2025
បងប្រុស ដេវីឌ ចេ. វ័នឌើរលី
ខែឧសភា ឆ្នាំ២០២៥


« បងប្រុស ដេវីឌ ចេ វ័នឌើរលី » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។

បងប្រុស ដេវីឌ ចេ វ័នឌើរលី

ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវជន​ទូទៅ

បងប្រុស ដេវីឌ ចេ វ័នឌើរលី បាន​ដឹង​ជានិច្ច​ថា ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ។

លោក​បានមាន​ប្រសាសន៍ « ខ្ញុំ​បាន​មាន​ពរ​ដើម្បី​ទទួល​អារម្មណ៍​នៃ​វត្ដមាន​របស់​ទ្រង់​ជានិច្ច តាំងពី​ដើម​ដំបូង​ដែល​ខ្ញុំ​អាច​ចាំបាន » ។ « ខ្ញុំ​តែងតែ​មាន​ដួងចិត្ដ​ដែល​ជឿជាក់​ជានិច្ច » ។

នោះ​មិនមែន​មានន័យ​ថា លោក​មិនដែល​មាន​ឧបសគ្គ​នោះទេ « ប៉ុន្ដែ ការជញ្ជឹងគិត​របស់​ខ្ញុំ​គឺ​តែងតែ​លម្អៀង​ទៅ​នឹង​ការយល់​ដឹង​ថា គឺ​មាន​ចម្លើយ​មកពី​ទ្រង់ » ។

បងប្រុស វ័នឌើរលី ចង់ឲ្យ​យុវវ័យ​នៃ​សាសនាចក្រ​មាន​អារម្មណ៍​ថា ពួកគេ​មាន​ចំណែក និង​ដឹង​ថា​ពួកគេ​មាន​មិត្ត​រួមក្រុម​នៅ​គ្រប់​ប្រទេស​ទាំងអស់ ហើយ​ថា​ព្រះយេស៊ូវគ្រីស្ទ​ស្គាល់​ពួកគេ​តាម​ឈ្មោះ ។

ដេវីឌ ចេ វ័នឌើរលី បានកើត​នៅ​ទីក្រុង​សលត៍ លេក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៦១ ជា​កូន​របស់ ហ្វ្រីដឌ្រីក ធឺអូឌ័រ វ័នឌើរលី និង ប៊ើណាដាញ លីម៉ាន វ័នឌើរលី ។ លោក​បាន​ជួប ដាយអាន រ៉ូប៊ីន នៅពេល​នាង​បាន​ផ្លាស់​មក​វួដ​របស់​លោក​ពី​ប្រទេស​កាណាដា ។ ពួកលោក​បាន​ផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នៅឆ្នាំ១៩៨៤ ហើយ​បាន​ចិញ្ចឹម​កូន​បួន​នាក់​នៅ​កាលីហ្វ័រញ៉ា ហើយ​និង​នៅ អាល់ផែន រដ្ឋ​យូថាហ៍ ។

បងប្រុស វ័នឌើរលី បានបម្រើ​បេសកកម្ម​នៅ​បេសកកម្ម រីអូ ដេ ចានីរ៉ូ ប្រេស៊ីល ហើយ​មាន​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​មុខជំនាញ​បន្ទាប់បន្សំ​ផ្នែក​ភាសា​ព័រទុយហ្គាល់​មកពី​សាកលវិទ្យា​យូថាហ៍ ។ លោក​បាន​បម្រើ​ការងារ​ជា​នាយក​ប្រតិបត្ដិ​នៅ Easton Sports និង​ជា​ប្រធាន​នៃ OGIO International ។ លោក​ក៏បាន​បម្រើ​ការ​នៅក្នុង​ក្រុមប្រឹក្សា​ភិបាល​សាជីវកម្ម និង​សប្បុរសធម៌​ជាច្រើន​ផងដែរ ។

នៅពេល​ដែល​លោក​ត្រូវបាន​ហៅ លោក​កំពុង​បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​យោបល់​យុវជន​ទូទៅ ។ ស៊ីស្ទើរ វ័នឌើរលី បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​យោបល់​អង្គការ​បឋមសិក្សា​ទូទៅ ។ ចាប់ពី​ឆ្នាំ២០២០ ដល់​ឆ្នាំ២០២៣ ពួកលោក​បានបម្រើ​ជា​ថ្នាក់ដឹកនាំ​នៃ​បេសកកម្ម ខេប វើរឌី ប្រាអៀ ។ បងប្រុស វ័នឌើរលី ក៏បាន​បម្រើ​ជា​ប្រធាន​ស្ដេក និង​ប៊ីស្សព​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ ទីប្រឹក្សា​ក្នុង​គណៈប្រធាន​សាខា​នៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ប្រធាន​យុវជន​ប្រចាំ​វួដ​ផងដែរ ។