« ដំបូន្មានរបស់ខ្ញុំទៅដល់យុវមជ្ឈិមវ័យអំពីការដើរលេងជាគូ និងអាពាហ៍ពិពាហ៍ » លីអាហូណា ខែកក្កដា ឆ្នាំ២០២៥ ។
យុវមជ្ឈិមវ័យ
ដំបូន្មានរបស់ខ្ញុំទៅដល់ យុវមជ្ឈិមវ័យ អំពី ការដើរលេងជាគូ និង អាពាហ៍ពិពាហ៍
ការដើរលេងជាគូ គឺជាវិធីមួយដើម្បីស្វែងយល់ថាតើនរណាម្នាក់ជាមនុស្សត្រឹមត្រូវ ដើម្បីចាប់ផ្តើមដំណើរដ៏វែងឆ្ងាយជាមួយដែរទេ ។
រចនារូបភាពដោយ ស្ទេផាន ណីលសិន
ខ្ញុំចូលចិត្តគិតថាការដើរលេងជាគូប្រៀបដូចជាឧបករណ៍មួយ ។
ជាឧបករណ៍ជួយអ្នកសម្រេចបានគោលបំណងជាក់លាក់មួយ ។ គោលបំណងនៃការដើរលេងជាគូ គឺដើម្បីអភិវឌ្ឍទំនាក់ទំនងដែលនាំទៅរកអាពាហ៍ពិពាហ៍ ហើយលើសពីនេះ វានាំឲ្យសម្រេចបាននូវផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
ការដើរលេងជាគូ គឺជាវិធីមួយដើម្បីស្វែងយល់ថាតើនរណាម្នាក់ជាមនុស្សត្រឹមត្រូវ ដើម្បីចាប់ផ្តើមដំណើរដ៏វែងឆ្ងាយជាមួយដែរទេ ។ ដូចដែលប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានបង្រៀនថា « មិត្តនៅលីវវ័យក្មេងរបស់ខ្ញុំអើយ យើងសូមប្រឹក្សាក្មួយៗឲ្យភ្ជាប់ទំនាក់ទំនងរបស់ក្មួយជាមួយមនុស្សភេទផ្ទុយគ្នា ទៅជាគន្លងណាត់ជួបដែលមានសក្ដានុពលអាចឈានទៅដល់អាពាហ៍ពិពាហ៍ » ។
នៅពេលយើងនិយាយអំពី « ហេតុផល » នៃការដើរលេងជាគូ នោះយើងកំពុងនិយាយអំពីការកសាងទំនាក់ទំនងដ៏យូរអង្វែងមួយជាមួយគ្នា ។ យើងកំពុងនិយាយអំពីការភ្ជាប់ខ្លួនយើង និងចំពោះគ្នាទៅកាន់ព្រះអង្គសង្គ្រោះ ។ ប៉ុន្តែពេលខ្លះ ប្រសិនបើយើងមិនប្រុងប្រយ័ត្ន នោះយើងអាចផ្តោតអារម្មណ៍ខ្លាំងទៅលើការដើរលេងជាគូ និងការស្គាល់មនុស្សដែលអាពាហ៍ពិពាហ៍ក្លាយទៅជារឿងបន្ទាប់បន្សំ ។
ខ្ញុំចង់ផ្តល់ដំបូន្មានមួយចំនួនអំពីរបៀបដែលអ្នកអាចកែលម្អបទពិសោធន៍នៃការដើរលេងជាគូរបស់អ្នក ។ ដំបូន្មានរបស់ខ្ញុំភាគច្រើនបានមកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាវានឹងមានប្រយោជន៍ដល់អ្នក ។
ធ្វើឲ្យការដើរលេងជាគូមានគោលបំណងជាក់លាក់
ប្រសិនបើអ្នកធ្លាប់មានគេសួរថា តើការដើរលេងជាគូរបស់អ្នក យ៉ាងដូចម្តេចដែរ ខ្ញុំសង្ឃឹមថា ការឆ្លើយតប« ប្រកបដោយចេតនា » គឺជាចម្លើយដំបូងមួយក្នុងចំណោមការឆ្លើយតបរបស់អ្នក ។ សូមឲ្យខ្ញុំសាកល្បង និងបង្ហាញរឿងនេះជាមួយនឹងឧទាហរណ៍មួយ ។
