ការចែកចាយ សេចក្ដីអំណរ នៅប្រទេសកេនយ៉ា
នៅពេលរ៉ូប៊ើតបានរកឃើញដំណឹងល្អ គាត់គ្រាន់តែចង់ចែកចាយវាជាមួយមនុស្សគ្រប់គ្នាដែលគាត់ស្គាល់ ។ គាត់ពិតជា—ចែកចាយជាមួយមនុស្សគ្រប់គ្នាមែន ។
រូបថតដោយ ឡេសលី និលសុន និង អ៊ីរិក ឌី ស្នាយឌឺ
ចាប់តាំងពីបានទទួលបុណ្យជ្រមុជទឹកនៅខែសីហា ឆ្នាំ២០២៤មក រ៉ូប៊ើត អិល ដែលមកពីកេនយ៉ា បាននាំមិត្ដភក្ដិជាង ៥០នាក់មកព្រះវិហារ—ហើយ ២៥នាក់ក្នុងចំណោមនោះបានទទួលបុណ្យជ្រមុជទឹក !
តែទាំងនោះគឺជាចំនួនសរុប នៅពេលដែលយើងនិយាយជាមួយគាត់កាលពីប៉ុន្មានខែមុននេះ ។ ចំនួននោះប្រហែលជាបានកើនឡើងទៀតបន្ទាប់ពីពេលនោះមក ។
រ៉ូប៊ើតជាសមាជិកនៃសាខាប៊ូគូរូ នៅមណ្ឌលគីស៊ូមូ ប្រទេសកេនយ៉ា បានស្គាល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅដើមឆ្នាំ២០២៤ នៅពេលគាត់បានជួបនឹងបុរសជនជាតិអាមេរិក កំពុងធ្វើការងារសប្បុរសធម៌នៅកេនយ៉ា ។
រ៉ូប៊ើតនិយាយថា « ខ្ញុំពិតជាមិនបានរំពឹងទុកថាជីវិតរបស់ខ្ញុំនឹងបានល្អប្រសើរនោះទេ » ។ « ឪពុកម្ដាយរបស់ខ្ញុំមិនមានលុយ ពួកគាត់មិនអាចឲ្យខ្ញុំទៅរៀនបានទេ » ។ ( នៅប្រទេសកេនយ៉ា សូម្បីតែរៀននៅសាលារដ្ឋក៏ត្រូវចំណាយលុយដែរ ។ )
« ប៉ុន្ដែខ្ញុំដឹងថាព្រះវរបិតាសួគ៌នឹងជួយខ្ញុំ » ។ ខ្ញុំបានចាប់ផ្ដើមអធិស្ឋាន ហើយអានព្រះគម្ពីរសញ្ញាថ្មី ។ បន្ទាប់មកខ្ញុំបានជួបអ្នកឧបត្ថម្ភរបស់ខ្ញុំ » ។
« អ្នកឧបត្ថម្ភ » របស់គាត់គឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្ដល់ពរដល់ជីវិតរបស់រ៉ូប៊ើត តាមរបៀបពីរយ៉ាង ៖ គាត់ជួយរ៉ូប៊ើតឲ្យទៅសាលារៀន ហើយសំខាន់ជាងនេះទៅទៀតគឺគាត់បានចែកចាយដំណឹងល្អជាមួយរ៉ូប៊ើត ( ដូចយុវជនផ្សេងទៀតដែលបានចូលរួមសាសនាចក្រនាពេលថ្មីៗនេះដែរ ) ។ រ៉ូប៊ើតបានទទួលបុណ្យជ្រមុជទឹកប្រហែលប្រាំមួយខែក្រោយមក ។
រ៉ូប៊ើត អិល ដែលមកពីប្រទេសកេនយ៉ាបានអញ្ជើញមនុស្សជាច្រើនមកព្រះវិហារ—អ្នកជិតខាង មិត្តរៀនសាលាជាមួយគ្នា ក្មេងៗដែលគាត់លេងកីឡាជាមួយ—គឺគ្រប់គ្នា ។
ការបន្ដធ្វើល្អដល់មនុស្សដទៃថែមទៀត
វាជាធម្មតាទេ រ៉ូប៊ើតចង់ចែកចាយពរជ័យថ្មីរបស់គាត់ជាមួយមនុស្សដទៃ ។ គាត់មិនអាចឧបត្ថម្ភដល់ការអប់រំរបស់នរណាម្នាក់បានទេ ។ ប៉ុន្តែគាត់ពិតជាអាចបង្រៀនដំណឹងល្អដល់ពួកគេបាន !
