រួល​ខ្លួន ហើយ​ខ្ញុំ​មិនចង់​ទៅ​ថ្នាក់​សិក្ខាសាលា​ឡើយ ។ ប៉ុន្ដែ​ខ្ញុំ​បានគិតថា « វា​ជា​ឆ្នាំ​ចុងក្រោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​គួរតែ​ទទួល​អត្ថប្រយោជន៍​ពី​ថ្នាក់​នោះ » ។

ដូច្នេះ​ខ្ញុំ​បានទៅ ហើយ​យើង​បាន​និយាយ​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​ស្គាល់​យើង​ម្នាក់ៗ​តាម​ឈ្មោះ ។ យើង​បាន​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១០ ៖ « តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ។ ខ្ញុំ​ចាប់ផ្ដើម​រំជួលចិត្ដ​កាល​ខ្ញុំ​គូស​សម្គាល់​លើ​ខ​នេះ ។ ពេល​ខ្ញុំ​រំជួលចិត្ដ ខ្ញុំ​យំ​ជា​ខ្លាំង ហើយ​ខ្ញុំ​មិនចង់​អាន​វា​ម្ដងទៀត​នៅក្នុង​ថ្នាក់​ឡើយ ។

ក្រោយមក​គ្រូបង្រៀន​បាន​សួរ​សំណួរ « តើ​អ្វី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​បំផុត ហើយ​ហេតុអ្វី ? » ខ្ញុំ​មិនចង់​និយាយ​នោះ​ទេ ប៉ុន្ដែ​មិត្ដភក្ដិ​ខ្ញុំ​ម្នាក់​បាន​លើកឡើង​ពី​ខគម្ពីរ​នោះ ។ នាង​បាន​ថ្លែងទីបន្ទាល់​របស់​នាង​ថា ព្រះ​នឹង​មិនចាកចោល​យើង​ឲ្យ​នៅ​ម្នាក់ឯង​ទេ ថា​ពេលខ្លះ​យើង​នឹង​ភ្លេច ប៉ុន្ដែ​ទ្រង់​ស្គាល់​យើង ហើយ​ទ្រង់​នឹង​គង់​នៅក្បែរ​យើង ។

នៅពេល​ខ្ញុំ​បាន​ឮ​បែប​នោះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌​កំពុង​មាន​ព្រះបន្ទូល​មកកាន់​ខ្ញុំ​តាមរយៈ​មិត្ដភក្ដិ​របស់​ខ្ញុំ ។ វា​ហាក់​ដូចជា​ទ្រង់​បាន​មាន​បន្ទូល​ថា « កុំ​បែរចេញ​ពី​យើង​ឡើយ—យើង​គង់នៅ​ទីនេះ » ។

បន្ទាប់មក​ខ្ញុំ​បាន​ទៅលុប​មុខ​ខ្ញុំ​ចេញ ហើយ​មិត្ដភក្ដិ​របស់​ខ្ញុំ​បាន​ដើរ​មករក​ខ្ញុំ ។ នាង​បាន​និយាយ​ថា « ខ្ញុំ​មិន​ចង់​ចែកចាយ​នោះទេ ប៉ុន្ដែ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ខ្ញុំ​ត្រូវ​ចែកចាយ ដោយសារ​វា​នឹង​ជួយ​ដល់​នរណា​ម្នាក់ ។ ខ្ញុំ​មិនបាន​ដឹង​ទេថា ម្នាក់​នោះ​គឺជា​ឯង » ។ ហើយ​ការណ៍​នោះ​បាន​បញ្ជាក់​ដល់​ខ្ញុំ​កាន់តែ​ច្បាស់​ថា ព្រះវរបិតាសួគ៌​ជ្រាបដឹង​ថា​ខ្ញុំ​ត្រូវការ​ជំនួយ ។

បន្ទាប់ពី​ថ្នាក់​សិក្ខាសាលា ខ្ញុំ​បាន​ត្រឡប់​ទៅផ្ទះ ហើយ​បាន​អធិស្ឋាន ។ ជាធម្មតា ខ្ញុំ​ថ្លែងអំណរគុណ ហើយ​ទូលសូម​អ្វីមួយ​ចំនួន ។ ប៉ុន្ដែ​ការអធិស្ឋាន​នោះ—ខ្ញុំគិត​ថា​វា​ជា​ការអធិស្ឋាន​ថ្លែងអំណរគុណ​ខ្លាំង​បំផុត​មួយ ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​នៅក្នុង​បន្ទប់​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌​បាន​គង់​នៅ​ជាមួយ​ខ្ញុំ ។

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង​សាកាឡាទីក ប្រទេស​ហ្គូតេម៉ាឡា ។