« ក្រុមប្រឹក្សានៃភាពជាដៃគូ ៖ ការខិតខំប្រឹងប្រែងក្នុងការបង្កើតសុភមង្គលនៅក្នុងចំណងអាពាហ៍ពិពាហ៍ » លីហអាហូណា ខែកក្កដា ឆ្នាំ២០២៥ ។
ក្រុមប្រឹក្សានៃភាពជាដៃគូ ៖ ការខិតខំប្រឹងប្រែងក្នុងការបង្កើតសុភមង្គលនៅក្នុងចំណងអាពាហ៍ពិពាហ៍
គូស្វាមីភរិយាក៏ដូចជាពួកអ្នកផ្សព្វផ្សាយសាសនាដែរ អាចប្រើក្រុមប្រឹក្សានៃភាពជាដៃគូដើម្បីកែលម្អទំនាក់ទំនងរបស់ពួកគេបានផងដែរ ។
ក្នុងនាមជានិស្សិតមហាវិទ្យាល័យវ័យក្មេងដែលសិក្សានូវសេចក្តីសុខសាន្ត និងជម្លោះ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរការ ណាមួយ ដែលអាចប្រើសម្រាប់ដោះស្រាយជម្លោះ ។ ការសន្ទនាដ៏ផ្លាស់ប្តូរជីវិតមួយជាមួយនឹងមិត្តម្នាក់ដែលបានណែនាំខ្ញុំឲ្យស្គាល់ដំណើរការដែលខ្ញុំមិនធ្លាប់ឮពីមុនមក ៖ ក្រុមប្រឹក្សានៃភាពជាដៃគូ ។
ខណៈពេលដែលកំពុងចែកចាយអំពីបេសកកម្មរបស់គាត់ មិត្តរបស់ខ្ញុំបានប្រាប់ខ្ញុំថា ក្រុមប្រឹក្សានៃភាពជាដៃគូគឺជាការត្រួតពិនិត្យជាទៀងទាត់មួយដែលដៃគូបេសកកម្មពិភាក្សាអំពីរបៀបដែលពួកគេកំពុងធ្វើការជាមួយគ្នា និងរបៀបដើម្បីកែលម្អ ។ មិត្តរបស់ខ្ញុំបានរកឃើញដំណើរការនេះមានប្រយោជន៍យ៉ាងខ្លាំងនៅក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាដែលគាត់គ្រោងនឹងប្រើវានៅក្នុងអាពាហ៍ពិពាហ៍របស់គាត់នៅថ្ងៃណាមួយ ។ គំនិតនេះបានជ្រោតជ្រាបយ៉ាងជ្រៅចូលទៅក្នុងដួងចិត្តរបស់ខ្ញុំ ។ ខ្ញុំបានអានអំពីក្រុមប្រឹក្សានៃភាពជាដៃគូនេះនៅក្នុង ប្រកាសដំណឹងល្អរបស់យើង ហើយបាននិយាយទៅកាន់ពួកអ្នកផ្សព្វផ្សាយសាសនាដែលបានវិលត្រឡប់មកវិញផ្សេងទៀតអំពីបទពិសោធន៍របស់ពួកគេអំពីក្រុមប្រឹក្សានៃភាពជាដៃគូនេះ ។ ខ្ញុំបានឃើញពីរបៀបដែលក្រុមប្រឹក្សានៃភាពជាដៃគូនេះ ស្រដៀងទៅនឹងក្រុមប្រឹក្សាគ្រួសារដែរ ដែលអាចប្រើដើម្បីដោះស្រាយ និងទប់ស្កាត់ជម្លោះដ៏បំផ្លិចបំផ្លាញជាច្រើនដែលយើងជួបប្រទះនៅក្នុងទំនាក់ទំនងរបស់យើងនាពេលសព្វថ្ងៃនេះ ។
