គិតដល់ព្រះយេស៊ូវគ្រីស្ទ ក្នុង ថ្ងៃដ៏រីករាយ ផងដែរ
នៅពេលដែលអ្វីៗកំពុងដំណើរការល្អ តើយើងអាចរក្សាការផ្តោតអារម្មណ៍លើព្រះអង្គសង្គ្រោះដោយរបៀបណា ? ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
សាកស្រមៃមើល ប្រសិនបើមិត្តភក្តិម្នាក់បានចំណាយពេលជាមួយប្អូនតែពេលដែលគេជួបការលំបាក ហើយគេចមុខពីប្អូនពេលដែលគេរីករាយ ។ ជាទំនាក់ទំនងដែលល្អឬទេ ? មិនមែននោះទេ ។
តើយើងធ្លាប់ធ្វើបែបនេះចំពោះព្រះអង្គសង្គ្រោះរបស់យើងឬទេ—ស្វែងរកទ្រង់ក្នុងពេលវេលាលំបាក ហើយបំភ្លេចទ្រង់ក្នុងពេលវេលាល្អឬ ?
យើងនិយាយច្រើនអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទជួយយើងឆ្លងកាត់គ្រាលំបាករបស់យើង ប្រហែលដោយសារមនុស្សគ្រប់គ្នាមានពេលមួយ ឬពេលផ្សេងៗទៀតដែលប្រឈមមុខនឹងការលំបាក ។
ប៉ុន្ដែមានថ្ងៃខ្លះ—សប្ដាហ៍ខ្លះ ឬសូម្បីឆ្នាំខ្លះ ប្រសិនបើយើងមានសំណាង—រឿងគ្រប់យ៉ាងដំណើរការយ៉ាងល្អមែនទែន ។ ពេលខ្លះនៅក្នុងគ្រាទាំងនោះ យើងភ្លេចព្រះអង្គសង្គ្រោះ ។ រឿងនេះបានកើតឡើងចំពោះប្រជាជននៅក្នុងព្រះគម្ពីរមរមន ។ ពួកគេចម្រើនឡើងដោយសារពរជ័យរបស់ព្រះក្នុងមួយរយៈ ប៉ុន្តែនៅទីបំផុតបានធ្លាក់ទៅជាជនរងគ្រោះនៅក្នុងភាពឆ្មើងឆ្មៃនៅពេលដែលពួកគេភ្លេចទ្រង់ ។
ពេលវេលារីករាយមិនមែនមានន័យថា យើងលែងត្រូវការព្រះតទៅទៀតភ្លាមៗនោះទេ ។ ពេលវេលានៃភាពរុងរឿងគឺជាពេលវេលាដ៏ឥតខ្ចោះដើម្បីអររីករាយជាមួយព្រះអង្គសង្គ្រោះ មិនមែនដើម្បីបំភ្លេចទ្រង់នោះទេ ។
ដូច្នេះតើយើងរក្សាទំនាក់ទំនងជាមួយព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ដោយមិនងាកទៅរកទ្រង់ទាំងទ្វេតែក្នុងគ្រាដែលយើងមានទុក្ខលំបាកដោយរបៀបណា ?
