2025
ទីសម្គាល់​នៃ​ការ​យាងមក​ជា​លើកទីពីរ ៖ គ្មាន​ហេតុ​ដែល​ត្រូវ​ខ្លាច​ឡើយ
ដើម្បី​កម្លាំង​នៃ​យុវជន ខែកញ្ញា ឆ្នាំ២០២៥


ទីសម្គាល់​នៃ​ការ​យាងមក​ជា​លើកទីពីរ ៖ គ្មាន​ហេតុ​ដែល​ត្រូវ​ខ្លាច​ឡើយ

រឿង​ធ្ងន់ធ្ងរ​មួយ​ចំនួន​ត្រូវ​បាន​ព្យាករ​មុនពេល​ព្រះអង្គសង្គ្រោះ​យាង​មក​ម្តងទៀត ។ ប៉ុន្តែ​ប្អូន​មាន​ហេតុផល​ល្អៗ​ដើម្បី​មិន​ភ័យខ្លាច ។

យុវនារី

He Comes Again to Rule and Reign [ ទ្រង់​យាង​មក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ] ដោយ ម៉ារី អ័រ សៅអើរ

ព្រះអង្គសង្គ្រោះ​របស់យើង ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ម្ដង​ទៀត ។ ទ្រង់​បាន​បង្រៀន​ពី​សេចក្ដីពិត​នេះ​យ៉ាងច្បាស់ ( សូមមើល ម៉ាថាយ ២៤ ) ។ មនុស្ស​ជាច្រើន​នឹង​ចង់​ដឹង​ថា​ការណ៍​នេះ​នឹង​កើតឡើង​នៅពេល​ណា ប៉ុន្ដែ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល « ឯ​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ » ( ម៉ាថាយ ២៤:៣៦ ) ។

ទោះជា​យ៉ាងនេះ​ក្ដី ព្រះអម្ចាស់ បាន​បើក​សម្ដែង​ទីសម្គាល់​ដទៃៗទៀត ដែល​នឹង​កើត​ឡើង ពីមុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់ទ្រង់ ។ ការណ៍​ទាំងនេះ​ជាច្រើន​គឺ​ជា​រឿង​ដ៏​រំភើប និង​អស្ចារ្យ ដូចជា​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន និង​ការប្រមូលផ្ដុំ​អ៊ីស្រាអែល ។

នាឡិកា

ប៉ុន្ដែ​បន្ទាប់មក​មាន​នូវ … ទីសម្គាល់​ដទៃទៀត ។ ឧទាហរណ៍ ៖

  • សង្គ្រាម ពាក្យ​ចចាមរ៉ាម​ពី​សង្គ្រាម និង​ការចលាចល​ដ៏​ធំ ។

  • គ្រោះទុរ្ភិក្ស ជំងឺ និង​គ្រោះរញ្ជួយដី ។

  • ទីសម្គាល់​នៅលើ​មេឃ ( រួមទាំង​ព្រះអាទិត្យ ព្រះច័ន្ទ និង​ផ្កាយ ) និង​នៅលើ​ផែនដី ( រួមទាំង​ភ្លើងឆេះ ព្យុះសង្ឃរា ខ្យល់ព្យុះ និង​កំសួលផ្សែង ) ។

  • សេចក្ដី​ទុច្ចរិត ភាពឆ្មើងឆ្មៃ និង​ភាព​គ្មានមេត្ដា ។

ផ្កាយ​ដុះកន្ទុយ

ទាំងអស់​នោះ​អាច​ស្តាប់ទៅ​គួរឲ្យ​ភ័យខ្លាច ។ តាមពិត ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា​នៅថ្ងៃ​ចុងក្រោយ​មនុស្ស​ជាច្រើន​នឹង​ស្រយុតចិត្ដ​ដោយ​ភាពភ័យខ្លាច ។

