« ការឆ្លើយសំណួរដ៏អស្ចារ្យ ៖ តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ? » លីអាហូណា ខែកក្កដា ឆ្នាំ២០២៥
ចូរមកតាមខ្ញុំ
ការឆ្លើយសំណួរដ៏អស្ចារ្យ ៖ តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ?
តើវាមានភាពខុសគ្នាអ្វីខ្លះក្នុងជីវិតបន្ទាប់ អំពីរបៀបដែលយើងឆ្លើយតបទៅនឹងសំណួរនេះ ?
រចនារូបភាពដោយ ដេវីឌ ប៊ី ឆែមប៊ើលីន
កណ្ឌទី ៧៦ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា បង្ហាញពីចក្ខុវិស័យដែលផ្តោតលើព្រះគ្រីស្ទ ដោយអញ្ជើញបុត្រាបុត្រីទាំងអស់របស់ព្រះឲ្យនឹកគិតដល់សំណួរដ៏ស៊ីជម្រៅនេះ « តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ? ? » ( ម៉ាថាយ ២២:៤២ ) ។ អែលឌើរ នែល អេ ម៉ាកស្វែល ( ឆ្នាំ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លើយតបរបស់យើង ដោយមានប្រសាសន៍ថា « តើយើងអាចឆ្លើយទាំងដោយជីវិត និងអណ្តាតរបស់យើងថា ‹ ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ › បានទេ ? ( ម៉ាថាយ ១៦:១៦ ) ។ លុះត្រាតែយើងអាចឆ្លើយចម្លើយបែបនោះបាន បើពុំនោះទេ នៅទីបំផុតអ្វីៗក៏ដោយដែលយើងនិយាយ ហើយធ្វើនឹងមានភាពខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ » ។
ខណៈពេលដែលកំពុងពិចារណាអត្ថន័យពី យ៉ូហាន ៥:២៩ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានដកពិសោធន៍នូវការយាងមកជួបពីសួគ៌ាទាក់ទងនឹងការរស់ឡើងវិញរបស់បុត្រាបុត្រីរបស់ព្រះ និងនគរនៃសិរីល្អដែលពួកគេទទួលបានដោយផ្អែកលើការឆ្លើយតបរបស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ។
តើព្រះយេស៊ូវគ្រីស្ទគឺជានរណា ?
និមិត្តដែលបានពិពណ៌នានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ សង្កត់ធ្ងន់លើសេចក្តីពិតសំខាន់ៗអំពីព្រះយេស៊ូវគ្រីស្ទ ៖
-
« ព្រះអម្ចាស់ទ្រង់ជាព្រះ ហើយក្រៅពីទ្រង់នោះគ្មានព្រះអង្គសង្គ្រោះឯណាឡើយ » ( ខទី ១ ) ។
-
ទ្រង់មាន « សេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់អស់អ្នកណាដែលកោតខ្លាចដល់[ ទ្រង់ ] ហើយសព្វព្រះហឫទ័យ[ នឹង ]ឲ្យកិត្តិយសដល់អស់អ្នកណាដែលបម្រើ[ ទ្រង់ ]ដោយនូវសេចក្ដីសុចរិត » ( ខទី ៥ ) ។
-
« ទ្រង់បានយាងមកក្នុងពិភពលោក … ដើម្បីផ្ទុកអំពើបាបទាំងឡាយនៃពិភពលោក ហើយដើម្បីញែកពិភពលោកចេញជាបរិសុទ្ធ ហើយដើម្បីជម្រះពិភពលោកឲ្យស្អាតចេញពីអំពើដ៏ឥតសុចរិតទាំងអស់ ថាតាមរយៈព្រះអង្គ នោះមនុស្សទាំងអស់នឹងអាចបានសង្គ្រោះ ដែលព្រះវរបិតាបានដាក់ក្នុងព្រះចេស្ដារបស់ទ្រង់ ហើយបានបង្កើតដោយទ្រង់ » ( ខទី ៤១–៤២ ) ។
-
ហើយនៅទីបំផុតព្រះយេស៊ូវគ្រីស្ទ « ដែលបាននាំមកនូវដង្វាយធួនដ៏ល្អឥតខ្ចោះនេះ តាមរយៈការច្រួចព្រះលោហិតរបស់ព្រះអង្គផ្ទាល់ » ( ខទី ៦៩ ) ។
សាក្សីពិសេស
យ៉ូសែប និង ស៊ីឌនី ធ្វើទីបន្ទាល់យ៉ាងអង់អាចអំពីសេចក្តីពិត និងសារៈសំខាន់អំពីព្រះយេស៊ូវគ្រីស្ទ ៖
« ទ្រង់មានព្រះជន្មរស់នៅ !
