« ការផ្ដល់ការងារបម្រើទៅដល់អស់អ្នកដែលមានប្រតិកម្មទៅនឹងក្លិន » Liahona ខែកក្កដា ឆ្នាំ២០២៥ ។
ការផ្ដល់ការងារបម្រើទៅដល់អស់អ្នកដែលមាន ប្រតិកម្មទៅនឹងក្លិន
កន្លែងស្នាក់នៅទាមទារឲ្យមានភាពយោគយល់ និងសេចក្តីអាណិតអាសូរពីមនុស្សគ្រប់គ្នាដែលទាក់ទង ។
រចនារូបភាពដោយ អ៊ីលៀ សែមប៉ូ
ការអញ្ជើញរបស់ព្រះអង្គសង្រ្គោះរបស់យើងគឺសម្រាប់មនុស្សទាំងអស់ « [ យើង ] ទាំងអស់គ្នាឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ ហើយទ្រង់ពុំបដិសេធអ្នកណាម្នាក់ដែលមករកទ្រង់ឡើយ » ( នីហ្វៃទី២ ២៦:៣៣ ) ។ របៀបដ៏សំខាន់មួយដែលយើងមករកព្រះអង្គសង្គ្រោះ គឺដោយការចូលរួមក្នុងព្រះវិហារ និងចូលរួមក្នុងសកម្មភាពសាសនាចក្រទាំងឡាយ ។ ពេលខ្លះ ការចូលរួមក្នុងព្រះវិហារអាចជាបញ្ហាប្រឈមសម្រាប់ហេតុផលផ្សេងៗ ។ វាអាចជាការលំបាកជាពិសេសសម្រាប់នរណាម្នាក់ដែលរស់នៅជាមួយនឹងពិការភាព ការប្រតិកម្ម ឬលក្ខខណ្ឌសុខភាពផ្សេងៗទៀត ។
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងចង់ឲ្យមនុស្សគ្រប់គ្នាទទួលអារម្មណ៍ស្វាគមន៍ និងអាចចូលរួមក្នុងព្រះវិហារ និងសកម្មភាពនានា ។ ឧទាហរណ៍ យើងបង្ហាញការពិចារណារបស់យើងចំពោះអ្នកដែលមានប្រតិកម្មនឹងអាហារ ដោយរៀបចំសាក្រាម៉ង់ជាមួយនឹងជម្រើសដែលគ្មានជាតិម្សៅ ។ ការណ៍នេះផ្តល់នូវវិធីមួយសម្រាប់បុគ្គលទាំងនេះដើម្បីទទួលទានសាក្រាម៉ង់ និងបន្តសេចក្តីសញ្ញាពិសិដ្ឋជាមួយនឹងព្រះអម្ចាស់ ។
សមាជិកមួយចំនួនពិបាកក្នុងការចូលរួមក្នុងព្រះវិហារ ឬការជួបជុំជាសាធារណៈផ្សេងទៀត ដោយសារតែមានប្រតិកម្មទៅនឹងក្លិនគីមី ដូចជាទឹកអប់ និងទឹកលាបខ្លួន ។ បុគ្គលដែលមានជំងឺដូចជាជំងឺហឺត ប្រតិកម្មទៅនឹងក្លិនក្រអូប ឬងាយទទួលរងសារធាតុគីមីជាច្រើន គឺងាយទទួលរងសារធាតុគីមីខ្លាំងណាស់ ហើយអាចមានប្រតិកម្មថែមទៀតផង ។ ដូចគ្នាទៅនឹងការប្រតិកម្មអាហារដែរ បងប្អូនមិនអាចដឹងថាបុគ្គលណាម្នាក់ងាយទទួលរងសារធាតុគីមីដោយគ្រាន់តែមើលមុខពួកគេនោះទេ ។ ជាលទ្ធផល លក្ខខណ្ឌនេះជាញឹកញាប់មិនមានអ្នកដឹងទេ ប៉ុន្តែវាប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់បុគ្គលនោះក្នុងការធ្វើសកម្មភាពធម្មតានៃជីវិត ។
រោគសញ្ញានានា
រោគសញ្ញាមានភាពខុសៗគ្នា ហើយអាចរួមមាន ចង្អោរ វិលមុខ ឈឺក្បាល អស់កម្លាំង ថប់បារម្ភ ពិបាកដកដង្ហើម ឈឺទ្រូង និងបំពង់ក និងជាច្រើនទៀត ។