ស្វាមីរបស់ខ្ញុំ ជែម និងខ្ញុំបានចាប់ផ្តើមរៀបចំក្រុមប្រឹក្សានៃភាពជាដៃគូមួយប្រចាំសប្តាហ៍តាំងពីមុនពេលយើងបានរៀបការឯណោះ ។ ខ្ញុំនៅតែអាចចាំពីការប្រជុំដំបូងរបស់យើង ។ ជែម ជាមនុស្សចិត្តទូលាយណាស់ ចិត្តល្អ យោគយល់ និងមានឆន្ទៈក្នុងការយកចិត្តទុកដាក់ចំពោះគំនិតរបស់ខ្ញុំយ៉ាងខ្លាំង ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ជឿជាក់លើសមត្ថភាពរបស់យើងក្នុងការកសាងអាពាហ៍ពិពាហ៍មួយដែលមានសុភមង្គល ។
ឥឡូវនេះនៅក្នុងជីវិតរបស់យើងជាមួយគ្នា យើងបានបន្តប្រពៃណីនៃក្រុមប្រឹក្សានៃភាពជាដៃគូប្រចាំសប្តាហ៍នោះ ។ ខណៈពេលដែលទំនាក់ទំនងរបស់យើងមិនល្អឥតខ្ចោះ យើងទាំងពីរនាក់យល់ស្របថាការប្រជុំជាច្រើនដែលយើងបានធ្វើឡើង បានជួយយើងស្វែងរកអំណរ និងការបំពេញយ៉ាងជ្រាលជ្រៅនៅក្នុងអាពាហ៍ពិពាហ៍របស់យើងជាងអ្វីដែលយើងគិតថាអាចធ្វើទៅរួច ។
ការមើលឃើញភាពខុសគ្នាជាឱកាសមួយ
ព្រះបានបង្កើតពិភពលោកមួយដែលទ្រង់បានបែងចែកម្តងហើយម្តងទៀត និងធ្វើឲ្យមានភាពចម្រុះមុខផ្សេងៗគ្នា ហើយ « ក៏ឃើញថាល្អ » ( លោកុប្បត្តិ ១:១០, ១២, ១៨, ២១, ២៥ ) ។ ភាពចម្រុះដ៏ស្រស់ស្អាតនោះគឺជាឥទ្ធិពលមួយដែលនាំឲ្យមានបទពិសោធន៍ និងទស្សនៈយ៉ាងទូលំទូលាយក្នុងចំណោមបុត្រាបុត្រីរបស់ព្រះ ។ ខណៈពេលដែលវាអាចមានអារម្មណ៍គួរឲ្យខ្លាចនៅក្នុងការដឹងថាសូម្បីតែដៃគូអាពាហ៍ពិពាហ៍ដែលស្មោះស្ម័គ្រក៏អាចមានមតិខុសគ្នាយ៉ាងខ្លាំងអំពីប្រធានបទសំខាន់ៗដែរ យើងមិនចាំបាច់ភ័យខ្លាចនោះទេ ។ ដោយមានព្រះអង្គសង្គ្រោះជាគំរូរបស់យើង យើងអាចជ្រើសរើសដើម្បីខិតទៅរកភាពខុសគ្នាទាំងនេះក្នុងរបៀបដែលមានសេចក្តីស្រឡាញ់ ការច្នៃប្រឌិត និងស្ថាបនាដែលនាំទៅរកដំណោះស្រាយពេញលេញជាងមុន និងទំនាក់ទំនងកាន់តែរីករាយ ។
នៅពេលដែលយើងចូលរួមជាមួយគ្នាក្នុងរបៀបដ៏កាន់តែខ្ពង់ខ្ពស់ និងដ៏កាន់តែបរិសុទ្ធ នោះយើងយល់ថាមិនចាំបាច់មានការឈ្លោះប្រកែកគ្នា ឬការទទួលយកមតិអកម្មរបស់គ្នាទៅវិញទៅមកនោះទេ ថាភាពចុះសម្រុងនោះមិនស្មើភាពគ្នានោះទេ ។ ជាមួយនឹងការអនុវត្ត នោះមតិផ្ទុយគ្នានឹងចាប់ផ្តើមមើលទៅដូចជាឱកាសសម្រាប់ការតភ្ជាប់ជាជាងឧបសគ្គ ។ ការឈ្លោះទាស់ទែងគ្នានឹងត្រូវបានជំនួសដោយការសហការ ទំនុកចិត្ត និងក្តីស្រលាញ់ ។
