2025
អែលឌើរ អើរ៉ុន ធី ហល
ខែឧសភា ឆ្នាំ២០២៥


« អែលឌើរ អើរ៉ុន ធី. ហល » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។

អែលឌើរ អើរ៉ុន ធី ហល

ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

អែលឌើរ អើរ៉ុន ធី ហល ចងចាំ​ពី​ពេល​ដែល​លោក និង​ភរិយា​របស់​លោក គីមប៊ើលី ត្រូវបាន​ញែកចេញ​ជា​ថ្នាក់ដឹកនាំ​បេសកកម្ម​នៅ​បេសកកម្ម តិចសាស ហូស្ដុន​ខាងត្បូង ។ ពួកលោក​បាន​ប្រាប់​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ថា អារម្មណ៍​របស់​ពួកលោក​គឺ​លើសលប់​ផង និង​រំភើប​ផង ។ អែលឌើរ បែដណា បានបង្ហាញ​នូវ​អំណរគុណ ។

លោក​បាន​មាន​ប្រសាសន៍ « អ្វី​ដែល​លោក​បាន​បង្រៀន​យើង​នៅ​ថ្ងៃ​នោះ មិនដែល​បាត់​ពី​គំនិត​របស់​ខ្ញុំ​ឡើយ ថា​ទាក់ទង​នឹង​ការហៅ​ណាក៏ដោយ​ដែល​យើង​ទទួល​បាន គឺ ‹ យើង​មាន​នូវ​អំណរគុណ › » ។ « បងប្អូន​ឆ្ងល់​យ៉ាង​ខ្លាំង​ថា ហេតុអ្វី​ព្រះអម្ចាស់​បាន​ជ្រើសរើស​បងប្អូន ប៉ុន្ដែ​យើង​ធ្វើជា​សាក្សី​ថា ទ្រង់​បាន​ហៅ​បងប្អូន ។ ហើយ​ដោយសារ​យើង​មាន​ឆន្ទៈ និង​អាច​បម្រើ​បាន ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​មាន​នូវ​សមត្ថភាព » ។

អើរ៉ុន ត្រេស៊ី ហល បានកើត​នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៧១ នៅទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ ជា​កូនប្រុស​របស់ អាឡេន យូជិន ហល និង ផល្លា ជីនេ ណូវ៉ាក ហល ។ លោក​បាន​បម្រើ​បេសកកម្ម​ពេញម៉ោង​នៅ​បេសកកម្ម ស៊ីលី អូស័រណូ ហើយ​ក្រោយមក​បាន​រៀបអាពាហ៍ពិពាហ៍​នឹង គីមប៊ើលី វ៉ាដេ ហល នៅ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣ នៅព្រះវិហារ​បរិសុទ្ធ​ឡូហ្គែន យូថាហ៍ ។ ពួកលោក​មាន​កូន​បួន​នាក់ ។

នៅពេល​ទទួល​ការហៅ​របស់លោក អែលឌើរ ហល កំពុង​បម្រើ​ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​នៅក្នុង​តំបន់​យូថាហ៍ ។ លោក​ក៏បាន​បម្រើជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ស្ដេក ទីប្រឹក្សា​ជាន់ខ្ពស់ លេខា​ប្រចាំ​ស្ដេក ប៊ីស្សព ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​ក្រុមយុវជន​ប្រចាំ​វួដ​ផងដែរ ។

អែលឌើរ ហល មាន​សញ្ញា​បរិញ្ញាបត្រ​ផែ្នក​ជំនាញ​វិជ្ជាជីវៈ​ការលក់​មកពី​សាកលវិទ្យាល័យ​វែបប៊ើ ស្តេត ហើយ​បញ្ចប់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ធុរៈកិច្ច​ពី​សាកលវិទ្យាល័យ​យូថាហ៍ ។ លោក​ធ្លាប់ជា​នាយកប្រតិបត្ដិ​ប្រចាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​គ្រប់គ្រង​ការវិនិយោគ ថ្មីៗ​នេះ​លោក​បម្រើការ​ជា​នាយក​នៃ​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ ។