សំឡេងយុវវ័យ
ភាពតានតឹង ព្រះវិញ្ញាណ និងព្រះគម្ពីរ
រចនារូបភាពដោយ ខេតលីន បឺច
ខ្ញុំបានប្ដូរទីលំនៅជាច្រើនដងក្នុងជីវិតរបស់ខ្ញុំ ។ ប៉ុន្មានឆ្នាំមុន យើងបានផ្លាស់ទៅនៅទីក្រុងឌូបៃក្នុងរយៈពេលខ្លី ។ នៅពេលដែលខ្ញុំរើអីវ៉ាន់ចេញពីវ៉ាលីរបស់ខ្ញុំ របស់ចុងក្រោយគេនៅក្នុងវ៉ាលីគឺព្រះគម្ពីររបស់ខ្ញុំ ។ ខ្ញុំគិតថាខ្ញុំគួរតែអានព្រះគម្ពីរ ។ ខ្ញុំបានអាន តែវាចម្លែកបន្ដិចដោយសារខ្ញុំមិនតែងតែធ្វើតាមការបំផុសគំនិតនោះទេ ។ ប៉ុន្តែខ្ញុំបានចាប់ផ្តើមពីដើមដំបូង ហើយខ្ញុំគិតថាខ្ញុំបានអានប្រាំ ឬប្រាំមួយជំពូក ។
ក្រោយមក ខ្ញុំបានអញ្ជើញឲ្យឡើងនិយាយនៅព្រះវិហារ ។ ខ្ញុំមានចំណាប់អារម្មណ៍ដើម្បីនិយាយអំពីសារៈសំខាន់នៃព្រះគម្ពីរ ។ ខ្ញុំបានសរសេរសុន្ទរកថារបស់ខ្ញុំ ហើយគិត « អូ ខ្ញុំគួរតែអានព្រះគម្ពីរបន្ថែមទៀត » ។ វាក៏បានក្លាយជាការប្រកួតប្រជែងរវាងខ្ញុំ និងឪពុករបស់ខ្ញុំ ។ គាត់អានដល់អាលម៉ា ហើយខ្ញុំចង់អានឲ្យទាន់គាត់ ។ ខ្ញុំបានចាប់ផ្តើមអានព្រះគម្ពីររបស់ខ្ញុំជារៀងរាល់ថ្ងៃ—ពេលខ្លះ ១០ ឬ ១៥ ជំពូក !
ខ្ញុំបានចាប់ផ្តើមកត់សម្គាល់ឃើញបទពិសោធន៍ខាងវិញ្ញាណជាច្រើនថែមទៀត ។ នៅពេលអ្នកអានច្រើនបែបនេះ វាបង្កើននូវឱកាសសម្រាប់ការមានវិវរណៈផ្ទាល់ខ្លួន ។ ខ្ញុំពិតជាបានបង្កើតពេលវេលាសម្រាប់ព្រះអម្ចាស់ ។
ខ្ញុំបានចាប់ផ្ដើមសរសេរកំណត់ហេតុខាងវិញ្ញាណ ។ នៅក្នុងទំព័រមួយ ខ្ញុំបានសរសេរ « ខ្ញុំបានអាននីហ្វៃទី៣ អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានយាងមកជួបនឹងមនុស្ស និងអំពីកិច្ចការដ៏មិហិមាដែលទ្រង់បានធ្វើ ។ ខ្ញុំមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះ » ។
ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ដែលខ្ញុំបានមានបទពិសោធន៍ជាច្រើន ជាពិសេសនៅពេលដែលខ្ញុំកំពុងស្វែងរកបទពិសោធន៍ទាំងនោះ ។ ខ្ញុំទទួលអារម្មណ៍ថា « អូ ព្រះពិតជាមានព្រះបន្ទូលយ៉ាងច្រើនមកកាន់ខ្ញុំ » ។
ការសិក្សាព្រះគម្ពីរពិតជាបានជួយខ្ញុំ ជាពិសេសជាមួយនឹងភាពតានតឹងខាងផ្លូវចិត្តទាំងអស់នៃការផ្លាស់ទីលំនៅជាច្រើនដង ។ ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។ ទ្រង់មានព្រះបន្ទូលមកកាន់យើងតាមរយៈព្រះគម្ពីរ ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ខ្ញុំអាចខិតកាន់តែជិតទ្រង់ ។
លីននេ អ៊ី. អាយុ ១៦ឆ្នាំ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក
ចូលចិត្តលេងកីឡាវាយកូនបាល់ ឡើងភ្នំ ជិះក្ដារស្គី និងលេងព្យាណូ ។