« ការមើលថែ ៖ គំនិតផ្តួចផ្តើមជាសកលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងកុមារ » លីហូណា ខែសីហា ឆ្នាំ២០២៥ ។
ស្រ្តីនៃសេចក្តីសញ្ញា
ការមើលថែ ៖ គំនិតផ្តួចផ្តើមជាសកលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងកុមារ
យើងនាំយកសេចក្តីស្រឡាញ់ និងការជួយសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ពិភពលោកទាំងអស់ នៅពេលដែលយើងថែទាំអ្នកទាំងឡាយនៅក្នុងផ្ទះ ភូមិ និងសហគមន៍របស់យើងយើងផ្ទាល់ ។
ការងារដ៏បំផុសគំនិតរបស់សមាគមសង្គ្រោះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងការងារមនុស្សធម៌ និងការថែទាំអ្នកទាំងឡាយដែលខ្វះខាតចាប់តាំងពីការចាប់ផ្តើមដ៏ទេវភាពរបស់សមាគមសង្រ្គោះក្នុងឆ្នាំ១៨៤២ មកម៉្លេះ ។ នៅសតវត្សរ៍ទី២០ បងប្អូនស្រីសមាគមសង្គ្រោះបានផ្ញើគ្រាប់ធញ្ញជាតិដែលពួកគេបានរក្សាទុកដើម្បីជួយចិញ្ចឹមដល់អ្នកទាំងឡាយណាដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិ និងអំណត់ ។ ពួកគេបានបង្កើតមន្ទីរពេទ្យ ជួយស្ត្រីឲ្យចូលរៀននៅសាលាពេទ្យ និងបណ្តុះបណ្តាលស្ត្រីផ្នែកគិលានុបដ្ឋាយិកា និងឆ្មប ដែលធ្វើឲ្យអត្រាមរណភាពរបស់មាតា និងទារកទើបកើតបានកាត់បន្ថយយ៉ាងខ្លាំង ។ ពួកគេក៏បានលើកកម្ពស់ការអប់រំដោយបង្កើតសាលារៀន និងកម្មវិធីអក្ខរកម្មផ្សេងៗ ។
សព្វថ្ងៃនេះ បងប្អូនស្រីសមាគមសង្គ្រោះជិតប្រាំបីលាននាក់នៅទូទាំងពិភពលោក នៅតែបន្តតាំងចិត្តក្នុងការថែទាំអ្នកទាំងឡាយណាដែលខ្វះខាត ។ សមាគមសង្គ្រោះគាំទ្រដល់បទពិសោធន៍សម្រាប់ស្ត្រីដើម្បីនាំមក និងទទួលបានការជួយសង្គ្រោះរបស់ព្រះសង្រ្គោះ—ខាងសាច់ឈាម និងខាងវិញ្ញាណ—ទៅដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ ក្នុងនាមជាបងប្អូនស្រី ការផ្តល់និងការទទួលនូវការជួយសង្គ្រោះរបស់ព្រះអង្គសង្គ្រោះ ពួកគេកាន់តែប្រែក្លាយដូចជាទ្រង់ ទទួលបានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ និងចង់មានទំនាក់ទំនងសេចក្តីសញ្ញាជាមួយនឹងទ្រង់កាន់តែស៊ីជម្រៅ ។
