« ខ្ញុំទទួលបានសេចក្តីសុខសាន្តនៅក្នុងចិត្តរបស់ខ្ញុំ » លីហូណា ខែកក្កដា ឆ្នាំ២០២៥ ។
រូបភាពអំពីសេចក្តីជំនឿ
ខ្ញុំទទួលបានសេចក្តីសុខសាន្តនៅក្នុងចិត្តរបស់ខ្ញុំ
ក្នុងនាមជានិស្សិតគិលានុបដ្ឋាកម្នាក់ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមានពេលសម្រាប់ការហៅក្នុងសាសនាចក្រ និង សម្រាប់ការសិក្សារបស់ខ្ញុំទេ ។ ប៉ុន្តែខ្ញុំបានរៀននៅក្នុងយុវវ័យរបស់ខ្ញុំថា ការបម្រើ និងការគោរពតាមព្រះបញ្ញត្តិរបស់ព្រះនាំទៅរកជីវិតដ៏រីករាយ ។
ថតរូបដោយ គ្រីស្ទីណា ស្ម៊ីធ
នៅក្នុងវ័យជំទង់ដំបូងរបស់ខ្ញុំ ខ្ញុំបានគិតអំពីការបំបែកខ្លួនឯងចេញពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ប៉ុន្តែនៅពេលជាមួយគ្នានោះ ខ្ញុំបានដឹងថា ខ្ញុំមិនបានធ្វើតាមការបង្រៀនទាំងអស់របស់សាសនាចក្រទេ ។ ខ្ញុំបានសម្រេចចិត្តថា ប្រសិនបើខ្ញុំនឹងបំបែកខ្លួនឯងចេញពីសាសនាចក្រ ខ្ញុំចង់ទទួលបានអារម្មណ៍ល្អអំពីការសម្រេចចិត្តនោះ ។
ហេតុដូច្នេះ ខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងព្យាយាមធ្វើតាមអ្វីៗគ្រប់យ៉ាងដែលដំណឹងល្អបង្រៀន ។ បន្ទាប់មក ប្រសិនបើខ្ញុំមានអារម្មណ៍ថាការបង្រៀននោះមិនសមហេតុផល នោះខ្ញុំអាចចាកចេញដោយមិនមានការសោកស្តាយអ្វីឡើយ ។
ដោយ « អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » របស់ខ្ញុំ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:២ ) ខ្ញុំបានព្យាយាមធ្វើតាមអ្វីដែលព្រះអម្ចាស់បង្រៀន ហើយចាំមើលនឹងបានលទ្ធផលអ្វីខ្លះ ។ តាមរយៈបទពិសោធន៍នោះ ខ្ញុំត្រូវបានផ្ដល់ពរឲ្យនូវរយៈពេលដែលមានសុភមង្គលដល់កម្រិតមួយដែលខ្ញុំស្ទើរតែមិនធ្លាប់មានពីមុនមក ។ តាមរយៈការបន្តនៅក្នុងសាសនាចក្រ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចរស់នៅជីវិតដែលមានសុភមង្គលមួយបាន ដោយការដឹងថាសុភមង្គលពិតប្រាកដគឺជាអ្វី ។
បន្ទាប់ពីបទពិសោធន៍នោះ ខ្ញុំបានសម្រេចចិត្តទៅបម្រើបេសកកម្ម និងចែកចាយភាពសុខសាន្តដែលខ្ញុំទទួលបាននៅក្នុងចិត្តរបស់ខ្ញុំ ។ ទោះបីជាខ្ញុំប្រឈមមុខនឹងការសាកល្បងជាច្រើនយ៉ាងណាក្តី ក៏ខ្ញុំអាចរៀនថា ប្រសិនបើខ្ញុំអធិស្ឋានដល់ព្រះ ទ្រង់នឹងគាំទ្រដល់ខ្ញុំ ផ្តល់ក្តីសង្ឃឹមដល់ខ្ញុំ និងជួយខ្ញុំឲ្យយល់អំពីហេតុផលនៃការលំបាករបស់ខ្ញុំទាំងឡាយដែរ ។
តើខ្ញុំគួរតែធ្វើអ្វី ?
