2025
អែលឌើរ ក្លេមិន អិម ម៉ាតស្វាហ្គោថាតា
ខែឧសភា ឆ្នាំ២០២៥


« អែលឌើរ ក្លេមិន អិម ម៉ាតស្វាហ្គោថាតា » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។

អែលឌើរ ក្លេមិន អិម ម៉ាតស្វាហ្គោថាតា

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

នៅពេល​អែលឌើរ ក្លេមិន អិម ម៉ាតស្វាហ្គោថាតា នៅវ័យ​ក្មេង នៅ​ប៊ុតស្វាណា លោក​តែងតែ​អាន​ព្រះគម្ពីរ​ប៊ីប​ឮៗ​ឲ្យ​លោកយាយ​របស់​លោក​ស្ដាប់ ។ លោក​បានអាន សាំយូអែល ទី១ ៣ ដែល​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅកាន់​សាំយូអែល ដែល​ត្រូវបាន​ហៅ​ជា​ព្យាការី​នាពេល​ក្រោយមក ។

« សំណួរ​ទូទៅ​របស់​ខ្ញុំ​គឺ ‹ តើ​ព្រះ​នៅ​ធ្វើ​រឿង​ដដែល​ដូចនេះ​ឬ​ទេ ? › »

សំណួរ​នោះ​បានចាប់ផ្ដើម​ដំណើរ​របស់​លោក ​ក្នុងការ​ព្យាយាម​ស្វែងរក​ព្រះ​ដែល​នៅតែ​មាន​ព្រះបន្ទូល ។ ក្រោយមក​នៅពេល​ដែល​លោក​មាន​អាយុ ១៦​ឆ្នាំ លោក​បាន​ជួប​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ បាន​អាន​ព្រះគម្ពីរមរមន​បាន​ប៉ុន្មាន​ថ្ងៃ ហើយបាន​ទូរសព្ទ​ទៅ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ថា លោក​ចង់​ទទួល​បុណ្យជ្រមុជទឹក ។

ក្រោយមក​លោក​បាន​ក្លាយជា​ប្រធានស្ដេក​ដំបូង​គេ​ដែល​ត្រូវបាន​ហៅ​នៅ​ប៊ុតស្វាណា បន្ទាប់មក​ត្រូវបាន​ហៅជា​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ដំបូងគេ ហើយ​ឥឡូវ​ត្រូវបាន​ហៅ​ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​ដំបូងគេ ។

លោក​បាន​មាន​ប្រសាសន៍ថា « ខ្ញុំ​មាន​នូវ​ទីបន្ទាល់​ដែល​ចាក់ឫស​ជ្រៅ ថា​ព្រះ​មាន​ព្រះជន្ម​រស់នៅ ហើយ​មាន​ព្រះបន្ទូល​មកកាន់​យើង​នៅថ្ងៃ​ចុងក្រោយ​នេះ ហើយ​ថា​យើង​រស់នៅ​ក្នុង​ថ្ងៃ និង​ពេល​ដែល​ពួកព្យាការី​មាន​នៅលើ​ផែនដី » ។

ក្លេមិន មូសាមិ ម៉ាតស្វាហ្គោថាតា បានកើត​នៅ មីតដលភីត ប៊ុតស្វាណា នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨០ ជាកូន​របស់ បូចូតហ៊ី ចេ. និង រ៉ាឆែល អិម ម៉ាតស្វាហ្គោថាតា ។ បន្ទាប់​ពី​បម្រើ​នៅ​បេសកកម្ម​ខេប​ថោន អាហ្វ្រិក​ខាងត្បូង លោកបាន​ជួប​ភរិយា​របស់​លោក ណូវលធី ប៊ូស៊ីស៊ីវី ប៊ុតថេលេហ្សី នៅ​ព្រឹត្ដិការណ៍​យុវមជ្ឈិមវ័យ​នៅលីវ​ប្រចាំ​តំបន់ ។ ពួកគាត់​បាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​ព្រះវិហារ​បរិសុទ្ធ យូហានស៍ប៊ើក អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៤ ។ ពួកលោក​មាន​កូន​បី​នាក់ ។

លោក​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​ទស្សនវិជ្ជា ។ លោក​បានបម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​យានយន្ដ​ជាមួយ​យីហោ​រថយន្ដ​ផ្សេងៗ ដោយកាន់​តំណែង​ថ្នាក់​ដឹកនាំ​ជាច្រើន រួមមាន​អ្នកគ្រប់គ្រង​ផ្នែកលក់ អ្នកគ្រប់គ្រង​ទូទៅ និង​អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​នៅ​ក្រុមហ៊ុន Barloworld Motor ។

នៅពេល​លោក​ត្រូវបាន​ហៅ អែលឌើរ ម៉ាតស្វាហ្គោថាតា កំពុង​បម្រើ​ជា​អ្នក​ធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ យូហានស៍ប៊ើក អាហ្វ្រិក​ខាងត្បូង និង​ជា​អ្នកឯកទេស​ភាពខ្លួន​ទីពឹងខ្លួន​ប្រចាំ​តំបន់ ។