« សំបុត្រផ្ញើទៅកាន់អស់អ្នកដែលកំពុងពុះពារនឹងការផ្ដល់ការអភ័យទោស » លីហូណា ខែកក្កដា ឆ្នាំ២០២៥ ។
យុវមជ្ឈិមវ័យ
សំបុត្រផ្ញើទៅកាន់អស់អ្នកដែលកំពុងពុះពារនឹងការផ្ដល់ការអភ័យទោស
ខ្ញុំធ្លាប់ឈឺចាប់ពីមុន ហើយត្រូវរៀនពីរបៀបដើម្បីធ្វើការអភ័យទោស ។
ជូនចំពោះមិត្ត
អារម្មណ៍ឈឺចាប់ ឬអាក់អន់ចិត្ត ហាក់ដូចជាបទពិសោធន៍សកលមួយ ។ មនុស្សនៅជុំវិញយើងជាញឹកញាប់និយាយ ឬធ្វើអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ខឹង មិនអើពើ អន់ចិត្ត បង្ខូចតម្លៃ ឬមិនដឹងគុណ ។
កាលពីប៉ុន្មានឆ្នាំមុន មានគេធ្វើឲ្យខ្ញុំឈឺចិត្តនៅឯព្រះវិហារ ។ ខ្ញុំខឹង និងតូចចិត្ត ហើយខ្ញុំចង់ឲ្យបុគ្គលនោះសុំទោស ប៉ុន្តែពួកគេមិនបានធ្វើការសុំទោសនោះទេ ។ ខ្ញុំបានព្យាយាមបំភ្លេចនូវអ្វីដែលបានកើតឡើង ដោយគិតថាការឈឺចាប់ និងកំហឹងដែលខ្ញុំមាននឹងបាត់ទៅ ។
ប៉ុន្តែខ្ញុំបាននាំយកអារម្មណ៍ខឹងទាំងនោះទៅជាមួយខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ។ ការខឹងសម្បាដែលខ្ញុំមានអារម្មណ៍ចំពោះបុគ្គលនេះមិនរសាយបាត់ទៅនោះទេ ។
ថ្ងៃមួយ ខ្ញុំបាននិយាយជាមួយមិត្តម្នាក់អំពីស្ថានភាពនេះ ។ ខ្ញុំបាននឹកឃើញគំនិតមួយនៅក្នុងចិត្តរបស់ខ្ញុំ ៖
អភ័យទោស ។
ព្រះវិញ្ញាណបានបំផុសគំនិតខ្ញុំឲ្យអភ័យទោសដល់បុគ្គលនេះដែលខ្ញុំចងកំហឹងទុកយ៉ាងខ្លាំង ។ ខ្ញុំបានស្រឡាំងកាំង ។
តើខ្ញុំគួរតែលើកលែងទោសឲ្យបុគ្គលនេះដោយរបៀបណា ? ខ្ញុំជាមនុស្សម្នាក់ដែលបានរងការឈឺចាប់ ដូច្នេះខ្ញុំសមនឹងទទួលបានការសុំអភ័យទោស មិនមែនទេឬ ?
ខ្ញុំបានពុះពារនឹងការបំផុសគំនិតនេះអស់រយៈពេលជាយូរមកហើយ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានពិចារណាអំពីគំរូរបស់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ និងការបង្រៀនរបស់ទ្រង់អំពីការអភ័យទោស ៖
« ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ ៖
តែបើអ្នករាល់គ្នាមិនអត់ទោសចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ » ( ម៉ាថាយ ៦:១៤–១៥ ) ។
សូម្បីតែនៅលើឈើឆ្កាង ព្រះអង្គសង្គ្រោះបានអង្វរព្រះវរបិតារបស់ទ្រង់ ឲ្យលើកលែងទោសដល់ពួកទាហានដែលបានឆ្កាងទ្រង់ផងដែរ ( សូមមើល លូកា ២៣:៣៤ ) ។
ខ្ញុំក៏បានចងចាំការអញ្ជើញរបស់ប្រធាន រ័សុល អិម ណិលសុន ឲ្យ « អនុវត្តការបន្ទាបខ្លួន ភាពក្លាហាន និងភាពរឹងមាំដែលតម្រូវឲ្យមានដើម្បីអភ័យទោស ។ …
« … បើមិនអាចអភ័យទោសនៅពេលបច្ចុប្បន្ននេះទេ សូមទូលអង្វរសូមអំណាចនៃព្រះលោហិតដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យជួយដល់បងប្អូន » ។
ដោយមានការណ៍ទាំងអស់នេះនៅក្នុងគំនិត ខ្ញុំបានអធិស្ឋានជាច្រើនដង ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌របស់ខ្ញុំ ដោយនិយាយថា « ប្រសិនបើវាជាបំណងប្រាថ្នារបស់ទ្រង់ដែលខ្ញុំត្រូវអភ័យទោសឲ្យបុគ្គលនេះ សូមបើកទ្វារ ហើយជួយខ្ញុំឲ្យអាចធ្វើវាបាន ព្រោះខ្ញុំមិនមានកម្លាំងដើម្បីធ្វើវាដោយខ្លួនឯងទេ » ។
