« អែលឌើរ វាន-យាំង វូ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។
អែលឌើរ វាន-យាំង វូ
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
នៅពេលអែលឌើរ វាន-យាំង វូ មានអាយុ ១០ឆ្នាំ គ្រួសាររបស់លោកបានប្ដូរលំនៅពីតៃវ៉ាន ទៅកាន់ បូលីវៀ ។ គឺនៅទីនោះដែលបងប្អូនស្រីរបស់លោកបានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាតាមរយៈមិត្ដភក្ដិ ។ លោកបានចាប់ផ្ដើមជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានទទួលបុណ្យជ្រមុជទឹកនៅអាយុ ១១ឆ្នាំ ។
ការសម្របខ្លួនទៅនឹងកន្លែងរស់នៅថ្មីគឺជាការលំបាកមួយ ប៉ុន្ដែលោកមានអំណរគុណដែលគ្រួសាររបស់លោកបានប្ដូរទីលំនៅ ។ លោកបានមានប្រសាសន៍ « ខ្ញុំបានបាត់បង់អ្វីមួយដើម្បីមានអ្វីៗល្អជាច្រើននៅក្នុងរបៀបដ៏ប្រសើរជាងមុនរបស់ព្រះអម្ចាស់ » ។
វាន-យាំង វូ បានកើតនៅ តៃប៉ិ តៃវ៉ាន់ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៧០ ជាកូនប្រុសពៅរបស់ ចាង យុងវូ និង បាវ គួយលីន ។ លោកមានបងស្រីបីនាក់ និងបងប្រុសមួយនាក់ ។
បន្ទាប់ពីគ្រួសាររបស់លោកប្ដូរទៅនៅ សាន់តា គ្រូស បូលីវៀ ពួកគេបានផ្លាស់ទៅ ប៊ូអីនុស អ៊ែរិស អាហ្សង់ទីន នៅពេលលោកមានអាយុ ១៤ឆ្នាំ ។ បន្ទាប់ពីការបម្រើនៅបេសកកម្ម ហុងកុង ចិន លោកបានរៀបអាពាហ៍ពិពាហ៍នឹង ម៉ាសេឡា បៀទ្រីស ខាស្ដែឡានី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៩៥ នៅព្រះវិហារបរិសុទ្ធ ប៊ូអីនុស អ៊ែរិស អាហ្សង់ទីន ។ ពួកលោកមានកូនបីនាក់ ។
លោក និង ម៉ាសេឡា មានហាងលក់គ្រឿងទេសផ្ទាល់ខ្លួននៅប៊ូអីនុស អ៊ែរិស ។ លោកបានបម្រើការងារនៅក្នុងសាសនាចក្រតាំងពីឆ្នាំ២០០៧ ដំបូងគឺនៅក្នុងនាយកដ្ឋានផ្នែកសាលាប្រជុំ ហើយបន្ទាប់មកនៅឆ្នាំ២០១៦ គឺជាអ្នកគ្រប់គ្រងប្រតិបត្ដិការ និងការជួសជុល សម្រាប់តំបន់ខាងត្បូង អាមេរិកខាងត្បូង ។
អែលឌើរ វូ បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរៈកិច្ចពីសាកលវិទ្យាល័យ អាហ្សង់ទីន ដឺឡា អិមប្រេសា ក្នុងឆ្នាំ២០១៤ ហើយទទួលអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរៈកិច្ចពីសាកលវិទ្យាល័យ del CEMA នៅ ប៊ូអីនុស អ៊ែរិស ក្នុងឆ្នាំ២០២០ ។
នៅពេលដែលលោកត្រូវបានហៅ អែលឌើរ វូ កំពុងបម្រើជាប្រធានបេសកកម្មនៅបេសកកម្ម អាន់តូហ្វាហ្គាសតា ស៊ីលី ។ លោកក៏បានបម្រើជាប្រធានស្ដេក ទីប្រឹក្សាក្នុងគណៈប្រធានស្ដេក ប៊ីស្សព ប្រធានកូរ៉ុមអែលឌើរ ស្មៀនវួដ ទីប្រឹក្សាក្នុងគណៈប្រធានកូរ៉ុមអែលឌើរ និងអ្នកធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។