2025
សេចក្តី​ស្រឡាញ់ និង​ការព្រួយ​បារម្ភ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​បុគ្គល​ម្នាក់
ខែ​កក្កដា ឆ្នាំ​២០២៥


« សេចក្តី​ស្រឡាញ់ និង​ការព្រួយ​បារម្ភ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​បុគ្គល​ម្នាក់ » លីហូណា ខែ​កក្កដា ឆ្នាំ​២០២៥ ។

សេចក្តី​ស្រឡាញ់ និង​ការព្រួយ​បារម្ភ របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​បុគ្គល​ម្នាក់

យើង​ត្រូវបាន​ស្នើសុំ​ឲ្យ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក​ដូច​ដែល​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ—ម្តង​ម្នាក់ៗ ។

រូបភាព​គូស្វាមីភរិយា​មួយគូ​កំពុង​ទៅលេង​បងប្រុស​ម្នាក់​នៅផ្ទះ​របស់គាត់

រចនា​រូបភាព​ដោយ អាឡិច ណាបោម

មិន​យូរប៉ុន្មាន​បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់ខ្ញុំ​នៅ​ខែ​សីហា ឆ្នាំ​១៩៨៤ ខ្ញុំ​បាន​ដឹង​អំពី​សកម្មភាព​សប្បាយ​រីករាយ​ដែល​មាន​តន្ត្រី និង​ការអាំងសាច់​នៅមិនឆ្ងាយ​ពីកន្លែង​ដែល​ខ្ញុំ​រស់នៅ​ក្នុង​ទីក្រុង​ខ្វែខ្វែ ប្រទេស​ហ្ស៊ីមបាវ៉េ​នោះ​ទេ ។ មិត្តភក្តិ​ និង​ខ្ញុំ​មាន​ចិត្តរំភើប​ចង់​ទៅ ប៉ុន្តែ​សកម្មភាព​នោះ​គឺ​នៅ​ថ្ងៃអាទិត្យ ។ មិត្តភក្តិ​របស់​ខ្ញុំ​ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ​ទេ ។

ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា « ខ្ញុំ​នឹង​ទៅ​ព្រះវិហារ ប៉ុន្តែ​លួចចេញ​បន្ទាប់ពី​ការប្រជុំ​សាក្រាម៉ង់ ហើយ​ចូលរួម​ជាមួយ​អ្នក​ទាំង​អស់​គ្នា » ។

មិត្តភក្តិ​របស់ខ្ញុំ ដែល​ដឹងពី​ភាពទន់ខ្សោយ​របស់ខ្ញុំ​បាន​និយាយថា « ប្រសិនបើ​ឯង​ធ្វើដូច្នេះ​ឯង​នឹង​ខកខាន ។ នៅពេល​ដែល​ឯង​មកដល់ សាច់អាំង​នឹង​អាច​អស់​ហើយ » ។

ខ្ញុំ​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​មួយ ។ តើ​ខ្ញុំ​ទៅ​ព្រះវិហារ​ឬ​ជ្រើសរើស​ការអាំងសាច់ ? ខ្ញុំ​បាន​ជ្រើសរើស​ការអាំងសាច់ ប៉ុន្តែ​បាន​ដឹងថា​នៅព្រឹក​ថ្ងៃអាទិត្យ កម្មវិធី​នោះ​ត្រូវបាន​គេ​លុបចោល ។ នៅពេល​នោះ វា​ហួស​ពេល​ទៅហើយ​ដើម្បី​ទៅ​ព្រះវិហារ ដូច្នេះ​ខ្ញុំ​បាន​នៅក្នុង​បន្ទប់​ជួល​ដ៏តូច​របស់ខ្ញុំ ។

នៅ​រសៀល​ថ្ងៃនោះ ខ្ញុំ​បាន​ឮសំឡេង​មួយ ៖ « តើ អែឌី ឌូប រស់នៅ​ទីនេះ​ដែរឬទេ ? »