នៅថ្ងៃបន្ទាប់នៅឯព្រះវិហារ ខ្ញុំបានជួបទល់មុខគ្នាជាមួយបុគ្គលដែលបានធ្វើឲ្យខ្ញុំឈឺចាប់ ។ ដោយមានការដឹកនាំពីព្រះវិញ្ញាណ ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែសុំការអភ័យទោសពីពួកគេ ។ ខ្ញុំបានសុំទោសដោយមិនបានធ្វើជាមិត្តល្អពេលខ្លះ ហើយសួរថាតើពួកគេអាចលើកលែងទោសឲ្យខ្ញុំបានទេ ។ ពួកគេបានលើកលែងទោសឲ្យខ្ញុំ ហើយជាផលតបស្នងមកវិញ ពួកគេបានសុំការអភ័យទោសពីខ្ញុំសម្រាប់អ្វីៗដែលពួកគេបានធ្វើ ។ ខ្ញុំបានអភ័យទោសឲ្យពួកគេ ។
ខ្ញុំបានចាកចេញដោយមានអារម្មណ៍ធូរស្រាល ។ អារម្មណ៍ឈឺចាប់របស់ខ្ញុំមិនបានបាត់ទៅទាំងអស់ក្នុងពេលតែមួយនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ធូរស្បើយ ។ ខ្ញុំបានរួចផុតពីការឈឺចាប់ និងទុក្ខព្រួយដែលបានញាំញីខ្ញុំជាយូរមកហើយ ។ ខ្ញុំអាចបន្តទៅមុខដោយស្ងប់សុខហើយ ។
ពេលខ្លះ វាអាចហាក់ដូចជាមិនអាចអភ័យទោសបានទេ ។ ប៉ុន្តែការចងកំហឹងទុកមានតែធ្វើឲ្យយើងឈឺចាប់ថែមទៀតប៉ុណ្ណោះ ។ ព្រះវរបិតាសួគ៌មិនចង់ឲ្យយើងបន្តរងនូវការឈឺចាប់ ទុក្ខព្រួយ និងកំហឹងដែលព្រះយេស៊ូវបានបង់ថ្លៃយ៉ាងអស់ពីព្រះទ័យសម្រាប់យើងដើម្បីមានសេរីភាពនោះទេ ។ ដោយសារទ្រង់ស្រឡាញ់យើង ទ្រង់សព្វព្រះទ័យចង់ឲ្យយើងទទួលអារម្មណ៍មានអំណរ ។
មិត្តរបស់ខ្ញុំអើយ សូមមានឆន្ទៈក្នុងការបោះបង់ចោលនូវបន្ទុកដែលបងប្អូនកំពុងកាន់នោះទៅ ។ ប្រគល់បន្ទុកទាំងនោះទៅឲ្យព្រះអង្គសង្គ្រោះ ហើយអនុញ្ញាតឲ្យសេចក្តីស្រឡាញ់របស់ទ្រង់ចូលទៅក្នុងជីវិតរបស់បងប្អូន ។ កុំជ្រើសរើសបន្តការឈឺចាប់ធ្វើអ្វី ។ សូមជ្រើសរើសយកទ្រង់ជំនួសវិញ ។
ស៊ីស្ទើរ គ្រីស្ទីន អិម យី ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្រ្គោះទូទៅ បានថ្លែងទីបន្ទាល់ថា « ព្រះអម្ចាស់តម្រូវឲ្យយើងអភ័យទោសឲ្យមនុស្សទាំងអស់ដើម្បីជាប្រយោជន៍ដល់យើងខ្លួនឯង ។ ប៉ុន្តែ ទ្រង់ពុំសុំឲ្យយើងធ្វើវាដោយមិនមានជំនួយពីទ្រង់ សេចក្ដីស្រឡាញ់ និងព្រះតម្រិះរបស់ទ្រង់ឡើយ ។ តាមរយៈសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ យើងម្នាក់ៗអាចទទួលបានអំណាចនៃការពង្រឹង ការដឹកនាំ និងជំនួយដែលយើងត្រូវការដើម្បីអភ័យទោសឲ្យគេផង និងទទួលបានការអភ័យទោសផង » ។
មិត្តជាទីស្រឡាញ់របស់ខ្ញុំ មានមនុស្សជាច្រើនស្រឡាញ់បងប្អូន ។ របៀបដែលបងប្អូនត្រូវអភ័យទោសប្រហែលជានឹងមិនដូចជារបៀបរបស់ខ្ញុំទេ ។ ប៉ុន្តែដោយសារតែយើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះ ហើយទ្រង់ស្រឡាញ់យើងជាខ្លាំង នោះទ្រង់នឹងមើលថែយើងម្នាក់ៗទៅតាមតម្រូវការរបស់យើងនីមួយៗ ។ ទ្រង់នឹងបង្ហាញយើងពីរបៀបនៃការព្យាបាល ទោះបីជាវាត្រូវការពេលវេលាក៏ដោយ ។
ខ្ញុំសង្ឃឹមថា បងប្អូនស្វែងរកការអភ័យទោសដែលព្រលឹងរបស់អ្នកត្រូវការជាខ្លាំង ។ ខ្ញុំសង្ឃឹមថា ពាក្យរបស់ខ្ញុំមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នា ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះគឺខ្ញុំសង្ឃឹមថា ព្រះវិញ្ញាណបានថ្លែងទីបន្ទាល់ដល់បងប្អូនអំពីសេចក្តីពិតដែលព្រះអង្គសង្គ្រោះអាចនាំមកនូវភាពសុខសាន្ត ការជួយសង្គ្រោះ និងភាពពេញលេញ ។
ដោយសេចក្តីស្រឡាញ់
មិត្តរបស់បងប្អូន