« របៀបសាមញ្ញៗដើម្បីប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទនៅក្នុងការផ្តល់ការងារបម្រើរបស់យើង » លីអាហូណា ខែកក្កដា ឆ្នាំ២០២៥ ។
របៀបសាមញ្ញៗដើម្បីប្រែក្លាយ កាន់តែដូចជាព្រះគ្រីស្ទ នៅក្នុងការផ្តល់ការងារបម្រើរបស់យើង
ឱកាសគឺនៅជុំវិញយើងដើម្បីផ្ដល់ការងារបម្រើដូចជាព្រះអង្គសង្គ្រោះនឹងធ្វើ ។
រចនារូបភាពដោយ ជេន ថុលមែន
កិច្ចការនៃការងារបម្រើដែលស្ថានសួគ៌បានបញ្ជូននេះ គឺមិនស្មុគស្មាញទេ ។ ការផ្តល់ការថែទាំ និងការព្រួយបារម្ភបន្ថែមទៀតកើតឡើងចំពោះការអនុវត្តដ៏សាមញ្ញមួយចំនួនដែលនៅពេលពិចារណាប្រកបដោយការគិតគូរ ជួយ « លើកភ្នែកខាងវិញ្ញាណរបស់យើងឲ្យមើលទៅការរស់នៅតាមច្បាប់នៃសេចក្ដីស្រឡាញ់កាន់តែទូលំទូលាយ » ។
យើងត្រូវបានណែនាំឲ្យ « ថែទាំប្រជាជន[ របស់យើង ]ហើយ … បានផ្ដល់ដល់គេនូវអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ( ម៉ូសាយ ២៣:១៨ ) ។ របៀបសំខាន់ៗមួយចំនួនដើម្បីបម្រើរួមមាន ៖
-
ការឈោងទៅរកពួកគេ ។ នេះជារបៀបដែលឱកាសនៃការបើកឲ្យមាននូវការផ្ដល់ការងារបម្រើ ។
-
អនុញ្ញាតឲ្យពួកគេដឹងថា បងប្អូនយកចិត្តទុកដាក់តាមរយៈការរៀនអំពីពួកគេ និងការអភិវឌ្ឍការយល់ចិត្ត ។
-
អធិស្ឋានសម្រាប់ឱកាសនានាដើម្បីបម្រើ និងស្វែងរកការបំផុសគំនិតដើម្បីដឹងពីតម្រូវការរបស់ពួកគេ ។
-
រក្សាទំនាក់ទំនងជាទៀងទាត់ ដើម្បីបងប្អូនអាចត្រៀមខ្លួនដើម្បីបម្រើ ។
ឱកាសគឺនៅជុំវិញយើងដើម្បីផ្ដល់ការងារបម្រើដូចជាព្រះអង្គសង្គ្រោះនឹងធ្វើ ។ ខាងក្រោមនេះគឺជាឧទាហរណ៍ចំនួនបួនដែលបង្ហាញពីការផ្ដល់ការងារបម្រើដូចជាព្រះគ្រីស្ទ ។
រៀនស្គាល់អ្នកដទៃ
ដោយ ហ្វ្រែនស៊ីស្កូ ឡាហ្សារ៉ូ ខំប៉ូស៍ ដេ សូហ្សា ប្រទេសប្រេស៊ីល
ក្នុងអំឡុងពេលប្រជុំគណៈប្រធានកូរ៉ុមអែលឌើរ ខ្ញុំមានអារម្មណ៍ចង់ជួបសមាជិកកូរ៉ុមម្នាក់ដែលមិនសូវសកម្ម ជាអ្នកដែលខ្ញុំមិនទាន់បានជួបនៅឡើយ ។ ថ្ងៃមួយបន្ទាប់ពីទៅផ្សាររួចហើយ ខ្ញុំបានទទួលអារម្មណ៍ដែលជំរុញឲ្យទៅផ្ទះរបស់គាត់ ។ ខ្ញុំស្ទាក់ស្ទើរ ប៉ុន្តែអារម្មណ៍ចង់ទៅជួបគាត់កាន់តែមានច្រើនឡើង ។ ខ្ញុំបានណែនាំពីខ្លួនឯង និងបាននិយាយអ្វីដែលមាននៅក្នុងចិត្ត ។ ខ្ញុំបានប្រាប់គាត់ថា ព្រះអម្ចាស់ត្រូវការគាត់ ហើយគាត់ត្រូវការព្រះអម្ចាស់ ។
