« អែលឌើរ រ៉ូណល អិម បារសែឡូស » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។
អែលឌើរ រ៉ូណល អិម បារសែឡូស
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
នៅអាយុ ១២ឆ្នាំ អែលឌើរ រ៉ូណល អិម បារសែឡូស បានអានព្រះគម្ពីរមរមនជាលើកដំបូង ។ នៅពេលលោកបានអានចប់ លោកបានទៅជួបគ្រូបង្រៀនថ្នាក់សិក្ខាសាលានៅក្នុងវួដរបស់លោក ហើយសួរប្រសិនបើលោកអាចចាប់ផ្ដើមចូលរៀនថ្នាក់សិក្ខាសាលាបាន ។
លោកបានមានប្រសាសន៍ « ខ្ញុំបានចូលរួមថ្នាក់សិក្ខាសាលាតាំងពីអាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ ដោយសារខ្ញុំចូលចិត្ដការទៅថ្នាក់នោះ ហើយស្ដាប់ដំណើររឿងនៃព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន » ។ « ខ្ញុំតែងមានអារម្មណ៍នៃសេចក្ដីស្រឡាញ់នេះចំពោះដំណឹងល្អជានិច្ច ហើយខ្ញុំតែងតែទទួលអារម្មណ៍ថាពិត » ។
ក្រោយមកការបម្រើបេសកកម្មបានពង្រឹងសេចក្ដីជំនឿរបស់លោក ហើយលោកប្ដេជ្ញាថានឹងផ្ដល់អាទិភាពដល់ដំណឹងល្អជានិច្ចនៅក្នុងជីវិតរបស់លោក ។
លោកមានប្រសាសន៍ថា « ចូរនៅជិតនឹង [ ព្រះវរបិតាសួគ៌ ] គោរពសេចក្ដីសញ្ញារបស់អ្នក ហើយផែនការរបស់ទ្រង់សម្រាប់អ្នកនឹងដំណើរការ ។
រ៉ូណល ម៉ាលដូណាដូ បារសែឡូស បានកើតនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ជាកូនរបស់ សឺជីអូ បារសែឡូស ស៊ិលវេរ៉ា និង ម៉ាសៀ ម៉ាលដូណាដូ បារសែឡូស ស៊ិលវេរ៉ា ។ លោកបានរៀបអាពាហ៍ពិពាហ៍នឹង ខារីន ស្ពាត អាលប៊ីណូ បារសែឡូស ស៊ិលវេរ៉ា នៅព្រះវិហារបរិសុទ្ធ សៅប៉ូឡូ ប្រេស៊ីល នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៩ ។ ពួកលោកមានកូនបីនាក់ ។
អែលឌើរ បារសែឡូស បានសិក្សាផ្នែកគ្រប់គ្រងធុរៈកិច្ច នៅសាកលវិទ្យាល័យ សៅ ម៉ាកុស ក្នុងទីក្រុងសៅប៉ូឡូ ។ អាជីពវិជ្ជាជីវៈរបស់លោករួមមានការបម្រើការងារនៅក្រុមហ៊ុនជាច្រើនក្នុងតួនាទីផ្នែកលក់ និងទីផ្សារ និងក្នុងនាមជាសហគ្រិន ។ លោកជាសហស្ថាបនិកលើមុខជំនួញជាច្រើន រួមមានក្រុមហ៊ុន GreenMile, LLC ដែលលោកជានាយកប្រតិបត្ដិអស់រយៈពេលជាច្រើនឆ្នាំ ។
ថ្មីៗនេះ អែលឌើរ បារសែឡូស បានបញ្ចប់ការបម្រើរបស់លោកក្នុងនាមជាប្រធានបេសកកម្ម នៅបេសកកម្ម លីសប៊ុន ព័រទុយហ្គាល់ ។ លោកក៏ធ្លាប់បានបម្រើជាទីប្រឹក្សាក្នុងគណៈប្រធានស្ដេក ទីប្រឹក្សាជាន់ខ្ពស់ ប្រធានយុវជនស្ដេក ប៊ីស្សព ទីប្រឹក្សាក្នុងគណៈប៊ីស្សព អ្នកដឹកនាំក្រុមសង្ឃជាន់ខ្ពស់ ប្រធានកូរ៉ុមអែលឌើរ និងគ្រូបង្រៀនថ្នាក់សិក្ខាសាលា ។