គាត់បានចាប់ផ្តើមអញ្ជើញមនុស្សទៅព្រះវិហារ—អ្នកជិតខាង មិត្តរៀនសាលាជាមួយគ្នា ក្មេងៗដែលគាត់លេងកីឡាជាមួយ—គឺមនុស្សគ្រប់គ្នាដែលគាត់ស្គាល់ ។ គាត់និយាយថា « ខ្ញុំបានមកព្រះវិហារនៅថ្ងៃអាទិត្យជាមួយមិត្ដប្រាំនាក់ ហើយនៅថ្ងៃអាទិត្យផ្សេងទៀត ខ្ញុំបានមកជាមួយមិត្ដ ១០នាក់ទៀត » ។ « បន្ទាប់មកខ្ញុំបាននាំពួកអ្នកផ្សព្វផ្សាយសាសនាមកជួបពួកគេ ដើម្បីពួកគេអាចយល់ និងដឹងថាសាសនាចក្រនេះគឺពិត ហើយពួកគេអាចដកពិសោធន៍នូវអ្វីដែលខ្ញុំបានជួបរួចហើយ ។
មិនយូប៉ុន្មាន មិត្ដមួយចំនួនរបស់រ៉ូប៊ើតបានជ្រើសរើសដើម្បីទទួលបុណ្យជ្រមុជទឹក ហើយបានសុំឲ្យគាត់ធ្វើពិធីបិរសុទ្ធនេះឲ្យពួកគេ ។
សាសនាចក្រកំពុងរីកចម្រើនខ្លាំងនៅអាហ្វ្រិក ដោយមួយផ្នែកគឺដោយសារមានពួកសិស្សដែលដូចជារ៉ូប៊ើតនេះឯង ។ គាត់បានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស១០នាក់នៅសប្ដាហ៍នោះ ១១ នាក់នៅសប្ដាហ៍បន្ទាប់ ហើយ ៤នាក់ទៀត « ប៉ុណ្ណោះ » នៅសប្ដាហ៍បន្ទាប់មកទៀត ។
រ៉ូប៊ើតអញ្ជើញមិត្ដភក្ដិមកកាន់សាខា នៃសាសនាចក្ររបស់គាត់ ដែលជួបជុំគ្នានៅក្នុងតង់នៅលើវាលស្មៅ ។
មិត្ដភក្ដិរបស់គាត់ដែលបានជ្រមុជទឹក ប្រមាណដប់នាក់ជាង បានចូលរួមសន្និសីទ ក.ដ.យ.នៅប្រទេសកេនយ៉ាជាមួយគាត់កាលពីខែធ្នូ រួមទាំងមិត្ដម្នាក់ដែលបានជ្រមុជទឹកឲ្យមិត្ដម្នាក់ទៀតរបស់គាត់ផងដែរ ។
តើយើងឃើញពីសន្ទុះនៃកិច្ចការផ្សព្វផ្សាយសាសនាឬទេ ? វាកើនឡើងតាមរបៀបនេះ !
ទទួលអារម្មណ៍ពីព្រះវិញ្ញាណ
ហ្វ្រែតឌ្រីក អេ អាយុ ១៧ឆ្នាំ និយាយថានៅពេលមិត្ដរបស់គាត់ រ៉ូប៊ើតបានអញ្ជើញគាត់មកព្រះវិហារ គាត់បានទទួលអារម្មណ៍នៃព្រះវិញ្ញាណយ៉ាងខ្លាំងថាគាត់មិនអាចបដិសេធការណ៍នេះបានទេ ។
ហ្វ្រែតឌ្រីកនិយាយថា « នៅពេលទៅដល់ព្រះវិហារ ព្រះវិញ្ញាណនៃព្រះបានសន្ធប់មកលើខ្ញុំ » ។ « កាលខ្ញុំបានទទួលព្រះគម្ពីរមរមន ខ្ញុំបានចាប់ផ្ដើមអានវា ។ ប្រសិនបើខ្ញុំមិនយល់ ខ្ញុំតែងតែសួរប្រធានសាខារបស់ខ្ញុំ ហើយអធិស្ឋាន » ។
រ៉ូប៊ើត ( ឆ្វេង ) និង ហ្វ្រែតឌ្រីកនៅតែជាមិត្តភក្តិនឹងគ្នាចាប់តាំងពីរ៉ូប៊ើតបានណែនាំគាត់ឲ្យស្គាល់ដំណឹងល្អ ។
ហ្គិវ អិម អាយុ ១៨ឆ្នាំគឺមិត្ដម្នាក់ទៀតរបស់រ៉ូប៊ើតដែលបានទទួលបុណ្យជ្រមុជទឹក ។ ហ្គិវនិយាយទាំងញញឹម « ខ្ញុំរីករាយដែលបានក្លាយជាផ្នែកមួយនៃសាសានាចក្រពិត—ជាសាសនាចក្រពិតតែមួយនៅលើសកលលោក » ។
ហ្គិវកំពុងទន្ទឹងរង់ចាំដើម្បីបម្រើបេសកកម្ម ។
មនុស្សជាច្រើនដែលរ៉ូប៊ើតបានអញ្ជើញឲ្យមកព្រះវិហារបានជ្រើសរើសទទួលបុណ្យជ្រមុជទឹក ហើយពួកគេបានអញ្ជើញមនុស្សផ្សេងទៀតឲ្យមកធ្វើដូចគ្នាផងដែរ ។
នៅតែមានកិច្ចការជាច្រើនទៀតនៅពេលខាងមុខ
រ៉ូប៊ើតគ្រោងនឹងបម្រើបេសកកម្មពេញម៉ោងភ្លាមៗ នៅពេលដែលគាត់បញ្ចប់ការសិក្សា ( ហ្គិវ និងហ្វែ្រតឌ្រីកក៏ដូចគ្នាដែរ ) ។ ហេតុអ្វីបានជាគាត់ចង់បម្រើនៅពេលដែលគាត់ដឹងពីរបៀបចែកចាយដំណឹងល្អហើយនោះ ?
រ៉ូប៊ើតនិយាយថា « ខ្ញុំត្រូវតែទៅបម្រើបេសកកម្មដើម្បីខ្ញុំអាចដកពិសោធន៍បន្ថែមទៀត ហើយរៀនបន្ថែមទៀត » ។ « វានឹងពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ ហើយផ្លាស់ប្ដូរឥរិយាបថរបស់ខ្ញុំ ។ វាជាអ្វីដែលព្រះសព្វព្រះទ័យឲ្យខ្ញុំធ្វើ » ។
រ៉ូប៊ើតមិនទាន់បញ្ចប់ការចែកចាយដំណឹងល្អទេ ។ គាត់គ្រោងនឹងបម្រើបេសកកម្ម ។ គាត់និយាយថា « វាជាអ្វីដែលព្រះសព្វព្រះទ័យឲ្យខ្ញុំធ្វើ » ។