គាត់បានចែកចាយការឈឺចាប់នៃភាពឯកោ និងការលំបាកផ្សេងៗទៀត ។ ខ្ញុំបានប្រាប់គាត់ថា « បងនឹងមានមិត្តភក្តិនៅក្នុងកូរ៉ុមដែលនឹងជួយ ហើយគាំទ្រ » ។ គាត់បានទទួលយកការអញ្ជើញរបស់ខ្ញុំ និងបានចូលរួមក្នុងការប្រជុំនៅថ្ងៃឈប់សម្រាក ។
ពីដំបូងខ្ញុំមិនបានស្គាល់គាត់ទេ ប៉ុន្តែព្រះអម្ចាស់បានស្គាល់ និងដឹងពីចិត្តរបស់គាត់ ។ ជំនឿរបស់ខ្ញុំត្រូវបានបញ្ជាក់សាជាថ្មី ។ ពេលដែលយើងផ្ដល់ការងារបម្រើដល់បុត្រាបុត្រីរបស់ព្រះវរបិតារបស់យើង និងអធិស្ឋានដើម្បីដឹងពីតម្រូវការរបស់ពួកគេ នោះព្រះអម្ចាស់ដឹកនាំយើងទៅរកពួកគេ ។ យើងចែកចាយនូវបទពិសោធន៍ដ៏រីករាយនៃ « [ ការ ] លើកដៃដែលរោយ និង [ ការ ] ចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រផង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១:៥ ) ។
ឈោងទៅជួយ
ដោយ អាណា រ៉ូឌ្រីហ្គេស រ៉ាមីរ៉េស ប្រទេសអេស្ប៉ាញ
ថ្ងៃមួយនៅក្នុងបេសកកម្មរបស់ខ្ញុំ ដៃគូ និងខ្ញុំត្រូវបានបំផុសគំនិតឲ្យទៅលេងបងស្រីម្នាក់នៅក្នុងវួដ ។ យើងកាត់រូបបេះដូងក្រដាស និងសរសេរសារនៃក្តីស្រឡាញ់នៅលើរូបបេះដូងក្រដាសទាំងនោះ ដើម្បីរំឭកគាត់អំពីតម្លៃរបស់គាត់ ។
យើងបានមកដល់ផ្ទះរបស់គាត់ ដោយគិតថាគាត់មិននៅផ្ទះទេ ។ ខណៈដែលយើងកំពុងរៀបចំរូបបេះដូងក្រដាសទាំងនោះ រថយន្តរបស់គាត់បានមកឈប់នៅមុខផ្ទះតែម្តង ។ ដៃគូ និងខ្ញុំបានព្យាយាមលាក់ខ្លួនដើម្បីធ្វើការភ្ញាក់ផ្អើល ប៉ុន្តែគ្មានប្រយោជន៍ទេ ។ គាត់បានមើលឃើញយើងទៅហើយ ។
បងស្រីបានចេញពីរថយន្តដោយទឹកភ្នែកនៅលើផ្ទៃមុខរបស់គាត់ ។ គាត់ឱបពួកយើង ហើយនិយាយថា « ប្អូនទាំងពីរគឺជាទេវតារបស់ខ្ញុំ ។ ប្អូនៗតែងតែនៅជិតពេលដែលខ្ញុំត្រូវការប្អូនៗបំផុត ។ អរគុណណាស់ » ។