បន្ទាប់ពីបេសកកម្មរបស់ខ្ញុំ ខណៈពេលកំពុងសិក្សាដើម្បីធ្វើជាគិលានុបដ្ឋាក ខ្ញុំបានចំណាយពេលច្រើនជារៀងរាល់ថ្ងៃដើម្បីរៀនការងារ ។ បន្ទាប់មក ខ្ញុំនឹងធ្វើកិច្ចការផ្ទះរហូតដល់ម៉ោង ២:០០ ឬម៉ោង ៣:០០ ព្រឹក ។ រួចមក ខ្ញុំចូលគេងបន្តិចមុនពេលទៅរៀនការងារបន្ថែមទៀតនៅថ្ងៃបន្ទាប់ ។
នៅពេលនោះ ខ្ញុំកំពុងបម្រើជាប្រធានយុវជនវួដ ។ វាជាការលំបាកខ្លាំងណាស់សម្រាប់ខ្ញុំក្នុងការសិក្សា និងបំពេញការហៅក្នុងសាសនាចក្ររបស់ខ្ញុំ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំឈប់ពីការហៅរបស់ខ្ញុំ នោះនឹងមិនអាចបង្រៀនយុវជនអំពីសារៈសំខាន់នៃការដើរតាមមាគ៌ារបស់ព្រះ ឬទទួលពរជ័យដែលទ្រង់មានសម្រាប់ខ្ញុំនោះទេ ។
« តើខ្ញុំគួរតែធ្វើដូចម្តេចទៅ ? » ខ្ញុំបានទូលសួរដល់ព្រះវរបិតាសួគ៌ ។ « រាងកាយ និងចិត្តរបស់ខ្ញុំច្របូកច្របល់ ហើយខ្ញុំគិតថា ខ្ញុំមិនមែនកំពុងធ្វើការងារដែលទ្រង់ចង់ឲ្យខ្ញុំធ្វើនោះទេ » ។
បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ ខ្ញុំទទួលបានការលួងលោម ។ ខ្ញុំមានអារម្មណ៍ថាព្រះបានកំពុងប្រាប់ខ្ញុំថា « ពេលនេះកូនកំពុងចំណាយកម្លាំងធ្វើការខ្លាំងណាស់គឺសំខាន់ណាស់សម្រាប់កូន ។ កាលវិភាគដ៏មមាញឹករបស់កូនប្រហែលជាពិបាក ប៉ុន្តែប្រសិនបើកូនយកឈ្នះលើការសាកល្បងនេះឥឡូវនេះ យើងនឹងប្រើកូនដើម្បីផ្ដល់ពរ និងជួយមនុស្សដល់ជាច្រើនទៀតនាពេលអនាគត » ។
ចម្លើយនេះបានផ្តល់ឲ្យខ្ញុំនូវការធានាថា ខ្ញុំមានគោលបំណងមួយ ថាប្រសិនបើខ្ញុំស៊ូទ្រាំ នោះខ្ញុំនឹងអាចធ្វើការងារពិសេសមួយនៅពេលអនាគត ។
ខ្ញុំបានប្រាប់ដល់ក្រុមយុវជនថា សាលាពិបាកប៉ុនណាសម្រាប់ខ្ញុំ ។ ប៉ុន្តែខ្ញុំក៏បានប្រាប់ពួកគេថា សាសនាចក្រ និងដំណឹងល្អមានសារៈសំខាន់ណាស់ ហើយគួរតែជាចំណុចកណ្តាលនៃជីវិតរបស់យើងសូម្បីតែនៅពេលមានការលំបាកទាំងឡាយក្តី ។ ខ្ញុំបានបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះពួកគេ ហើយប្រាប់ពួកគេថាខ្ញុំកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីបំពេញការហៅរបស់ខ្ញុំ ពីព្រោះពួកគេមានសារៈសំខាន់សម្រាប់ខ្ញុំ ក៏ដូចជាការសិក្សារបស់ខ្ញុំផងដែរ ។ ពួកគេបានស្រក់ទឹកភ្នែកនៅពេលដែលសេចក្តីពិតនៃដំណើររឿងទាំងនេះជ្រោតជ្រាបដល់ដួងចិត្តរបស់ពួកគេ ។
មានពរសម្រាប់ការបម្រើ