គំនិតផ្តួចផ្តើមជាសកលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងកុមាររបស់សាសនាចក្រ គឺជា បទពិសោធន៍ មួយ—ជាឱកាសមួយដើម្បីនាំមកនូវការជួយសង្គ្រោះខាងសាច់ឈាម និងខាងវិញ្ញាណទៅដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ យើងធ្វើដូច្នេះដោយមានព្រះវិញ្ញាណរបស់ទ្រង់ សិទ្ធិអំណាចបព្វជិតភាពដែលបានផ្ទេររបស់ទ្រង់ និងព្រះចេស្តារបស់ទ្រង់ ដែលយើងទទួលបានតាមរយៈការរក្សាសេចក្តីសញ្ញារបស់យើងជាមួយនឹងទ្រង់ ។
ជាមួយនឹងគំនិតផ្តួចផ្តើមនេះ យើងខិតខំដើម្បីធ្វើឲ្យមានឥទ្ធិពលដ៏ធំបំផុតនៅក្នុងការផ្តល់ពរជ័យដល់ជីវិតរបស់ស្ត្រី និងកុមារ តាមរយៈការផ្តោតយកចិត្តទុកដាក់ទៅលើផ្នែកទាំងបួននេះ ៖
-
អាហារូបត្ថម្ភរបស់កុមារ
-
ការថែទាំមាតា និងទារកដែលទើបកើត
-
ការចាក់ថ្នាំបង្ការ
-
ការអប់រំ
ហេតុអ្វីបានជាយើងផ្តោតលើកម្លាំងកាយ កម្លាំងចិត្ត និងធនធានរបស់យើងលើគំនិតផ្តួចផ្តើមជាសកលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងកុមារ ? ពីព្រោះយើងជឿថា ការរីកចម្រើនជាសកលចាប់ផ្តើមឡើងពីស្ត្រី និងកុមារ ។ ប្រធាន ចនសុន បង្រៀន ៖ « នៅពេលដែលបងប្អូនផ្ដល់ពរដល់ស្ត្រី នោះបងប្អូនផ្ដល់ពរដល់គ្រួសារ ដល់សហគមន៍ និងដល់ប្រទេសជាតិមួយ ។ នៅពេលដែលបងប្អូនផ្ដល់ពរដល់កុមារ នោះបងប្អូនវិនិយោគនៅលើអនាគត » ។
ដោយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាសកល គណៈប្រធានទីមួយបានអនុម័តគំនិតផ្តួចផ្តើមនេះដែលដឹកនាំដោយសាសនាចក្រនូវទឹកប្រាក់ចំនួន ៥៥.៨ លានដុល្លារ ដើម្បីពន្លឿនការលើកកម្ពស់អាហារូបត្ថម្ភ និងការថែទាំសុខភាពនៅក្នុងប្រទេសចំនួន ១២ ដែលមានតម្រូវការខ្ពស់ ។ ដោយមានការសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗចំនួនប្រាំបី សាសនាចក្របានគាំទ្រកម្មវិធីដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងសុខុមាលភាពរបស់កុមារ ជាង ១៤ លាននាក់ និងម្តាយក្មេងខ្ចី និងស្រ្តីមានផ្ទៃពោះ នៅក្នុងឆ្នាំ២០២៤ ។
ប្រធាន ខាំមៀល អិន ចនសុន ទស្សនកិច្ចជាមួយម្តាយម្នាក់ដែលមានកូនបីនាក់នៅក្នុងព្រឹត្តិការណ៍បរិច្ចាគអាហារនៅក្នុងប្រទេសកូស្តារីកា ។ ប្រធាន ចនសុន បានមានប្រសាសន៍ « នាងពិតជាមានអំណរគុណចំពោះអាហារសម្រាប់កូនៗដែលស្រេកឃ្លានរបស់នាង ។ ខ្ញុំបានប្រាប់នាងថា ខ្ញុំស្រឡាញ់នាង ហើយសំខាន់ជាងនេះទៅទៀតនោះថាព្រះស្រឡាញ់នាង » ។
ផ្នែកមួយនៃបុព្វហេតុដ៏សំខាន់មួយ
នៅពេលដែលខ្ញុំ ( ប្រធាន ចនសុន ) បានធ្វើដំណើរទៅកាន់ប្រទេសកូស្តារីកាកាលពីឆ្នាំមុន ខ្ញុំមានឱកាសជួយនៅក្នុងព្រឹត្តិការណ៍បរិច្ចាគអាហារ ។ ខ្ញុំមានអារម្មណ៍រំភើបរីករាយដែលបានជួបស្ត្រី និងកុមារជាច្រើននាក់ដែលមកទទួលអាហារដែលមានសុខភាពល្អ ។ ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងច្បាស់មួយថា យើងកំពុងតែធ្វើអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងធ្វើ ។ ខ្ញុំបានជួប យូម៉ាណា និងកូនទាំងបីដ៏ស្រស់ស្អាតរបស់នាង ។ ស្ត្រីដ៏ស្មោះត្រង់រូបនេះកំពុងលក់ផ្កាកុលាបធ្វើពីខ្សែបូ ដែលនាងបានធ្វើដោយផ្ទាល់ដៃដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាង ។ នាងពិតជាដឹងគុណចំពោះអាហារសម្រាប់កូនៗដែលស្រេកឃ្លានរបស់នាង ។ ខ្ញុំបានប្រាប់នាងថា ខ្ញុំស្រឡាញ់នាង ហើយសំខាន់ជាងនេះទៅទៀតនោះថា ព្រះស្រឡាញ់នាង ។ យូម៉ាណា បានទទួលជំនួយខាងសាច់ឈាម និង ជំនួយសង្រ្គោះខាងវិញ្ញាណនៅពេលដែលនាងបានទទួលអារម្មណ៍ និងស្គាល់សេចក្តីស្រឡាញ់របស់ព្រះ ។
យើងមើលឃើញថាគំនិតផ្តួចផ្តើមជាសាកលនេះ គឺជាផ្នែកមួយនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ នៅពេលមនុស្សទទួលបានជំនួយសង្រ្គោះខាងសាច់ឈាម យើងសង្ឃឹម និងរំពឹងថាពួកគេនឹងទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះពួកគេ និងមានបំណងចង់ធ្វើ ឬពង្រឹងទំនាក់ទំនងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ។
កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អសុខភាព និងសុខុមាលភាពរបស់ស្ត្រី និងកុមារបំពេញការទទួលខុសត្រូវដ៏ទេវភាពក្នុងការថែទាំអស់អ្នកដែលខ្វះខាត ។ ប៉ុន្តែគំនិតផ្តួចផ្តើមនេះផ្ដល់ពរដល់មនុស្សតាមរបៀបផ្សេងទៀត ៖
-
វាបង្កើនសមត្ថភាពបញ្ញា និងរាងកាយរបស់មនុស្សជំនាន់ដែលកំពុងពេញវ័យ ដោយជួយពួកគេឲ្យឈានដល់សក្តានុពលខាងវិញ្ញាណរបស់ពួកគេផងដែរ ។
-
វាជំរុញឲ្យមានការសន្ទនាទៅកាន់អ្នកជិតខាង និងមិត្តភក្តិរបស់យើង ដែលមនុស្សភាគច្រើនក៏ចង់រៀនពីរបៀបដើម្បីជួយកូនៗរបស់ពួកគេផងដែរ ។
-
វាផ្តល់នូវបុព្វហេតុមួយដែលផ្តោតលើដំណឹងល្អ ដោយលើកកម្ពស់ការបម្រើដ៏មានអត្ថន័យ និងឱកាសការផ្ដល់ការងារបម្រើសម្រាប់ស្ត្រី ជាពិសេសយុវមជ្ឈិមវ័យជាស្រ្តី ។