គាត់បានអញ្ជើញយើងចូលក្នុងផ្ទះ និងប្រាប់យើងអំពីថ្ងៃដ៏នឿយហត់ដែលគាត់បានឆ្លងកាត់នឹងស្ថានភាពគ្រួសារដ៏ធ្ងន់ធ្ងរមួយ ។ យើងគ្រាន់តែស្តាប់គាត់ប៉ុណ្ណោះ ។ យើងបានចែកចាយថា ព្រះស្រឡាញ់គាត់ច្រើនប៉ុនណា ហើយថាទ្រង់មិនភ្លេចអំពីអ្វីដែលគាត់បានឆ្លងកាត់នោះទេ ។ យើងបានអានព្រះគម្ពីរជាមួយគាត់ ហើយផ្ទះរបស់គាត់បានពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលយើងចាកចេញ ។
សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ « យល់ព្រម … កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ( ម៉ូសាយ ១៨:៩ ) ។ ទ្រង់ទុកព្រះទ័យឲ្យយើងធ្វើជាផ្នែកនៃកិច្ចការដ៏អស្ចារ្យ—ការងារបម្រើដ៏កាន់តែខ្ពង់ខ្ពស់ និងកាន់តែបរិសុទ្ធរបស់ទ្រង់ ។ នៅពេលយើងចំណាយពេលដើម្បីស្គាល់មនុស្ស និងស្តាប់ពួកគេ នោះយើងបានត្រៀមខ្លួនកាន់តែខ្លាំង ដើម្បីធ្វើជាទេវតានៅលើផែនដីរបស់ព្រះ ។
តំណាងឲ្យព្រះអង្គសង្រ្គោះ
ដោយ ថាលៀ រ៉ូឌ្រីហ្គេស ប្រទេសស្វីស
ការអធិស្ឋានគឺជាផ្នែកមួយដ៏សំខាន់នៃការងារបម្រើដូចជាព្រះអង្គសង្គ្រោះ ។ ការអធិស្ឋានអាចចាប់ផ្តើមការស្វែងរករបស់យើង ដើម្បីដឹងថានរណាត្រូវផ្តល់ពរឲ្យ ។ វាអាចជួយយើងឲ្យយល់ពីឆន្ទៈរបស់ស្ថានសួគ៌ទាក់ទងទៅនឹងរបៀបផ្តល់ពរ ។ ការអធិស្ឋានក៏ជាជំហានដ៏សំខាន់ក្នុងការរៀនពីរបៀបដើម្បីបំពេញកាតព្វកិច្ចរបស់យើងផងដែរ ។
ស្វាមីរបស់ខ្ញុំ ម៉ារីយូ បានឆ្លងជំងឺកូវីដ នៅមុនពេលជំងឺនេះមានថ្នាំវ៉ាក់សាំង ។ ប៊ីស្សពបានស្នើសុំឲ្យអែលឌើរម្នាក់នៅក្នុងវួដរបស់យើងដែលមានឈ្មោះថា មរ៉ូណៃ ដើម្បីប្រសិទ្ធពរបព្វជិតភាពឲ្យគាត់ ។
ដោយសារតែគាត់មិនចង់ឆ្លងមេរោគនេះ និងធ្វើឲ្យរីករាលដាលដល់គ្រួសាររបស់គាត់ មរ៉ូណៃត្រូវការការបញ្ជាក់ពីស្ថានសួគ៌មុនពេលគាត់ចាប់ផ្តើម ។ គាត់បានលុតជង្គង់អធិស្ឋានជាមួយភរិយារបស់គាត់ ហើយរង់ចាំនូវការធានាប្រកបដោយសេចក្តីសុខសាន្ត ។ នៅពេលដែលពួកគេមានអារម្មណ៍ថាមានសេចក្តីសុខសាន្តហើយនោះ ភរិយារបស់គាត់បានប្រាប់គាត់ថា « មរ៉ូណៃ សូមទៅដោយពាក់គ្រឿងសឹករបស់បង » ។