រោគសញ្ញាមានចាប់ពីស្រាលទៅធ្ងន់ធ្ងរ ។ ខណៈពេលដែលបុគ្គលម្នាក់អាចឈឺក្បាលដែលបាត់ទៅវិញបន្ទាប់ពីពីរបីម៉ោងក្រោយ ឯបុគ្គលម្នាក់ទៀតអាចមានប្រតិកម្មខ្លាំងដែលអាចមានរយៈពេលច្រើនថ្ងៃ ឬដែលបណ្តាលឲ្យចូលសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
ការងាយចាប់យកសារធាតុគីមីអាចរំខានដល់ជីវិតរបស់បុគ្គលម្នាក់ និងបណ្តាលឲ្យមានអារម្មណ៍ឯកោផងដែរ ។ សមាជិកម្នាក់ដែលឆ្លងកាត់រោគសញ្ញាធ្ងន់ធ្ងរបានពន្យល់ ៖ « សកម្មភាពប្រចាំថ្ងៃ ដូចជាការដើរទិញឥវ៉ាន់ ទៅលេងមិត្តភក្តិ ការចូលរួមប្រជុំក្នុងព្រះវិហារ ឬទទួលទានអាហារនៅខាងក្រៅអាចក្លាយជាបញ្ហាប្រឈមមុខដ៏គួរឲ្យភ័យខ្លាច ។ ការណ៍នេះនាំឲ្យមានអារម្មណ៍ខកចិត្ត ដាច់ទំនាក់ទំនង និងភាពឯកោដ៏លើសលប់ ។ លើសពីនេះទៅទៀត ជារឿយៗយើងមានអារម្មណ៍ថាត្រូវបានគេមានការយល់ខុស និងវិនិច្ឆ័យពីអ្នកដែលនៅជុំវិញយើង ដែលមិនអាច ‹ មើលឃើញ › ជំងឺរបស់យើង និងអ្នកដែលមានអារម្មណ៍ថាយើងជាមនុស្សអាត្មានិយម និងគួរឲ្យអស់សំណើច ដោយសារយើង ‹ មិនចូលចិត្តក្លិន › » ។
ឪពុកម្នាក់ និងកូនប្រុសរបស់គាត់មានជំងឺហឺតធ្ងន់ធ្ងរ ដែលបង្កឡើងដោយក្លិនគីមី ។ កូនប្រុសកំពុងរៀបចំខ្លួនឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ពីមុនពេលចាកចេញទៅបំពេញបេសកកម្ម ។ មួយសប្តាហ៍ពីមុនការឡើងនិយាយរបស់គាត់ ប៊ីស្សពបានប្រាប់សមាជិកវួដថា យុវជនរូបនោះមានបញ្ហាពិបាកដកដង្ហើមធ្ងន់ធ្ងរនៅពេលប៉ះពាល់នឹងទឹកអប់មានក្លិនខ្លាំង ហើយបានស្នើសុំឲ្យសមាជិកចងចាំអំពីបញ្ហានេះនៅពេលចូលរួមក្នុងព្រះវិហារនៅសប្តាហ៍ក្រោយ ។ នេះជាលទ្ធផលធ្វើឲ្យថ្ងៃអាទិត្យនោះជាថ្ងៃដ៏ល្អបំផុតដែលឪពុក និងកូនប្រុសរូបនេះមិនធ្លាប់មាននៅក្នុងព្រះវិហារពីមុនមក ។
កន្លែងស្នាក់នៅ
នៅក្នុងមជ្ឈដ្ឋានរបស់សាសនាចក្រ បុគ្គលដែលមានប្រតិកម្មសារធាតុគីមីស្រាល អាចជ្រើសរើសអង្គុយឆ្ងាយពីមនុស្សផ្សេងទៀតបាន ។ សម្រាប់អ្នកផ្សេងទៀត ប្រហែលជាចាំបាច់ត្រូវការការធ្វើអន្តរាគមន៍ខ្លាំងជាងនេះ ដូចជាការពាក់ឧបករណ៍ដកដង្ហើមដែលមានតម្រង ការនាំយកម៉ាស៊ីនបន្សុទ្ធខ្យល់អុកស៊ីសែនទៅព្រះវិហារ ឬមើលការប្រជុំសាក្រាម៉ង់តាមអនឡាញ ។
