« តើយើងនឹងជួបចៅស្រីរបស់យើងម្តងទៀតដែរទេ ? » លីអាហូណា ខែកក្កដា ឆ្នាំ២០២៥
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
តើយើងនឹងជួបចៅស្រីរបស់យើងម្តងទៀតដែរទេ ?
ការសម្រេចចិត្តរបស់យើងដើម្បីទទួលយកការអញ្ជើញមកពីប្រធាន ណិលសុន បាននាំឲ្យមានអព្ភូតហេតុមួយដែលមិននឹកស្មានដល់ ។
រចនារូបភាពដោយ ដេវិឌ ម៉ាឡាន / ( ក្រុមហ៊ុន ) Malan Creative
នៅក្នុងឆ្នាំ១៩៩៩ កូនប្រុសច្បងរបស់យើងបានទទួលមរណភាព ។ គាត់បានបន្សល់ទុកភរិយា និងកូនស្រីម្នាក់អាយុមួយឆ្នាំ ដែលយើងមានទំនាក់ទំនងដ៏រីករាយ និងការប្រាស្រ័យទាក់ទងគ្នាប្រចាំសប្តាហ៍ដ៏អស្ចារ្យ ។
ដោយសារតែស្ថានភាពដ៏អកុសល នោះថ្ងៃខួបកំណើតអាយុបីឆ្នាំរបស់ចៅស្រីយើង បានក្លាយជាលើកចុងក្រោយដែលយើងមានទំនាក់ទំនងជាមួយនាង ។ អស់រយៈពេលជាច្រើនឆ្នាំ យើងបានអធិស្ឋាន តមអាហារ ហើយសង្ឃឹមថាយើងនឹងអាចជួបនាងម្តងទៀត ។
ក្នុងអំឡុងពេលសន្និសីទទូទៅខែតុលា ឆ្នាំ២០១៨ ប្រធាន រ័សុល អិម ណិលសុន បានធ្វើការអញ្ជើញមួយដោយសន្យាថា « ខ្ញុំសូមជំរុញចិត្តបងប្អូនឲ្យស្វែងរករបៀបមួយដើម្បីធ្វើការណាត់ជួបនឹងព្រះអម្ចាស់ជាទៀងទាត់—ដើម្បីនៅក្នុងព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់—បន្ទាប់មកបន្តការណាត់ជួបនោះដោយត្រឹមត្រូវ និងអំណរ ។ ខ្ញុំសន្យានឹងបងប្អូនថា ព្រះអម្ចាស់នឹងនាំអព្ភូតហេតុដែលទ្រង់បានញាណដឹងថា បងប្អូនត្រូវការ នៅពេលបងប្អូនធ្វើការលះបង់ដើម្បីបម្រើ និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ » ។
នៅពេលដែលខ្ញុំបានឮពាក្យទាំងនេះ ខ្ញុំមានអារម្មណ៍ថា ព្រះវរបិតាសួគ៌កំពុងមានបន្ទូលមកកាន់ខ្ញុំតាមរយៈព្យាការីរបស់ទ្រង់ ។ ដូច្នេះ ស្វាមីរបស់ខ្ញុំ និងខ្ញុំបានតាំងចិត្តចាប់ផ្តើមចូលរួមក្នុងព្រះវិហារបរិសុទ្ធជារៀងរាល់ថ្ងៃអង្គារ ហើយរក្សាការតាំងចិត្តនោះ « ដោយភាពច្បាស់លាស់ និងដោយអំណរ » ។
ថ្ងៃមួយក្នុងឆ្នាំ២០១៩ ចៅស្រីរបស់យើងដែលកាលនោះអាយុ ២១ឆ្នាំ បានផ្ញើសារមកខ្ញុំតាមអ៊ីនធឺណិតដែលយើងមិននឹកស្មានដល់ ។ ការទំនាក់ទំនងរបស់នាងបានកើតឡើងមួយៗនៅពីដំបូង ប៉ុន្តែពេលដែលសាររបស់នាងនៅតែបន្តផ្ញើមក នាងបានចាប់ផ្តើមសួរសំណួរដែលបើកនូវការសន្ទនាដ៏អស្ចារ្យ ។ ពីដំបូង នាងបានអនុញ្ញាតឲ្យយើងមានទំនាក់ទំនងនៅក្នុងជីវិតរបស់នាងតិចតួចប៉ុណ្ណោះ ហើយក្រោយមកវាកាន់តែញឹកញាប់ឡើង ។
នៅឆ្នាំ២០២១ យើងបានអញ្ជើញនាងឲ្យមកចូលរួមពិធីបុណ្យថ្លែងអំណរគុណជាមួយគ្រួសាររបស់យើង ។ នាងបានទទួលយកការអញ្ជើញ ហើយយើងមានពេលវេលាដ៏អស្ចារ្យក្នុងការស្គាល់នាង ។ នាងបានភ្ជាប់ទំនាក់ទំនងជាមួយមីង ពូ ក្មួយស្រី និងក្មួយប្រុសរបស់នាងដោយងាយស្រួល ។ នាងចង់ឲ្យការចូលរួមពិធីបុណ្យថ្លែងអំណរគុណរបស់នាងក្លាយជាប្រពៃណីមួយ ។
មួយឆ្នាំក្រោយមក កូនប្រុសដែលបានផ្តាច់ទំនាក់ទំនងជាមួយយើងម្នាក់បានភ្ជាប់ទំនាក់ទំនងជាមួយយើងឡើងវិញ ។ នៅខែមីនា ឆ្នាំ២០២៤ ជាលើកដំបូងក្នុងជីវិតគ្រួសាររបស់យើង យើងមានការជួបជុំគ្រួសារដែលរួមមានកូនដែលនៅរស់ទាំងអស់ ប្តីប្រពន្ធរបស់ពួកគេ និងចៅទាំង ១៦ នាក់ ។
ខ្ញុំតែងតែជឿថា ព្យាការីមានប្រសាសន៍ជំនួសឲ្យព្រះអម្ចាស់ ។ ខ្ញុំជឿថា អព្ភូតហេតុដែលត្រូវការដ៏ច្រើននេះបានកើតឡើងដោយសារការណែនាំ និងការសន្យាដែលបានបង្ហាញរបស់ប្រធាន ណិលសុន ។
ទីបន្ទាល់ និងសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ទាំងពីមុន និងឥឡូវនេះ គឺមិនមែនអាស្រ័យលើតែអព្ភូតហេតុនេះទេ ។ ទោះជាយ៉ាងណា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសេចក្តីស្រឡាញ់ដោយផ្ទាល់របស់ទ្រង់ទាំងទ្វេចំពោះខ្ញុំ និងថាតើការសន្យារបស់ទ្រង់ទាំងទ្វេមានអានុភាពខ្លាំងប៉ុនណា ដែលកើតឡើងតាមរយៈព្យាការី ។