យុវមជ្ឈិមវ័យជំនាន់បច្ចុប្បន្នចង់ធ្វើជាផ្នែកមួយនៃបុព្វហេតុដ៏សំខាន់មួយ ដែលជាបុព្វហេតុដែលធ្វើឲ្យមានឥទ្ធិពលពិតប្រាកដ និងភាពខុសគ្នានៅក្នុងពិភពលោក ។ យើងសង្ឃឹមថា គំនិតផ្តួចផ្តើមជាសកលនេះនឹងជួយបងប្អូនស្រីរបស់យើងមើលឃើញថាពួកគេជាចំណែកមួយនៃបុព្វហេតុដ៏អស្ចារ្យបំផុតនៅលើផែនដីរួចទៅហើយ ៖ គឺអង្គការដ៏ទេវភាពរបស់ព្រះអម្ចាស់សម្រាប់ស្ត្រីនៅក្នុងសាសនាចក្រ ដែលបានស្តារឡើងវិញរបស់ទ្រង់ គឺសមាគមសង្គ្រោះ ។
យើងជឿថា គំនិតផ្តួចផ្តើមជាសកលនេះនឹងបំផុសគំនិតសមាជិក និងមិត្តភក្តិរបស់យើងឲ្យបម្រើនៅក្នុងសហគមន៍របស់ពួកគេ ។ យើងសង្ឃឹមថា ពួកគេនឹងមើលឃើញថា ៖
-
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ កំពុងផ្តល់ជាអាទិភាពដល់បញ្ហាដែលជះឥទ្ធិពលដល់ស្ត្រី និងកុមារ និងផ្តល់ធនធានទាំងឡាយដើម្បីកែលម្អសុខភាព និងសុខុមាលភាពរបស់ពួកគេ ។
-
សាសនាចក្រ និងសមាគមសង្គ្រោះគឺជាអ្នកដឹកនាំសកលក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ ។
-
សមាគមសង្គ្រោះត្រូវបានដឹកនាំដោយ និងមានសមាសភាពរបស់ស្ត្រីដែលកំពុងធ្វើឲ្យជីវិតរបស់បុគ្គល គ្រួសារ និងសហគមន៍ប្រសើរឡើង ។
ការណ៍នេះគ្រាន់តែជាការចាប់ផ្តើមនៃអ្វីដ៏អស្ចារ្យដែលនឹងផ្ដល់ពរដល់ជីវិតរបស់មនុស្សជាច្រើនដែលនឹងផ្តល់ និងទទួលជំនួយពីព្រះអង្គសង្គ្រោះនៅថ្ងៃនេះ និងនៅប៉ុន្មានឆ្នាំខាងមុខ ខណៈពេលគំនិតផ្តួចផ្តើមជាសកលនេះបន្តរីកចម្រើន ។
អ្នកជំនាញវេជ្ជសាស្រ្តកំពុងពិនិត្យកុមារនៅប្រទេសហ្វីលីពីន ។ អាហារូបត្ថម្ភសម្រាប់កុមារគឺជាផ្នែកមួយក្នុងចំណោមផ្នែកទាំងបួននៃការផ្តោតលើសម្រាប់គំនិតផ្តួចផ្តើមជាសកល ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងកុមាររបស់សាសនាចក្រ ។
នៅក្នុងវិសាលភាពនៃឥទ្ធិពលរបស់យើង
នៅលើសកលលោក សាសនាចក្រដែលមានទូទាំងពិភពលោកនេះ តំណាងឲ្យយើងម្នាក់ៗដែលជាសមាជិកក្នុងការនាំអង្គការដែលជាអ្នកជំនាញក្នុងការដោះស្រាយបញ្ហាធំៗនៅកន្លែងឆ្ងាយៗនានាឲ្យនៅជាមួយគ្នា ។ ទោះយ៉ាងណាក៏ដោយ ប្រហែលជាការជួយបែបមនុស្សធម៌ដ៏ល្អបំផុត គឺធ្វើឡើងនៅជិតៗផ្ទះ ដូចជាការជួយដល់អ្នកនៅជាប់របង ឬអ្នកជិតខាងនៅឯផ្លូវម្ខាងទៀត ។ បងប្អូនកំពុងរស់នៅតាមសេចក្តីសញ្ញារបស់បងប្អូន និងចូលរួមក្នុងបុព្វហេតុជាសកលរបស់យើង នៅពេលដែលបងប្អូនធ្វើសកម្មភាពដោយសេចក្តីអាណិតអាសូរដូចជាព្រះគ្រីស្ទ និងការថែទាំដោយក្តីស្រឡាញ់ចំពោះអស់អ្នកនៅក្នុងគ្រួសារ ភូមិ និងសហគមន៍របស់បងប្អូនផ្ទាល់ ។