ពេលវេលាជាងពាក់កណ្តាលនៃការដើរលេងជាគូរបស់ខ្ញុំ និងភរិយារបស់ខ្ញុំ គឺជួបគ្នាពីចម្ងាយ ។ ខ្ញុំបានជួប ខាធើរីន ខណៈពេលដែលយើងទៅសាលានៅទីក្រុងសាន់ទីអាហ្គោ ប្រទេសស៊ីលី ។ យើងបានចាប់ផ្តើមការដើរលេងជាគូ ប៉ុន្តែនាងបានត្រឡប់ទៅផ្ទះនៅឯ អង់តូហ្វាហ្គាស្តា ពីមុនពេលខ្ញុំបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្ញុំ ។ ដោយសារតែយើងចង់អភិវឌ្ឍទំនាក់ទំនងរបស់យើងម្តង ឬពីរដងក្នុងមួយខែ ខ្ញុំបានជិះឡានក្រុងរយៈពេល ២០ ម៉ោងត្រឡប់ទៅ អង់តូហ្វាហ្គាស្តា នៅរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីចំណាយពេលចុងសប្តាហ៍ជាមួយ ខាធើរីន ( រួមទាំងទៅកម្មវិធីព្រះវិហារដែរ ) ហើយបានជិះឡានក្រុងរយៈពេល ២០ ម៉ោងត្រឡប់ទៅ សាន់ទីអាហ្គោវិញ ដើម្បីទៅរៀននៅម៉ោង ៨:០០ ព្រឹកនៅព្រឹកថ្ងៃចន្ទ ។
នៅថ្ងៃដែលយើងមិនអាចជួបជាមួយគ្នា យើងបាននិយាយគ្នាតាមទូរសព្ទ ។ ដោយយើងមិនមានទូរសព្ទដៃទេនៅពេលនោះ ខ្ញុំបានទិញគម្រោងទូរសព្ទដែលអនុញ្ញាតឲ្យខ្ញុំធ្វើការហៅទូរសព្ទដោយគ្មានដែនកំណត់តាមទូរសព្ទសាធារណៈ ។ ខ្ញុំបានចំណាយពេលជាច្រើនម៉ោងនៅឯទូទូរសព្ទមួយកន្លែង ហើយប្រសិនបើនរណាម្នាក់ផ្សេងទៀតត្រូវការប្រើវា នោះខ្ញុំនឹងត្រូវឈប់និយាយសិន ហើយត្រូវទូរសព្ទទៅ ខាធើរីន វិញភ្លាមៗនៅពេលដែលគេប្រើទូរសព្ទនោះហើយ ។
តាមរយៈបទពិសោធន៍នេះ ដោយសារតែមានឧបសគ្គជាច្រើននៅក្នុងទំនាក់ទំនងរបស់យើង ខ្ញុំត្រូវរៀនដើម្បីមានគោលបំណងអំពីរបៀបដែលខ្ញុំទំនាក់ទំនងជាមួយនឹង ខាធើរីន ។
ខ្ញុំសូមអញ្ជើញអ្នកដើម្បីធ្វើឲ្យការដើរលេងជាគូមានចេតនា និងគោលបំណងជាក់លាក់ ។ ប្រធាន រ័សុល អិម ណិលសុន បានស្នើសុំឲ្យយើងមានគោលបំណងជាមួយនឹងភាពជាសិស្សរបស់យើង ។ យើងក៏អាចស្វែងរកដើម្បីមានគោលបំណងតាមរបៀបដែលយើងដើរលេងជាគូបានផងដែរ ។
យើងគួរតែសួរសំណួរសំខាន់ៗ ៖
-
តើអ្នកគិតយ៉ាងណាចំពោះជីវិត គ្រួសារ និងសំខាន់បំផុតអំពីព្រះអង្គសង្រ្គោះ ?
-
ខ្ញុំដឹងពីរឿងដែលអ្នកធ្វើ ហើយមិនចូលចិត្តធ្វើ ប៉ុន្តែតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះដំណឹងល្អ ?
-
តើអ្វីទៅជាបទដ្ឋាន ឬសីលធម៌របស់អ្នក ?
