2025
ពរជ័យ​ទាំងឡាយ​នៃ​សិទ្ធិ​អំណាច និង​អំណាច​បព្វជិតភាព
ដើម្បី​កម្លាំង​នៃ​យុវជន ខែកញ្ញា ឆ្នាំ២០២៥


ពរជ័យ​ទាំងឡាយ​នៃ សិទ្ធិ​អំណាច និង អំណាច​បព្វជិតភាព

បព្វជិតភាព​របស់​ព្រះ​ត្រូវបាន​ស្ដារឡើងវិញ​នៅ​ជំនាន់​របស់​យើង​ដើម្បី​ប្រទាន​ពរជ័យ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។

ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក

Restoration of the Melchizedek Priesthood [ ការស្តារឡើងវិញ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក ] ដោយ វលធើរ រេន

យុវវ័យ​ជាញឹកញាប់​សួរ​សំណួរ​អំពី​បព្វជិតភាព ។ ទាក់ទង​នឹង​បព្វជិតភាព សក្ខីភាព​របស់​យើង​ទៅកាន់​ពិភពលោក​គឺ ៖

  1. បព្វជិតភាព​ដ៏​បរិសុទ្ធ​នៃ​ព្រះ​គឺ​ចំាបាច់​សម្រាប់​ការសម្រេចបាន​នូវ​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ទ្រង់ ។

  2. ព្រះ​បាន​ស្ដារ​បព្វជិតភាព​ឡើងវិញ​នៅលើ​ផែនដី ។

  3. បព្វជិតភាព​ត្រូវបាន​គ្រប់គ្រង​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។

មូលហេតុ​ដែល​យើង​ត្រូវការ​សិទ្ធិអំណាច និង​អំណាច​បព្វជិតភាព

ព្រះយេស៊ូវគ្រីស្ទ​គឺជា​សិរសា​នៃ​សាសនាចក្រ ។ សាសនាចក្រ​គឺ​ជា​ឧបករណ៍​ដែល​ទ្រង់​បាន​បង្កើតឡើង​ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​ចាំបាច់​សម្រាប់​ការប្រោសលោះ​មនុស្ស​លោក ។ តាមរយៈ​សាសនាចក្រ ទ្រង់​អាច ៖

  • ប្រកាស​ដំណឹងល្អ​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក ។

  • ប្រទាន​នូវ​ពិធី​បុណ្យជ្រមុជទឹក និង​សេចក្ដីសញ្ញា​ផ្សេងៗ​ទាំងអស់—សូម្បីតែ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ទៅកាន់​នរគរ​សេឡេស្ទាល​របស់​ទ្រង់ ។

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

  • ប្រទាន​នូវ​អំណោយទាន​នៃ​សេចក្ដីសង្គ្រោះ សូម្បីតែ​ចំពោះ​អស់អ្នក​ដែល​បាន​ស្លាប់​ដោយ​គ្មាន​ការសង្គ្រោះ​ក្ដី ។

  • ការផ្ដល់​ការងារ​បម្រើ​ដល់​តម្រូវការ​ខាងសាច់ឈាម​របស់​បុត្រាបុត្រី​នៃ​ព្រះ​នៅក្នុង​ពេល​បច្ចុប្បន្ន ។

ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្រៀន

Jesus Teaching Mary [ ព្រះយេស៊ូវ​បង្រៀន​ម៉ារា ] ដោយ ឌេន ប៊ើរ

ដើម្បី​សម្រេច​នូវ​គោលបំណង​ដ៏​រុងរឿង​ទាំងនេះ និង​ដើម្បី​រៀបចំ​សម្រាប់​ការយាងមក​វិញ​របស់​ព្រះអង្គសង្គ្រោះ សាសនាចក្រ​ត្រូវការ​ការដឹកនាំ សិទ្ធិអំណាច និង​អំណាច​ជាបន្ដបន្ទាប់ ។ សាសនាចក្រ​គឺជា « សាសនាចក្រ​ដែល​ពិត ហើយ​សកម្ម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣០ ) ព្រោះ​ព្រះគ្រីស្ទ​ប្រទាន​ដល់​សាសនាចក្រ​នេះ​នូវ​ភាពជា​អ្នកដឹកនាំ និង​អំណាច​របស់​ទ្រង់ តាមរយៈ​បព្វជិតភាព​របស់​ទ្រង់ ។