ក្រុមប្រឹក្សានៃភាពជាដៃគូដែលបញ្ចូលដោយសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ អាចជួយបងប្អូនផ្លាស់ប្តូរជម្លោះទៅជាពរជ័យនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនរបស់បងប្អូនបាន ។ នេះគឺជាគន្លឹះចំនួនបួនដើម្បីជួយបងប្អូនឲ្យចាប់ផ្តើម ។
ការរៀបចំក្រុមប្រឹក្សានៃភាពជាដៃគូផ្ទាល់ខ្លួនរបស់បងប្អូន
១. ការតាំងចិត្ត
សូមពិចារណាដោះស្រាយជាមួយគ្នាដើម្បីកែលម្អទំនាក់ទំនងរបស់បងប្អូនដោយរៀបចំក្រុមប្រឹក្សានៃភាពជាដៃគូជាទៀងទាត់ ទោះបីជាវាគ្រាន់តែជាការសាកល្បងសម្រាប់រយៈពេលកំណត់ណាមួយក៏ដោយ ។ ដំណើរការនេះនឹងមិនដំណើរការល្អទេ បើគ្មានការចូលរួមពេញលេញពីដៃគូទាំងពីរ ។
២. បង្កើតរបៀបវារៈ
ទំនាក់ទំនងរបស់បងប្អូនមានចំណុចខ្លាំង ចំណុចខ្វះខាត និងតម្រូវការពិសេសៗនានា ។ ដោយមានចំណុចនោះនៅក្នុងគំនិត សូមកំណត់ប្រធានបទដែលមានអារម្មណ៍ថាសំខាន់ក្នុងការពិភាក្សានៅក្នុងក្រុមប្រឹក្សានៃភាពជាដៃគូរបស់បងប្អូន ដូចជាភាពស្និទ្ធស្នាល របៀបធ្វើជាឪពុកម្តាយ ការដាក់កាលវិភាគ ឬហិរញ្ញវត្ថុនានា ។
តាមរយៈការផ្ដល់ឲ្យប្រធានបទទាំងនេះមាននៅក្នុងរបៀបវារៈរបស់បងប្អូនជាប្រចាំ នោះបងប្អូននឹងទុកកន្លែងសម្រាប់គំនិត និងអារម្មណ៍ ដែលបើមិនដូច្នេះទេ អាចនឹងលេចចេញជារូបរាងឡើងនៅពេលដែលមានការខកចិត្ត ឬប្រហែលជាមិនមានទាល់តែសោះ ។
៣. កំណត់ពេលវេលាជាក់លាក់មួយ និងរៀបចំខ្លួន
ពិចារណាកំណត់ពេលវេលាជាក់លាក់មួយសម្រាប់ក្រុមប្រឹក្សានៃភាពជាដៃគូរបស់បងប្អូន ។ សម្រេចចិត្តថាអ្វីដែលនឹងដំណើរការល្អបំផុតសម្រាប់បងប្អូន ហើយបន្ទាប់មកតាំងចិត្តធ្វើដូច្នោះ ត្រៀមខ្លួនស្តាប់ដោយការយល់ចិត្ត ចែកចាយដោយបើកចំហ និងមានចិត្តសប្បុរស ។ បងប្អូនក៏អាចចង់រក្សាកំណត់ត្រាជាលាយលក្ខណ៍អក្សរអំពីក្រុមប្រឹក្សានៃភាពជាដៃគូរបស់បងប្អូន ។ កំណត់ចំណាំរបស់យើងពីសប្តាហ៍មុនមានប្រយោជន៍ដល់យើង នៅពេលដែលយើងរៀបចំសម្រាប់វគ្គប្រជុំនាពេលខាងមុខ ។