នៅពេលខ្ញុំបន្តបម្រើដល់យុវជន និងបង្រៀនពួកគេអំពីដំណឹងល្អ ខ្ញុំបានគិតច្រើនអំពីអារម្មណ៍នៃក្មេងវ័យជំទង់ដ៏ស្មុគស្មាញរបស់ពួកគេ នៅពេលដែលពួកគេចូលរួមក្នុងព្រះវិហារ និងរៀនដំណឹងល្អ ។ ខ្ញុំបានផ្តោតលើសុខភាពខាងផ្លូវចិត្តរបស់ពួកគេ និងបានជួយពួកគេជាមួយនឹងតម្រូវការបុគ្គលរបស់ពួកគេផងដែរ ។
ការបម្រើដល់ក្រុមយុវជនបានជួយខ្ញុំអភិវឌ្ឍសមត្ថភាពក្នុងការសង្កេត និងកត់សម្គាល់ឃើញការផ្លាស់ប្តូរតូចៗនៅក្នុងពួកគេ ។ ឥឡូវនេះ ខ្ញុំកំពុងធ្វើការជាគិលានុបដ្ឋាក និងកំពុងមើលថែអ្នកជំងឺរាប់សិបនាក់ ខ្ញុំបានប្រើសមត្ថភាពនោះនៅពេលធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ។
មិត្តរួមការងារប្រាប់ខ្ញុំថា « អ្នកជំងឺរូបនោះប្រាប់ថា ឯងពិតជាយល់ពីអារម្មណ៍របស់គាត់ខ្លាំងណាស់ » ។ ឬអ្នកជំងឺអាចប្រាប់ថា « ខ្ញុំមានអារម្មណ៍ថា អ្នកស្រួលនិយាយជាមួយណាស់ » ។
ការបម្រើនៅក្នុងការហៅក្នុងសាសនាចក្របានផ្ដល់ពរដល់ខ្ញុំនៅឯផ្ទះផងដែរ ។ ខ្ញុំបានរៀនផ្តល់អាទិភាពដល់ភរិយារបស់ខ្ញុំ ខណៈដែលខ្ញុំបានរៀនធ្វើខ្លួនកុំឲ្យអាត្មានិយមពេក ។
« ប្រសិនបើខ្ញុំជាព្រះវរបិតាសួគ៌វិញ » ខ្ញុំសួរខ្លួនឯងថា « តើទ្រង់នឹងធ្វើយ៉ាងណាដើម្បីពង្រឹងគ្រួសារនេះ ហើយតើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីសម្រេចកិច្ចការនេះបាន » ។
ដោយសារខ្ញុំបានសិក្សាដំណឹងល្អដោយអស់ពីចិត្ត នោះខ្ញុំដឹងពីរបៀប និងមូលហេតុដែលត្រូវបង្រៀនដល់កូនៗខ្ញុំថា សាសនាចក្រគឺមានសារៈសំខាន់ណាស់ ។ ភរិយារបស់ខ្ញុំ និងខ្ញុំដឹងពីរបៀបចិញ្ចឹមបីបាច់គ្រួសាររបស់យើងខាងវិញ្ញាណ ពីព្រោះយើងពឹងផ្អែកលើការបង្រៀនរបស់យើងទៅលើការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
ខ្ញុំមានអារម្មណ៍ថាមានសេចក្តីសង្ឃឹម និងភាពសុខសាន្តនៅក្នុងចិត្តរបស់ខ្ញុំ តាមរយៈការធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ និងស្តាប់តាមការបំផុសគំនិតរបស់ទ្រង់ ។ ទ្រង់បានគង់នៅក្បែរខ្ញុំតាំងពីដើមមក ប្រទានពរដល់ខ្ញុំតាមរយៈការគោរពប្រតិបត្តិនិងការហៅបម្រើរបស់ខ្ញុំដើម្បីផ្ដល់ពរ និងជួយដល់អ្នកដទៃ ។ ទោះបីជាមានការសាកល្បងយ៉ាងណាក្ដី ខ្ញុំចង់រស់នៅក្នុងរបៀបមួយដែលខ្ញុំអាចធ្វើតាមអ្វីដែលព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យ ( សូមមើល នីហ្វៃទី ២ ៣២:៣ ) ។