មិនថាការប្រតិកម្មរបស់បុគ្គលម្នាក់ទៅនឹងក្លិនគីមីមានភាពធ្ងន់ធ្ងរប៉ុនណានោះទេ វាគឺជារឿងសំខាន់ដែលត្រូវចងចាំថា នេះគឺជាការព្រួយបារម្ភដ៏ខ្លាំង ។ កន្លែងស្នាក់នៅទាមទារឲ្យមានភាពយោគយល់ និងសេចក្តីអាណិតអាសូរពីមនុស្សគ្រប់គ្នាដែលទាក់ទង ។ មនុស្សប្រើទឹកអប់ និងក្លិនផ្សេងៗទៀតសម្រាប់ហេតុផលផ្សេងៗគ្នា ដូចជាចំណូលចិត្ត ឬជាអនាម័យផ្ទាល់ខ្លួន ។ ការគោរព និងការយល់ដឹងពីគ្នាទៅវិញទៅមកនឹងមានភាពចាំបាច់ ដើម្បីដោះស្រាយតម្រូវការរបស់អ្នកដែលជាប់ទាក់ទងទាំងអស់ ។
ប្រសិនបើបងប្អូនមានប្រតិកម្មនឹងសារធាតុគីមី សូមជួបជាមួយសមាជិកនៃគណៈប៊ីស្សពរបស់បងប្អូន ។ ខណៈពេលដែលកន្លែងស្នាក់នៅប្រហែលជាមិនអាចធ្វើទៅរួចបានក្នុងគ្រប់កាលៈទេសៈ វាមានប្រយោជន៍ក្នុងការអនុញ្ញាតឲ្យថ្នាក់ដឹកនាំវួដដឹងពីតម្រូវការរបស់បងប្អូន ។ ក្រុមប្រឹក្សាវួដអាចធ្វើការជាមួយបងប្អូន ដើម្បីខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួលភាពងាយទទួលរងសារធាតុគីមីរបស់បងប្អូន ។ វិធីសាស្រ្តត្រឹមត្រូវនឹងមានលក្ខណៈខុសៗគ្នាអាស្រ័យលើកាលៈទេសៈ ហើយគួរតែមានតុល្យភាពជាមួយនឹងការយល់ដឹងថាមិនមែនស្ថានភាពទាំងអស់អាចដោះស្រាយតម្រូវការរបស់មនុស្សគ្រប់គ្នាបាននោះទេ ។
គំនិតមួយចំនួនសម្រាប់ថ្នាក់ដឹកនាំ ៖
-
ជួយសមាជិកឲ្យយល់ថា ភាពងាយទទួលរងសារធាតុគីមី គឺជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកដែលរងផលប៉ះពាល់ ។
-
ចេញសេចក្តីប្រកាស និងការរំឭកជាទៀងទាត់អំពីរបៀបដែលយើងអាចមានចិត្តមេត្តាចំពោះអ្នកដទៃដែលមានបញ្ហាជាមួយនឹងភាពរសើបនៃសារធាតុគីមី និងលក្ខខណ្ឌវេជ្ជសាស្រ្តដាច់ដោយឡែកផ្សេងទៀត និងរបៀបដែលយើងអាចជួយមនុស្សគ្រប់គ្នាឲ្យចូលរួមក្នុងការថ្វាយបង្គំព្រះអម្ចាស់ ។
-
សូមពិចារណាហៅអ្នកជំនាញឯកទេសខាងពិការភាពវួដ ឬស្តេក ដើម្បីជួយដោះស្រាយបញ្ហានេះ និងបញ្ហាផ្សេងទៀត ។
-
ពិចារណារៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកអំពីភាពងាយចាប់យកសារធាតុគីមី និងលក្ខខណ្ឌផ្សេងទៀតដែលអាចប៉ះពាល់ដល់សមត្ថភាពរបស់បុគ្គលម្នាក់ក្នុងការចូលរួមក្នុងការប្រជុំរបស់សាសនាចក្រ ។
គំនិតមួយចំនួនសម្រាប់កន្លែងស្នាក់នៅ ៖
-
ផ្តល់ឱកាសសម្រាប់បុគ្គលម្នាក់ៗដែលងាយទទួលរងសារធាតុគីមីឲ្យចែកចាយតម្រូវការ និងកង្វល់របស់ពួកគេជាមួយថ្នាក់ដឹកនាំវួដ ។
-
បើអាចធ្វើទៅបាន សូមខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តគោលការណ៍ណែនាំសម្រាប់ការប្រជុំ និងសកម្មភាពនានា ដែលអនុញ្ញាតឲ្យមនុស្សដែលងាយទទួលរង ឬប្រតិកម្មចូលរួមដោយផាសុកភាព ។