ការកត់ត្រាក៏នឹងជួយបងប្អូនឲ្យចងចាំបានផងដែរ—នៅក្នុងពាក្យសម្តីរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ១៨៩៥–១៩៨៥ )—« ជ័យជម្នះរបស់បងប្អូនលើទុក្ខលំបាក ការងើបឡើងវិញរបស់បងប្អូនបន្ទាប់ពីអ្វីៗទាំងអស់ ការរីកចម្រើនរបស់បងប្អូននៅពេលដែលអ្វីៗទាំងអស់ហាក់ដូចជាខ្មៅងងឹត[ និង ]សេចក្តីរីករាយរបស់បងប្អូននៅពេលបងប្អូនទទួល[ ជោគជ័យ ] » ។ ជែម និងខ្ញុំពិតជាមានអំណរគុណណាស់ដែលយើងបានរក្សាកំណត់ត្រានៃការប្រជុំក្រុមប្រឹក្សានៃភាពជាដៃគូជិត ៨០០ ដែលយើងបានធ្វើឡើងប៉ុន្មានឆ្នាំកន្លងមកនេះ ។ ឱនោះពិតជាមានអំណរណាស់ក្នុងការមើលត្រឡប់ក្រោយវិញ ហើយឃើញថាយើងបានមកដល់ឆ្ងាយប៉ុនណា !
៤. មានភាពខ្ជាប់ខ្ជួន
ក្រុមប្រឹក្សាភាពជាដៃគូរអាចមានអារម្មណ៍ចម្លែក ឬភិតភ័យពេលដំបូង ប៉ុន្តែវានឹងកាន់តែងាយស្រួលឡើងនៅពេលអនុវត្ត ។ តាមរយៈការពិនិត្យមើលជាប្រចាំ បងប្អូន និងស្វាមី ឬភរិយារបស់បងប្អូននឹងចាប់បាននូវបញ្ហាដែលតូចតាចពីមុនពេលបញ្ហាទាំងនោះក្លាយជាបញ្ហាធំ ។
ដោយមិននឹកស្មានដល់ មានការឈ្លោះប្រកែកមួយដ៏គួរឲ្យឈឺចាប់បំផុតដែល ជែម និងខ្ញុំធ្លាប់មាន បានកើតឡើងនៅក្នុងអំឡុងពេលក្រុមប្រឹក្សានៃភាពជាដៃគូ ។ ជម្លោះនេះបានកើនឡើង និងមិននឹកស្មានដល់កើតឡើងយ៉ាងឆាប់រហ័សផុតពីចំណុចនៃការសន្ទនារកហេតុផល ហើយយើងទាំងពីរបានឈឺចាប់ទាំងសងខាងនៅក្នុងដំណើរការនេះ ។ ប៉ុន្តែជម្លោះដ៏ឈឺចាប់ដែលបាន ចាប់ផ្តើម នៅក្នុងក្រុមប្រឹក្សានៃភាពជាដៃគូក៏ត្រូវបាន ដោះស្រាយ នៅក្នុងក្រុមប្រឹក្សានៃភាពជាដៃគូផងដែរ ។ យើងដឹងថា យើងនឹងមានឱកាសមួយទៀតនៅសប្តាហ៍ក្រោយ និងសប្តាហ៍ក្រោយៗទៀត ។
ដូច្នេះបន្ទាប់ពីមួយសប្តាហ៍នៃការគិតពិចារណា និងការរំសាយកំហឹង យើងបានព្យាយាមម្តងទៀត ហើយទីបំផុតយើងបានដោះស្រាយតាមរយៈភាពខុសគ្នារបស់យើង ។ ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងចំពោះ « ភាពសុខសាន្តផ្ទាល់ខ្លួន និងមានសន្ទុះខាងវិញ្ញាណកាន់តែខ្លាំង » ដែលបានសន្យាចំពោះយើងនៅពេលយើងដោះស្រាយជម្លោះតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ រាល់ជម្លោះដែលយើងដោះស្រាយដោយភាពច្នៃប្រឌិត និងដោយសេចក្តីស្រឡាញ់នឹងជំរុញយើងឲ្យទៅមុខ និងយាងអញ្ជើញឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធបន្ថែមទៀតនៅក្នុងទំនាក់ទំនងរបស់យើង ។
