« បំពេរឲ្យគេងដោយព្រះអម្ចាស់ » លីហូណា ខែកក្កដា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
បំពេរឲ្យគេងដោយព្រះអម្ចាស់
ព្រះបានជួយកូនប្រុសរបស់យើងឲ្យស្ងាត់ និងលួងលោមខ្ញុំនៅពេលដែលយើងត្រូវការជំនួយ និងការលួងលោមនោះបំផុត ។
រចនារូបភាពដោយ ដេវិឌ ម៉ាឡាន / ( ក្រុមហ៊ុន ) Malan Creative
នៅពេលកូនច្បងរបស់យើង ខេឌិន មានអាយុ ១០ខែ ស្វាមីខ្ញុំ ដេវីឌ និងខ្ញុំបានទុកគាត់ឲ្យឪពុកម្តាយរបស់ខ្ញុំថែទាំជាលើកដំបូង ។ យើងបានចេញទៅទទួលទានអាហារពេលល្ងាច ហើយបន្ទាប់មកបានទៅមើលកុន ។ នៅពេលដែលយើងទទួលបានពោតលីងរបស់យើង ហើយអង្គុយចុះ នោះម្តាយរបស់ខ្ញុំបានទូរសព្ទមក ។
កូនតូចរបស់យើងមិនដកដង្ហើមទេ ហើយរថយន្តសង្គ្រោះកំពុងធ្វើដំណើរមកហើយ !
យើងបានបើកឡានទៅផ្ទះដោយភ័យស្លន់ស្លោ ហើយរត់ចូលទៅក្នុងផ្ទះឃើញ ខេឌិន នៅក្នុងដៃម្តាយរបស់ខ្ញុំ កំពុងញញឹមទៅកាន់ពេទ្យសង្គ្រោះបន្ទាន់ ។ គាត់មិនអីទេ ប៉ុន្តែមុននេះគាត់បានប្រកាច់មួយសន្ទុះ ។
វេជ្ជបណ្ឌិតមិនអាចកំណត់ពីមូលហេតុនៃការប្រកាច់នោះ ឬការប្រកាច់បន្តបន្ទាប់ពីរដងទៀតនោះបានទេ ប៉ុន្តែពួកវេជ្ជបណ្ឌិតទាំងនោះបានចេញវេជ្ជបញ្ជាដើម្បីទិញថ្នាំដែលជួយកុំឲ្យប្រកាច់ ។ ក្នុងនាមជាម្តាយលើកដំបូង ខ្ញុំមានការឈឺចាប់ណាស់ ។ ខេឌិន ហាក់ដូចជាមិនអីទេ ប៉ុន្តែបទពិសោធន៍នេះបានធ្វើឲ្យសេចក្តីជំនឿរបស់ខ្ញុំរង្គោះរង្គើ ។ ខ្ញុំបានចាប់ផ្តើមមានភាពតានតឹង និងការព្រួយបារម្ភ ។
ពីរឆ្នាំក្រោយមក គ្រូពេទ្យសរសៃប្រសាទបានណែនាំឲ្យធ្វើការវាស់សកម្មភាពសរសៃប្រសាទ ( EEG ) ទៅដល់ ខេឌិន ជាការធ្វើតេស្តដែលនឹងវាស់សកម្មភាពខួរក្បាលរបស់គាត់ខណៈពេលដែលគាត់កំពុងគេង ។ ប្រសិនបើលទ្ធផលមើលទៅល្អ នោះគាត់អាចឈប់ប្រើថ្នាំប្រកាច់នោះបាន ។
ខ្ញុំបារម្ភអំពីការធ្វើតេស្តនេះ ដោយសារតែ ខេឌិន លែងគេងថ្ងៃតាំងពីមួយឆ្នាំមុនមកម្ល៉េះ ។ តើយើងនឹងធ្វើដូចម្តេចឲ្យគាត់គេងនៅក្នុងការិយាល័យដ៏មមាញឹករបស់វេជ្ជបណ្ឌិត ដោយដាក់អេឡិចត្រូតពេញលើក្បាលរបស់គាត់បានទៅ ?
យប់មុនពេលការធ្វើតេស្ត ដេវីឌ បានប្រសិទ្ធពរបព្វជិតភាពឲ្យដល់ ខេឌិន ។ នៅពេលដែលការប្រសិទ្ធពរចាប់ផ្តើម ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណយ៉ាងខ្លាំង ។ ខ្ញុំបានដឹងថាអ្វីៗនឹងមិនអីទេ ។ វាជាលើកទីមួយចាប់តាំងពីការប្រកាច់លើកដំបូងរបស់គាត់ ដែលខ្ញុំទទួលអារម្មណ៍សុខសាន្តបែបនេះ ។
ថ្ងៃបន្ទាប់វេជ្ជបណ្ឌិតបានដាក់ភ្ជាប់អេឡិចត្រូតទៅលើក្បាលរបស់ ខេឌិន ។ បន្ទាប់មក យើងបានដាក់គាត់នៅលើតុសម្រាប់ពិនិត្យ ហើយបិទភ្លើង ។
គាត់បានគេងលក់ក្នុងពេលតែពីរបីនាទី ។ ការណ៍នេះហាក់ដូចជាមិនមែនជាអព្ភូតហេតុទេឬ ប៉ុន្តែគាត់មិនបានគេងថ្ងៃដោយខ្លួនឯងអស់រយៈពេលជាងមួយឆ្នាំមកហើយ ។
ព្រះវរបិតាសួគ៌មិនបានបំភ្លេចពួកយើងទេ ។ ព្រះវិញ្ញាណរបស់ទ្រង់នៅទីនោះក្នុងការិយាល័យវេជ្ជបណ្ឌិតនោះកំពុងលួង ខេឌិន និងលួងលោមដល់ខ្ញុំ ។ ឥរិយាបថរបស់ខ្ញុំចំពោះការសាកល្បង និងការប្រសិទ្ធពរបព្វជិតភាពបានផ្លាស់ប្តូរនៅថ្ងៃនោះ ។ ខ្ញុំដឹងថា ព្រះចេស្តានៃបព្វជិតភាពគឺមានពិតមែន ។
ឥឡូវនេះ ខេឌិន ជាយុវមជ្ឈិមវ័យហើយ ។ គាត់មិនមានការប្រកាច់ចាប់តាំងពីគាត់នៅជាទារក ។ គាត់បានប្រឈមមុខនឹងបញ្ហាប្រឈមផ្សេងទៀត ប៉ុន្តែបានយកឈ្នះភាគច្រើន ។ ខ្ញុំដឹងថា ព្រះអម្ចាស់នៅតែបន្តមើលថែគាត់ និងធ្វើឲ្យការភ័យខ្លាចរបស់ខ្ញុំបានស្ងប់ ( សូមមើល លូកា ៨:៥០ ) ។