សំណួរដែលមានគោលបំណងគួរតែត្រូវបានអមដោយការធ្វើសកម្មភាពដោយចេតនាផ្សេងៗគ្នា ។ សូមដើរលេងឲ្យសប្បាយ ប៉ុន្តែត្រូវប្រាកដថាធ្វើរឿងខាងវិញ្ញាណជាមួយគ្នាផងដែរ ។ ធ្វើសកម្មភាពដែលនឹងជួយអ្នកឲ្យយល់ និងស្គាល់គ្នាឲ្យពិតប្រាកដ ។
សេចក្ដីជំនឿយកឈ្នះលើភាពភ័យខ្លាច
បន្ទាប់ពីអ្នកបានដើរលេងជាគូមួយរយៈហើយ នោះការជ្រើសរើសដើម្បីរៀបការអាចទំនងជាការសម្រេចចិត្តមួយដែលគួរឲ្យភ័យខ្លាច ។ ខ្ញុំនៅតែភ័យខ្លាចរហូតទាល់តែដល់ពេលដែល ខាធើរីន និងខ្ញុំបានរៀបការ !
ការជ្រើសរើសដើម្បីរៀបការអាចជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែវាមិនមែនជាការសម្រេចចិត្តដែលអ្នកធ្វើតែម្តងនោះទេ ។ ការជ្រើសរើសដើម្បីរៀបការមានន័យថា ការជ្រើសរើសដើម្បីប្តេជ្ញាចិត្តឡើងវិញចំពោះដៃគូអស់កល្បជានិច្ចរបស់អ្នកពេញមួយជីវិតអ្នក ហើយពង្រឹងការប្តេជ្ញាចិត្តនោះជាមួយគ្នា ។
នៅពេលអ្នកមានសំណួរអំពីអាពាហ៍ពិពាហ៍ ឬដំណឹងល្អ នោះអ្នកគួរ« សិក្សាក្នុងគំនិតរបស់អ្នក រួចហើយ អ្នកត្រូវសូមដល់[ ព្រះអម្ចាស់ ] បើសិនជាការណ៍នោះត្រឹមត្រូវ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៨ ) អ្នកគួរតែសួរខ្លួនឯងផងដែរថា « តើខ្ញុំនឹងមានឆន្ទៈជ្រើសរើសដើម្បីក្លាយជាផ្នែកមួយនៃការណ៍នេះពេញមួយជីវិតរបស់ខ្ញុំដែរទេ ? »
នៅពេលខ្ញុំរៀបការ មនុស្សមួយចំនួនបានសួរខ្ញុំថា តើខ្ញុំភ័យខ្លាចថាខ្ញុំនឹងលែងលះគ្នាដូចជាឪពុកម្តាយរបស់ខ្ញុំដែរទេ ។ ចម្លើយរបស់ខ្ញុំតែងតែឆ្លើយថា អត់ទេ ។ នៅពេលដែលខ្ញុំបានរៀបការ ខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងធ្វើអ្វីដែលចាំបាច់ដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍របស់ខ្ញុំដំណើរការ ។ នោះមានន័យថា ជ្រើសរើសជារៀងរាល់ថ្ងៃដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ និងរៀបការជាមួយភរិយារបស់ខ្ញុំដោយសប្បាយរីករាយ ។ ខ្ញុំបានជ្រើសរើសមិនអនុញ្ញាតឲ្យការភ័យខ្លាចនៃការលែងលះគ្នាជំរុញឲ្យខ្ញុំឆ្ងាយពីការសម្រេចចិត្តដ៏ល្អ និងសុចរិតឡើយ ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ ៖ « នៅពេលដែលមានការបំភ្លឺពិតប្រាកដ សូមប្រយ័ត្នចំពោះការល្បួងឲ្យដកថយពីរឿងល្អ ។ ប្រសិនបើវាត្រឹមត្រូវ នៅពេលបងប្អូនអធិស្ឋានអំពីការណ៍នោះ ហើយទុកចិត្តលើការណ៍នោះ ហើយរស់នៅតាមការណ៍ នោះវាគឺត្រឹមត្រូវនៅពេលនេះហើយ ។ សូមប្រឈមមុខនឹងការសង្ស័យរបស់បងប្អូន ។ សូមគ្រប់គ្រងភាពភ័យខ្លាចរបស់បងប្អូន ។ « កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា » ។
