« រត់គេចចេញពីប្រទេសវៀតណាម » លីអាហូណា ខែកក្កដា ឆ្នាំ២០២៥ ។
ដំណើររឿងទាំងឡាយចេញពី Saints Volume 4
រត់គេចចេញពីប្រទេសវៀតណាម
នៅពេលពួកបរិសុទ្ធជនជាតិវៀតណាមរងទុក្ខដោយសង្គ្រាម ការជម្លៀសខ្លួន ជំរំ និងការបែកចេញពីគ្រួសាររបស់ពួកគេ នោះពួកគេបានប្រកាន់ខ្ជាប់យ៉ាងរឹងមាំចំពោះសេចក្តីជំនឿរបស់ពួកគេ ។
រចនារូបភាពដោយ ដេវីឌ ហ្គ្រីន
នៅថ្ងៃអាទិត្យដ៏ភ្លឺចែងចាំងមួយនាខែមេសា ឆ្នាំ១៩៧៥ នៅប្រទេសវៀតណាមដែលបានបំផ្លិចបំផ្លាញដោយសង្គ្រាម ង្វៀន វានតាយ ( The អានថា « តាយ » ) ប្រធានសាខា សាយហ្គន បានចូលទៅក្នុងសាលាប្រជុំក្នុងមូលដ្ឋានមួយ ។ ភ្លាមៗនោះ សមាជិកក្នុងសាខាបានមកជុំវិញគាត់ ទឹកមុខរបស់ពួកគេពោរពេញដោយការខកចិត្ត និងសេចក្តីសង្ឃឹម ។ « ប្រធានា តាយ ! ប្រធាន តាយ ! » ពួកគេស្រែកឡើង ។ តើប្រធានមានដំណឹងអ្វីខ្លះ ? »
គាត់បានមានប្រសាសន៍ថា « ខ្ញុំនឹងប្រាប់បងប្អូនអ្វីៗគ្រប់យ៉ាងដែលខ្ញុំដឹង បន្ទាប់ពីការប្រជុំសាក្រាម៉ង់ » ។ គាត់បានសុំឲ្យមនុស្សគ្រប់គ្នារក្សាភាពស្ងប់ស្ងាត់ ។ « សំណួរទាំងអស់របស់បងប្អូននឹងត្រូវបានឆ្លើយ » ។
ង្វៀន វ៉ាន តាយ ប្រធានសាខា សាយហ្គន ទទួលបានការថ្វាយដង្វាយមួយភាគក្នុងដប់ នៅឆ្នាំ១៩៧៣—ប្រហែលពីរឆ្នាំមុនពេលសង្គ្រាមបណ្តេញសមាជិកឲ្យចាកចេញពីទីក្រុងសាយហ្គន ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសវៀតណាមត្រូវបានបែងចែកទឹកដី ។ ជម្លោះបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីសង្គ្រាមលោកលើកទី២ ។ កងទ័ពអាមេរិកបានប្រយុទ្ធរួមគ្នាជាមួយកងទ័ពវៀតណាមខាងត្បូង ប្រឆាំងនឹងការគ្រប់គ្រងរបបកុម្មុយនិស្តរបស់វៀតណាមខាងជើងអស់រយៈពេលជិតមួយទសវត្សរ៍ ប៉ុន្តែដោយមានចំនួនស្លាប់ច្រើនបណ្តាលឲ្យកងទ័ពអាមេរិកដកខ្លួនចេញពីសង្គ្រាម ។ ឥឡូវនេះ កងទ័ពវៀតណាមខាងជើងកំពុងហ៊ុមព័ទ្ធរដ្ឋធានីសាយហ្គនខាងត្បូង ។
ពេលដែលប្រធាន តាយ បានចូលទៅក្នុងសាលាជំនុំ ហើយអង្គុយនៅខាងមុខបន្ទប់ នោះគាត់អាចឮសំឡេងបាញ់កាំភ្លើងធំ ។ សង្គ្រាមដែលបាននាំពួកបរិសុទ្ធវៀតណាមជាច្រើនមកកាន់ដំណឹងល្អដែលបានស្តារឡើងវិញដែលឥឡូវនេះកំពុងធ្វើឲ្យសាខានេះបែកបាក់ ។