បងប្អូនប្រហែលជាមិនអាចជួយជួសជុលដំបូលផ្ទះអ្នកជិតខាង ឬធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតដើម្បីសម្អាតផ្ទះរបស់ពួកគេបន្ទាប់ពីព្យុះមហន្តរាយបានទេ ប៉ុន្តែតើបងប្អូនអាចឈោងទៅជួយកុមារ ស្តាប់មិត្តភក្តិដែលកំពុងជួបការលំបាក ឬបរិច្ចាគដង្វាយតមអាហារបានដែរឬទេ ? រាល់ការខិតខំប្រឹងប្រែងគឺមានតម្លៃ និងសំខាន់ណាស់នៅក្នុងការងារនេះដើម្បីមើលថែដល់អ្នកដែលខ្វះខាត ។ សូមអរគុណចំពោះការធ្វើជាមធ្យោបាយមួយ ដែលតាមរយៈបងប្អូននោះអ្នកដទៃអាចទទួលបានការជួយសង្គ្រោះរបស់ព្រះអង្គសង្គ្រោះ ដោយធ្វើជាដៃដ៏ទន់ភ្លន់របស់ទ្រង់ ជើងរហ័សរបស់ទ្រង់ ត្រចៀកសម្រាប់ស្តាប់របស់ទ្រង់ បបូរមាត់សម្រាប់និយាយពាក្យពិរោះរបស់ទ្រង់ ។
នៅពេលសាសនាចក្រនាំអង្គការទាំងឡាយរួបរួមគ្នាដើម្បីសហការសម្រាប់សុខភាព និងសុខុមាលភាពរបស់ស្ត្រី និងកុមារនៅក្នុងប្រទេសផ្សេងៗ នោះបងប្អូនស្រីនៃសមាគមសង្គ្រោះនាំមនុស្សមកជួបជុំគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងសហគមន៍របស់ពួកគេផ្ទាល់ ។ ស្ត្រីនៃសមាគមសង្គ្រោះស្គាល់នូវតម្រូវការ ប្រមូលធនធាននានា និងជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយ ។ ហើយយើងធ្វើដូច្នេះដោយមានជំនួយពីព្រះវិញ្ញាណ នាំមកនូវសេចក្តីស្រឡាញ់ និងការជួយសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។
ដោយការមើលឃើញពីតម្រូវការរបស់ជនអន្តោប្រវេសន៍នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី បងប្អូនស្រីសមាគមន៍សង្រ្គោះបានរៀបចំឱកាសបម្រើមួយ ដើម្បីផ្តល់ឲ្យពួកគេនូវសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ក្នុងផ្ទះផ្សេងៗ ។ បងប្អូនស្រីមួយចំនួនបានបរិច្ចាគរបស់របរដែលបានប្រើហើយម្តងពីរដង ខណៈពេលដែលអ្នកផ្សេងទៀតបានរៀបចំទុកដាក់ និងសម្អាតរបស់បរិច្ចាគ ។ ការផ្តល់ជូនរបស់បងប្អូនស្រីម្នាក់ៗគឺមានសារៈសំខាន់ ។ បងប្អូនស្រីសមាគមសង្រ្គោះបានជួយភ្ញៀវឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ពេលពួកគេមកដល់មជ្ឈមណ្ឌលបរិច្ចាគ ។ ម៉ូនៀ ដែលជាប្អូនស្រីម្នាក់មកពីមូលដ្ឋានមួយបាននិយាយថា « ចេញពីកិច្ចការតូចតាចទើបនាំឲ្យកើតកិច្ចការដ៏ធំៗបាន ។ ហើយយើងអាចផ្តល់ពរដល់មនុស្សនៅខាងក្នុង និងនៅខាងក្រៅសាសនាចក្របាន ។ ការជួយអ្នកដទៃគឺជាដំណឹងល្អតាមរយៈទង្វើ » ។