កុំទន្ទឹងរង់ចាំសុភមង្គលឡើយ
ការពិតគឺថាមានមនុស្សជាច្រើនដែលមានបំណងប្រាថ្នាល្អ និងស្មោះត្រង់ក្នុងការស្វែងរកដៃគូ ។ អ្នកដឹងថានេះជាបំណងប្រាថ្នាដ៏ល្អ និងសុចរិត ប៉ុន្តែនៅពេលអ្នកព្យាយាមស្វែងរកនរណាម្នាក់ដែលត្រូវគ្នាជាមួយនឹងអ្នក នោះអ្នកមានអារម្មណ៍ថាជាប់គាំងនៅក្នុងការរីកចម្រើនរបស់អ្នកនៅលើផ្លូវនៃសេចក្តីសញ្ញា ។
ទាក់ទងទៅនឹងរឿងនេះ ស៊ីស្ទើរ គ្រីស្ទីន អិម អូក បានមានប្រសាសន៍ ៖ « ប្រសិនបើក្មួយៗឃើញខ្លួនឯងគូសចំណាំពេលវេលា ហើយរង់ចាំឲ្យអាពាហ៍ពិពាហ៍មួយកើតឡើង នោះសូមឈប់រង់ចាំទៀតទៅ ហើយត្រូវចាប់ផ្ដើមរៀបចំខ្លួនវិញ ។ សូមរៀបចំខ្លួនក្មួយៗសម្រាប់ជីវិត—ដោយការអប់រំ បទពិសោធន៍ និងគម្រោងការ ។ កុំចាំឲ្យសុភមង្គលរត់មករកក្មួយៗឡើយ ។ សូមស្វែងរកឱកាសធ្វើការបម្រើ និងការរៀនសូត្រ ។ ហើយសំខាន់បំផុតនោះ គឺទុកចិត្តលើព្រះអម្ចាស់ ‹ ដោយអំពាវនាវដល់ព្រះនាមរបស់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ហើយឈរយ៉ាងរឹងប៉ឹងនៅក្នុងសេចក្ដីជំនឿ ជឿដល់អ្វីដែលកើតឡើងក្នុងអនាគត › [ ម៉ូសាយ ៤:១១ ] ។ ហើយខ្ញុំសូមសន្យាថា នៅពេលក្មួយៗធ្វើដូច្នោះ នោះសុភមង្គលនឹងហូរមករកក្មួយ ។
ដំណើររបស់អ្នកនៅលើផ្លូវនៃសេចក្ដីសញ្ញាមិនបានឈប់ ដោយសារអ្នកមិនទាន់បានរៀបការនៅឡើយនោះទេ ។ អ្នកនៅតែមានទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់អ្នកជាមួយនឹងព្រះអង្គសង្គ្រោះ ។ ប្រសិនបើអ្នកកំពុងជួបនឹងការបដិសេធ ភាពឯកោ ឬការភ័យខ្លាច ចូរយាងទ្រង់ចូលទៅក្នុងការតស៊ូរបស់អ្នក ។ ទ្រង់នឹងសង្រ្គោះអ្នក ។ ទ្រង់នឹងជួយអ្នក ។
សម្រាប់អ្នកខ្លះ ការដើរលេងជាគូដោយមានគោលបំណងដើម្បីស្វែងរកដៃគូអស់កល្បជានិច្ចនឹងមិនបានផ្លែផ្កាភ្លាមៗនោះទេ ។ សម្រាប់អ្នកផ្សេងទៀតវានឹងបានផ្លែផ្កាភ្លាមៗ ។ មិនថាអ្វីក៏ដោយ ខ្ញុំដឹងថាព្រះនឹងបំពេញរាល់ការសន្យាដែលទ្រង់បានធ្វើចំពោះយើង ប្រសិនបើយើងមានគោលបំណង និងទុកចិត្តលើទ្រង់ ។
មិនថាអ្នកនៅទីណាក្នុងពិភពលោក ឬមានអ្វីដែលកំពុងកើតឡើង ឬមិនកើតឡើងនៅក្នុងជីវិតរបស់អ្នកនោះទេ អ្នកអាចមានអំណរនៅគ្រប់កាលៈទេសៈ ដោយសារតែព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ និងការបង្រៀនរបស់ទ្រង់គឺជាចម្លើយជានិច្ច ។