បន្ទាប់ពីការប្រជុំ ប្រធាន តាយ បានប្រាប់ដល់ពួកបរិសុទ្ធថាស្ថានទូតសហរដ្ឋអាមេរិកស្ម័គ្រចិត្តដើម្បីជម្លៀសសមាជិកសាសនាចក្រ ។ សមាជិកសាខាបានទទូចឲ្យគ្រួសាររបស់ប្រធាន តាយ ត្រូវជម្លៀសភ្លាមៗ ដើម្បីគាត់អាចមើលថែពេញលេញពីការជម្លៀសរបស់អ្នកផ្សេងទៀត ។
ប៉ុន្មានម៉ោងក្រោយមក ភរិយារបស់គាត់ឈ្មោះ លៀន និងកូនទាំងបីនាក់របស់ពួកគាត់ រួមជាមួយម្តាយ និងបងប្អូនស្រីៗរបស់គាត់ បានហោះហើរចេញពីទីក្រុងសាយហ្គន ។
នៅប៉ុន្មានថ្ងៃបន្ទាប់មក ប្រធាន តាយ និងបងប្អូនពួកបរិសុទ្ធម្នាក់ដែលមានឈ្មោះថា ត្រឹង វ៉ាន់ងៀ បានឡើងជិះម៉ូតូដើម្បីស្វែងរកជំនួយពីកាកបាទក្រហមអន្តរជាតិ ។ ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេបានជួបរថក្រោះមួយដែលមានកាំភ្លើងធំកំពុងបើកឆ្ពោះទៅយ៉ាងលឿនសំដៅរកពួកគេ ។
ងៀ បានបត់ម៉ូតូចេញពីផ្លូវ ហើយគាត់ជាមួយនិងប្រធាន តាយ បានទៅលាក់ខ្លួនក្នុងប្រឡាយទឹក ។ រថក្រោះបានឮសន្ធឹកនៅក្បែរពួកគាត់ ។
ឥឡូវនេះ សាយហ្គនបានធ្លាក់ទៅក្នុងដៃវៀតណាមខាងជើង ។
មួយសប្តាហ៍ក្រោយមក ក្នុងខែឧសភា ឆ្នាំ១៩៧៥ លី ម៉ៃឡាន បានឈានជើងចុះពីឡានក្រុងដែលមានមនុស្សកកកុញ នៅក្បែរជំរំយោធាមួយកន្លែងជិតទីក្រុងសាន់ឌីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា នៅឆ្នេរភាគខាងលិចនៃសហរដ្ឋអាមេរិក ។ នៅចំពោះមុខគាត់គឺជាទីក្រុងដែលសម្បូរទៅដោយតង់ជាច្រើន ដែលបានបង្កើតឡើងដើម្បីធ្វើជាជម្រកសម្រាប់ជនភៀសខ្លួន ១៨,០០០ នាក់មកពីប្រទេសវៀតណាម ។
ម៉ៃឡាន គ្មានលុយសោះឡើយ ហើយចេះនិយាយភាសាអង់គ្លេសបានតិចតួច ។ ហើយគាត់មានកូនបីនាក់ដែលគាត់ត្រូវមើលថែ ខណៈពេលកំពុងរង់ចាំដំណឹងរបស់ស្វាមីគាត់នៅប្រទេសវៀតណាម ។
នៅយប់ដំបូងរបស់ពួកគាត់នៅជំរំ ម៉ៃឡាន បានខិតខំអស់ពីលទ្ធភាពរបស់គាត់ដើម្បីធ្វើឲ្យកូនៗរបស់គាត់មានភាពសុខស្រួល ។ នៅក្នុងជំរំពុំមានភួយឲ្យគាត់នោះទេ ហើយមានតែគ្រែមួយប៉ុណ្ណោះ ។ កូនប្រុសៗរបស់គាត់ដែលមានឈ្មោះ វូ និង ហ៊ុយ បានប្រជ្រៀតគ្នានៅលើគ្រែ ខណៈពេលដែលទារកដេកនៅក្នុងអង្រឹងដែល ម៉ៃឡាន បានក្រងពីស្លឹក និងខ្សែកៅស៊ូ ។
គ្មានកន្លែងណាសម្រាប់ ម៉ៃឡាន សម្រាន្តនោះទេ ដូច្នេះគាត់គេងអង្គុយនៅគែមគ្រែដោយផ្អែកលើបង្គោលតង់មួយ ។ នាយប់នោះអាកាសធាតុត្រជាក់ ហើយសុខភាពរបស់គាត់កាន់តែចុះដុនដាប ។ មិនយូរប៉ុន្មាន គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរបេង ។
