2025
សេចក្តី​ជំនឿ​របស់​បងស្រី មូញ៉ូស
ខែ​កក្កដា ឆ្នាំ​២០២៥


« សេចក្តី​ជំនឿ​របស់​បងស្រី មូញ៉ូស » លីអាហូណា ខែកក្កដា ឆ្នាំ២០២៥ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

សេចក្តី​ជំនឿ​របស់​បងស្រី មូញ៉ូស

« អព្ភូតហេតុ ! អព្ភូតហេតុ ! » ក្មេងប្រុស​រូប​នោះ​ស្រែក​នៅពេល​គាត់​រត់​តាម​ផ្លូវ ។

រូបភាព​របស់​ក្មេងប្រុស​ជំទង់​ម្នាក់​ដែល​ចូល​ទៅជិត​អ្នកផ្សព្វផ្សាយ​សាសនា​ពីរនាក់

រចនា​រូបភាព​ដោយ ដេវិឌ ម៉ាឡាន / ( ក្រុមហ៊ុន ) Malan Creative

នៅឆ្នាំ​១៩៦៧ អែលឌើរ វីលៀម ដានណឺ និង​ខ្ញុំ​បាន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា​ពីរនាក់​ក្នុង​ចំណោម​ពួកអ្នកផ្សព្វផ្សាយ​សាសនា ២០ នាក់​ដំបូងគេ​ទៅ​បម្រើ​នៅ​ប្រទេស​កូឡុំប៊ី ។ យើង​ទទួល​បាន​ជោគជ័យ​តិចតួច​រហូតដល់​មាន​បុរស​ម្នាក់​ឈ្មោះ រ៉ាអ៊ូល ដែល​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​បានបង្រៀន ដែល​បាន​ណែនាំ​ពួកយើង​ឲ្យ​ស្គាល់​គ្រួសារ មូញ៉ូស ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​គង់​នៅ​ជា​ខ្លាំង​នៅពេល​យើង​បង្រៀន​គ្រួសារ​នេះ ដោយ​ថ្លែង​ទីបន្ទាល់​អំពី​ព្យាការី យ៉ូសែប ស៊្មីធ និង​ការស្តារ​ឡើងវិញ ។

រ៉ាអ៊ូល​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ដឹងថា យុវជន​ទាំងនេះ​កំពុង​និយាយ​ការពិត ។ ពួកគេ​មាន​បព្វជិតភាព​ដូច​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ដែរ ។ ពួកគេ​អាច​ឡើង​ទៅ​ជាន់លើ​ឥឡូវនេះ និង​ព្យាបាល​កូនស្រី​ពិការ​ភ្នែក​របស់អ្នក ម៉ាហ្គារីតា » ។

បងស្រី មូញ៉ូស សម្លឹង​មើល​មក​ខ្ញុំ ហើយ​សួរថា « តើ​វាជា​ការពិត​ទេ ? »

ខ្ញុំ​អួល​ដើម​ក​និយាយ​មិន​ចេញ ។ ទីបន្ទាល់​របស់ខ្ញុំ​មិន​ដែល​ត្រូវ​បាន​ធ្វើ​ការសាកល្បង​ដូចនេះ​ពីមុន​មកទេ ។ ខ្ញុំ​បាន​ដឹងថា អព្ភូតហេតុ​បែបនេះ​នឹង​តម្រូវ​ឲ្យ​មាន​សេចក្តី​ជំនឿ​ខ្លាំង ។ ដៃគូ​របស់ខ្ញុំ និង​ខ្ញុំ​ក្រោយមក​ទៀត​បាន​ដឹង​ថា អ្នកជំនាញ​ខាងភ្នែក​បាន​ប្រាប់​ក្រុមគ្រួសារ​ថា ម៉ាហ្គារីតា​ដែល​មិនបាន​មើល​ឃើញ​អស់​រយៈពេល​ប្រាំមួយ​ខែ​កន្លងទៅក្រោយពី​គ្រោះថ្នាក់ នឹង​មិន​អាច​មើល​ឃើញ​ជារៀងរហូត ។