នៅពេលដែលគាត់ចូលមកដល់ក្នុងផ្ទះរបស់យើង យើងបានឃើញអ្នកចម្បាំងរបស់ព្រះអម្ចាស់ ។ ស្វាមីរបស់ខ្ញុំបានស្រក់ទឹកភ្នែកដោយក្តីអំណរនៅពេលដែលគាត់បានឃើញប្អូនប្រុសដ៏ក្លាហានមកប្រសិទ្ធពរដែលគាត់ចង់បាន ។ វាជាបទពិសោធន៍ដែលមិនអាចពិពណ៌នាបានឡើយ ។
ព្រះអង្គសង្គ្រោះបានយាងមកតាមរយៈអ្នកបម្រើរបស់ទ្រង់ ប្អូនប្រុស មរ៉ូណៃ ជាទីស្រឡាញ់របស់យើង ដែលបានដាក់ដៃរបស់គាត់នៅលើក្បាលរបស់ម៉ារីអូ ហើយប្រសិទ្ធពរដល់គាត់ដូចដែលព្រះគ្រីស្ទនឹងធ្វើ ។
ជួយពួកគេទទួលបានពរជ័យនៃសេចក្ដីសញ្ញា
ដោយ ហ្គៃហ្ស៊ីអាន ម៉ូរ៉ៃ ហ្វ្រេតេសដ្វ័តេ ប្រទេសប្រេស៊ីល
ខ្ញុំធ្លាប់បានផ្ដល់ការងារបម្រើដល់ប្អូនស្រីម្នាក់ដែលបានឈប់មកចូលរួមក្នុងព្រះវិហារ ។ នៅពេលខ្ញុំទៅលេងគាត់ ខ្ញុំបានចែកចាយថាតើព្រះអង្គសង្គ្រោះស្រឡាញ់គាត់ និងគ្រួសាររបស់គាត់ប៉ុនណា ។ ខ្ញុំតែងតែអញ្ជើញពួកគេឲ្យមកព្រះវិហារនៅថ្ងៃអាទិត្យក្រោយ ។ ការអនុវត្តនេះបានបន្តអស់រយៈពេលជាយូរ ប៉ុន្តែពួកគេមិនដែលមកទេ ។ ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្ត ។ ការល្បួងឲ្យបោះបង់ចោលគឺខ្លាំងណាស់ ។ ប៉ុន្តែរាល់ពេលដែលដៃគូ និងខ្ញុំបានទៅលេងផ្ទះរបស់ពួកគេ យើងបានមើលឃើញសក្ដានុពលដ៏ទេវភាពរបស់គ្រួសារនេះ ។ យើងតែងតែស្រមៃថា ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ស្លៀកសម្លៀកបំពាក់ពណ៌ស ។ យើងដឹងថា យើងត្រូវតែបន្តព្យាយាមទៅទៀត ។
បន្ទាប់ពីការអធិស្ឋាន និងការទៅលេងជាច្រើនដងមក ទីបំផុតថ្ងៃនោះបានមកដល់—គ្រួសារនោះបានមកកាន់ព្រះវិហារ ! ពួកគេបានបន្តត្រឡប់មកព្រះវិហារជារៀងរាល់សប្តាហ៍ ។ គ្រួសារនេះបានខិតខំប្រឹងប្រែងដើម្បីពង្រីកសេចក្តីជំនឿរបស់ពួកគេ និងសម្រេចចិត្តដើរនៅលើផ្លូវនៃសេចក្តីសញ្ញា ។ វាបានក្លាយជាភស្តុតាងមួយថា ដំណឹងល្អបានពង្រឹងពួកគេ ។
នៅទីបំផុត ខ្ញុំបានទទួលការអញ្ជើញឲ្យទៅចូលរួមពិធីផ្សារភ្ជាប់របស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំមិនអាចទប់ទឹកភ្នែកនៃអំណរ នៅពេលដែលខ្ញុំមើលពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះ ។ វាជាអព្ភូតហេតុមួយ ។