នោះ​គឺជា​ប្រធាន​សាខា​របស់ខ្ញុំ ចន នូប៊ល ជាមួយ​ភរិយា​របស់គាត់ ជេន ។ ខ្ញុំ​ចង់​លាក់ខ្លួន​នៅ​ក្រោម​គ្រែ​របស់ខ្ញុំ ! ប៉ុន្តែ​មុនពេល​ខ្ញុំ​អាច​ធ្វើអ្វី​បាន ពួកគាត់​បាន​ឈរ​នៅក្បែរ​វាំងនន​ដែល​ញែក​បន្ទប់​របស់ខ្ញុំ​ពី​កន្លែង​ផ្សេងទៀត​នៅក្នុង​ផ្ទះទៅហើយ ។

ពួកគាត់​បាន​មាន​ប្រសាសន៍​ថា « អូ អែឌី ពួកយើង​អត់ឃើញ​ប្អូន​នៅទៅ​ព្រះវិហារ​ថ្ងៃនេះ » ។

យើង​បាន​និយាយគ្នា​មួយសន្ទុះ ហើយ​បន្ទាប់ពី​ពួកគាត់​ចាកចេញ ពាក្យ​ដ៏​សប្បុរស​របស់​ពួក​គាត់ « អែឌី ពួកយើង​នឹក​ប្អូន » បាន​បន្ត​ឮ​នៅក្នុង​គំនិត​របស់ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ ចន និង ជេន នូប៊ល ។ ចាប់តាំង​ពីថ្ងៃនោះ​មក ខ្ញុំ​បាន​ទទួល​ពរជ័យ ដោយសារ​ពួកគាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​អំពី​សេចក្ដី​ស្រឡាញ់ និង​ការព្រួយ​បារម្ភ​របស់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​បុគ្គល​ម្នាក់ តាម​របៀប​ផ្ទាល់ខ្លួន​មួយ ។

ម្ដង​ម្នាក់ៗ

ព្រះយេស៊ូវ​បាន​យាងមក​ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​ទៅកាន់​សាសន៍​នីហ្វៃ​បន្ទាប់ពី​ទ្រង់​បានយាង​ទៅ​គង់នៅ​ជាមួយ​នឹង​ព្រះវរបិតា ។ ទ្រង់​បាន​យាងមក​លួងលោម​ប្រជាជន ។ ទ្រង់​បាន​អញ្ជើញ​ពួកគេ​ដោយ​ក្តីស្រឡាញ់ ៖

« ចូរ​ក្រោក​ឡើង ហើយ​មក​រក​យើង​ចុះ ដើម្បី​អ្នក​រាល់​គ្នា​អាច​លូកដៃ​មក​ឯ​ចំហៀង​យើង និង​ដើម្បី​អ្នក​រាល់​គ្នា​អាច​ស្ទាប​នូវ​ស្នាម​ដែកគោល​នៅ​ត្រង់​ដៃ និង​ជើង​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ថា យើង​គឺជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល និង​ជា​ព្រះ​នៃ​ផែនដី​ទាំង​មូល ហើយ​ត្រូវ​គេ​ធ្វើ​គត​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក ។