គាត់បានអធិស្ឋានឥតឈប់ឈរទូលសុំឲ្យស្វាមីរបស់គាត់នឹងនៅតែរឹងមាំ ដោយជឿថាប្រសិនបើគាត់អាចរស់រានមានជីវិតពីទុក្ខវេទនារបស់គាត់បាន នោះស្វាមីរបស់គាត់ក៏អាចរស់រានមានជីវិតពីទុក្ខវេទនារបស់គាត់បានដែរ ។ គាត់មិនបានឮអ្វីពីស្វាមីរបស់គាត់ទេចាប់តាំងពីការហោះហើររបស់គាត់ចេញពីទីក្រុងសាយហ្គនមក ។
ខណៈដែល ម៉ៃឡាន យោលទារកដែលស្រែកយំជារៀងរាល់ព្រឹក គាត់ក៏យំផងដែរ ។ « សូមមេត្តា » គាត់បានអង្វរដល់ព្រះអម្ចាស់ « អនុញ្ញាតឲ្យខ្ញុំម្ចាស់បានឆ្លងផុតពីថ្ងៃនេះផង » ។
នៅឆ្នាំ១៩៧៦ ប្រធាន តាយ ត្រូវបានជាប់ពន្ធនាគារនៅ ថាញ់អុង ណាំ ។ គាត់ចង់ដឹងដំណឹងអំពីភរិយា និងកូនៗរបស់គាត់ណាស់ ប៉ុន្តែអ្វីដែលគាត់ដឹងអំពីគ្រួសាររបស់គាត់បានមកពីតេឡេក្រាមពីប្រធានបេសកកម្មហុងកុង ៖ « ម៉ៃឡាន និងគ្រួសារសុខសប្យាយទេ ។ ពួកគេរស់នៅជាមួយសាសនាចក្រ » ។
ឥឡូវនេះ ជាងមួយឆ្នាំក្រោយមក តាយ បានងឿងឆ្ងល់ថាតើនៅពេលណាទើបគាត់នឹងមានសេរីភាពម្តងទៀត ។
ជីវិតនៅក្នុងជំរំពន្ធនាគារគឺលំបាកខ្លាំងណាស់ ។ តាយ និងមិត្តភក្តិរបស់គាត់ត្រូវបានដាក់នៅក្នុងផ្ទះមួយដែលមានសុទ្ធតែសត្វកណ្តុរ ។ ពួកគាត់សម្រាន្តនៅលើគ្រែធ្វើពីបន្ទះដែក ។ ដោយមានអាហារតិចតួច ហើយផ្អូម រួមជាមួយនឹងការរស់នៅគ្មានអនាម័យនៅក្នុងជំរំ បានធ្វើឲ្យបុរសទាំងនោះងាយរងគ្រោះដោយជំងឺដូចជា ជំងឺរាគមួល និងជំងឺស្ពឹក ។
ការកសាងពីគោលការណ៍របស់រដ្ឋាភិបាលថ្មីពាក់ព័ន្ធនឹងការធ្វើការងារពលកម្មហួសកម្លាំង និងការរៀននិន្នាការនយោបាយ ។ នរណាម្នាក់ដែលបំពានច្បាប់ជំរំអាចនឹងទទួលការវាយដំយ៉ាងដំណំ ឬការចាប់ឃុំឃាំងខ្លួន ។
តាយ បានរស់រានមានជីវិតរហូតមកដល់ពេលនេះដោយការធ្វើតាមស្ថានការណ៍ និងការប្រកាន់ជាប់នឹងសេចក្តីជំនឿរបស់គាត់ ។ មានពេលមួយ គាត់បានគិតចង់រត់គេចចេញពីជំរំ ។ ប៉ុន្តែគាត់បានមានអារម្មណ៍ថា ព្រះអម្ចាស់រារាំងគាត់ ។ « ចូរអត់ធ្មត់ » ព្រះវិញ្ញាណបានខ្សឹបប្រាប់ ។ « អ្វីៗទាំងអស់នឹងបានល្អតាមកំណត់របស់ព្រះអម្ចាស់ » ។
មួយរយៈក្រោយមក តាយ បានដឹងថាបងប្អូនស្រីរបស់គាត់ឈ្មោះ បា នឹងត្រូវបានអនុញ្ញាតឲ្យចូលទៅមើលគាត់នៅក្នុងជំរំ ។ ប្រសិនបើគាត់អាចលួចឲ្យសំបុត្ររបស់គាត់ទៅនាង នោះនាងអាចផ្ញើសំបុត្រនោះទៅឲ្យគ្រួសាររបស់គាត់បាន ។
