« ស្វែងរកអំណរនៅក្នុងដំណើរនៃដំណឹងល្អរបស់បងប្អូន » លីហូណា ខែកក្កដា ឆ្នាំ២០២៥ ។
ស្វែងរកអំណរនៅក្នុងដំណើរនៃដំណឹងល្អរបស់បងប្អូន
លទ្ធផលចុងក្រោយនៃការបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់តាមរយៈការរក្សាព្រះបញ្ញត្តិរបស់ទ្រង់ គឺជាពរជ័យដែលនាំមកនូវសុភមង្គល និងអំណរ ។
រូបថតរបស់សមាជិកសាសនាចក្រពោរពេញដោយអំណរនៅប្រទេសថៃ ដោយ គ្រីស្ទីនណា ស្ម៊ីធ
ខណៈដែលបម្រើជាអ្នកដឹកនាំបេសកកម្មនៅប្រទេសជប៉ុនកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានចូលរួមសន្និសីទនៅចុងសប្តាហ៍មួយនៅក្រុងក្នុងទីជនបទមួយដ៏ឆ្ងាយរបស់បេសកកម្មយើង ។ ប្រធានមណ្ឌលបានរៀបចំឲ្យខ្ញុំធ្វើការសម្ភាសន៍ជាមួយបុរសម្នាក់ ដែលបានចូលរួមក្នុងសាសនាចក្រកាលពីមួយឆ្នាំមុន ហើយកំពុងព្យាយាមទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ គាត់បានសង្ឃឹមថានឹងទទួលបានអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរបស់គាត់នៅចំថ្ងៃ ឬពេលជិតដល់ខួបមួយឆ្នាំនៃពិធីបុណ្យជ្រមុជទឹករបស់គាត់ ។
ក្នុងអំឡុងពេលសន្ទនារបស់យើង សមាជិកថ្មីរូបនេះបានរៀបរាប់អំពីការដឹងគុណយ៉ាងខ្លាំងចំពោះពរជ័យដ៏សន្ធឹកសន្ធាប់ដែលគាត់បានទទួលនៅក្នុងឆ្នាំនោះចាប់តាំងពីគាត់បានទទួលពិធីបុណ្យជ្រមុជទឹករួចមក ។ គាត់រីករាយក្នុងការចូលរួមពិធីសាក្រាម៉ង់ប្រចាំសប្តាហ៍ និងការប្រជុំផ្សេងៗទៀត ។ គាត់បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពរបស់សាខាគាត់ ។ ចំពោះខ្ញុំ គាត់បានបង្ហាញនូវទំនុកចិត្តលើសេចក្តីសញ្ញាដែលបានមកពីការយល់ដឹងអំពីគោលបំណងនៃដំណឹងល្អរបស់គាត់ ដែលឥឡូវនេះជាផ្នែកដ៏សំខាន់មួយរបស់គាត់ ។ គាត់គឺជាសិស្សដែលបានប្រែចិត្តជឿរបស់ព្រះគ្រីស្ទ ដែលបានដកពិសោធន៍នៃការផ្លាស់ប្តូរយ៉ាងធំនៅក្នុងចិត្ត ( សូមមើល ម៉ូសាយ ៥:២ ) ។
ហើយការសន្ទនាទាំងប៉ុន្មានទៀតរបស់យើងបានធ្វើតាមលំនាំពេញដោយសេចក្តីសង្ឃឹមមួយ ។ យើងបានពិភាក្សាអំពីពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយ ដែលនឹងក្លាយជាផ្នែកមួយនៃបទពិសោធន៍នៅព្រះវិហារបរិសុទ្ធរបស់គាត់ ។ គាត់បានឆ្លើយសំណួរនៃបទដ្ឋាននីមួយៗដែលទាក់ទងនឹងការទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធយ៉ាងជាក់ច្បាស់ ។