« … ហើយ​ពួក​គេ​បាន​យ៉ាង​នេះ គឺ​បាន​ដើរ​ទៅ​មុខ ម្ដង​ម្នាក់ៗ រហូត​ដល់​ទាំង​អស់​គ្នា​បាន​ទៅ ហើយ​បាន​ឃើញ​ដោយ​ភ្នែក​គេ​ផ្ទាល់ ហើយ​បាន​ស្ទាប​ដោយ​ដៃ​គេ​ផ្ទាល់ និង​បាន​ដឹង​យ៉ាង​ជាក់ច្បាស់ និង​បាន​ធ្វើ​បន្ទាល់​ថា គឺជា​ព្រះ​អង្គ​មែន ដែល​ពួក​ព្យាការី​បាន​សរសេរ​ទុក​ពីមុន​ថា ទ្រង់​នឹង​យាង​មក ( នីហ្វៃទី​៣ ១១:១៤–១៥; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ក្រោយមក ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​នាំ​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ ឈឺចាប់ ឬ « ត្រូវ​រងទុក្ខ​ដោយ​ហេតុណា​ផ្សេងទៀត … ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ពួកគេ​បាន​ជា គ្រប់ៗគ្នា នៅពេល​ពួកគេ​ត្រូវ​នាំ​មក​រក​ទ្រង់ » ( នីហ្វៃទី៣ ១៧:៧, ៩; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។ បន្ទាប់មក​ទ្រង់ « បាន​យក​កូន​ក្មេង​របស់ពួកគេ ម្ដង​ម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួកវា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា​សម្រាប់​ពួកវា » ( នីហ្វៃទី​៣ ១៧:២១; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ដើម្បី​ស្រមៃថា​មនុស្ស ២,៥០០ នាក់ បាន​នៅទីនោះ គឺ​ពិត​ជាគួរឲ្យ​បន្ទាបខ្លួន​ណាស់ ( សូមមើល នីហ្វៃទី៣ ១៧:២៥ ) ។ ដោយ​បាន​កើត និង​ធំឡើង​នៅក្នុង​ប្រទេស​អាហ្រ្វិក ខ្ញុំ​តែងតែ​ស្រមៃ​ឃើញ​ព្រះអង្គសង្គ្រោះ​ឈរ​នៅក្រោម​ពន្លឺ​ព្រះអាទិត្យ រង់ចាំ​ព្យាបាល លួងលោម លើកទឹកចិត្ត និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ទៅដល់​មនុស្ស​ទាំងអស់​ដែល​បាន​មករក​ទ្រង់ ។ ក្នុងនាម​ជាសិស្ស​របស់ទ្រង់ យើង​ត្រូវបាន​បង្គាប់​ឲ្យ​ធ្វើការបម្រើ​ទៅដល់​អ្នកដែល​នៅជុំវិញខ្លួន​យើង​ដូច​ដែលទ្រង់​បាន​ធ្វើ—ម្តង​ម្នាក់ៗ ។

ឈាន​ទៅមុខ​ដោយ​សេចក្តី​ជំនឿ

សមាគម​សង្គ្រោះ ឬ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​នៅក្នុង​វួដ ឬ​សាខា​របស់បងប្អូន ដោយ​មាន​ការអនុម័ត​ពីប៊ីស្សព ឬ​ប្រធាន​សាខា បាន​ចាត់តាំង​បងប្អូន​ជាលក្ខណៈ​បុគ្គល និង​ជាគ្រួសារ​ដើម្បី​ផ្ដល់​ការងារ​បម្រើ ។ អ្នក​ខ្លះ បងប្អូន​ប្រហែលជា​មិន​ស្គាល់ទេ ។ បងប្អូន​អាច​មាន​អារម្មណ៍​ភ័យខ្លាច​អំពី​ការទៅជួប ការហៅទូរសព្ទ ឬ​សូម្បីតែ​ផ្ញើសារ​ទៅកាន់​ពួកគេ ។ បងប្អូន​ប្រហែលជា​បារម្ភថា ពួកគេ​នឹង​មិនចង់​ឲ្យ​បងប្អូន​ទៅ​ផ្ទះរ​របស់​ពួកគេ​ទេ ។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​របស់បងប្អូន​បាន​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ថាតើ​កិច្ចការ​នេះ​អាច​មាន​ន័យ​យ៉ាងណា​សម្រាប់​បងប្អូន និង​ពរជ័យ​ដែល​កិច្ចការ​នេះ​អាច​នាំមក​ដល់​បងប្អូន និង​គ្រួសារ​ដែល​បងប្អូន​ផ្ដល់​ការងារ​បម្រើ​ទាងនោះ ។ ដូច្នេះ ចូរ​ឈានទៅមុខ​ដោយ​សេចក្តីជំនឿ ។

កាលពី​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​បាន​ទៅ​ជាមួយ​ប្រធាន​ស្តេក​នៅ​ភាគ​អាគ្នេយ៍​ក្នុង​សហរដ្ឋ​អាមេរិក ដើម្បី​ទៅលេង​គ្រួសារ​ជាច្រើន​ពីមុន​សន្និសីទ​ស្តេក ។ ពេល​ដែល​យើង​ទៅដល់​ផ្ទះមួយ បុរស​ម្នាក់​ស្លៀកពាក់​សម្លៀកបំពាក់​រយេករយោក​បាន​ដើរ​មករក​យើង ។

គាត់​បាន​ស្រែកឡើងថា « តើ​អ្នក​ចង់​បាន​អ្វី ? យើង​មិនចង់​ឲ្យ​មនុស្ស​មកផ្ទះ​របស់​យើង​ទេ ! »

