2025
អែលឌើរ ប៊ី ខូរី ឃូវែលយើរ៍
ខែឧសភា ឆ្នាំ២០២៥


« អែលឌើរ ប៊ី. ខូរី ឃូវែលយើរ៍ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។

អែលឌើរ ប៊ី. ខូរី ឃូវែលយើរ៍

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

នៅពេល​អែលឌើរ ប៊ី. ខូរី ឃូវែលយើរ៍ បានប្រកាស​ថា​លោក​ឈប់​ពី​ការងារ​របស់​លោក​ដើម្បី​ធ្វើជា​ប្រធាន​បេសកកម្ម​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ មិត្ដរួម​ការងារ​របស់​លោក​បានសួរថា « តើ​អ្នក​ឆ្កួត​ទេ​ឬ ? »

អែលឌើរ ឃូវែលយើរ៍ បាន​មាន​ប្រសាសន៍​ថា មិត្ដរួមការងារ​របស់​លោក​មាន​ការលំបាក​ក្នុង​ការយល់​ពី​មូលហេតុ ដែល​លោក​នឹង​ចាកឆ្ងាយ​ពី​អាជីព​ដែល​កំពុង​រីកចម្រើន​របស់​លោក​រយៈពេល​បី​ឆ្នាំ ។ លោក​បានមាន​ប្រសាសន៍​ថា ប៉ុន្ដែ​សំណួរ​របស់​ពួកគេ​គឺ​ជា​ឱកាស « ដើម្បី​ចែកចាយ​ពី​មូលហេតុ​ដែល​យើង​ធ្វើ​កិច្ចការ​ដែល​យើង​ធ្វើ និង​ហេតុអ្វី​យើង​ជឿ​អ្វី​ដែល​យើង​ជឿ ហើយ​អំពី​ព្រះ​ដែល​យើង​ជឿលើ ។ នោះគឺ​ព្រះយេស៊ូវគ្រីស្ទ » ។

ប្រាយអិន ខូរី ឃូវែលយើរ៍ បានកើត​នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៦៩ នៅទីក្រុង​ឡូស​អាន់ជើឡែស រដ្ឋ​កាលីហ្វ័ញ៉ា ជា​ទីកន្លែង​ដែល​លោក​ត្រូវបាន​ទទួល​យកមក​ចិញ្ចឹម និង​បីបាច់ ។ ឪពុក​របស់​លោក ហែនហ្ស ចូអាឆិម ឃូវែលយើរ៍ គឺជា​មន្ដ្រី​ប៉ូលីស ។ ម្ដាយ​របស់​លោក ចូអាន់ លែសលី ចានេក ឃូវែលយើរ៍ គឺជា​ស្ដ្រី​មេផ្ទះ ។ លោក​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បួន​នាក់ ។

កាល​នៅជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង អែលឌើរ ឃូវែលយើរ៍ បានបម្រើ​នៅ​បេសកកម្ម​ប្រេស៊ីល សៅប៉ូឡូ​ខាងត្បូង ។ លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ពី​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅឆ្នាំ១៩៩៤ ។ លោក​បាន​ចូល​ធ្វើការ​នៅ Shell Oil Company នៅឆ្នាំ១៩៩៦ ជា​កន្លែង​ដែល​លោក​ធ្វើការ​ជាមួយ​អង្គភាព​ធុរៈកិច្ច​ជាច្រើន​នៅ​អាមេរិក​ខាងកើត ។

អែលឌើរ ឃូវែលយើរ៍ បាន​រៀបអាពាហ៍​ពិពាហ៍​នឹង វិនឌី ស៊ូ ម៉ានវ៉ារីង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩២ នៅព្រះវិហារ​បរិសុទ្ធ ឡូសអែនជើឡែស រដ្ឋ​កាលីហ្វ័ញ៉ា ។ ពួកគាត់​មាន​កូនបុ្រស​បួន​នាក់ ។ គូស្វាមី​ឃូវែលយើរ៍ បានបម្រើ​ជា​ថ្នាក់ដឹកនាំ​បេសកកម្ម​នៅ​ប្រេស៊ីល ឃើរីទីបា​ខាងត្បូង ពីឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៩ ហើយ​បានរស់នៅ​ខាធី រដ្ឋ​តិចសាស នៅពេល​លោក​ទទួល​បាន​ការហៅ​របស់លោក ។

អែលឌើរ ឃូវែលយើរ៍ ធ្លាប់បម្រើ​ជា​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​នៅ​អាមេរិក​ខាងជើង​ក្នុង​តំបន់ខាងត្បូង​ឈាងខាងកើត ប្រធាន​ស្ដេក ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ស្ដេក ទីប្រឹក្សា​ជាន់ខ្ពស់ ប៊ីស្សព ទីប្រឹក្សា​ក្នុង​គណៈប៊ីស្សព និង​ប្រធាន​ក្រុម​យុវជន​ប្រចាំ​វួដ ។