បន្ទាប់ពីការសម្ភាសន៍ ខ្ញុំចាំបានថាបានរៀបរាប់ទៅកាន់ប្រធានមណ្ឌលថាតើខ្ញុំមានអំណរគុណយ៉ាងណាដែលបានជួបបុរសដ៏ឆ្នើមបែបនេះ ។ ខ្ញុំបានជម្រាបប្រាប់គាត់ថា ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកទាំងនេះដែលបានរកឃើញ និងបានចិញ្ចឹមបីបាច់ខាងវិញ្ញាណដល់មនុស្សម្នាក់ដែលមានគុណសម្បត្តិ និងសន្យាបែបនេះ ។
ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលប្រធានមណ្ឌលបានចែកចាយថា នៅពេលដែលបុរសរូបនេះចាប់ផ្តើមរៀនមេរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងចូលរួមក្នុងព្រះវិហារកាលពីជាងមួយឆ្នាំមុន គាត់គ្មានផ្ទះសម្បែងទេ និងស្ថិតក្នុងកាលៈទេសៈ—ដ៏លំបាកលំបិន—ស្ទើរតែគ្មានក្តីសង្ឃឹមបំផុត ។ បន្ទាប់មក ប្រធានមណ្ឌលបានរៀបរាប់ពីរបៀបដែលការសិក្សាអំពីដំណឹងល្អរបស់បងប្រុសរូបនេះ និងការប្រែចិត្តជឿរបស់គាត់ក្នុងរយៈពេលប៉ុន្មានខែ ដែលបាននាំឲ្យគាត់មានការផ្លាស់ប្តូរដ៏អព្ភូតហេតុ ដែលបានធ្វើឲ្យគាត់ស្ថិតនៅលើផ្លូវនៃភាពខ្លួនទីពឹងខ្លួនទាំងខាងវិញ្ញាណ និងខាងសាច់ឈាម និងផ្តល់ឲ្យគាត់នូវអារម្មណ៍ដែលមានគោលបំណង និងអំណរ ។
ដំណឹងល្អបានផ្តល់ឲ្យគាត់នូវទិដ្ឋភាពដ៏ច្បាស់លាស់ពីគោលបំណងនៃជីវិតរបស់គាត់ ។ សេចក្តីពិតនៃដំណឹងល្អដ៏ច្បាស់ និងពិសេសៗទាំងប៉ុន្មាន បាននាំមកនូវចម្លើយចំពោះសំណួរដ៏សំខាន់ៗនៃជីវិតរមែងស្លាប់ ដោយចាប់ផ្តើមជាមួយនឹងចំណេះដឹងមួយថា « ព្រះគឺជាព្រះវរបិតាសួគ៌របស់យើង ហើយយើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ។ … ព្រះស្គាល់យើងដោយផ្ទាល់ និងស្រឡាញ់យើង » ។ នៅក្នុងផែនការរបស់ទ្រង់ « ព្រះវរបិតាសួគ៌បាន … ប្រទានអំណោយទាន និងការណែនាំជាច្រើនដើម្បីជួយយើងត្រឡប់ទៅកាន់ទីវត្តមានរបស់ទ្រង់វិញ » ។
ការណ៍នេះគឺជាពរជ័យមួយសម្រាប់បុរសម្នាក់នេះ និង ដែលមានសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះដូចៗគ្នាតាមរយៈដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
គោលបំណងនៃជីវិត
ប្រធាន អិម រ័សុល បាឡឺដ ( ឆ្នាំ១៩២៨–២០២៣ ) បានប្រកាសថា ដោយសារតែព្រះយេស៊ូវគ្រីស្ទបានស្ដារដំណឹងល្អរបស់ទ្រង់ឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្មីធ « យើងមានការយល់ដឹងអំពីគោលបំណងនៃជីវិតនេះ ដឹងថាយើងជានរណា » ។ នៅក្នុងទីបន្ទាល់ចុងក្រោយរបស់លោកទៅកាន់សាសនាចក្រ ប្រធាន បាឡឺដ ដែលពេលនោះជាប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