« ដ្បិតយើងបានឃើញទ្រង់គង់នៅខាងស្តាំព្រះហស្តនៃព្រះ ហើយយើងបានឮសំឡេងដែលថ្លែងទីបន្ទាល់ថា ទ្រង់គឺជាបុត្រាបង្កើតតែមួយនៃព្រះវរបិតា—
« ថាដោយសារព្រះអង្គ និងតាមរយៈព្រះអង្គ ហើយពីព្រះអង្គ នោះ ពិភពលោកទាំងឡាយមានឡើង ហើយបានបង្កើតមក ហើយបណ្តាជននៅទីនោះគឺជាបុត្រាបុត្រីបង្កើតចំពោះព្រះ » ( ខទី ២២–២៤ ) ។
ពួកកូនអន្តរធាន
ព្រះយេស៊ូវគ្រីស្ទនឹងសង្គ្រោះ « មនុស្សទាំងអស់លើកលែងតែ[ ពួកកូនអន្តរធាន ]ប៉ុណ្ណោះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៤៤ ) ។ ពួកគេបានឆ្លើយយ៉ាងពេញលេញនូវសំណួរថា «តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ? » ដោយការបដិសេធព្រះវិញ្ញាណបរិសុទ្ធ និងការបដិសេធ និងការប្រឆាំងនឹងព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដារបស់ទ្រង់បន្ទាប់ពីទ្រង់ត្រូវបានបើកសម្តែងទៅដល់ពួកគេ ( សូមមើល ខទី ៤៣ ) ។ ក្នុងការធ្វើដូច្នេះ ពួកគេបាន « បានឆ្កាងព្រះអង្គចំពោះខ្លួនគេ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខខ្មាសគេ » ( ខទី ៣៥ ) ។
សិរីល្អទេឡេស្ទាល
តើអស់អ្នកដែលនៅក្នុងនគរទេឡេស្ទាលឆ្លើយសំណួរ « តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ? » ពួកគេជ្រើសរើសបដិសេធដំណឹងល្អ និង « ទីបន្ទាល់របស់ព្រះយេស៊ូវ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៨២, ១០១ ) ហើយពួកគេបដិសេធព្រះបញ្ញត្តិរបស់ទ្រង់ ធ្វើជា « ពួកកំភូត និងពួកមន្តអាគម និងពួកកំផិត និងពួកសហាយស្មន់ » ( ខទី ១០៣ ) ។
ទោះជាយ៉ាងណាក៏ដោយ ពួកគេទទួលបានការរស់ឡើងវិញ និងកម្រិតនៃសិរីល្អមួយដែល « ហួសលើសពីអស់ទាំងយោបល់ » ( ខទី ៨៩ ) ។ ពួកគេគោរពតាមយ៉ាងហោចណាស់ក្រឹត្យវិន័យមួយនៃនគរទេឡេស្ទាល ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៣៦ ) តម្រូវឲ្យមនុស្សទាំងអស់ « លុតជង្គង់ ហើយគ្រប់ទាំងអណ្ដាតនឹងសារភាពដល់ទ្រង់ដែលគង់នៅលើបល្ល័ង្កនៅអស់កល្បជានិច្ច និងរៀងដរាបតទៅ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១១០ ) ។
សិរីល្អទេរេសទ្រាល
តើអស់អ្នកដែលនៅក្នុងនគរទេរេសទ្រាលឆ្លើយតបទៅនឹងសំណួរថា « តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ? » ខណៈពេលដែលពួកគេមាន « ទីបន្ទាល់ពីព្រះយេស៊ូវ » ពួកគេ « ពុំក្លាហាន » នៅក្នុងទីបន្ទាល់នោះទេ « ហេតុដូច្នោះហើយ ពួកគេពុំបានមកុដលើនគរនៃព្រះរបស់យើងឡើយ » (ខទី ៧៩ ) ។ ពួកគេត្រូវបានប្រទានពរឲ្យ « ទទួលវត្តមាននៃព្រះរាជបុត្រា ប៉ុន្តែពុំមែនភាពពោរពេញនៃព្រះវរបិតាឡើយ » ( ខទី ៧៧ ) ។
ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ជំរុញយើងមិនត្រឹមតែឲ្យ ដឹង ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវ ធ្វើ និងត្រូវ ប្រែក្លាយ ផងដែរ ។ ដើម្បីទទួលបានភាពពេញលេញនៃព្រះបិតា និងព្រះរាជបុត្រា បុគ្គលម្នាក់ត្រូវតែទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងស្មោះត្រង់ចំពោះសេចក្តីសញ្ញាទាំងអស់នោះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បញ្ជាក់ថា « ប្រសិនបើបុរសម្នាក់ទទួលបានបព្វជិតភាពពេញលេញរបស់ព្រះ នោះគាត់ត្រូវទទួលវាតាមវិធីដូចគ្នាដែលព្រះយេស៊ូវគ្រីស្ទបានទទួលវាដែរ ហើយនោះគឺតាមរយៈការរក្សាព្រះបញ្ញត្តិទាំងអស់ និងគោរពតាមពិធីបរិសុទ្ធទាំងអស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ » ។ អ្នកដែលមានរូបកាយទេរេសទ្រាល មិនចង់ទទួលបានភាពពេញលេញរបស់ព្រះវរបិតាទេ ។
សិរីល្អសេឡេស្ទាល