បើ​គ្មាន​បព្វជិតភាព​ដ៏​បរិសុទ្ធ​នេះ​ទេ សាសនាចក្រ​នឹង​ក្លាយជា​អង្គភាព​ខាងលោកិយ​ដូច​អង្គភាព​ផ្សេងៗ​ទៀត​ដែរ ដែល​ធ្វើ​ការណ៍​ល្អ​នៅក្នុង​ពិភពលោក ប៉ុន្ដែ​មិនមាន​អំណាច​ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​នៃ​ការរៀបចំ​បុត្រាបុត្រី​របស់​ព្រះ​សម្រាប់​សេចក្ដី​អំណរ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ទីវត្ដមាន​របស់​ទ្រង់​ឡើយ ។ ជាមួយ​បព្វជិតភាព​នេះ និង​កូនសោ​ទាំងឡាយ​ដើម្បី​ដឹកនាំ​កិច្ចការ​នៃ​បព្វជិតភាព នៅក្នុង​សាសនាចក្រ​មាន​ទាំង​សិទ្ធិអំណាច និង​របៀបរបប ។

« នៅក្នុង​សាសនាចក្រ សិទ្ធិ​អំណាច​បព្វជិតភាព​ទាំងអស់​ត្រូវបាន​អនុវត្ត​នៅ​ក្រោម​ការដឹកនាំ​របស់​អ្នកទាំងឡាយ​ណា ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ។

« បុរស​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​មាន​ភាពស័ក្តិសម​ទទួល​សិទ្ធិ​អំណាច​បព្វជិតភាព តាមរយៈ​ការប្រគល់ និង​ការតែងតាំង​បព្វជិតភាព​ទៅ​ក្នុង​តំណែង​បព្វជិតភាព ។ សមាជិក​សាសនាចក្រ​ទាំងអស់​អាច​អនុវត្ត​សិទ្ធិអំណាច​ដែល​ផ្តល់ឲ្យ​ពួកគេ​បាន នៅពេល​ពួកគេ​ត្រូវបាន​ញែកចេញ ឬ​បាន​ចាត់តាំង​ឲ្យ​ជួយ​សម្រេច​កិច្ចការ​របស់​ព្រះ » ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ

បាន​ស្ដារឡើងវិញ​នៅ​ក្នុងជំនាន់​របស់​យើង

នៅពេល​ដែល​ព្រះគម្ពីរ​មរមន​ត្រូវបាន​បកប្រែ​ក្នុង​ឆ្នាំ១៨២៩ ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​រៀបចំ​ទុកដាក់​រចនាសម្ព័ន្ធ​នៃ​បព្វជិតភាព​របស់​ទ្រង់ ។ ជា​ការឆ្លើយតប​ទៅនឹង​ការអធិស្ឋាន​របស់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ទាក់ទង​នឹង​ពិធី​បុណ្យ​ជ្រមុជទឹក យ៉ូហាន បាទីស្ទ ដែល​បាន​រស់ឡើង​វិញ បាន​លេចមក ហើយ​ផ្ដល់​នូវ​បព្វជិតភាព​អើរ៉ុន​ដល់​ពួកលោក​ដែល « កាន់​កូនសោ​ទាំងឡាយ​អំពី​ការបម្រើ​នៃ​ពួកទេវតា និង​អំពី​ដំណឹងល្អ​នៃ​ការប្រែចិត្ដ និង​អំពី​បុណ្យជ្រមុជទឹក ដោយការ​ពន្លិច​សម្រាប់​ការផ្ដាច់បាប » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣:១ ) ។ ដោយមាន​នូវ​សិទ្ធិ​អំណាច​នោះ យ៉ូសែប និង អូលីវើរ បាន​ជ្រមុជទឹក​ឲ្យ​គ្នា​ទៅវិញ​ទៅមក កាល​ដែល​សាសនាចក្រ​បាន​រៀបចំ​ជា​ផ្លូវការ ។

មិន​យូរ​ប៉ុន្មាន​ក្រោយមក ពួក​សាវក​ពី​បុរាណ ពេត្រុស យ៉ាកុប និង​យ៉ូហាន បាន​លេចមក ហើយ​ប្រគល់​បព្វជិតភាព​ជាន់ខ្ពស់​ម៉ិលគីស្សាដែក​រួមទាំង « កូនសោ​ទាំងឡាយ​នៃ​នគរ​របស់​យើង និង​នៃ​ការកាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​សម្រាប់ … កាល​កំណត់​ដ៏​ពោរពេញ ! » ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៧:១២–១៣; ១២៨:២០ ) ។

យុវជន​ដោយមាន​ដៃ​ដាក់​លើក្បាល

សិទ្ធិ​អំណាច​បព្វជិតភាព​បន្ថែម​ទៀត​បានមក នៅពេល​ដែល​ព្យាការី​ពីបុរាណ ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា បាន​លេចមក​ឯ​យ៉ូសែប និង​អូលីវើរ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ហើយ​ប្រគល់​ដល់​ពួកលោក​នូវ​កូនសោ​ទាំងឡាយ​នៃ​ការប្រមូលផ្ដុំ​អ៊ីស្រាអែល និង​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:១១–១៦ ) ។