បងស្រី មូញ៉ូស មាន​ប្រសាសន៍​ថា « អ្នក​មាន​បព្វជិតភាព​ដូច​ព្រះយេស៊ូវគ្រីស្ទ ។ កូនស្រី​របស់ខ្ញុំ​ពិការ​ភ្នែក ។ តោះ ទៅ​ព្យាបាល​នាង » ។

ខ្ញុំ​មិន​ដែល​ធ្លាប់​ឃើញ​សេចក្តី​ជំនឿ​ដ៏អស្ចារ្យ​បែបនេះ​ពីមុន​មកទេ ។ នាង​ប្រៀប​ដូចជា​ភរិយា​របស់​ស្តេច​ឡាម៉ូណៃ ដែល​បាន​ប្រាប់​អាម៉ូន​ថា « យើង​ជឿ​ថា វា​នឹង​ដូចជា​ពាក្យ​របស់​លោក​និយាយ​មែន » ( អាលម៉ា ១៩:៩ ) ។

អែលឌើរ ដានណឺ បាន​ចាក់ប្រេង​លើក្បាល​ម៉ាហ្គារីតា ហើយ​ខ្ញុំ​បាន​ផ្សារភ្ជាប់​ការចាក់ប្រេង​នោះ ។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពាក្យ​ដែល​ចេញពី​មាត់​របស់ខ្ញុំ​មិនមែន​ជាពាក្យ​របស់​ខ្ញុំ​នោះទេ ៖ « អ្នក​នឹង​បាន​សះស្បើយ និង​ទទួលបាន​ការមើលឃើញ​របស់អ្នក​វិញ » ។ ខ្ញុំ​ក៏មាន​អារម្មណ៍​ថា​ត្រូវ​ប្រកាស​ពី​ពរជ័យ​ផ្សេងទៀត ដោយ​បន្ថែម​ថា​សមាជិក​គ្រួសារ​នេះ​នឹង​ជួយ​ស្ថាបនា​សាសនាចក្រ​នៅក្នុង​ប្រទេស​កូឡុំប៊ី​នេះ​ផងដែរ ។ បន្ទាប់មក ខ្ញុំ​បាន​ឆ្ងល់ថា​តើ​ខ្ញុំ​បាន​ធ្វើ​ការសន្យា​ដែល​នឹង​មិន​ត្រូវបាន​បំពេញ​យ៉ាង​ដូចម្តេច ។

ថ្ងៃបន្ទាប់ កូនប្រុស​ជំទង់​របស់​គ្រួសារ​នោះ​បាន​រត់​មករក​យើង​នៅលើ​ផ្លូវ ដោយ​ស្រែកថា « អព្ភូតហេតុ ! អព្ភូតហេតុ ! ប្អូនស្រី​របស់ខ្ញុំ​អាច​មើល​ឃើញ​ហើយ ! »

យើង​បាន​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​មនុស្ស ១៣ នាក់​នៅ​សប្តាហ៍​នោះ ។

បងប្រុស និង​បងស្រី មូញ៉ូស បាន​ក្លាយជា​សមាជិក​ដ៏ស្មោះត្រង់​របស់​សាសនាចក្រ ។ ឥទ្ធិពល​របស់​ពួកគាត់ រួមទាំង​ការងារ​របស់​បងប្រុស មូញ៉ូស ជាប្រធាន​គយ​នៅក្នុង​ប្រទេស​កូឡុំប៊ី បាន​ជួយ​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅ​ទីនោះ ។ កូនស្រី​ម្នាក់​បាន​បម្រើ​បេសកកម្ម បងប្រុស​របស់នាង​បាន​បម្រើ​ជា​ប៊ីស្សព ។ ម៉ាហ្គារីតា​នៅតែ​អាច​មើល​ឃើញ​ពេញមួយ​ជីវិត​របស់នាង ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​អំពី​អ្នក​ដែល​មាន​សេចក្តី​ជំនឿ​លើ​ទ្រង់ « ដោយ​នូវ​ព្រះ​នាម​របស់​យើង នោះ​ពួក​គេ​នឹង​បើកភ្នែក​មនុស្ស​ខ្វាក់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:៦៩ ) ។ ខ្ញុំ​ដឹងថា « ការទាំង​អស់​នឹង​សម្រេច​បាន ដល់​អ្នក​ណា​ដែល​ជឿ » នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ( ម៉ាកុស ៩:២៣ ) ។