នៅថ្ងៃដែល បា មកសួរសុខទុក្ខ តាយរង់ចាំក្នុងជួរខណៈដែលអ្នកយាមធ្វើការឆែកឆេររាងកាយទាំងមូលរបស់អ្នកទោសដែលនៅពីមុខគាត់ ។ គាត់បានលាក់សំបុត្រនោះនៅពីក្រោយក្រណាត់នៅខាងក្នុងមួករបស់គាត់ ។ បន្ទាប់មក គាត់បានដាក់សៀវភៅ និងប៊ិចតូចមួយចូលទៅក្នុងមួក ។ បើសំណាងល្អ សៀវភៅកត់ត្រានោះនឹងអាចបញ្ឆោតអ្នកយាមនោះបាន ។
ពួកអ្នកយាមបានពិនិត្យមើលប៊ិច និងសៀវភៅកត់ត្រានោះ ហើយបន្ទាប់មកអនុញ្ញាតឲ្យគាត់ចេញមក ។
មិនយូរប៉ុន្មាន តាយ បានឃើញបងប្អូនស្រីរបស់គាត់ ហើយលាក់សំបុត្រនោះចូលទៅក្នុងដៃរបស់នាង ។ គាត់យំនៅពេលដែល បា បានឲ្យអាហារ និងលុយកាក់ខ្លះដល់គាត់ ។ គាត់បានទុកចិត្តថា នាងនឹងយកសំបុត្ររបស់គាត់ទៅឲ្យ ម៉ៃឡាន ។
ប្រាំមួយខែក្រោយមក បា បានត្រឡប់ទៅជំរំវិញដោយមានសំបុត្រមួយច្បាប់ ។ នៅខាងក្នុងនោះមានរូបថតរបស់ ម៉ៃឡាន និងកូនៗ ។ គាត់បានដឹងថា គាត់មិនអាចរង់ចាំបានទៀតទេ ។
គាត់ត្រូវរកវិធីចេញពីជំរំនេះ និងទៅក្នុងរង្វង់ដៃនៃគ្រួសាររបស់គាត់ ។
ង្វៀន វ៉ាន់ តាយ និងភរិយារបស់គាត់គឺ លី ម៉ៃឡាន ជាមួយកូនប្រុសរបស់ពួកគាត់ក្នុងឆ្នាំ១៩៧៣ ។ គាត់ និងកូនបីនាក់របស់ពួកគាត់បានទៅជ្រកកោននៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែ តាយ ត្រូវបានបង្ខំឲ្យចូលជំរំពន្ធនាគារ ។ ក្រោយមក គាត់បាននិយាយថា « ខ្ញុំអាចរស់រានមានជីវិតពីជំរំ ‹ កសាង › ដោយសារតែ … ខ្ញុំមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ។
ដោយជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួនក្នុងការមើលថែដល់ក្រុមគ្រួសារ នោះសេវាសង្គម អិល.ឌី.អេស. បានរៀបចំជាមួយសមាជិកសាសនាចក្រនៅសហរដ្ឋអាមេរិក ដើម្បីមើលថែជនភៀសខ្លួនជាប្រជាជនវៀតណាមប្រហែល ៥៥០ នាក់ ដែលភាគច្រើនមិនមែនជាសមាជិកនៃសាសនាចក្រនោះទេ ។ ម៉ៃឡាន និងគ្រួសាររបស់គាត់ត្រូវបានឧបត្ថម្ភដោយ ភីលីព ហ្លាមើរ ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ និងភរិយារបស់គាត់គឺ មៀលដ្រែត ។ ពួកគេបានជួយគ្រួសារនេះផ្លាស់ទីលំនៅពីរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុងប្រូវ៉ូ រដ្ឋយូថាហ៍ ។