ការថ្លែងទៅកាន់សមាគមសង្គ្រោះដែលទើបនឹងរៀបចំឡើងកាលពីពេលថ្មីៗ នោះព្យាការី យ៉ូសែប ស្មីធ បានមានប្រសាសន៍ទៅកាន់បងប្អូនស្រីថា « ឥឡូវនេះ បងប្អូនត្រូវបានដាក់ទៅក្នុងស្ថានភាពមួយដែលបងប្អូនអាចធ្វើតាមការអាណិតអាសូរទាំងនោះដែលព្រះបានដាក់នៅក្នុងបេះដូងរបស់បងប្អូន » ។
ខណៈពេលនៅទីក្រុងហ្គូដាឡាហារ៉ា ប្រទេសម៉ិកស៊ិក ស៊ីស្ទើរ យី បានរៀនអំពី និងបានឃើញគំរូដែលមិនគួរឲ្យជឿជាច្រើនរបស់បងប្អូនស្រីដែលធ្វើតាមការអាណិតអាសូរទាំងនោះ ខណៈដែលពួកគេខិតខំដើម្បីបំពេញតម្រូវការក្នុងមូលដ្ឋាន ។
បងស្រីម្នាក់នោះគឺជាបងស្រី ពូលីដូ ដែលបានឃើញតម្រូវការនៅឯមន្ទីរពេទ្យក្នុងមូលដ្ឋានមួយកន្លែង ដើម្បីជួយដល់គ្រួសារ និងបុគ្គលទាំងឡាយដែលមកពីឆ្ងាយ ហើយត្រូវការអាហារ និងសម្លៀកបំពាក់ខណៈពេលពួកគេរង់ចាំទទួលការព្យាបាល ។ នាងបានប្រមូលផ្តុំបងប្អូនស្រីសមាគមសង្គ្រោះចំនួន ១២០ នាក់ ពួកអ្នកផ្សព្វផ្សាយសាសនាជាច្រើននាក់ និងអ្នកដទៃទៀតនៅក្នុងសហគមន៍ ដើម្បីស្វែងរកការបរិច្ចាគអាហារ ទឹក ភួយ និងសម្លៀកបំពាក់ ។ មនុស្សប្រហែល ១,៥០០ នាក់បានបរិច្ចាគរបស់របរ ហើយបងប្អូនស្រី និងអ្នកដទៃទៀតបានរៀបចំអាហារថ្ងៃត្រង់ និងអាហារសម្រាប់មនុស្សជិត ១,២០០ នាក់ ។ របស់របរទាំងឡាយត្រូវបានប្រគល់ឲ្យអស់អ្នកដែលកំពុងរង់ចាំដល់វេនរបស់ពួកគេដើម្បីទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ។
បងស្រីរូបនេះបាននិយាយថា គាត់ធ្វើបែបនេះដោយសារតែគាត់មានអារម្មណ៍អាណិតចំពោះមនុស្សទាំងនេះ ។ ជាមួយនឹងកែវភ្នែករលីងរលោង គាត់បានពន្យល់យ៉ាងសុភាពរាបសាថា គាត់ធ្លាប់ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលកំពុងរង់ចាំនៅក្នុងមន្ទីរពេទ្យ ខណៈពេលស្វាមីរបស់គាត់មក និងទៅព្យាបាលជំងឺមហារីក ។ គាត់បាននិយាយថា ពរជ័យ និងបំណងប្រាថ្នាដ៏ធំបំផុតរបស់គាត់ គឺដើម្បីបម្រើដូចជាព្រះអង្គសង្គ្រោះ ។
ការនាំមកនូវការជួយសង្គ្រោះរបស់ព្រះអង្គសង្គ្រោះ