« យើងដឹងថា ព្រះជានរណា យើងដឹងថា ព្រះអង្គសង្គ្រោះជានរណា ព្រោះយើងមានយ៉ូសែបដែលបានចូលទៅក្នុងព្រៃនោះកាលនៅជាក្មេងប្រុសម្នាក់ ដើម្បីស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់លោក ។
ខ្ញុំរំភើប ហើយខ្ញុំប្រាកដថា បងប្អូនទាំងអស់គ្នាជាច្រើនក៏រំភើបដែរ ថាយើងមានពរជ័យយ៉ាងណា ដោយដឹងនូវអ្វីដែលយើងដឹងអំពីគោលបំណងរបស់យើងក្នុងជីវិតនេះ ហេតុអ្វីយើងនៅទីនេះ អ្វីដែលយើងគួរតែព្យាយាមធ្វើ និងសម្រេចឲ្យបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង » ។
សម្រាប់សមាជិករបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចំណេះដឹងនោះរួមមានការយល់ដឹងអំពី « ផែនការដ៏ឥតខ្ចោះ » នៃសេចក្តីសង្គ្រោះរបស់ព្រះ ។ ក៏ត្រូវបានគេស្គាល់ផងដែរថាជា « ផែនការនៃសុភមង្គលដ៏មហិមា » « ផែនការនៃសេចក្តីប្រោសលោះ » និង « ផែនការនៃសេចក្តីមេត្តាករុណា » ( អាលម៉ា ៤២:៨, ១១, ១៥ ) វា « ដកយកអាថ៌កំបាំងចេញពីជីវិត និងភាពមិនច្បាស់លាស់ចេញពីអនាគតរបស់យើង » ។ ភាពចាំបាច់ចំពោះផែនការនោះគឺ « គោលលទ្ធិនៃព្រះគ្រីស្ទ » ដែលជាចំណុចសំខាន់ចំពោះគោលបំណងនៃជីវិត ។
ដោយសារតែយើងមានដំណឹងល្អ យើងដឹងថាយើងជាបុត្រាបុត្រីរបស់ព្រះ ដែលបានបញ្ជូនមកកាន់ផែនដីដើម្បីត្រូវបានសាកល្បង កែលម្អ និងរៀបចំខ្លួនដើម្បី « បាននាំមកដោយសារដំណើររស់ឡើងវិញនៃមនុស្សស្លាប់ តាមរយៈជ័យជម្នះ និងសិរីល្អនៃកូនចៀម » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៣៩ ) ។ យើងដឹងពីព្រះបញ្ញត្តិ ហើយត្រូវបានប្រៀនប្រដៅ « គ្រប់គ្រាន់ឲ្យ[ យើង ]ដឹងខុស និងត្រូវ » ( នីហ្វៃទី២ ២:៥ ) ។ យើងដឹងថា យើងនៅលើផែនដីដើម្បីស្រឡាញ់និងបម្រើ ។ ហើយយើងដឹងថាព្រះអង្គសង្គ្រោះបានហៅយើងឲ្យយកឈ្នះលោកិយ និងជួយអ្នកដទៃឲ្យធ្វើដូចគ្នាផងដែរ ( សូមមើល យ៉ូហាន ១៦:៣៣; គោលលទ្ធិ និងសេចក្ដី សញ្ញា ៦៤:២ ) នៅក្នុងការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
នៅពេលយើងផ្តោតលើទ្រង់ អ្វីដែល យ៉ូសែប ស្មីធ បានហៅការណ៍នោះថា « សំឡេងសាទរនៃដំណឹងល្អរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើង » ដែលនឹងពង្រឹងយើងក្នុងអំឡុងគ្រាដ៏លំបាក និងនាំមកនូវអត្ថន័យ និងគោលបំណងដល់ជីវិតរបស់យើង និងជីវិតរបស់អ្នកដទៃផងដែរ ។
Every Knee Shall Bow [ គ្រប់ទាំងជង្គង់នឹងលុតចុះ ] ដោយ ដែន វិលសិន ហាមថតចម្លង
ការគោរពប្រតិបត្តិ ពរជ័យ អំណរ