ដំបូងឡើយ ម៉ៃឡាន បានតស៊ូស្វែងរកការងារធ្វើ ។ ភីលីព បាននាំនាងទៅហាងរបស់ជជុះមួយកន្លែងដើម្បីដាក់ពាក្យសុំធ្វើការមុខតំណែងខាងអនាម័យ ។ ប៉ុន្តែក្នុងអំឡុងពេលសម្ភាសន៍ អ្នកគ្រប់គ្រងបានហែកសញ្ញាបត្រវិទ្យាល័យរបស់គាត់ជាពីរ ហើយបានប្រាប់គាត់ថា « សញ្ញាបត្រនេះគ្មានប្រសិទ្ធភាពនៅទីនេះទេ » ។
មិនយូរប៉ុន្មាន គាត់ទទួលបានការងារបណ្តោះអាសន្នជាអ្នកបេះផ្លែ ឈែរីនៅឯចម្ការមួយកន្លែងនៅក្បែរនោះ ។ បន្ទាប់មកទៀត គាត់រកបានការងារធ្វើជាជាងកាត់ដេរ ហើយបានបន្ថែមប្រាក់ចំណូលរបស់គាត់ដោយការដុតនំសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ ។ ដោយមានជំនួយពី ភីលីព គាត់ក៏បានរកប្រាក់ដោយការវាយរបាយការណ៍សម្រាប់សិស្ស ប៊ី.វ៉ាយ.យូ. ផងដែរ ។
នៅក្នុងអំឡុងពេលនៃការលំបាករបស់គ្រួសារគាត់ ម៉ៃឡាន នៅតែស្មោះត្រង់ចំពោះព្រះអម្ចាស់ ។ គាត់បានបង្រៀនកូនៗរបស់គាត់អំពីអំណាចនៃការអធិស្ឋាន ដោយដឹងថាវាអាចនាំពួកគេឆ្លងកាត់ការលំបាករបស់ពួកគេបាន ។
បន្ទាប់មកនៅចុងឆ្នាំ១៩៧៧ ម៉ៃឡាន បានដឹងថាស្វាមីរបស់នាងបាននៅក្នុងជំរំជនភៀសខ្លួននៅប្រទេសម៉ាឡេស៊ី ។ នៅទីបំផុត គាត់បានចាកចេញពីប្រទេសវៀតណាមនៅតាមទូកនេសាទចាស់មួយ ក្រោយពីត្រូវបានដោះលែងពី ថាញ់អុង ណាំ ។ ឥឡូវនេះ គាត់បានត្រៀមខ្លួនដើម្បីជួបជុំជាមួយគ្រួសាររបស់គាត់ ។ អ្វីដែលគាត់ត្រូវការគឺអ្នកឧបត្ថម្ភប៉ុណ្ណោះ ។
ម៉ៃឡាន បានចាប់ផ្តើមធ្វើការកាន់តែច្រើនម៉ោង ដើម្បីសន្សំប្រាក់ឲ្យបានគ្រប់គ្រាន់ដើម្បីយក តាយ ទៅកាន់សហរដ្ឋអាមេរិក ។
នៅខែមករា ឆ្នាំ១៩៧៨ លី ម៉ៃ ឡាន អង្គុយនៅក្នុងរថយន្តពេលឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង សលត៍ លេក ដោយភ័យខ្លាច ។ គាត់កំពុងធ្វើដំណើរទៅជួបស្វាមីរបស់គាត់ជាលើកដំបូងក្នុងរយៈពេលជិតបីឆ្នាំ ។
បន្ទាប់ពីបានមកដល់ព្រលានយន្តហោះ ម៉ៃឡាន បានចូលរួមជាមួយមិត្តភក្តិ និងសមាជិកសាសនាចក្រផ្សេងទៀតដែលបានមកស្វាគមន៍ តាយ ។
មិនយូរប៉ុន្មាន ម៉ៃឡាន បានឃើញ តាយ ចុះពីលើជណ្តើរយន្ត ។ គាត់មើលទៅដូចជាស្លេកស្លាំង និងមានកែវភ្នែកនឿយហត់ ។ ប៉ុន្តែនៅពេលមើលឃើញ ម៉ៃឡាន គាត់បានស្រែកហៅភរិយារបស់គាត់ ។ ភ្លាមៗនោះ ម៉ៃឡាន មានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ។
គាត់បានឱប តាយ យ៉ាងណែន ។ គាត់បានខ្សឹបថា « សូមអរគុណព្រះនៅស្ថានសួគ៌ ទីបំផុតបងបានមកដល់ផ្ទះវិញហើយ ! »