ឥឡូវនេះ ប្រហែល​ជា​ប្អូន​មើលទៅ​លើ​បញ្ហា​នៅជុំវិញ​ពិភពលោក ព្រមទាំង​ការសាកល្បង​ផ្ទាល់ខ្លួន​ដែល​ប្អូន​ប្រឈមមុខ ហើយ​មាន​អារម្មណ៍​លើសលប់ និង​ថប់បារម្ភ ។ ប្អូន​ប្រហែល​ឆ្ងល់​ថា​តើ​ប្អូន​គួរ​ទន្ទឹងចាំ​អ្វី បើ​ការណ៍​ទាំងឡាយ​កាន់តែ​គួរឲ្យ​ខ្លាច​និង​កាន់តែ​ពិបាក​ទៅៗ នៅពេល​ដែល​ការយាងមក​ជាលើក​ទីពីរ​ជិត​មកដល់​ដូច្នេះ ។

មនុស្ស​ម្នាក់​កំពុង​រុញ​ភូគោល​ធំមួយ​ឡើង​លើទួល

ប៉ុន្ដែ​នេះ មិនមែន ជា​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​ឲ្យ​ប្អូន—សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​របស់​ទ្រង់—រំពឹងទុក​ចំពោះ​ការយាង​មកវិញ​របស់ទ្រង់​ឡើយ ។

សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​ពួកសិស្ស​របស់​ទ្រង់

ទោះបីជា​មាន​នូវ​ភាពច្របូក​ច្របល់ និង​ភាពចលាចល​នៃ​ថ្ងៃចុងក្រោយ​នេះ​ក្ដី ព្រះអង្គសង្រ្គោះ​បាន​មាន​បន្ទូល​ទៅកាន់​ពួកសិស្ស​ទ្រង់ « ចូរ​កុំឲ្យ​មាន​ចិត្ដ​ថប់បារម្ភ​ឡើយ » ។ ហេតុអ្វី ? ព្រោះ « ដ្បិត​កាលណា​ការណ៍​ទាំងនេះ​នឹង​កើតឡើង នោះ​អ្នករាល់គ្នា​នឹង​បាន​ដឹង​ថា សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន ដែល​បាន​ធ្វើ​ដល់​អ្នក​នោះ​នឹង​ត្រូវ​បាន​សម្រេច​ហើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៣៥ ) ។

ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​បន្ទូល​ប្រាប់​យើង​ថា « កុំ​ឲ្យ​ខ្លាចឡើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០:៤១ ) និង « ចូរ​សង្ឃឹមឡើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦១:៣៦ ) ។ ដូចនេះ ជំនួស​ឲ្យ​ការផ្ដោតលើ​គ្រោះមហន្ដរាយ​ដែល​នឹង​មកដល់ វា​ជាការ​ល្អបំផុត​ក្នុង​ការបង្វែរ​ការផ្ដោត​យកចិត្ត​ទុកដាក់​របស់​យើង ។

ទាំងនេះ​គឺជា​របៀប​សំខាន់​បី​យ៉ាង​ដែល​អ្នក​អាច « កុំ​ខ្លាច » ដោយ​ទន្ទឹងចាំ​ការយាងមក​ជាលើកទីពីរ​ដែល​ពេញ​ដោយ​សិរីរុងរឿង ហើយ​និយាយ​ជាមួយ​នឹង​យ៉ូហាន​ជា​អ្នក​ទទួល​វិវរណៈ​ថា « ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាងមក » ( វិវរណៈ ២២:២០ ) ។

