ការណ៍ល្អបំផុតដែលនឹងមកដល់គឺព្រះយេស៊ូវគ្រីស្ទ
សេចក្ដីអំណរដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យគឺតែងតែមានជានិច្ចសម្រាប់ប្អូន ។
សូមគិតអំពីពេលមួយដែលប្អូនគិតថាពិភពលោកនឹងរលាយ ។ ទេ វានឹងមិនបែបហ្នឹងទេ ! តើប្អូនធ្លាប់ឆ្លងកាត់រឿងដែលលំបាកខ្លាំងដែលប្អូនគិតថាប្អូននឹងមិនអាចឆ្លងផុតបានទេ ?
អូខេ ប្រហែលប្អូនមិនបានគិតថាពិភពលោកនឹងរលាយនោះទេ ។ ប៉ុន្ដែ តើវាមានអារម្មណ៍ដូចជា ពិភពលោករបស់ប្អូន បានរលាយឬទេ ? ការណ៍នេះអាចជាអ្វីក៏បានមានតាំងពីការធ្លាក់ការប្រឡងសំខាន់ មិត្ដល្អផ្លាស់លំនៅ ឬមនុស្សជាទីស្រឡាញ់ទទួលមរណៈភាពដោយមិនបានរំពឹងទុក ។
មិនថាប្អូនដោះស្រាយបញ្ហាពីអតីតនោះដោយរបៀបណានោះទេ សូមមើលទៅខ្លួនឯងឥឡូវនេះ ៖ ប្អូនបានឆ្លងផុតវាហើយ ! កាន់តែប្រសើរជាងនេះ ព្យាការី និងសាវករំឭកយើងថា យើងអាចធ្វើបានច្រើនជាងការគ្រាន់តែ ឆ្លងផុត បញ្ហាបច្ចុប្បន្ន និងអនាគត ។ យើងអាចរកឃើញសេចក្ដីអំណរនៅអំឡុងការលំបាកទាំងនោះ ។
« រឿងល្អបំផុតនឹងកើតមាន »
ព្រះអង្គសង្គ្រោះបានរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ខ្លាំងជាងដែលយើងអាចស្រម៉ៃដល់ ។ បើនិយាយឲ្យស្រួលស្ដាប់ទៅ ការទទួលនូវការឈឺចាប់ ជំងឺ និងអំពើបាបនៃពិភពលោកទាំងមូល ( សូមមើល អាលម៉ា ៧:១១–១៣ ) គឺជាការពិបាក ! ប៉ុន្តែ ទ្រង់បានយកឈ្នះ គ្រប់ការណ៍ទាំងអស់ ។
អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន « មែនហើយ យើងជញ្ជឹងគិតអំពីការរងទុក្ខវេទនា និងភាពអយុត្តិធម៌ដែលកើតមានចំពោះព្រះប្រោសលោះរបស់យើងសម្រាប់អំពើបាបរបស់យើង ហើយការណ៍នោះបណ្តាលឲ្យមានការជញ្ជឹងគិតយ៉ាងប្រុងប្រយ័ត្ន ។ ប៉ុន្តែពេលខ្លះយើងជាប់គាំងនៅទីនោះ—នៅក្នុងសួនច្បារ នៅឈើឆ្កាង នៅក្នុងផ្នូរ ។ យើងបរាជ័យក្នុងការឈានទៅរកភាពរីករាយនៃការបើកទ្វារផ្នូរឡើង ការយកឈ្នះសេចក្ដីស្លាប់ និងជ័យជម្នះរបស់ព្រះគ្រីស្ទ ! »
ដោយសារតែព្រះយេស៊ូវគ្រីស្ទ យើងមិនចាំបាច់ជាប់គាំងនៅក្នុងការឈឺចាប់ផ្ទាល់ខ្លួនរបស់យើងនោះទេ ។ យើងអាចឆ្ពោះទៅមុខ ហើយថែមទាំងអាច ទន្ទឹងចាំអនាគតដោយសេចក្ដីអំណរ និងសេចក្ដីជំនឿ ។
ដូច្នេះ កាលជីវិតអាចហាក់ដូចជាលំបាកជាងដែលយើងគិតថាយើងអាចទ្រាំទ្របាន សូមចងចាំនូវអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថ្មីៗនេះ ៖ « អ្វីដែលល្អបំផុតនឹងមកដល់ក្នុងពេលខាងមុខ ! » ឱ នេះជាការសន្យាដ៏អស្ចារ្យ និងជាក់ច្បាស់មួយ ! ប្រធាន ណិលសុន ដឹងច្រើនអំពីការឈឺចាប់ និងភាពខូចចិត្ដដែលពិភពលោកមានជារៀងរាល់ថ្ងៃនេះ ។ ប៉ុន្ដែលោកនៅតែអាចមានប្រសាសន៍ថា « អ្វីដែលល្អបំផុតនឹងមកដល់ក្នុងពេលខាងមុខ ! »
តើទស្សនៈរបស់ប្អូននឹងផ្លាស់ប្ដូរយ៉ាងណា បើសិនជាប្អូនពិតជាដឹងថាអ្វីដែលល្អបំផុតនឹងមកដល់ក្នុងពេលខាងមុខ ? តើការណ៍នេះនឹងផ្លាស់ប្ដូររបៀបដែលប្អូនតទល់នឹងបញ្ហាប្រឈមរបស់ជីវិតដោយរបៀបណា ?