ខ្ញុំ​មាន​ការព្រួយបារម្ភ​នៅពេល​ដែល​ឥរិយាបថ​របស់​បុរស​នោះ​ចាប់ផ្តើម​គួរឲ្យខ្លាច ។ ខ្ញុំ​ចង់​ចាប់​ប្រធាន​ស្តេក ហើយ​រត់​ត្រឡប់ទៅ​ឡាន​វិញ ! ប៉ុន្តែ​ប្រធាន​ស្តេក​មាន​ភាពស្ងប់ស្ងាត់ ។ លោក​បាន​មាន​ប្រសាសន៍ថា « ឲ្យ​ពួកខ្ញុំ​សុំទោស ! ពួកខ្ញុំ​គិតថា ប៊ីស្សព​របស់​បង​បាន​ប្រាប់​បង​ហើយ​ថា​ពួកខ្ញុំ​មក​សួរ​សុខទុក្ខ​ » ។

ពេល​ដែល​ពួកគេ​និយាយគ្នា ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាងខ្លាំង ។ ខ្ញុំ​បាន​ប្រមូល​ភាពក្លាហាន​របស់ខ្ញុំ បាន​ដើរ​ទៅជិត​បុរស​នោះ ហើយ​និយាយថា « បងប្រុស​ជា​ទី​ស្រឡាញ់ ប្រធាន ថូម៉ាស អេស ម៉នសុន [ លោក​ជាព្យាការី​នៅពេលនោះ ] បាន​ផ្តល់​ការចាត់តាំង​ឲ្យ​ខ្ញុំ​មកទីនេះ ។ យើង​មក​ទីនេះ​ដើម្បី​ជួបបង ។ ខ្ញុំ​នាំយក​សេចក្តី​ស្រឡាញ់​របស់​ព្យាការី​មក​ដល់​បង » ។

ខ្ញុំ​បាន​សម្លឹងមើល​ទៅក្នុង​កែវភ្នែក​របស់​បុរសនោះ ហើយ​សង្កេត​ឃើញថា​ភ្នែក​ទាំង​គូ​កំពុង​រលីងរលោង ។ គាត់​បាន​ចាប់ផ្តើម​ចែកចាយ​ឧបសគ្គ​របស់​គាត់​ជាមួយ​នឹង​យើង ។ ភរិយា​របស់​គាត់​មាន​ជំងឺ​ធ្លាក់ទឹកចិត្ត ។ គាត់​ទើប​តែ​បាត់បង់​ការងារ ។ គាត់​មិនមាន​អាហារ​ដើម្បី​ចិញ្ចឹម​កូនៗ​របស់គាត់​ទេ ។ ប្រធាន​ស្ដេក​បាន​ធានា​ដល់​បុរសនោះ​ថា សាសនាចក្រ​នឹង​ជួយគាត់ និង​គ្រួសារ​របស់គាត់ ។ យើង​បាន​មាន​ការសួរ​សុខទុក្ខ​ដ៏​ល្អ​មួយ ។

ប៉ុន្មាន​សប្តាហ៍​ក្រោយមក ខ្ញុំ​បាន​សួរ​ប្រធាន​ស្តេក​អំពី​រឿង​បងប្រុស​នោះ ។ លោក​បាន​ប្រាប់​ខ្ញុំថា ប៊ីស្សព​របស់​បងប្រុស​រូប​នេះ និង​ក្រុមប្រឹក្សា​វួដ​កំពុង​ជួយ​គាត់ ហើយថា​គាត់ និង​ភរិយា​របស់គាត់​ដែល​មិនមែនជា​សមាជិក​នៃ​សាសនាចក្រ បាន​ចាប់ផ្តើម​ជួប​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