អាចមានពេលខ្លះនៅពេលបងប្អូនមានអារម្មណ៍ថាបងប្អូនមិនមានជម្លោះណាមួយនៅក្នុងទំនាក់ទំនងរបស់បងប្អូន អ៊ីចឹងបងប្អូនប្រហែលជាត្រូវបានល្បួងឲ្យមិនចូលរួមក្នុងក្រុមប្រឹក្សានៃភាពជាដៃគូ ។ ស្វាមីខ្ញុំ និងខ្ញុំបានសម្រេចចិត្តថា មិនធ្វើដូច្នេះទេ ។ ទាំងនោះគឺជាពេលវេលាដែលក្រុមប្រឹក្សាភាពជាដៃគូអាចជាអំណរដ៏បរិសុទ្ធ—នៅពេលដែលយើងនិយាយអំពីអ្វីដែលកំពុងដំណើរការល្អ សើចជាមួយគ្នា ចែកចាយគំនិតស៊ីជម្រៅ និងបង្កើតអនុស្សាវរីយ៍ ។
ការសន្យា
ព្រះវរបិតាសួគ៌បានធ្វើឲ្យយើងម្នាក់ៗមានលក្ខណៈពិសេសដោយឡែកពីគ្នា ហើយបន្ទាប់មកបានរៀបចំយើងចូលទៅក្នុងទំនាក់ទំនងទាំងឡាយ ។ ទ្រង់រំពឹងថាយើងនឹងដោះស្រាយនូវភាពខុសគ្នារបស់យើង មិនមែនដោយជម្លោះនោះទេ ( សូមមើល នីហ្វៃទី៣ ១១:២៩ ) ប៉ុន្តែដោយសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទវិញ ពីព្រោះទ្រង់ជ្រាបដឹងថា វានឹងនាំយើងឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា និងកាន់តែជិតស្និទ្ធជាមួយនឹងទ្រង់ ( សូមមើល ម៉ាថាយ ៥:៩; មរ៉ូណៃ ៧:៤៨ ) ។
ប្រធាន រ័សុល អិម ណិលសុន បានផ្តល់នូវការទទួលខុសត្រូវដូចខាងក្រោមជាមួយនឹងការសន្យាថា ៖ « សូមយើងបង្ហាញថាមានរបៀបដែលពេញដោយភាពសុខសាន្ត ពេញដោយការគោរពដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ និងមានរបៀបដែលបានបំភ្លឺ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ។ នៅពេលបងប្អូនបង្ហាញសេចក្ដីសប្បុរស ដូចដែលអ្នកដើរតាមដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទបានបង្ហាញ នោះព្រះអម្ចាស់នឹងតម្កើងកិច្ចខិតខំរបស់បងប្អូន ហួសពីអ្វីដែលបងប្អូនអាចស្រមៃដល់ទៅទៀត » ។ ។
យើងអាចឈានឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា ពោរពេញទៅដោយទំនុកចិត្តនៅក្នុងការធានានោះមកពីព្យាការីជាទីស្រឡាញ់របស់យើង ។ យើងអាចដោះស្រាយជម្លោះរបស់យើងដោយការច្នៃប្រឌិត និងដោយចិត្តអាណិតអាសូរ « មានចិត្ត[ របស់យើង ]ចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:២១ ) ។