ការផ្ដោតលើព្រះគ្រីស្ទក្នុងជីវិតរបស់យើង
ព្រឹត្ដិការណ៍មួយនាពេលអនាគតដែលប្រធាន ណិលសុន បានអញ្ជើញយើងឲ្យទន្ទឹងចាំដោយសេចក្ដីអំណរនោះគឺ ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
ពីមុនប្អូនលើកឡើងថា « មនុស្សនឹងស្រយុតចិត្ដ ( លូកា ២១:២៦ ) ហើយការបំផ្លិចបំផ្លាញដែលនឹងធ្លាក់មកលើជនទុច្ចរិត ហាក់ដូចជាមិនមែនជា « អ្វីដែលល្អបំផុតដែលនឹងមកដល់ក្នុងពេលខាងមុខ » នោះចូរឲ្យយើងបញ្ជាក់ការណ៍មួយនេះ ៖ នេះគឺជាការយាងមកជាលើកទីពីររបស់ ព្រះយេស៊ូវគ្រីស្ទ ។ យើងគិតខុសហើយ ប្រសិនបើយើងដកទ្រង់ចេញពីជីវិតរបស់យើងនោះ ។ ទ្រង់គឺជាអ្វីដែល « ល្អបំផុត » ដែលនឹងមកដល់ក្នុងពេលខាងមុខ—ទ្រង់គឺជាហេតុផលសម្រាប់សេចក្ដីអំណររបស់យើង ! ដូចប្រធាន ណិលសុន បានមានប្រសាសន៍ « អ្វីដែលល្អបំផុតនឹងមកដល់ក្នុងពេលខាងមុខ … ព្រោះ ព្រះអង្គសង្គ្រោះនឹងយាងមកម្ដងទៀត ! »
ជាឧទាហរណ៍ សូមមើលទៅកាន់ពួកសាសន៍នីហ្វៃ ។ ទោះជាពួកគេស្ថិតនៅទ្វីបផ្សេងដោយឡែកក៏ដោយ ក៏នៅពេលដែលព្រះអង្គសង្គ្រោះសុគត ពួកគេបានទ្រាំទ្រនឹងគ្រោះមហន្ដរាយដែលចេញពីការយាងមកជាលើកទីពីរ ៖ ការស្លាប់ ការបំផ្លិចបំផ្លាញ គ្រោះធម្មជាតិដែរ ។ ទីក្រុងទាំងមូលត្រូវលិចទៅក្នុងជម្រៅសមុទ្រ ( សូមមើល នីហ្វៃទី៣ ៨ ) ។
តែបន្ទាប់ពីការចលាចលទាំងអស់ អស់អ្នកដែលជឿលើព្រះអង្គសង្គ្រោះបានដឹងថាគ្រោះទាំងនេះគឺជាទីសម្គាល់នៃការសុគតរបស់ព្រះអង្គសង្គ្រោះ ។ ភ្លាមៗនៅពេលដែលពួកគេនិយាយអំពីព្រះយេស៊ូវគ្រីស្ទ និងទីសម្គាល់ដែលពួកគេបានឃើញ នោះព្រះអង្គសង្គ្រោះបានបង្ហាញព្រះកាយដល់ពួកគេ ( សូមមើល នីហ្វៃទី៣ ១១:១–១១ ) ។
ស្រមៃមើលថាតើពួកសាសន៍នីហ្វៃមានសេចក្ដីអំណរខ្លាំងប៉ុនណា ! បន្ទាប់ពីការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបែបនេះ ព្រះអង្គសង្គ្រោះបានបម្រើដល់ពួកគេ និងព្យាបាលពួកគេ ។ បន្ទាប់ពីការភ័យខ្លាច និងការភ័យស្លន់ស្លោទាំងអស់ សាសន៍នីហ្វៃបានអររីករាយ និងសរសើរតម្កើងដល់ព្រះ កាលដែលពួកគេបានជួបនឹងព្រះអង្គសង្គ្រោះ ( សូមមើល នីហ្វៃទី៣ ១១:១៤–១៧ ) ។
ព្រះអង្គសង្គ្រោះប្រហែលជាមិនបង្ហាញព្រះកាយដល់ប្អូនដោយផ្ទាល់នៅក្នុងជីវិតនេះដូចដែលទ្រង់បានធ្វើដល់ពួកសាសន៍នីហ្វៃនោះទេ ។ ប៉ុន្ដែប្អូនអាចស្គាល់ទ្រង់តាមរយៈការអានព្រះគម្ពីរ ការទទួលទានសាក្រាម៉ង់ និងការរក្សាសេចក្ដីសញ្ញា និងជាច្រើនទៀត ។ ទ្រង់អាចជួយប្អូនទទួលអារម្មណ៍នូវសេចក្ដីអំណរឥឡូវនេះ និងនៅអនាគត មិនថាប្អូនស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
ខណៈពេលដែលយើងកំពុងរង់ចាំ …
ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះអាចកើតឡើងក្នុងជីវិតរបស់ប្អូន ឬវាប្រហែលជាមិនកើតឡើងទេ ។ មិនថាយ៉ាងណា គឺមាននូវសេចក្ដីអំណរនៅក្នុងព្រះគ្រីស្ទនាពេលឥឡូវនេះ ។
ប្រធាន ណិលសុន បានបង្រៀនសេចក្ដីពិតដែលបំផុសគំនិតដូចខាងក្រោម ដែលជួយយើងកាលយើងរង់ចាំការយាងមកវិញរបស់ព្រះអង្គសង្គ្រោះ ៖ « បងប្អូនប្រុសស្រីជាទីស្រឡាញ់ មានកិច្ចការអស្ចារ្យជាច្រើននៅចំពោះមុខយើង ។ នៅពេលដ៏ខ្លីខាងមុខនេះ យើងនឹងឃើញការបើកសម្តែង ដ៏មហិមាអំពីព្រះចេស្តារបស់ព្រះអង្គសង្គ្រោះដែលលោកិយនេះមិន ធ្លាប់បានឃើញពីមុនមក ។ នៅចន្លោះពេលឥឡូវនេះ និងពេលដែលទ្រង់យាងមក ‹ ទាំងព្រះចេស្ដា និងសិរីល្អជាខ្លាំង › នោះទ្រង់នឹងប្រទានឯកសិទ្ធិ ពរជ័យ និងអព្ភូតហេតុរាប់មិនអស់មកលើមនុស្សស្មោះត្រង់ » ។
និយាយម្យ៉ាងទៀត យើងអាចស្វែងរកសេចក្ដីសុខសាន្ដ និងសេចក្ដីអំណរនៅក្នុងព្រះគ្រីស្ទឥឡូវនេះ រហូតដល់ការយាងមកវិញរបស់ទ្រង់ ជារៀងដរាបតទៅ ។ ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃច្រកងងឹតទាំងឡាយ ។ ទ្រង់គឺជាសេចក្ដីអំណរនៅក្នុងការលំបាកផ្ទាល់ខ្លួន ។ ទ្រង់គឺជាការលួងលោមពីភាពភ័យខ្លាច ។ ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់ប្អូន ។ នៅពេលប្អូនផ្ដោតលើទ្រង់ សេចក្ដីសុខសាន្ដ និងសេចក្ដីអំណរគឺមានសម្រាប់ប្អូននៅឥឡូវនេះ និងជានិច្ចតទៅ ។