បងប្អូនស្រី យើងត្រូវបានទុកចិត្តជាមួយនឹងការងារដ៏ពិសិដ្ឋនៃការនាំយកនូវការជួយសង្គ្រោះរបស់ព្រះអង្គសង្គ្រោះ—ខាងសាច់ឈាម និងខាងវិញ្ញាណ—ទៅកាន់ពិភពលោកទាំងមូល ។ ហើយយើងអាចធ្វើដូច្នេះបានតាមរយៈការថែរក្សាអស់អ្នកដែលនៅក្នុងផ្នែកនៃឥទ្ធិពលរបស់យើង ។ ឱ នេះជាអំណោយ និងពរជ័យដ៏អស្ចារ្យ ។ ការចូលរួមក្នុងគំនិតផ្តួចផ្តើមជាសកលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងកុមារ គឺជាបទពិសោធន៍មួយក្នុងចំណោម បទពិសោធន៍ ជាច្រើនដែលនាំយើងឲ្យកាន់តែខិតជិតព្រះអង្គសង្គ្រោះ ។ ការធ្វើដូចដែលទ្រង់នឹងធ្វើ យើងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ហើយបំណងប្រាថ្នារបស់យើងសម្រាប់ និងការតាំងចិត្តរបស់យើងចំពោះទំនាក់ទំនងនៃសេចក្តីសញ្ញាជាមួយទ្រង់រីកលូតលាស់ឡើង ។
សូមអរគុណដែលបានជួយយើងពាំនាំនូវសេចក្តីស្រឡាញ់ និងការជួយសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទទៅដល់បងប្អូនប្រុស និងបងប្អូនស្រីរបស់យើងនៅគ្រប់ទីកន្លែង ។
នៅក្នុងការព្យាយាមដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ នោះតម្រូវការដ៏សំខាន់បំផុតសម្រាប់យើងក្នុងនាមជាសិស្សរបស់ទ្រង់ គឺត្រូវស្គាល់នូវតម្រូវការបុគ្គលបន្ទាន់ដែលនៅជុំវិញយើង ហើយឆ្លើយតបដោយភាពអត់ធ្មត់ និងសេចក្តីស្រឡាញ់ ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍មកកាន់យើងនៅក្នុងការប្រជុំធម្មនិដ្ឋានរបស់សមាគមសង្គ្រោះនៅទូទាំងពិភពលោកនាឆ្នាំ២០២៤ ថា « ខ្ញុំសូមផ្ដល់ពរដល់បងប្អូនឲ្យដឹងថា អំណោយដ៏ទេវភាពរបស់បងប្អូន ក្នុងនាមជាបុត្រីរបស់ព្រះ ផ្តល់ឲ្យបងប្អូននូវអំណាចដែលមិនត្រឹមតែដើម្បីផ្លាស់ប្តូរជីវិតប៉ុណ្ណោះទេ ថែមទាំងដើម្បីផ្លាស់ប្តូរពិភពលោកផងដែរ ! » ។
នោះគឺជាការទទួលខុសត្រូវដ៏អស្ចារ្យរបស់យើង !
វាជារដូវកាលដ៏រុងរឿងមួយដើម្បីធ្វើជាស្ត្រី និងសមាជិកនៃសង្គមមួយដែលនាំមកនូវការជួយសង្គ្រោះរបស់ព្រះអង្គសង្គ្រោះ—ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ—ដល់ បងប្អូនស្រី និងបងប្អូនប្រុសរបស់យើងនៅជុំវិញពិភពលោក ។ គោលដៅចុងក្រោយក្នុងការផ្តល់នូវការជួយសង្គ្រោះ និងភាពខ្លួនទីពឹងខ្លួន គឺដើម្បីរៀបចំផ្លូវសម្រាប់បងប្អូនស្រី និងបងប្អូនប្រុសរបស់យើងឲ្យមានបំណងប្រាថ្នា និងទទួលនូវសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដែលមានសម្រាប់អស់អ្នកដែលធ្វើ និងរក្សាសេចក្តីសញ្ញាជាមួយនឹងព្រះ ។
យើងសូមថ្លែងទីបន្ទាល់របស់យើងថាព្រះយេស៊ូវគ្រីស្ទ គឺជាការជួយសង្គ្រោះ ហើយថាការជួយសង្គ្រោះដែលទ្រង់ប្រទានឲ្យគឺអស់កល្បអស់កាលជានិច្ច ។