« ការសាបព្រោះសំឡេងនៃតន្ត្រី » លីហូណា ខែកក្កដា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ការសាបព្រោះសំឡេងនៃតន្ត្រី
យើងទាំងអស់គ្នាអាចស្វែងរករបៀបដើម្បីចែកចាយអំណោយទាន និងទេពកោសល្យដែលព្រះបានប្រទានឲ្យដល់យើង ជួយកែលម្អកន្លែងដែលយើងនៅ ។
រចនារូបភាពដោយ ដេវិឌ ម៉ាឡាន / ( ក្រុមហ៊ុន ) Malan Creative
ខ្ញុំតែងតែចង់លេងនៅក្នុងក្រុមតម្រ្តីនៅឯវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ ដែលជាក្រុមតន្រ្តីរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំលេងក្លារីណេត ហើយទទួលបានសញ្ញាបត្រផ្នែកតន្ត្រី ប៉ុន្តែវាប្រហែលជាខ្ញុំនឹងមិនទទួលបានឱកាសដើម្បីលេងនៅទីនោះទេ ។
មិនត្រឹមប៉ុណ្ណោះ ខ្ញុំរស់នៅក្នុងប្រទេសនូវែលសេឡង់ទៀត ។
ទោះជាយ៉ាងណា ព្រះវិញ្ញាណបរិសុទ្ធរំឭកខ្ញុំថា ខ្ញុំអាចមានការ « ពេញចិត្ត » ( អាលម៉ា ២៩:៣ ) ជាអ្នកត្រួសត្រាយផ្លូវខាងតន្ត្រីសម្រាប់សាសនាចក្រនៅប្រទេសនូវែលសេឡង់ និងតំបន់ផ្សេងៗទៀត ។ ការហៅបម្រើដំបូងរបស់ខ្ញុំកាលអាយុ ១៨ឆ្នាំ ជាអ្នកដឹកនាំតន្ត្រីនៅក្នុងថ្នាក់ទារកដ្ឋាន ។ ចាប់តាំងពីពេលនោះមក ខ្ញុំទទួលបានពរក្នុងការដឹកនាំ និងផលិតកម្មវិធីតន្ត្រីក្នុងស្តេក និងវួដ ព្រមទាំងលេងព្យាណូនៅក្នុងថ្នាក់កុមារទៀតផង ។ ខ្ញុំបានចែកចាយតន្ត្រីនៅទូទាំងប្រទេសនូវែលសេឡង់ និងហ្វីលីពីន ព្រមទាំងបានលេងព្យាណូសម្រាប់ការបើកសម្ពោធតន្ត្រីសម្រាប់មណ្ឌលមួយរបស់សាសនាចក្រនៅទីក្រុងសៀងហៃ ប្រទេសចិន ។ ខ្ញុំបានច្រៀងនៅឯមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនានៅទីក្រុងប្រូវ៉ូ ។
តន្ត្រីបានធ្វើឲ្យខ្ញុំរឹងមាំនៅក្នុងសាសនាចក្រទាំងនៅពេលមានការប្រឈមដ៏លំបាកជាមួយនឹងជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ។ នៅពេលខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចធ្វើអ្វីផ្សេងទៀតបាន ខ្ញុំដឹងថាខ្ញុំអាចនិយាយថាបាទបាន ដើម្បីជួយផ្នែកតន្ត្រី ។ តន្ត្រីជួយខ្ញុំមើលទៅពិភពលោកតាមរយៈកែវភ្នែកខាងវិញ្ញាណ ។
ខ្ញុំអាចបង្កើតតន្ត្រីជាមួយភរិយា និងកូនបីនាក់របស់ខ្ញុំ ។ ជាមួយគ្នា យើងបានសម្តែងនៅក្នុងវួដ បានបង្កើតការរួមចំណែកតន្ត្រីសម្រាប់ការចាក់ផ្សាយរបស់អ្នកផ្សព្វផ្សាយសាសនានៅក្នុងបេសកកម្ម ទីក្រុងអូកលែន ប្រទេសនូវែលសេឡង់ និងច្រៀងសម្រាប់សន្និសីទស្តេកតាមអនឡាញផងដែរ ។ តាមរយៈទំនុកតម្កើងរបស់សាសនាចក្រ ខ្ញុំដឹងពីរបៀបដែលព្រះបន្ទូលរបស់ព្រះ អាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ និងអាចជ្រោតជ្រាបដល់ដួងចិត្តនៅក្នុងក្រុមគ្រួសារ និងវួដរបស់យើងបាន ។
ខ្ញុំបន្តចូលចិត្តក្រុមតន្រ្តីនៅវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធពីចម្ងាយ ប៉ុន្តែខ្ញុំដឹងថាយើងមានពរនៅពេលយើងស្វែងរកឱកាសដើម្បីបម្រើ និងសរសើរដល់ព្រះអម្ចាស់នៅទីកន្លែងណាក៏ដោយដែលយើងនៅ និងតាមរបៀបណាក៏ដោយដែលយើងអាចធ្វើបាន ( សូមមើល ទំនុកដំកើង ១៥០:៦ ) ។ ខ្ញុំមានអំណរគុណដែលយើងអាចចែកចាយទីបន្ទាល់របស់យើងតាមរយៈអំណោយ និងទេពកោសល្យរបស់យើង រួមទាំងតន្ត្រីផងដែរ ។ យើងមានពរ ហើយយើងផ្តល់ពរដល់អ្នកដទៃពេលយើងចែកចាយអំណោយទាន និងទេពកោសល្យទាំងនោះជាមួយបុត្រាបុត្រីរបស់ព្រះ និង « ជួយកែលម្អកន្លែងដែលយើងនៅ » ។