ការផ្ដល់​ការងារបម្រើ​ចាប់ផ្តើមឡើង​ដោយ​ការឈោង​ទៅជួយ​អ្នកដទៃ​ដោយ​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់ ។ ពេល​យើង​ឈានទៅមុខ​ដោយ​សេចក្ដី​ជំនឿ ការទុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​យើង​អាច​ស្វែងរក​វិវរណៈ​ពី​ទ្រង់​ទាក់ទង​នឹង​ការបង្កើត និង​គោលបំណង​របស់​ទ្រង់ សម្រាប់​ការប្រាស្រ័យទាក់ទង​របស់​យើង​ជាមួយ​នឹង​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ ។ ទ្រង់​នឹង​ជួយ​យើងឲ្យ​ដឹង​ពីអ្វី​ដែល​ត្រូវ​និយាយ និង​ធ្វើ ហើយ​ណែនាំ​យើង​ពីរបៀប​ដើម្បី « ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ … កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។ នៅពេល​យើង​ធ្វើដូច្នោះ យើង​នឹង​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​ពិត​ជា​ស្រឡាញ់​បុគ្គល​នោះ​ខ្លាំង​ប៉ុនណា ។

ឱ នោះ​ជា​អំណរ​របស់​អ្នក​ណាស់​ហ្ន៍

រហូត​មកដល់​សព្វថ្ងៃ​នេះ ខ្ញុំ​នៅតែ​មាន​អំណរ​ចំពោះ ចន និង ជេន នូប៊ល ។ អស់រយៈពេល​ប៉ុន្មាន​ឆ្នាំមក​នេះ ខ្ញុំ​មាន​អារម្មណ៍​មាន​អំណរ ដោយសារតែ​សេចក្តី​ស្រឡាញ់​ដែល​ពួកគាត់​បាន​ផ្តល់​ឲ្យ​ខ្ញុំ ។ ហើយ​ពួកគាត់​មាន​អារម្មណ៍​មាន​អំណរ​ក្នុង​ការមើលឃើញ​ខ្ញុំ​រីកចម្រើន​នៅក្នុង​ដំណឹងល្អ ។ នេះ​គឺជា​អ្វី​ដែល​អាច​កើតឡើង​នៅពេល​ដែល​យើង​ផ្ដល់​ការងារបម្រើ—យើង និង​អស់អ្នក​ដែល​យើង​បម្រើ កាន់តែ​មាន​ភាពជិតស្និទ្ធ​នឹងគ្នា​ទៅវិញ​ទៅមក ហើយ​កាន់​តែ​ជិតស្និទ្ធ​ជាមួយនឹង​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ។ …

ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​ធ្វើការ​អស់​មួយ​ជីវិត​អ្នក ដោយ​ស្រែក​ប្រាប់​ពី​ការប្រែ​ចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់តែ​នាំ​ព្រលឹង​តែ​មួយ​គត់​មក​រក​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ​នៅ​ក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង ! » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១០, ១៥; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ប្រសិនបើ​ការផ្ដល់​ការងារ​បម្រើ​មិនមែន​ជាអាទិភាព​សម្រាប់​បងប្អូន​ទេ នោះប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀនថា « យើង​ទាំងអស់​គ្នា​អាច​ធ្វើឲ្យ​បានល្អ​ប្រសើរជាង ហើយ​ធ្វើជា​​មនុស្ស​ល្អ​ប្រសើរ​ជាង​ពី​មុន » ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ផ្លាស់ប្តូរ និង​ចាប់ផ្តើម​ជាថ្មី ។ ខ្ញុំ​សន្យាថា​ពេល​ដែល​បងប្អូន​ចូលរួម​ក្នុង​ការធ្វើ​ការផ្ដល់​ការងារបម្រើ នោះ​បងប្អូន​នឹង​រកឃើញ​ដំណោះស្រាយ​ចំពោះ​បញ្ហាប្រឈម​ទាំងឡាយ​ដែល​បងប្អូន​កំពុង​ប្រឈមមុខ ។

សេចក្តី​សន្យា​របស់​ព្រះអង្គ​សង្រ្គោះ​គឺ​មាន​ពិតប្រាកដ​មែន ៖ « ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ » ( ម៉ាថាយ ១៦:២៥ ) ។

ដោយ​មាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ បងប្អូន​អាច​ក្លាយជា​បងប្អូន​ប្រុស ឬ​បងប្អូនស្រី​ដែល​ទ្រង់​ត្រូវការ​ឲ្យ​បងប្អូន​ប្រែក្លាយ ដើម្បី​ធ្វើឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌—ម្នាក់ៗ មាន​តម្លៃ​រៀងៗខ្លួន ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « We Can Do Better and Be BetterLiahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៦៨ ។