ព្រះបានប្រទានសិទ្ធិជ្រើសរើសខាងសីលធម៌ដល់យើង ដើម្បីយើងអាចមានការទទួលខុសត្រូវចំពោះជម្រើសរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៧៨; នីហ្វៃទី២ ២:១៦ ) ។ ជាផ្នែកមួយនៃ « ការផ្ទុយចំពោះរឿងសព្វសារពើ » ( នីហ្វៃទី២ ២:១១ ) សាតាំងត្រូវបានអនុញ្ញាតឲ្យល្បួងយើងដើម្បីប្រើសិទ្ធិជ្រើសរើសរបស់យើងខុស ។
ប៉ុន្តែព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ « ជ្រាបនូវគ្រោះដែលនឹងមានមកលើបណ្ដាជនទាំងឡាយនៅលើផែនដី » នៅក្នុងសម័យរបស់យើង បានហៅព្យាការី យ៉ូសែប ស្ម៊ីធ « បាននិយាយមកកាន់លោកពីលើស្ថានសួគ៌ ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៧ ) ។ តាមលំនាំនោះដែលព្រះអម្ចាស់បើកសម្តែងពីព្រះបញ្ញត្តិទាំងឡាយ និងព្រះឆន្ទៈរបស់ទ្រង់ទៅកាន់ព្យាការីរបស់ទ្រង់ដែលនៅបន្តក្នុងសម័យរបស់យើងជាមួយប្រធាន រ័សុល អិម ណិលសុន—ហើយសម្រាប់ហេតុផលដូចគ្នានេះ ។ ព្រះមានព្រះរាជបំណងនាំយើងទៅរកសុភមង្គលក្នុងជីវិតនេះ និងសិរីរុងរឿងសេឡេស្ទាលក្នុងជីវិតបន្ទាប់ ។
ការគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះគួរតែកើតចេញពីការលះបង់ និងសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់បានប្រកាសថា ដើម្បីស្រឡាញ់ព្រះ « គឺជាបទបញ្ញត្តិដ៏ធំទីមួយ » ( សូមមើល ម៉ាថាយ ២២:៣៧–៣៨ ) ។ ទ្រង់បានប្រទានការយល់ដឹងបន្ថែមទៀតនៅពេលដែលទ្រង់បានប្រកាសថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។
មានរង្វាន់សម្រាប់ការស្រឡាញ់ព្រះអម្ចាស់ និងការរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ នៅក្នុងសម័យកាន់កាប់ត្រួតត្រានេះ ទ្រង់បានរៀបរាប់អំពី « ក្រឹត្យវិន័យមួយដ៏ពុំអាចដកចេញបាន ដែលបានធ្វើនៅស្ថានសួគ៌ … ដែលគ្រប់ព្រះពរទាំងអស់ផ្អែកទៅលើ—
« ហើយកាលណាយើងបានព្រះពរណាមួយពីព្រះ នោះគឺដោយសារការគោរពដល់ក្រឹត្យវិន័យនោះ ដែលព្រះពរនោះផ្អែកទៅលើ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២០–២១ ) ។
ដូច្នេះ លទ្ធផលចុងក្រោយនៃការបង្ហាញនូវសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ដោយតាមរយៈការរក្សាបទបញ្ញត្តិរបស់ទ្រង់ គឺជាពរជ័យដែលនាំមកនូវសុភមង្គល និងអំណរ ។
ការមើលទៅជីវិតតាមរយៈទស្សនៈនៃដំណឹងល្អដែលបានស្ដារឡើងវិញ និងវិវរណៈនៅសម័យទំនើប ផ្តល់ឲ្យយើងនូវភាពច្បាស់លាស់ ។ ជាមួយនឹងទស្សនវិស័យច្បាស់លាស់នៃប្រភពដើម និងជោគវាសនាដ៏ទេវភាពរបស់យើង យើងដឹងថា « អ្វីៗដែលនឹងធ្វើឲ្យ ជីវិតរមែងស្លាប់ [ របស់យើង ] បានប្រសើរបំផុត ផែនការនេះ អាចជារឿង ដូចគ្នា ដែលនឹងធ្វើឲ្យជីវិតនៅ ភាពអស់កល្បជានិច្ច [ របស់យើង ] បានប្រសើរបំផុតតាមដែល ផែនការនេះ អាចធ្វើបាន ! »