-
ពិចារណាផ្តល់ការផ្សាយតាមអនឡាញអំពីការប្រជុំនានាសម្រាប់អ្នកដែលមិនអាចចូលរួម និងផ្តល់វិធីសម្រាប់បុគ្គលទាំងនេះដើម្បីទទួលទានសាក្រាម៉ង់បាន ។
-
ប្រើតែផលិតផលដែលត្រូវបានអនុម័ត និងផ្តល់ឲ្យដោយក្រុមគ្រប់គ្រងអគារសាលាប្រជុំរបស់សាសនាចក្រតែប៉ុណ្ណោះ ។ ប្រសិនបើផលិតផលស្តង់ដាមួយបង្កើតឲ្យមានបញ្ហា សូមធ្វើការជាមួយអ្នកគ្រប់គ្រងអគារក្នុងមូលដ្ឋានដើម្បីស្វែងរកជម្រើសផ្សេងទៀត ។ ប្រសិនបើសមាជិកនាំយកគ្រឿងបាញ់ឲ្យក្រអូប ឬផលិតផលសម្អាតផ្ទាល់ខ្លួន ផលិតផលទាំងនោះអាចបណ្តាលឲ្យមានប្រតិកម្មទៅលើបុគ្គលដែលងាយរងប្រតិកម្ម ។
-
ពិចារណាពីភាពងាយទទួលរងសារធាតុគីមីនៅពេលរៀបចំផែនការសកម្មភាពនានា ។
-
សូមចងចាំថា មនុស្សមួយចំនួនដែលងាយទទួលរងសារធាតុគីមីចង់បម្រើនៅកន្លែងមួយដែលមានសុវត្ថិភាពសម្រាប់ពួកគេ ។
អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ បានបង្រៀន ៖ « សម្រាប់អស់អ្នកដែលមានអារម្មណ៍ថាគេទុកចោល ឬមិនរាប់រក នោះភាពកក់ក្តៅនៃការស្វាគមន៍[ របស់យើង ]នឹងមានសារៈសំខាន់ណាស់ ។ នៅទីបំផុត យើងអាចសួរខ្លួនឯងថា តើព្រះអង្គសង្គ្រោះចង់ឲ្យម៉ោងសាក្រាម៉ង់របស់យើងទៅជាបែបណា ។ តើទ្រង់ចង់ឲ្យបុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗទទួលបានការស្វាគមន៍ ការថែរក្សា ការចិញ្ចឹមបីបាច់ និងសេចក្ដីស្រឡាញ់ដោយរបៀបណា ? តើទ្រង់ចង់ឲ្យយើងមានអារម្មណ៍យ៉ាងណា ពេលយើងមករំឭកចាំតាមរយៈការថ្វាយបង្គំទ្រង់ ? »
តាមរយៈការបង្កើតការយល់ដឹងអំពីបញ្ហានេះ នោះបុគ្គលដែលងាយទទួលរងសារធាតុគីមីអាចមានអារម្មណ៍ថាត្រូវបានស្តាប់ គោរព និងចូលរួមយ៉ាងពេញលេញនៅក្នុងវួដ ឬសាខារបស់ពួកគេ ។ នៅពេលដែលប៊ីស្សព និងក្រុមប្រឹក្សាវួដធ្វើការប្រកបដោយសេចក្តីអាណិតអាសូរ និងការអធិស្ឋានជាមួយបុគ្គលដែលរងផលប៉ះពាល់ដោយលក្ខខណ្ឌសុខភាពទាំងនេះ នោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌កាន់តែច្រើនត្រូវបានពង្រឹងនៅពេលដែលពួកគេទទួលបានឱកាសកាន់តែច្រើនដើម្បីកាន់តែជិតស្និទ្ធទៅនឹងព្រះយេស៊ូវគ្រីស្ទ ។ ក្នុងនាមជាវួដដែលរួបរួមគ្នា « មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:២១ ) ដួងចិត្តត្រូវបានជ្រោតជ្រាប និងព្យាបាល ។