បន្ដមានភាពរាបសា
នៅពេលដែលអ្វីៗកំពុងដំណើរការល្អ វាជាការល្អក្នុងការអបអរដល់ពរជ័យ និងសមិទ្ធិផលរបស់ប្អូន ។ ប៉ុន្ដែកុំភ្លេចបុគ្គលដែលធ្វើឲ្យប្អូនស្ថិតនៅចំណុចនេះ ។ ស្ដេចបេនយ៉ាមីនបានមានប្រសាសន៍បែបនេះនៅក្នុងទេសនកថារបស់ទ្រង់ នៅក្នុងព្រះគម្ពីរមរមន ៖
« ត្បិតមើលចុះ តើយើងទាំងអស់គ្នានេះ ពុំមែនជាអ្នកសុំទានទេឬ? តើយើងទាំងអស់គ្នានេះ ពុំពឹងផ្អែកទៅលើតួអង្គតែមួយគឺព្រះ ចំពោះអ្វីៗទាំងអស់ដែលយើងមាន ទាំងស្បៀងអាហារ និងសំលៀកបំពាក់ និងមាស និងប្រាក់ និងទាំងទ្រព្យសម្បត្តិនានា ដែលយើងមានសព្វសារពើទេឬ ? » ( ម៉ូសាយ ៤:១៩ ) ។
ការមានភាពរាបសាអំពីជោគជ័យរបស់យើងដោយការចងចាំនូវអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង គឺជារបៀបដ៏ល្អបំផុតមួយដើម្បីនឹកចាំទ្រង់ទាំងទ្វេនៅក្នុងពេលវេលារីករាយរបស់ប្អូនផងដែរ ។
បន្ដការដឹងគុណ
ការដឹងគុណគឺជាថ្នាំបន្សាបភាពឆ្មើងឆ្មៃ និងការភ្លេចភ្លាំងដ៏ល្អបំផុតមួយ ។ ការអរព្រះគុណដល់ព្រះនឹងជួយយើងចងចាំទ្រង់ និងការណ៍ល្អៗដែលទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ធ្វើនៅក្នុងជីវិតរបស់យើង ។ ការណ៍នេះមានប្រសិទ្ធភាពដូចគ្នាទាំងនៅគ្រាសប្បាយ និងគ្រាលំបាក ។
បន្ដការប្រុងប្រយ័ត្ន
ការវាយប្រហារមួយដែលសាតាំងចូលចិត្ដគឺ « បង្ក្រាបឲ្យសុខ ហើយបំពេ[ ប្អូន ] ឲ្យបានសុខខាងរូបកាយ ( នីហ្វៃទី២ ២៨:២១ ) ។ ឬនិយាយម្យ៉ាងទៀត វាចូលចិត្ដពេលដែលប្អូនស្កប់ស្កល់ និងមានសុវត្ថិភាពនៅក្នុងវេលារីករាយរបស់ប្អូន ដែលធ្វើឲ្យប្អូនភ្លេចអ្វីដែលសំខាន់បំផុត ។ ដូច្នេះចូរកុំភ្លេចព្រះឡើយ ! នៅពេលដែលប្អូនបន្ដប្រុងប្រយ័ត្ននឹងការបោកបញ្ឆោតដ៏ទន់ភ្លន់របស់មារសត្រូវ ហើយតទល់នឹងពួកវា សូម្បីតែនៅក្នុងវេលារីករាយរបស់ប្អូន នោះប្អូនអាចបន្ដស្ថិតនៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
The Good Shepherd [ អ្នកគង្វាលល្អ ]ដោយ ម៉ៃឃល ម៉ម
បន្ដផ្ដោតលើព្រះគ្រីស្ទ
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « នៅពេលជីវិតរបស់យើងផ្តោតលើផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ…ព្រមទាំងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមានឡើង ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ » ។
តើប្អូនគិតដល់សេចក្ដីពិតនេះអំពីសេចក្ដីអំណរ នៅពេលដែលជីវិតកំពុងដំណើរការល្អបានញឹកញាប់ប៉ុនណា ? នេះមិនមែនគ្រាន់តែជាការប្រឹក្សាលួងលោមសម្រាប់គ្រាមានទុក្ខលំបាកនោះទេ ។ ការណ៍នេះពិតជានិច្ច រួមទាំងក្នុងថ្ងៃដ៏រីករាយបំផុតរបស់ប្អូនផងដែរ ។ ដូច្នេះសូមធ្វើគ្រប់យ៉ាងដែលប្អូនអាចធ្វើបានដើម្បីផ្ដោតលើព្រះគ្រីស្ទ មិនថាក្នុងពេលរីករាយ ឬមានទុក្ខនោះឡើយ ។