« អែលឌើរ ផេដ្រូ អិក ឡារៀល » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។
អែលឌើរ ផេដ្រូ អិក. ឡារៀល
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
ក្នុងខែទីបួននៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងរបស់អែលឌើរ ផេដ្រូ អិក ឡារៀល ប្រធានហ្គរដុន ប៊ី.ហ៊ិងគ្លី ( ឆ្នាំ១៩១០–២០០៨ ) បានទៅធ្វើទស្សនកិច្ចនៅបេសកកម្ម វេនេស៊ុយអេឡា ខារ៉ាខាស ។
អែលឌើរ ឡារៀល បានរំឭកថា « លោកបានផ្ដល់នូវការអញ្ជើញដ៏អស្ចារ្យមួយមកកាន់យើងអំពីការថ្វាយខ្លួន ៖ ‹ ប្រសិនបើអ្នកផ្ដោត ១០០ភាគរយ ខ្ញុំសន្យាថាគ្រួសារនាពេលអនាគតរបស់អ្នកនឹងទទួលពរជ័យ › » ។
ក្រោយមក អែលឌើរ ឡារៀល បានសរសេរសំបុត្រដើម្បីសុំចែកផ្លូវគ្នាជាមួយមិត្ដស្រីរបស់លោកនៅឯផ្ទះ ។ « ខ្ញុំត្រូវដាក់អ្វីគ្រប់យ៉ាងនៅលើទីអាសនា ពីព្រោះខ្ញុំត្រូវការផ្ដោតជាងមុន » ។
ក្រឡេកមើលទៅក្រោយ លោកសម្គាល់ឃើញពរជ័យជាច្រើន—ការអប់រំដែលមានអត្ថប្រយោជន៍ ភាពជោគជ័យលើការងារ—ដែលកើតចេញពីការជឿទុកចិត្ដលើការសន្យានោះរបស់សាវក ។
លោកបានមានប្រសាសន៍ « នៅពេលយើងដើរតាមការណែនាំរបស់ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ យើងនឹងទទួលពរជ័យនៅក្នុងជីវិតរបស់យើង » ។ « ខ្ញុំសូមសន្យា » ។
ផេដ្រូ ហ្សាវើរ ឡារៀល ណូហ្គឺរ៉ា បានកើតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៦ នៅ វ៉ាលិនសៀ វេនេស៊ុយអេឡា ជាកូនរបស់ ឌុយលីអូ អង់តូនីអូ ឡារៀល និង ហាយឌី ម៉ារៀ ណូហ្គឺរ៉ា ដឺ ឡារៀល ។ លោកបានរៀបអាពាហ៍ពិពាហ៍នឹង សារ៉ាយ អាលវើរើស ខេមផុស នៅព្រះវិហារបរិសុទ្ធ ខារ៉ាខាស វេនេស៊ុយអេឡា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០១ ។ ពួកលោកមានកូនបីនាក់ ។
អែលឌើរ ឡារៀល បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ សាយម៉ុនរូឌ្រីហ្គេ សញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ដ្រការអប់រំពីសាកលវិទ្យាល័យ សាន់តា ម៉ារៀ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរៈកិច្ចពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ លោកបានបម្រើការងារជាអ្នកសម្របសម្រួលថ្នាក់សិក្ខាសាលា និងវិទ្យាសា្ថនសាសនា និងបម្រើការងារនៅក្រុមហ៊ុន Nature’s Sunshine Products Inc. ក្នុងនាមជាប្រធានគ្រប់គ្រងទូទៅ និងប្រធានប្រចាំតំបន់ម៉ិកស៊ិកូ អាមរិកកណ្ដាល និង សាធារណៈរដ្ឋដូមីណិក ។
មុនពេលត្រូវបានហៅជាអ្នកកាន់សិទ្ធិអំណាចទូទៅ អែលឌើរ ឡារៀល កំពុងបម្រើជាប្រធានបេសកកម្មនៅបេសកកម្ម តិចសាស ម៉ាកអាលល្លែន ។ លោកបានបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់នៅពីរតំបន់ ប្រធានស្ដេក ទីប្រឹក្សាក្នុងគណៈប្រធានស្ដេក ទីប្រឹក្សាជាន់ខ្ពស់ លេខាប្រចាំស្ដេក និងប៊ីស្សព ។