ពួកអ្នក​ផ្សព្វ​ផ្សាយ​សាសនា

អំណាច​ដើម្បី​ប្រទានពរ

និយាយ​ឲ្យខ្លី គោលបំណង​នៃ​សិទ្ធិ​អំណាច និង​អំណាច​បព្វជិតភាព​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារឡើងវិញ​គឺ​ដើម្បី​ប្រទានពរ ។ សិទ្ធិអំណាច និង​អំណាច​នេះ​អនុញ្ញាត​ឲ្យ​សមាជិក​សាសនាចក្រ​ទាំងអស់ ប្រើ​អំណាច​របស់​ព្រះ​ក្នុង​ការបម្រើ និង​ប្រទានពរ​ដល់​អ្នកដទៃ​នៅក្នុង​សាសនាចក្រ នៅ​ផ្ទះ និង​នៅទូទាំង​ពិភពលោក ។ សមាជិក​ទាំងឡាយ​ចូលរួម​នឹង​ព្រះអង្គសង្គ្រោះ​ក្នុងការ​សម្រេច​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ទ្រង់ ដោយ​ប្រើប្រាស់​អំណោយទាន និង​អំណាច​ដ៏​ទេវភាព​ដែល​លើសពី​អំណាច​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ជួយ​នរគ​របស់​ព្រះ​ឲ្យ​រីកចម្រើន​ពាសពេញ​ផែនដី ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥:២, ៥–៦ ) ។

ព្រះអម្ចាស់​បាន​ពន្យល់​ថា« បព្វជិតភាព​ដ៏​ធំ​ជាង​នេះ [ ម៉ិលគីស្សាដែក ] ចាត់ចែង​ដំណឹងល្អ ហើយ​កាន់​កូនសោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​នគរ គឺជា​កូនសោ​នៃ​ចំណេះវិជ្ជា​ពី​ព្រះ ។

« ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:១៩–២០ ) ។

ពិធីបរិសុទ្ធ​ទាំងឡាយ​គឺជា​ពិធី​ដែល​ត្រូវ​ចាត់ចែង​ដោយ​បព្វជិតភាព តាមរយៈ​ការដែល​យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ដោយ​ចាប់ផ្ដើម​ពី​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​បន្ដ​តាមរយៈ​សេចក្ដីសញ្ញា​ដែល​បានទទួល​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ វា​គឺ​ដោយ​ការរក្សា​សេចក្ដីសញ្ញា​ទាំងនេះ ដែល​យើង​អាច​ប្ដូរ​ពី​មនុស្ស « ខាងសាច់ឈាម » ទៅជា​ពួកបរិសុទ្ធ ( សូមមើល ម៉ូសាយ ៣:១៩ ) ដោយ​ព្រះគុណ​ដ៏​ធួន​នៃ​ព្រះគ្រីស្ទ ហើយ​បាន​រាប់​ជា​សុចរិត និង​បរិសុទ្ធ—គ្មាន​កំហុស និង​គ្មាន​អំពើបាប—នៅចំពោះ​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:២៩–៣១; នីហ្វៃទី៣ ២៧:១៦–២០ ) ។

ព្រះយេស៊ូវគ្រីស្ទ

Christ in America [ ព្រះគ្រីស្ទ​នៅ​ទ្វីប​អាមេរិក ] ដោយ ប៊ែន សូវើតស៍

« ការស្ដារ​ឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយ​ឆ្នាំ » ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ថ្លែង​ដោយ​សង្ខេប​ថា ៖

« យើង​សូម​ប្រកាសថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​រៀបចំឡើង​នៅ​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ១៨៣០ គឺជា​សាសនាចក្រ​សញ្ញាថ្មី​របស់​ព្រះគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ។ សាសនាចក្រ​នេះ​គឺ​ជា​យុថ្កា​នៅ​ក្នុង​ជីវិត​ដ៏​ឥតខ្ចោះ​នៃ​ថ្មជ្រុង​យ៉ាងឯក គឺ​ព្រះយេស៊ូវគ្រីស្ទ និង​នៅក្នុង​ដង្វាយធួន​ដ៏​និរន្ដរ៍ និង​ការ​រស់ឡើងវិញ​ដ៏ពិត​របស់ទ្រង់ ។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ហៅ​ពួកសាវក​ជា​ថ្មី​ម្ដងទៀត ហើយ​បាន​ប្រគល់​សិទ្ធិអំណាច​បព្វជិតភាព​ដល់​ពួកគេ ។ ទ្រង់​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មក​រកទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ដើម្បី​ទទួល​បាន​អំណរ​ដ៏​ខ្ជាប់ខ្ជួន » ។