ទេសភាព​សមុទ្រ

១. មើល​ទៅ​ព្យាការី

ព្រះអង្គសង្គ្រោះ​បាន​ព្រមាន​ថា​នឹងមាន​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការី​ក្លែងក្លាយ​ជាច្រើន​មុនពេល​ការយាង​មកដល់​របស់ទ្រង់ ដែល​នឹង​បោក​បញ្ឆោត​មនុស្ស​ជាច្រើន ។ នៅ​ជុំវិញ​យើង មាន​សំឡេង​ខ្លាំង ច្របូកច្របល់ និង​អវិជ្ជមាន​ដែល​ព្យាយាម​នាំយើង​ទៅកាន់​ផ្លូវ​ខុស ។ នៅ​ថ្ងៃចុងក្រោយ សាតាំង​នឹង « ញាំញី​នៅក្នុង​ចិត្ត​ទាំងឡាយ​នៃ​កូនចៅ​មនុស្ស ហើយ​ចាក់រុក​ឲ្យ​ពួកគេ​មាន​កំហឹង​ទាស់​នឹង​អ្វី​ដែល​ជា​ល្អ​វិញ » ( នីហ្វៃ​ទី២ ២៨:២០ ) ។ សូម្បីតែ​ពួក​អ្នក​ដែល​បានរើស​តាំង​ក៏​នឹង​ត្រូវបាន​ទាញ​ចេញ​ពី​សេចក្ដី​ពិត​ដែរ ។

ប៉ុន្តែ​ព្រះអម្ចាស់​បាន​ប្រទាន​ជំនួយ​ដ៏​ធំ​ដល់​យើង ។ ទ្រង់​បានហៅ​ព្យាការី​ដើម្បី​ប្រទានពរ និង​ដឹកនាំ​យើង ។ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នឹង​មិន ហើយ​មិនអាច​នាំយើង​ឲ្យ​ទៅ​ផ្លូវខុស​ឡើយ ។ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៨ ) ។ អ្នក​អាច​ទូលសូម​ព្រះវរបិតាសួគ៌​សម្រាប់​ការមាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បញ្ជាក់​ពី​សេចក្ដីពិត​ដែល​ពួកលោក​បង្រៀន ដូចជា​ការបង្រៀន​ថ្មីៗ​របស់​ប្រធាន រ័សុល អិម ណិលសុន ៖ « អ្វី​ដែល​ល្អបំផុត​នឹង​មក​ដល់​ក្នុង​ពេល​ខាងមុខ … ព្រោះ​ព្រះអង្គ​សង្គ្រោះ​នឹង​យាងមក​ម្ដងទៀត ! »​ ហើយ ៖ « ទ្រង់​កំពុង​រៀបចំ​ដើម្បី​យាងមក​ម្ដងទៀត ។ សូម​ឲ្យ​យើងបាន​រៀបចំ​ដើម្បី​ទទួល​ទ្រង់​ដូចគ្នា​នេះផងដែរ » ។

រ័សុល អិម ណិលសុន

ហើយ​នៅពេល​ដែល​ប្អូន​ធ្វើតាម​ការបង្រៀន​របស់​ពួកលោក « ដោយ​សេចក្ដី​អត់ធន់ និង​សេចក្តី​ជំនឿ​គ្រប់យ៉ាង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១:៥ ) ប្អូន​អាច​មើលឃើញ​ពី​របៀប​ដែល​ពួកលោក​ប្រទានពរ​ដល់​ជីវិត​របស់​ប្អូន ។

អែលឌើរ អាឡែន ឌី ហែនី នៃ​ពួកចិតសិប​នាក់​បានមាន​ប្រសាសន៍ ៖ « កាល​ខ្ញុំ​នៅក្មេង [ ការ ] ព្យាករ​ទាំងនោះ​អំពី​ថ្ងៃ​ចុងក្រោយ​បាន​ធ្វើឲ្យ​ខ្ញុំ​ភ័យខ្លាច ហើយ​បណ្ដាល​ឲ្យ​ខ្ញុំ​អធិស្ឋាន​ថា សូម​ឲ្យ​ការយាង​មក​ជា​លើក​ទី​ពីរ​នឹង​មិន​កើតឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​ទេ ។ … ប៉ុន្ដែ​ឥឡូវ​នេះ ខ្ញុំ​អធិស្ឋាន​សូម​ផ្ទុយ​ពីមុន​ទៅវិញ ។ …

« … យើង​មិន​ត្រូវ​ខ្លាច​ឡើយ ។ គោលលទ្ធិ និង​គោលការណ៍​ដែល​យើង​ត្រូវ​ធ្វើតាម​ដើម្បី​រស់រាន​មាន​ជីវិត​ខាង​វិញ្ញាណ ហើយ​ស៊ូទ្រាំ​ខាង​សាច់ឈាម​នោះ គឺ​មាន​នៅក្នុង​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ » ។