ពេលខ្លះខ្ញុំចង់បោះបង់ចោល ។ ប៉ុន្តែរាល់ពេលដែលខ្ញុំទៅលេងពួកគេ ខ្ញុំបានមើលឃើញព្រះវិហារបរិសុទ្ធ ។ ព្រះបានបង្ហាញខ្ញុំនូវការមើលឃើញនៃផែនការរបស់ទ្រង់សម្រាប់គ្រួសារនេះ ។ ទ្រង់បានប្រើខ្ញុំឲ្យធ្វើជាឧបករណ៍របស់ទ្រង់ដើម្បីរក្សាទំនាក់ទំនងជាមួយពួកគេ ។ ខ្ញុំមានអំណរគុណចំពោះទ្រង់ ដែលបានបង្ហាញខ្ញុំនូវចក្ខុវិស័យពិតប្រាកដនៃការផ្តល់ការងារបម្រើ ។
ការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ
អំណរ និងព្រះចេស្តានៃការផ្ដល់ការងារបម្រើត្រូវបានរកឃើញនៅពេលដែលយើងធ្វើជាពរជ័យនៅក្នុងជីវិតរបស់នរណាម្នាក់ តាមរយៈការបម្រើដល់ពួកគេដូចជាព្រះអង្គសង្គ្រោះបានធ្វើ ។ ប្រធានសមាគមសង្គ្រោះទូទៅ ខាមៀល អិន ចនសុន បានបង្រៀនថា « នៅពេលណាដែលបងប្អូនធ្វើអ្វីមួយដើម្បីនាំមកនូវការសង្គ្រោះដល់អ្នកដទៃ—ខាងសាច់ឈាម ឬខាងវិញ្ញាណ— … បងប្អូនកំពុងនាំនូវសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទទៅឲ្យពួកគេហើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលដែលបងប្អូនធ្វើ នោះបងប្អូននឹងទទួលបានពរដើម្បីស្វែងរកការសង្គ្រោះផ្ទាល់ខ្លួនរបស់បងប្អូននៅក្នុងទ្រង់ » ។
យើងប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះក្នុងការផ្ដល់ការងារបម្រើរបស់យើង នៅពេលយើងងាកទៅរកព្រះអម្ចាស់សម្រាប់ជំនួយក្នុងការខិតខំរបស់យើង ។ យើងធ្វើតាមការបំផុសគំនិត រៀនស្គាល់អ្នកដែលយើងបម្រើ អធិស្ឋានឲ្យពួកគេ ជួយពួកគេចុះ និងរក្សាសេចក្ដីសញ្ញារបស់ពួកគេ ហើយបន្តការខិតខំរបស់យើង ។
ការផ្ដល់ការងារបម្រើរបស់ព្រះអង្គសង្គ្រោះ—ម្តងម្នាក់ៗ—គឺជាគំរូដ៏ល្អសម្រាប់យើងផ្ទាល់ ( សូមមើល នីហ្វៃទី៣ ១១:១៥ ) ។ ដូចដែលអែលឌើរ ហ្វ័ន ប៉ាប្លូ វីឡា នៃពួកចិតសិបនាក់បានបង្រៀនថា « ប្រសិនបើយើងនឹងធ្វើតាមព្រះយេស៊ូវគ្រីស្ទ—លោកគ្រូខាងការងារបម្រើ—ហើយផ្តល់ការងារបម្រើដល់អ្នកដទៃដូចដែលទ្រង់បានធ្វើ នោះទ្រង់នឹងពង្រឹង និងផ្តល់កម្លាំងដល់យើង ។ តាមរយៈការងារបម្រើរបស់យើង នោះយើងអាចផ្តល់ពរដល់ជីវិតរបស់អ្នកដទៃ និងស្វែងរកភាពសុខសាន្ត និងអំណរសម្រាប់ខ្លួនយើងបាន » ។