សេចក្ដីបញ្ចប់
ខ្ញុំបញ្ចប់នៅកន្លែងដែលខ្ញុំបានចាប់ផ្តើម ដោយរំឭកពីបទពិសោធន៍របស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុនជាមួយនឹងអ្នកប្រែចិត្តជឿថ្មីម្នាក់នៅក្នុងប្រទេសជប៉ុន ។ តាមរយៈការខិតខំប្រឹងប្រែងរបស់គាត់ និងការខិតខំប្រឹងប្រែងរបស់ពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកទាំងឡាយ គាត់បានរកឃើញដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងការស្វែងរកដំណឹងល្អ គាត់ក៏បានរកឃើញគោលបំណងរបស់គាត់ផងដែរ ដែលបានពង្រីកចក្ខុវិស័យរបស់គាត់ ។ គាត់ក៏បានរកឃើញផែនការនៃសុភមង្គលដ៏មហិមា ។ ការគោរពតាមសេចក្ដីសញ្ញានៃដំណឹងល្អនៃផែនការនេះបាននាំមកនូវពរជ័យ និងអំណរ បានជួយគាត់ខាងសាច់ឈាម និងខាងវិញ្ញាណ ។
ដំណើររបស់គាត់ដែលដឹកនាំទៅរកសមាជិកភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានអនុញ្ញាតឲ្យគាត់ក្លាយជាសាក្សីម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានរៀបរាប់អំពីអំណរដូចខាងក្រោម ៖
« ដោយសារផែនការពេញដោយក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌របស់យើងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗ ហើយដោយសារព្រះជន្មដ៏ប្រោសលោះ និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ នោះយើងអាច—និងគួរតែ—ជាមនុស្សរីករាយបំផុតនៅលើផែនដី ! ទោះបីជាព្យុះជីវិតនៅក្នុងពិភពលោកដែលមានបញ្ហាជាញឹកញាប់ បានបក់បោកមកលើយើងក្តី ក៏យើងអាចបណ្ដុះនូវអារម្មណ៍នៃអំណរ និងសេចក្តីសុខសាន្តខាងក្នុងដែលមានភាពរីកចម្រើន និងឋិតថេរ ដោយសារក្ដីសង្ឃឹមរបស់យើងលើព្រះគ្រីស្ទ និងការយល់ដឹងរបស់យើងអំពីកន្លែងរបស់យើងនៅក្នុងផែនការនៃសុភមង្គលដ៏ស្រស់ស្អាត » ។
ខ្ញុំសូមថ្លែងអំណរគុណរបស់ខ្ញុំចំពោះ និងទីបន្ទាល់អំពីដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ រួមទាំងផែនការដ៏មហិមានៃសុភមង្គលដែលបានបង្កប់យ៉ាងជ្រៅនៅក្នុងនោះ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យទួលទានផ្លែឈើនៃដំណឹងល្អ និងទទួលអារម្មណ៍អំណរបន្ថែមទៀតនៅក្នុងជីវិតនេះនៅលើដំណើររបស់បងប្អូនឆ្ពោះទៅរកជីវិតដ៏ស់កល្បជានិច្ច ។