នៅពេល​ប្អូន​ធ្វើតាម​ការណែនាំ​របស់​ព្យាការី និង​សាវក ភាពភ័យខ្លាច​របស់​ប្អូន​នឹង​ត្រូវជំនួស​ដោយ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​អំណរ ។

២. ឈរ​នៅ​ទី​បរិសុទ្ធ ។

ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា ចំ​ពេល​មាន​គ្រោះមហន្តរាយ​នៃ​ថ្ងៃចុងក្រោយ « ពួកសិស្ស​របស់​យើង​នឹង​ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ ហើយ​នឹង​ពុំ​ត្រូវ​បានរើ​ឡើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៣២ ) ។ កន្លែង​បរិសុទ្ធ​ទាំងនេះ​រួមមាន​ផ្ទះ​របស់​យើង សាលា​ប្រជុំ និង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះវិហារ​បរិសុទ្ធ

ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ ប្រធាន​ណិលសុន​បាន​បង្រៀន​ថា « ការធានា​ដ៏​មាន​សុវត្ថិភាព​បំផុត​របស់​យើង គឺ​បន្ត​មាន​ភាពស័ក្ដិសម​ដើម្បី​បាន​ចូល​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។ ហើយ « ការបង្កើន​ពេលវេលា​នៅក្នុង​ព្រះវិហារបរិសុទ្ធ​នឹង​ជួយ​យើង​រៀបចំ​សម្រាប់​ការយាង​មកជា​លើកទីពីរ » ។

ព្រះយេស៊ូវគ្រីស្ទ

Eventide [ ថ្ងៃ​ចុងក្រោយ ] ដោយ យ៉ុងស៊ុង គីម

៣. រៀបចំ​ពិភពលោក

តួនាទី​មួយ​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដើរតួ​ក្នុង​ថ្ងៃចុងក្រោយ គឺ​ដើម្បី​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​របស់​ទ្រង់ ។ ហើយ​ប្អូន​អាច​ជួយ​ដោយ​ការចូលរួម​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

ប្អូន​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ហើយ​ជួយ​នាំយក​ពន្លឺ និង​សេចក្ដីពិត​របស់​ព្រះ​ទៅកាន់​អស់អ្នក « ដែល​លាក់​ពី​សេចក្ដីពិត ពីព្រោះ​ពួកគេ​មិនដឹង​ជាទៅរក​សេចក្ដីពិត​ឯណា​ទេ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៣:១២ ) ។

អ្នក​ក៏អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​សម្រាប់​អ្នក​ដែល​នៅ​ផ្នែកម្ខាង​ទៀត​នៃ​វាំងនន​ដែល​បាន​រស់នៅ និង « បានស្លាប់​ទៅ​ដោយ​គ្មាន​ចំណេះដឹង​អំពី [ ដំ ] ណឹងល្អ​នេះ គឺជា​ពួកអ្នក​ដែល​នឹង​ទទួល​ដំណឹងល្អ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៧:៧ ) ។

ដោយ​មាន​ភាពអវិជ្ជមាន​ជាច្រើន​នៅក្នុង​ពិភពលោក ប្អូន​អាច​ធ្វើជា​ពន្លឺ​ទៅកាន់​អ្នកដទៃ ហើយ​ជួយ​នាំយក​ការព្យាបាល​មកកាន់​ពិភពលោក ។ ប្អូនអាច​ជួយ​រៀបចំ​មនុស្ស​ដែល​ព្រះអង្គសង្គ្រោះ​អាច​យាង​មកជួប ជាអ្នក​ដែល​ត្រៀម​រួចរាល់​ក្នុង​ការទទួល​ទ្រង់ ។

នោះ​គឺជា​ការទទួល​ខុសត្រូវ​ដ៏ ធំ ជា​អ្វី​ដែល​អស្ចារ្យ ក្នុងការ​ទន្ទឹង​រង់ចាំ ទ្រង់ ។