តើអស់អ្នកដែលនៅក្នុងនគរសេឡេស្ទាលឆ្លើយតបទៅនឹងសំណួរ « តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ? » ពួកគេទទួលបាន « ទីបន្ទាល់ពីព្រះយេស៊ូវ » ពួកគេជឿ « ដល់ព្រះនាមទ្រង់ » ពួកគេបាន « ទទួលបុណ្យជ្រមុជទឹក តាមបែបនៃការបញ្ចុះរបស់ទ្រង់ ដោយបានកប់ក្នុងទឹកដោយនូវព្រះនាមរបស់ទ្រង់ » ( ខទី ៥១ ) ។ ពួកគេរក្សា « ព្រះបញ្ញត្តិ[ ដែល ]ពួកគេអាចត្រូវបានលាង ហើយសំអាតឲ្យជ្រះចេញពីអស់ទាំងអំពើបាបរបស់ពួកគេ និងទទួលយកព្រះវិញ្ញាណបរិសុទ្ធដោយសារការដាក់ដៃលើ ពីអ្នកណាដែលត្រូវបានតែងតាំង ហើយបានភ្ជាប់ចំពោះអំណាចនេះ » ( ខទី ៥២ ) ។ ពួកគេ « បានឈ្នះដោយសារសេចក្តីជំនឿ[ នៅលើព្រះយេស៊ូវគ្រីស្ទ ] ហើយបានភ្ជាប់ដោយសារព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា » ( ខទី ៥៣ ) ។ ពួកគេត្រូវ « បានធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវដ៏ជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាថ្មី ដែលបាននាំមកនូវដង្វាយធួនដ៏ល្អឥតខ្ចោះនេះ តាមរយៈការច្រួចព្រះលោហិតរបស់ព្រះអង្គផ្ទាល់ » ( ខទី ៦៩ ) ។
ព្រះយេស៊ូវគ្រីស្ទជ្រាបដឹងពីតួនាទីរបស់ទ្រង់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ « ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំទេ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ( យ៉ូហាន ១៤:៦ ) ។ គ្មាននរណាម្នាក់ទទួលបានសិរីល្អសេឡេស្ទាល ឬភាពពេញលេញរបស់ព្រះវរបិតាដោយមិនទទួលយកអ្វីទាំងអស់ដែលព្រះអង្គសង្គ្រោះប្រទានឲ្យតាមរយៈដង្វាយធួនរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៣៧–៣៨ ) ៖ សេចក្តីស្រឡាញ់ ព្រះចេស្តា សេចក្តីមេត្តា ភាពល្អ អ្នកបម្រើ យុត្តិធម៌ ព្រះបញ្ញត្តិ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយរបស់ទ្រង់បានឡើយ ។
ប្រធាន រ័សុល អិម ណិលសុន បានសង្កត់ធ្ងន់លើតួនាទីរបស់សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងការជួយបុត្រាបុត្រីរបស់ព្រះទទួលបានជីវិតអស់កល្បជានិច្ច ៖ « គោលបំណងរបស់សាសនាចក្រជាយូរមក គឺដើម្បីជួយដល់សមាជិកទាំងអស់ ឲ្យបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះអម្ចាស់ យេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ដើម្បីជួយពួកគេនៅក្នុងការចុះ និងការរក្សាសេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងព្រះ ហើយពង្រឹង និងផ្សារភ្ជាប់ក្រុមគ្រួសាររបស់ពួកគេ » ។
ប្រធាន ណិលសុន បានលើកទឹកចិត្តយើងឲ្យបង្កើតនគរសេឡេស្ទាលជាគោលដៅដ៏អស់កល្បជានិច្ចរបស់យើង « ពិចារណាដោយប្រុងប្រយ័ត្នថា តើការសម្រេចចិត្តនីមួយៗ[ របស់យើង ] ខណៈនៅលើផែនដីនេះ នឹងនាំ[ យើង ]ទៅកន្លែងណានៅពិភពបន្ទាប់ទៀត » ។ តាមរយៈការឆ្លើយតបទៅនឹងការអញ្ជើញនេះ យើងនឹងត្រៀមខ្លួនដើម្បីឆ្លើយសំណួរដ៏អស្ចារ្យ « តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ? »
ការនិមិត្តអំពីកម្រិតនៃសិរីល្អធានាយើងមិនត្រឹមតែថាសិទ្ធិជ្រើសរើសគឺពិតប៉ុណ្ណោះទេ ប៉ុន្តែថាជាជម្រើសដ៏មានសារៈសំខាន់ផងដែរ ។ វាក៏រំឭកយើងផងដែរថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះយើង « ត្រូវបានប្រោសលោះឲ្យរួចពីការធ្លាក់ » និង « មានឥស្សរភាពរហូតតទៅ … ដើម្បីរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះជាអ្នកសង្រួបសង្រួមដ៏ធំរបស់មនុស្សលោកទាំងអស់ ឬក៏រើសយកការជាប់ឃុំឃាំង និងការស្លាប់ » (នីហ្វៃទី២ ២:២៦–២៧ ) ។ តើយើងនឹងជ្រើសរើសអ្វី ? អនាគតរបស់យើងនៅក្នុងជីវិតនេះ និងជោគវាសនាដ៏អស់កល្បរបស់យើងគឺភ្លឺដូចជាសេចក្តីជំនឿរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ។